២០ឆ្នាំក្រោយមរណភាពរបស់ ប៉ុល ពត

ប៉ុល ពត មេដឹកនាំរបបកុម្មុយនិស្តខ្មែរក្រហម ស្វាគមន៍កម្មាភិបាលខ្មែរក្រហមនៅអាកាសយានដ្ឋានភ្នំពេញ។ (រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨​នេះ ពោល​គឺ​២០ឆ្នាំ​គត់​តាំង​ពី​មេ​ដឹក​នាំ​កុម្មុយនីស្ត​កម្ពុជា​ ប៉ុល ពត បាន​ស្លាប់ អ្នក​រស់​រាន​មាន​ជីវិត និង​មនុស្ស​ជំនិត​មួយ​ចំនួន​របស់ ប៉ុល ពត បាន​រំឭក​ឡើង​វិញ​អំពី​ការ​ចងចាំ​នៃ​ការ​រស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម និង​ជីវិត​របស់​មេ​ដឹក​នាំ​រូប​នេះ។

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ នា​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩៨ ប៉ុល ពត ដែល​មាន​វ័យ​៧៣​ឆ្នាំ ត្រូវ​បាន​ភរិយា​របស់​លោក​ប្រទះ​ឃើញ​ថា​បាន​ផុត​ដង្ហើម ដេក​ស្លាប់​ស្ដូកស្ដឹង ក្លាយ​ជា​រាងកាយ​គ្មានវិញ្ញាណ​នៅ​លើ​គ្រែ​ដេក​របស់​លោក ក្នុង​ផ្ទះ​ដែល​លោក​ត្រូវ​បាន​គេ​ដាក់​ឃុំឃាំង​លើ​ខ្នង​ភ្នំដងរែក ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ថៃ។

មរណភាព​របស់​ ប៉ុល ពត ​នា​ពាក់កណ្ដាល​ខែ​មេសា ឆ្នាំ​១៩៩៨ គឺ​នៅ​ត្រឹម​ពីរ​ថ្ងៃ មុន​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​នៃ​ជ័យ​ជម្នះ​របស់​ខ្មែរ​ក្រហម​ទៅ​លើ​របប​សាធារណរដ្ឋ​ខ្មែរ កាលពី​ឆ្នាំ​១៩៧៥ ដែល​បើក​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​អនុ​វត្ត​លទ្ធិកុម្មុយនីស្ត​ប្រកាន់​តឹង បែប​ម៉ៅ​និយម លុប​បំ​បាត់​វណ្ណៈ​សង្គម ទី​ផ្សារ ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម នាំ​ឱ្យ​មាន​ប្រជាជន​ស្លាប់​យ៉ាង​ហោច១,៧​លាន​នាក់។

មេ​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម​នោះ គឺ​គ្មាន​នរណា​ក្រៅ​តែ​ពី ប៉ុល ពត ដែល​ដឹក​នាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ចលនា​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​ទសវត្សរ៍ តាំង​តែ​ពី​ឆ្នាំ​១៩៦០ មក​ទល់​នឹង​ការ​ចូល​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥។ លោក​ ត្រូវ​បាន​ផាត់​ចេញ​ពី​អំណាច​ដោយ​កង​ទ័ព​វៀតណាម ហើយ​លោក​ក៏​ចាប់​ផ្តើម​តស៊ូ​ប្រដាប់​អាវុធ​ក្នុង​ព្រៃ​ជា​ថ្មី​ទៀត មក​ទល់​នឹង​ឆ្នាំ​១៩៩៧ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​សម​មិត្ត​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដូច​គ្នា​ទម្លាក់​ចោល យក​ទៅ​កាត់​ទោស និង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ដល់​ថ្ងៃ​ស្លាប់។

