គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ធ្វើបុណ្យ​បង្សុកូល​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧

ប្រធាន​ស្តីទី​នៃ​គណបក្ស​ជំទាស់​លោក កឹម សុខា បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដ៏​កម្រ ក្រោយពី​មាន​ការប៉ុនប៉ង​ចាប់ខ្លួន និង​រងបណ្ដឹង​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស នៅក្នុង​ពិធី​រំឭក​វិញ្ញាណក្ខ័ន្ធ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​កឹម សុខា​ ថ្លែង​ថា​ ការ​ប្រារព្ធពិធី​រំឭក​ខួប​នៃ​ការ​ផ្ទុះ​អាវុធ​ដែល​គណបក្ស​ជំទាស់​អះអាង​ថា ​ជា​«រដ្ឋប្រហារ​អំណាច» ​គឺ​​ជា​ការ​ក្រើន​រំឭក​ឲ្យ​ប្រជាជន​កម្ពុជា​ចៀសវាង​ការ​បង្ហូរ​ឈាម​គ្នា​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧​កន្លង​ទៅ។

នៅ​ក្នុង​ថ្ងៃ​រំឭក​ខួប​លើក​ទី​១៩នៃ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​៥-៦ កក្កដា នាព្រឹក​ថ្ងៃ​ពុធ​នេះ​ គណបក្ស​ជំទាស់​ទាំង​២គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ខ្មែររួប​រួម​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​របស់​លោក ​ញ៉ឺក ប៊ុនឆៃ បាន​រៀប​ចំ​ពិធី​បង្សុកូល​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាត់​បង់​ជីវិត​នាឆ្នាំ​១៩៩៧។

ប្រធាន​ស្តីទី​នៃ​គណបក្ស​ជំទាស់​ គឺ​លោក​ កឹម​ សុខា​ បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដ៏​កម្រ​ នៅ​ក្នុង​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ ដែល​រៀប​ចំ​ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៦​ ខែ​កក្កដា​នេះ​ នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ទី​ដែល​លោក​ចំណាយ​ពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ​ជ្រក​កោន​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ និង​បណ្ដឹង​ផ្លូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាស។​

ប្រធាន​ស្តីទី​នៃ​គណបក្ស​ជំទាស់​លោក កឹម សុខា បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដ៏​កម្រ ក្រោយពី​មាន​ការប៉ុនប៉ង​ចាប់ខ្លួន និង​រងបណ្ដឹង​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស នៅក្នុង​ពិធី​រំឭក​វិញ្ញាណក្ខ័ន្ធ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​កឹម សុខា​ ថ្លែង​ថា​ ការ​ប្រារព្ធពិធី​រំឭក​ខួប​នៃ​ការ​ផ្ទុះ​អាវុធ​ដែល​គណបក្ស​ជំទាស់​អះអាង​ថា ​ជា​«រដ្ឋប្រហារ​អំណាច» ​គឺជា​ការ​ក្រើន​រំឭក​ឲ្យ​ប្រជាជន​កម្ពុជា​ចៀសវាង​ការ​បង្ហូរ​ឈាម​គ្នា​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧​កន្លង​ទៅ។​

«គឺ​យើង​ប្រាថ្នានូវ​សុខ​សន្តិភាព។ ​យើង​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា។​ យើង​ចៀសវាង​នូវ​ការ​គំនុំសងសឹក​គ្នា។ អ្វី​ដែល​ជា​ក្តី​ប្រាថ្នា​របស់​យើង​គឺ​យើង​ពឹង​លើ​ព្រះ​ធម៌​ ពឹង​លើ​កម្លាំង​កុសល​ផល​បុណ្យ​យើង​ផង​ ពឹង​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​យើង​ផង​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ឲ្យ​បាន​សុខសាន្ត​ស្ថិរភាព​ទាំង​អស់​គ្នា»។​

ព្រឹត្តិ​ការណ៍​ផ្ទុះ​អាវុធ​ កាល​ពី​ថ្ងៃ​ទី​៥​និង​ទី​៦ ​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ ជា​ការ​វាយ​ប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​រវាង​កម្លាំង​ទ័ព​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​កម្លាំង​ទ័ព​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ឈានដល់​មាន​ការ​បង្ហូរ​ឈាម​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ និង​បាន​បង្ក​ឲ្យ​មាន​កង​ទ័ព​យ៉ាង​តិច១០០​នាក់​ស្លាប់​បាត់​បង់​ជីវិត​និងបាត់​ខ្លួន។​

នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​មួយ​ជា​មួយ​ VOA ​កាល​ពី​ដើម​សប្តាហ៍នេះ​ គឺមួយ​ថ្ងៃ​មុនពេល​លោក​រៀបចំ​ពិធី​រំឭក​ខួប​នេះនៅ​ក្នុង​វត្ត​មួយ ​នៅជាយ​រាជធានី​ភ្នំពេញ​ ​លោក​ញ៉ឹក ប៊ុនឆៃ ​បាន​បង្ហាញ​ពីការ​សោកស្តាយ​ដែល​ព្រឹត្តិ​ការណ៍​នេះ​បាន​កើត​ឡើង ​ហើយ​នាំ​ឲ្យ​មាន​ការ​ស្លាប់​នាយ​ទាហាន​ និង​ពល​ទាហាន​របស់​លោក​ជាច្រើន​ ព្រម​ទាំងនាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។​

អតីត​មេបញ្ជាការ​កង​យោពល​ខេមរ​ភូមិន្ទ​ដែល​ស្មោះ​ត្រង់​នឹង​គណបក្ស​រាជានិយម​រូប​នេះ​លើក​ឡើង​ថា ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​នយោបាយ ​បាន​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នា​ឆ្នាំ​នោះ។​

«បញ្ហា​គឺខាង​អ្នក​នយោបាយ​មាន​ការ​ខ្វែង​គំនិត​គ្នា ​ជាពិសេស​គឺ​ការ​មិន​ជឿទុក​ចិត្ត​គ្នា​ក្នុង​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ហ្វ៊ិនស៊ីនប៉ិច​និង​គណបក្ស​ប្រជាជន​កម្ពុជា»។ ​

លោក​សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា​ ការផ្ទុះ​អាវុធ​នាឆ្នាំ​នោះ​គឺដើម្បី​រក្សា​ស្ថិរភាព​ក្នុង​ប្រទេស​ដែល​បង្ក​ឡើងដោយភាព​មិន​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ។​ ​លោក​សុខ ឥសាន​បាន​បដិសេធ​ការ​ហៅ​ព្រឹត្តិ​ការណ៍ផ្ទុះ​អាវុធនោះ​ថា​ជា​«រដ្ឋ​ប្រហារ»។​

«មិន​មែន​ជា​រឿង​រដ្ឋ​ប្រហារ​ទេ​ សភាព​ការ​ប្រវត្តិសាស្ត្រ​ជាក់​ស្តែង​នោះ។ ​សម្តេច​ក្រុម​ព្រះ​បង្កើត​ឲ្យ​មាន​រឿង​មិន​ទុក​ចិត្ត​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​២។ ​គាត់​លួច​នាំ​ចូល​អាវុធ​គ្រប់​ប្រភេទ​ទំនើបៗ​ចំនួន​ជាង​៣​តោន ហើយ​បន្លំ​ថា​ គ្រឿង​បន្លាស់។ ​ហើយ​ទី២ ​គាត់​លួច​បញ្ចូល​កម្លាំង​ខ្មែរក្រហម​ចូល​ក្នុង​ក្រុង​ភ្នំពេញ។ ​អញ្ចឹង​ដាច់ខាត​ត្រូវ​តែ​បង្ក្រាប​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ ​ស្ថិរភាព​ន​យោបាយ​ឲ្យ​បាន​ប្រក្រតី​ប៉ុណ្ណោះ​ទេ»។​

លោក​សុខ ឥសាន​បញ្ជាក់​ប្រាប់ ​VOA ​ទៀត​ថា​ ​ព្រឹត្តិ​ការណ៍ផ្ទុះ​អាវុធ​ នា​ថ្ងៃ​ទី​៥​និង​ទី​៦​ខែ​កក្កដា​នោះ​ អាចជា​មេរៀនមួយ​ ​ចៀសវាង​ការ​រៀបចំ​ឲ្យ​មានបដិវត្តន៍​ពណ៌ ​ឬ​ចលនា​បះបោរ​អាណា​ធិបតេយ្យ ដែល​បង្ក​ឲ្យមាន​ការ​បង្រ្កាប​ពី​កម្លាំង​ប្រដាប់​អាវុធ​របស់រដ្ឋាភិបាល​កម្ពុជា៕