ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនពលរដ្ឋខ្មែរ-អាមេរិកកាំងមួយរូបនិងសហការីរបស់លោកនៅថ្ងៃច័ន្ទនេះ ពីបទក្លែងបន្លំឯកសារពាក់ព័ន្ធទៅនឹងទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារ។ ការសម្រេចឃុំខ្លួននេះបានធ្វើឡើងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរប៉ូលីសបានចាប់ខ្លួនលោក ដាំ ឆ័ត្ររីយ៍ និងសហការីរបស់លោកកាលពីថ្ងៃសៅរ៍។ លោកដាំ ឆ័ត្ររីយ៍ បានប្រើប្រាស់តួនាទីរបស់លោកជាសមាជិកឧត្តមក្រុមប្រឹក្សាពិសេសកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា។ ក៏ប៉ុន្តែមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។
លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ដាំ ឆ័ត្ររីយ៍ អាយុ៥៩ឆ្នាំ និងលោកសួស សារឿន ត្រូវបានតុលាការចោទប្រកាន់ដោយផ្អែកទៅតាមក្រមព្រហ្មទណ្ឌថ្មី។
«(ចោទពី)បទក្លែងបន្លំឯកសារ តាមមាត្រា៦២៦ ៦២៧ ៦២៨ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ អាជ្ញាធរប៉ូលីសក្រុងភ្នំពេញបានឆ្មក់ចូលគេហដ្ឋានមួយដែលមានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយពីបានធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង ហើយប៉ូលីសបានឃាត់ខ្លួនលោកដាំ ឆ័ត្ររីយ៍ ជនជាតិអាមេរិកកាំងដើមកំណើតខ្មែរ និងលោកសួស សារឿន ទីប្រឹក្សារបស់លោកដាំ ឆ័ត្ររីយ៍។
លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ប៉ូលីសបានរកឃើញថា លោកដាំ ឆ័ត្ររីយ៍ បានប្រើប្រាស់ឯកសារក្លែងក្លាយមួយចំនួនពាក់ព័ន្ធទៅនឹងការបង្វិលទឹកប្រាក់ពីក្រៅប្រទេសប្រមាណជាង៥០០លានដុល្លារសហរដ្ឋអាមេរិក។
«ពិតប្រាកដ គឺវាពាក់ព័ន្ធនឹងក្លែងហ្នឹងឯង ក្លែងលិខិត និងប្រើប្រាស់លិខិតក្លែងហ្នឹងឯង ហើយវាសំខាន់ទៅទៀតពាក់ព័ន្ធលិខិតរបស់ធនាគារក្រៅប្រទេសទៀតដែលពាក់ព័ន្ធនឹងលុយដែលមានចំនួនទឹកប្រាក់ចំនួនប្រហែល៥០០លានដុល្លារសហរដ្ឋអាមេរិក»។
លោក ដាំ ឆ័ត្ររីយ៍ បានប្រើប្រាស់តួនាទីរបស់លោកជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំសហព័ន្ធមូលនិធិ OICT និងជាជំនួយការពិសេសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Goerge W Bush បច្ចុប្បន្ន លោកជាសមាជិកឧត្តមក្រុមប្រឹក្សាពិសេសកំណែទម្រង់សេដ្ឋកិច្ចរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។
លោក Mark Wening អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉ែលមកថា មកដល់ពេលនេះ លោកមិនមានព័ត៌មានណាមួយដែលគួរឲ្យជឿជាក់ថា លោកដាំ ឆ័ត្ររីយ៍ មានទំនាក់ទំនងនិងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។
លោក Mark Wening បាននិយាយទៀតថា ប្រសិនណាបើយើងរកឃើញថា លោកដាំ ឆ័ត្ររីយ៍ ជាពលរដ្ឋខ្មែរ-អាមេរិកំាង យើងនឹងធ្វើការជាមួយលោកដាំ និងរដ្ឋាភិបាលកម្ពុជាទៅតាមនីតិវិធីរបស់កុង ស៊ុល ដែលយើងធ្លាប់ធ្វើកន្លងមក។
លោក ខៀវ កាញ្ញារីទ្ធ អ្នកនំាពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា ការចាប់ខ្លួនលោកដាំ ឆ័ត្ររីយ៍ គឺដោយសារតែមានពាក្យបណ្តឹងប្រជាពលរដ្ឋមួយរូបនៅក្នុងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងការក្លែងបន្លំឯកសារ រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ទៀតថា លោកដាំ ឆ័ត្ររីយ៍ បានប្រើប្រាស់តួនាទីក្លែងក្លាយជាទីប្រឹក្សារបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាទៀតផង។
«ដែលបញ្ហាហ្នឹង វានៅក្នុងការស៊ើបអង្កេត ប៉ុន្តែកន្លងមករឿងហ្នឹងតែងតែប្រើឈ្មោះខ្លួនជាទីប្រឹក្សាសម្តេចជា ស៊ីម និងទីប្រឹក្សាគណបក្សប្រជាជនកម្ពុជា ក្រៅអំពីគាត់ជាទីប្រឹក្សាជាន់ខ្ពស់ទីប្រឹក្សា លោកបារ៉ាក់ អូបាម៉ា ផង។ អញ្ចឹងឥឡូវ វានៅក្នុងការស៊ើបអង្កេត គេតាមរឿងហ្នឹងជាងមួយខែហើយ»។
លោក ផេង ស៊ីដេត មេធាវីការពារក្តីលោក ដាំ ឆ័ត្ររីយ៍ ពុំអាចស្នើសុំការបំភ្លឺបានទេនៅថ្ងៃច័ន្ទនេះ។
យោងតាមក្រមព្រហ្មទណ្ឌថ្មី មាត្រា៦២៧ និង៦២៨ ដែលចែងពីបទក្លែងបន្លំឯកសារត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរហូតដល់បីឆ្នាំ និងពិន័យជាប្រាក់ប្រមាណពីពីរលានរៀល រហូតទៅដល់ប្រាំមួយលានរៀល ប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុស៕