២០ឆ្នាំ​ក្រោយ​មក នៅ​ភូមិ​ជាំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ រឿង​រ៉ាវ​ទាក់​ទិន​នឹង ប៉ុល ពត បាន​ក្លាយ​ជា​អតីត​កាល។ ទីតាំង​ដែល សព ប៉ុល ពត ត្រូវ​បាន​បូជា និង​កប់ ក្លាយ​ទី​អាស្រម​ដ៏​រខេករខាក។ ផ្នូរ ប៉ុល ពត ត្រូវ​បាន​គេ​រៀបចំ​ដោយ​មាន​សន្លឹក​ស័ង្កសី​គ្រប​ថ្ងៃ និង​ភ្លៀង នៅ​ក្នុង​ដី​ឡូតិ៍​មួយ​ដែល​មាន​ផ្កា ស្មៅ និង​ដើម​ឈើ ដុះ​ចម្រុះ​គ្នា ព័ទ្ធ​ជុំ​វិញដោយ​សំណង់​អគារ​ថ្មីៗ រួម​មាន​លំនៅដ្ឋាន សណ្ឋាគារ និង​កាស៊ីណូ​ជា​ដើម​។

ផ្នូររបស់មេដឹកនាំខ្មែរក្រហម គឺ លោក សាឡុត ស ហៅប៉ុល ពត ដែលស្ថិតនៅលើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្បែរព្រំដែនប្រទេសថៃ។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​មួយ​របស់​ខ្លួន ក្បែរ​ទីតាំង​ផ្នូរ​របស់ ប៉ុល ពត ដែល​ជា​អតីត​មេ​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម អ្នក​ស្រី សេង រ៉ា អាយុ​២៧ឆ្នាំ កំពុង​មើល​ថែ​កូន​តូច​របស់​ខ្លួន និង​បាន​និយាយ​ថា អ្នក​ស្រី​បាន​ផ្លាស់​ទី​ចូល​មក​រស់​នៅ​ភូមិ​ជាំ​នេះ តាំង​តែ​ពី​១៦ឆ្នាំ​មុន ជាមួយ​ឪពុក​ម្ដាយ​បងប្អូន។

ក្នុង​នាម​ជា​ប្រជាជន​ដែល​កើត​ក្រោយ​របប​ខ្មែរ​ក្រហម អ្នក​ស្រី សេង រ៉ា ដែល​មាន​ស្វាមី​ជា​អ្នក​ធ្វើ​ការ​ក្នុង​កា​ស៊ី​ណូ​ដ៏​ប្រណីត​នៅ​ក្បែរ​នោះ បាន​និយាយ​ថា​ចំណេះ​ដឹង​របស់​លោក​ស្រី​អំពី​ការ​ដឹក​នាំ​របស់ ប៉ុល ពត នៅ​មាន​កម្រិត តែ​អ្នក​ស្រី​យល់​ថា​ទី​កន្លែង​បញ្ចុះ​សព ប៉ុល ពត គួរ​តែ​ត្រូវ​បាន​រៀបចំ​ឱ្យ​បាន​ល្អ​គត់​មត់​ជាង​នេះ។ ពេល​មក​នៅ​ដំបូងៗ អ្នក​ស្រី​សេង រ៉ា មិន​ជឿ​ឡើយ​ នៅ​ពេល​ត្រូវ​បាន​ប្រាប់​ថា ទី​តាំង​ដ៏​រខេករខាក​មួយ​នេះ​ គឺ​ជា​ផ្នូរ​អតីត​មេ​ដឹក​នាំ​រដ្ឋ​មួយ​រូប។

លោកស្រី​និយាយ​ថា៖ «នឹក​ឃើញ​ថា​ផ្នូរ​របៀប​ដូច​យើង​ចេតិយ​ទៅ​ណា ខ្ញុំ​គិត​អ៊ី​ចេះ​! ប៉ុន្តែ​នៅ​តូច អត់​ដឹង​ផង​! ថា​គាត់​មេ​ធំ​អ៊ីចឹង​ទៅ បាន​ផ្នូរ​ស្អាត ដល់​ពេល​បាន​ផ្នូរ​អ៊ីចឹង ខ្ញុំ​ម៉េច​ជឿ!»។

