តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ទោស​ជាប់​គុក​ពីរ​ឆ្នាំ​ដល់​មេគណបក្ស​ប្រឆាំង

លោក សម រង្ស៊ី ជា​ប្រធាន​​គណបក្ស​សម​ រង្ស៊ី ​ដែល​កំពុងនិរទេស​នៅ​ក្រៅ​ប្រទេស​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ​ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំហុង ​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ។​ ការ​សម្រេច​ក្ដី​នេះ​ធ្វើ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​សម​ រង្ស៊ី ​ដែល​កំពុងនិរទេស​នៅ​ក្រៅ​ប្រទេស​ទទួល​រង​ការ​ផ្តន្ទាទោ​ជាប់​ពន្ធគារ​សរុប​ចំនួន​ប្រាំបួន​ឆ្នាំ ​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន​បី​ករណី។

លោក ​ហោ ​ណាំហុង បាន​ប្តឹង​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​តុលាការ​កម្ពុជា ​និង​បារាំង​ បន្ទាប់​ពី​លោក​សម​ រង្ស៊ី​ បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០០៨​ នៅ​សារមន្ទីរ​ជើងឯក​ថា​ លោក​ ហោ ​ណាំហុង​ គឺ​ជា​អតីត​មេ​គុក​បឹងត្របែក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​ នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ សម​ រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ។ ដោយឡែក​តុលាការ​កំពូល​ប្រទេស​បារាំង​បាន​សម្រេច​ឲ្យ​លោក​ សម​ រង្ស៊ី ​ឈ្នះ​ក្ដី​លោក​ប្រមុខ​ការ​ទូត​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ ​២០១១​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ ​ដែល​ធ្វើ​ឲ្យ​លោក ​សម ​រង្ស៊ី​ ប្ដឹង​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្ដី​លើ​ករណី​របស់​លោក​ឡើង​វិញ។

លោក ​ជួង​ ជូងី ​មេធាវី​ការពារក្តី​របស់​លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​ថា ចៅក្រម​សាលា​រាជធានី​ភ្នំពេញ​បាន​តម្កល់​សេចក្ដី​សម្រេច​ប្រកប​ដោយ​អយុត្តិធម៌​ ដោយ​មិន​ពិចារណា​លើ​សេចក្ដី​សំអាង​របស់​លោក​ក្នុង​សវនាការ​ និង​មិន​ពិចារណា​លើ​គោលការណ៍​សកល​នៃ​ការ​សម្រេច​លើ​សំណុំក្ដី​តែ​មួយ។

«ការ​ដែល​តុលាការ​ក្រុង​រក្សា​ការ​សម្រេច​ដូច​មុន​ដដែល​អត់​ត្រឹមត្រូវ​ទេ​ គឺ​បាន​ន័យ​ថា ​គាត់​មិន​បាន​ពិចារណា​ទៅ​លើ​សាលដីកា​តុលាការ​កំពូល​ប្រទេស​បារាំង។​ បើ​សិន​ណា​តុលាការ​ប្រទេស​បារាំង​កាត់​ចប់​សព្វ​គ្រប់​អស់​ហើយ​គោលការណ៍​សកល​មិន​អាច​តុលាការ​ផ្សេង​ទៀត​យក​ទៅ​កាត់​ឡើង​វិញ​ទេ»។

លោក ​កា ​សាវុធ ​មេធាវី​ការពារក្តី​របស់​លោក​ ហោ ​ណាំហុង​ ចាត់ទុក​ថា​ ការ​សម្រេច​ក្ដី​នេះ​ជា​ការ​សម្រេច​ត្រឹមត្រូវ។

«ខ្ញុំ​ពេញ​ចិត្ត​ពី​ព្រោះ​គាត់​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់»។

លោក​មេធាវី ​កា ​សាវុធ ​ធ្លាប់​ពន្យល់​ថា​ ច្បាប់​មិន​តម្រូវ​ឲ្យតុលាការ​ពិចារណា​ទៅ​លើ​សាលក្រម​ប្រទេស​បារាំង​ទេ​ ខណៈ​ដែល​លោកសម រង្ស៊ី ដែលជាជន​ត្រូវ​ចោទ​អវត្តមាន​នៅ​ពេល​សវនាការ ។

លោក​មេធាវី​ ជួង​ ជូងី ​បាន​បញ្ជាក់​ថា ​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ៕