ឧត្តម​សេនីយ៍​ពីរ​នាក់ ​និង​ជន​សង្ស័យ​ត្រូវចាប់ខ្លួន​ដោយសង្ស័យ​ពី​បទ​ជួញ​ដូរថ្នាំញៀន

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា

ក្រុម​មន្ត្រី​ប្រឆាំង​គ្រឿងញៀននៃ​ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​បួន​នាក់​ ដែល​រួមមាន​លោក​ឧត្តម​សេនីយ៍​ទោ​ចំនួន​ពីរ​នាក់ ​ពី​បទ​សង្ស័យ​ថា​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរថ្នាំ​ញៀន​ ម៉េតំហ្វេតាមីន​ទឹកកក ​ចំនួន​មួយ​គីឡូ​គីក្រាម​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តីប៉ូលិស។

លោក​ឧត្តមសេនីយ៍ឯក​គាត ​ចាន់ថារិទ្ធិ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ​លោក​ឧត្តម​សេនីយ៍ទោ​ឡាយ​ វីរៈ ​អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ​និង​ជា​ទីប្រឹក្សា​ក្រសួង​ការពារជាតិ ​និង​លោក​ឧត្តម​សេនីយ៍ទោ​ឃួន ​រឿន ​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ ត្រូវ​បាន​ខ្លួន​ចាប់​ដោយឡែកៗ​ពី​គ្នា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន ​ក្នុង​ខណ្ឌ​ដង្កោរ ​រាជធានី​ភ្នំពេញ។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​ញៀន​ម៉េតំហ្វេតាមីន​ទឹក​កក​ចំនួន​មួយ​គីឡូក្រាម​ និង​អាវុធ​អាកា​៤៧​ស្វ័យប្រវត្តិ​ចំនួន​ពីរ​ដើម។

«ឥឡូវ​មក​ទល់​ម៉ោង​ហ្នឹង​ យើង​ឃាត់​ខ្លួន​បួន​នាក់។ ​ក្នុង​បួន​នាក់​ហ្នឹង ​ខ្ញុំ​ស្គាល់​ឈ្មោះ​ពីរ​គឺ​ឧត្តម​សេនីយ៍​ទោ​ឡាយ ​វីរៈ ​និង​ឧត្តម​សេទីយ៍ទោ​ឃួន​ រឿន។ ​ពីរ​នាក់​ទៀត​ឥត​បាន​ចាំ​ឈ្មោះ​ទេ​ ប្រជាជន​ធម្មតា​ទេ»។

លោក​ឧត្តមសេនីយ៍ទោ​ឃឿន​ សាម៉ន​ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ ​បាន​មាន​ប្រសាសន៍​ថា ​ប៉ូលិស​បាន​ប្រើ​ពេល​ចំនួន​ជាង​ពីរ​សប្តាហ៍ដើម្បី​ឈាន​ទៅរក​ការចាប់​ខ្លួន​ជនសង្ស័យ​ទាំង​បួន​រូប​នេះ។

លោក​បាន​មានប្រសាសន៍​ថា ​លោក​កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត ​នៅ​ក្នុង​សំណុំរឿង​នេះ។

«ខ្សែ​រយៈ​វា​ទៀត។ ​អា​នេះ ​ថ្នាំ​យក​មក​ពីណា ​មក​ណា ​ក៏​យើង​មិន​ទាន់​បាន​ដេញ​ដោល​សាកសួរ​ជន​ល្មើស​ផង។ ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ។ ​ហើយ​មួយ​ទៀត​ហ្នឹង​ យើង​មិនទាន់​ដឹង​ថា​ តើ​ជន​ល្មើស​ហ្នឹង ​ប្រភព​ជន​មេ​ខ្លោង​ជា​នណា​ទេ។ ​ពាក់ព័ន្ធ​ពីណា​ទៀត ​ក៏​យើង​មិន​ទាន់កំណត់»។

លោក​ឧត្តមសេនីយ៍​ទោ​ឡាយ ​វីរៈ​ធ្លាប់​ជា​មេទ័ព​ដ៏​ស្មោះត្រង់​មួយ​រូប​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​ធ្លាប់​ជា​អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យផង​ដែរ។

វីអូអេ​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧត្តម​សេនីយ៍​ឈុំ ​សុជាតិ​ តែមិន​អាច​ទាក់បាន​ទេ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អាជ្ញាធរ​ប៉ូលិស​នៅ​ឆ្នាំ​២០១១​នេះ​បាន​ចាប់ម​ន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន​ស្រវឹង។ ​មន្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កន្លង​មក ​រួមមាន​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ឹក ​តារា ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក​ឧត្តម​សេនីយ៍ត្រី​ហ៊ុន​ ហ៊ាង ​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ​លោក​ជាង​ ស៊ុន​ ស្នងការ​រង​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ លោក​ជា ​ឡេង ​ប្រធាន​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ​ហើយ​ចុង​ក្រោយ​គេ​លោក​ឧត្តមសេនីយ៍ទោ​ឡាយ​ វីរៈ​ ទីប្រឹក្សា​ក្រសួង​ការពារជាតិ៕