ក៏​ប៉ុន្តែ​ សម្រាប់​អ្នក​ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ការ​ចង​ចាំ​ពី ប៉ុល ពត មាន​តែ​ការ​ឈឺ​ចាប់ និង​មេ​រៀន​ជូរចត់ ដែល​ខ្លួន​ត្រូវ​បាន​លត់ដំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់ ជា​មួយ​របប​ទទួល​អាហារ​តិច​តួច និង​ការ​ព្រាត់​ប្រាស​គ្នា សឺង​តែ​គ្មានថ្ងៃ​ជួប​វិញ។

លោកស្រី សេង រ៉ា អាយុ២៧ឆ្នាំ រស់នៅក្បែរផ្នូរប៉ុល ពត ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ស៊ុន ណារិន/VOA)

នៅ​មុន​ខ្មែរ​ក្រហម​ចូល​មក​កាន់​កាប់​អំណាច​នៅ​ឆ្នាំ​១៩៧៥ អ្នក​ស្រី ម៉ៅ សារឿម បាន​រៀបការ​ជា​មួយ​នឹង​ស្វាមី​ទី​មួយ​ដែល​ជា​គ្រូ​ពេទ្យ និង​មាន​កូន​ពីរ​នាក់ រស់​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។ ក៏​ប៉ុន្តែ ​វិជ្ជាជីវៈ​ការ​ងារ​របស់​ប្ដី​អ្នក​ស្រី បាន​ក្លាយ​ជា​គោល​ដៅ​របស់​ខ្មែរ​ក្រហម ដែល​បាន​ចាប់​ស្វាមី​របស់​អ្នក​ស្រី​យក​ទៅ​ដាក់​ឃុំឃាំង​នៅ​មន្ទីរ​សន្តិសុខ​ពោធិ៍​ទន្លេ ក្នុង​ស្រុក​កោះ​ធំ ជាទី​ដែល​លោក​ត្រូវ​គេ​ជឿ​ថា​ត្រូវ​បាន​សម្លាប់។

បន្ទាប់ពី​ត្រូវ​បាន​ពង្រាត់​ពី​ស្វាមី អ្នក​ស្រី ម៉ៅ សារឿម ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់​នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់​ដំបង ជាទី​ដែល​កូនទាំង​ពីររបស់​អ្នក​ស្រី​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ និង​ភាព​អត់ឃ្លាន ដែល​នាំ​ឱ្យ​អ្នក​ស្រី​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែល​រស់​រាន​មាន​ជីវិត នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​ដួល​រលំ ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩។

អង្គុយ​ក្នុង​អង្រឹង នៅ​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ជាប់​នឹង​ច្រាំង​ទន្លេសាប ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ស្ត្រី​វ័យ​៦៣ឆ្នាំ​រូប​នេះ​ បាន​បន្ត​ប្រាប់ ​VOA ​យ៉ាង​ដូច្នេះ​ថា៖

«ទៅ​ហ្នឹង​វា​លត់ដំ​ខ្ញុំ​ណាស់ ធ្វើ​បាប​ខ្ញុំ​ណាស់ បណ្ដើរ​ខ្ញុំ ម៉ោង​៣ ម៉ោង​៤ ជិត​ភ្លឺ ក្នុង​ខ្លួន​វា​ហត់​វា​អី មិន​បាន​ដេក​មិន​បាន​ពួន​អី​ទេ ហើយ​ចប់​ម៉ោង​៥ ម៉ោង​៦ [ល្ងាច] អីណោះ ហើយ​ជិត​ភ្លឺ ភ្លឺ​មិន​ទាន់​ទេ ទៅ​ហើយ ហើយ​នៅ​ជិត​ភ្នំ​ណា រ​ងារ​ណាស់​ណា ក្មួយ​ណា»។

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ អ្នក​ស្រី ម៉ៅ សារឿម បាន​រៀប​ការ​ម្ដង​ទៀត​ជា​មួយ​ស្វាមី​ទី​ពីរ និង​ទទួល​បាន​កូន​ប្រុស​ស្រី ចំនួន​៥​នាក់ ហើយ​ក្នុង​ពេល​មួយ​នៅ​ឆ្នាំ​១៩៩៨ ពេល​ដែល​អ្នក​ស្រី​កំពុង​ស្ដាប់​ព័ត៌មាន​តាម​វិទ្យុ អ្នក​ស្រី​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ថា ប៉ុល ពត ដែល​ជា​មេ​ខ្មែរ​ក្រហម បាន​ទទួល​មរណភាព។

«ឮ​តាម​ Radio (វិទ្យុ) ទូរទស្សន៍ អារម្មណ៍​ថា «ងាប់​ចុះ​!» វា​សាង​អាក្រក់​លើ​ប្រជាជន​! ងាប់​ក៏​ងាប់​ទៅ»។

សំណល់ផ្ទះដែលជាទីបញ្ជាការរបស់ប៉ុល ពត នៅលើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ស៊ុន ណារិន/VOA)

ទំហំ​នៃ​វិនាសកម្ម​ដែល​កើត​មាន​ក្រោម​ការ​គ្រប់​គ្រងមើល​ការ​ខុស​ត្រូវ​រដ្ឋ​របស់​គណ​បក្ស​កុម្មុយនីស្ត​កម្ពុជា រួម​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស និង​ការ​ខូចខាត​នៃ​សណ្ដាប់ធ្នាប់​វប្បធម៌ ច្បាប់ និង​ប្រពៃណី​របស់​សង្គម​កម្ពុជា ជា​ទឡ្ហីករណ៍​យ៉ាង​ជាក់​ច្បាស់​ថា ប៉ុល ពត ដែល​ជា​មេ​ដឹក​នាំ​នៃ​របប​នេះ គឺ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ឈាន​ទៅ​រក​ភាព​បរា​ជ័យ។ នេះ​បើ​តាម លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam) ដែល​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​អស់​ជាង​២០ឆ្នាំ។

«ខ្ញុំ​ក៏​យល់​ដែរ​ថា ប្រហែល​គាត់​ជា​ឪពុក​ល្អ ឪពុក​មា​ល្អ ប្ដី​ល្អ ប៉ុន្តែ​នៅ​ក្នុង​ការ​ងារ ដែល​គាត់​ដឹក​នាំ​ជា​អ្នក​ដឹក​នាំ​រដ្ឋ ហើយ​បាន​ធ្វើ​ឱ្យ​មាន​រណ្ដៅ​សាកសព​ជាង​ពីរ​ម៉ឺន​កន្លែង ធ្វើ​ឱ្យ​ប្រជាជន​គ្រប់រូប គ្រប់​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល សុទ្ធ​តែ​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត ក្នុង​សម័យ​ខ្មែរ​ក្រហម ធ្វើ​ឱ្យ​ប្រទេស​ទាំង​មូល​ក្រឡាប់​ចាក់ ធ្វើ​ឱ្យ​លទ្ធផល​នៃ​របប​នេះ ធ្វើ​ឱ្យ​មនុស្ស​រង​ទុក្ខ​វេទនា ពិការ ដែល​សេស​សល់​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ទាំង​អស់​នេះ​វា​បញ្ជាក់​ច្បាស់​ណាស់​ថា គាត់​ជា​មេ​ដឹក​នាំ​ម្នាក់ដែល​បរា​ជ័យ»។

លោក ឆាំង យុ បានប្រាប់ ​VOA ​បន្ត​ទៀត​ថា ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ពី​ដើម​ទី មកទល់​នឹង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ជា​ដំណើរ​រួម​គ្នាដើម្បី​ឈាន​ទៅ​ដល់​ការ​ស្វែង​យល់​ពី​គ្នា​រវាង​មិត្ត និង​សត្រូវ ដែល​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ​ចាំបាច់​ត្រូវ​តែ​បន្ត​ទៅ​មុខ​ឱ្យ​ខាន​តែ​បាន។

ប៉ុល ពត កើត​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ ជា​មួយ​ឈ្មោះ​ពី​កំណើត​ថា សាឡុត ស ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ក្នុង​ភូមិ​ព្រែក​ស្បូវ ជាប់​មាត់​ស្ទឹង​សែន ដែល​នៅ​កៀក​នឹង​ទី​រួម​ខេត្ត​កំពង់​ធំ។ អនាគត​មេ​ដឹក​នាំ​កុម្មុយនីស្ត​រូប​នេះ ​បាន​ចូល​រៀន​នៅ​សាលា​កម្រិត​វរជន​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ មុន​នឹង​ជាប់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង ទី​ដែល​លោក​ប្រឡូក​យ៉ាង​ជោកជាំ​នឹង​ចលនា​កុម្មុយនីស្ត​ដែល​កំពុង​រីក​រាលដាល​នា​ដើម​ដំបូងៗ​នៃ​សង្គ្រាម​ត្រ​ជាក់។

មក​ទល់​នឹង​ឆ្នាំ​១៩៦០ ប៉ុល ពត ដែល​បាន​ត្រឡប់​ពី​ស្រុក​បារាំង ទាំង​មិន​ទាន់​រៀន​ចប់ បាន​ក្លាយ​ជា​មេ​ដឹក​នាំ​កំពូល​នៃ​ចលនា​កុម្មុយនីស្ត​ខ្មែរ​រហូត​ទទួល​បាន​ជោគ​ជ័យទៅ​ដឹក​នាំ​ប្រទេស​នៅ​ឆ្នាំ​១៩៧៥។ ទី​ក្រុង​ បាន​ក្លាយជា​ទី​ស្ងៀម​ស្ងាត់ គ្មានមនុស្ស​នៅ តំបន់​សហករណ៍​ការងារ​រួម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ជនបទ។

ប៉ុល ពត បាន​ក្លាយ​ជា​សមាជិក​ដ៏​ចម្លែក​ម្នាក់ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។ មេ​ខ្មែរ​ក្រហម​រូប​នេះ​ មិន​ដែល​បាន​ទាក់​ទង​សួរ​រក​បងប្អូន​សាច់​ញាតិ​របស់​លោក​ឡើយ ខណៈ​ដែល​លោក​ចំណាយ​ពេល​រាប់​ទសវត្សរ៍​រស់​នៅ​ក្នុង​ព្រៃ​តស៊ូ​អាវុធ។ ប្អូន​ប្រុស​ដែល​នៅ​រស់​រាន​មាន​ជីវិត នៅ​ភូមិ​កំណើត ក្បែរ​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ ដល់​ឆ្នាំ​២០១០ គឺ​លោក សាឡុត ញ៉េប។

អ្នកស្រី ញ៉េប ថុល ក្មួយ​របស់ ប៉ុល ពត និង​ត្រូវ​ជា​កូន​របស់​លោក សាឡុត ញ៉េប បាន​និយាយ​ថា អ្នកស្រី​មិន​ដែល​បាន​ជួប ប៉ុល ពត ជា​ឪពុក​មា​នោះ​ឡើយ តែ​ថា លោក សាឡុត ញ៉េប ជា​ឪពុក​អ្នក​ស្រី និង​អ្នក​ស្រី​ផ្ទាល់ ក៏​មាន​ជោគ​វាសនា និង​ស្ថានភាព​មិន​ខុស​ពី​ប្រជាជន​ខ្មែរ​ដទៃ​ទេ ក្រោម​ការ​ដឹក​នាំ​របស់ ប៉ុល ពត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​គាត់​ជា​អ្នក​ល្អ ប៉ុន​ដល់​ពេល​អញ្ចឹង ខ្ញុំ​មិន​ដឹង​ដែរ ព្រោះ​អី​ជំនាន់​ហ្នឹង ខ្ញុំ​មិន​ដឹង​ដែរ​រឿង​នយោបាយ។ និយាយ​ទៅ​ខ្ញុំ​អត់​សូវ​ដឹង​រឿង​នយោបាយ»។

ក្រុមកម្មាភិបាលជាន់ខ្ពស់នៃបក្សកុម្មុយនីស្តកម្ពុជា និងដែលជាមេដឹកនាំកំពូលនៃកម្ពុជាប្រជាធិបតេយ្យ ធ្វើដំណើររួមគ្នាតាមរថភ្លើង។

បើ​ទោះ​បី​ជា​ជាប់​ជា​សាច់​ញាតិ​មេ​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម អ្នក​ស្រី ញ៉េប ថុល មិន​ដែល​ទទួល​ការ​ស្អប់ខ្ពើម រើសអើង​ពី​អ្នក​ជិត​ខាង​ដែល​នៅ​ជុំ​វិញនោះ​ទេ ហើយ​ខ្លួន​ក៏​មិន​ដែល​តូច​ចិត្ត​ចំពោះ​ការណ៍​ដែល​ជាប់​សាច់​ញាតិ​នឹង ប៉ុល ពត នោះ​ដែរ។ ស្ត្រី​វ័យ​៥៤ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖

«គេ​រាប់​អាន​ខ្ញុំ​ធម្មតា ព្រោះ​អី​គេ​ដឹង​ខ្ញុំ អ្នក​វេទនា​ជំនាន់ ប៉ុល ពត អីចឹង​ដែរ​ទៅ។ ខ្ញុំ​អត់​ដែល​ខ្វល់​រឿង​ហ្នឹង​ផង​ហ្នឹង។ បាន​ថា​ខ្ញុំ​អត់​ខ្វល់ ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​អី​រឿង​ហ្នឹង​ផង។ ខ្ញុំ​គិត​រឿង​តែ ខ្ញុំ​រស់​នៅ​ក្នុង​សង្គម​គេ​ម៉េច ខ្ញុំ​រស់​តាម​ហ្នឹង​ដែរ។ ខ្ញុំ​អត់​មាន​គិត​គូរ​រឿង​អញ្ចឹង​ផង»។

ប៉ុល ពត ធ្លាប់​មាន​ភរិយា​ពីរ​នាក់។ ក្នុង​ចំណង​សហព័ទ្ធ​ជា​មួយ​ភរិយា​ទី​មួយ អ្នក​ស្រី ខៀវ ប៉ុណ្ណារី ដែល​ក្រោយ​មក​មាន​បញ្ហា​សុខភាព មិន​មាន​កូន​ឡើយ។ តែ​ចំណង​អាពាហ៍ពិពាហ៍​របស់​លោក​លើក​ទី​ពីរ ជា​មួយ​អ្នក​ស្រី មា សុន បាន​បន្សល់​នូវ​កូន​ស្រី​ម្នាក់ដែល​បច្ចុប្បន្ន​ចម្រើន​វ័យ​បាន​៣០ឆ្នាំ និង​រស់​នៅ​ជា​មួយ​ម្ដាយ​នៅ​ស្រុក​ម៉ាឡៃ តាំង​តែ​ពី​មរណភាព​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៩៨ ជា​មួយ​អតីត​ជំនួយ​ការ ប៉ុល ពត គឺ​លោក ទេព ឃុនណាល់។ នេះ​បើ​តាម​អ្នក​ជំនិត និង​ជា​អតីត​ចុងភៅ​របស់ ប៉ុល ពត គឺ​អ្នកស្រី យ៉ុង មឿន។

អ្នកស្រី យ៉ុង មឿន អាយុ៧១ឆ្នាំ ជាអតីតអ្នកចម្អិនម្ហូបឲ្យប៉ុល ពត និងជាទីប្រឹក្សាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសចិន។ (ស៊ុន ណារិន/VOA)

អ្នក​ស្រី យ៉ុង មឿន វ័យ​៧១​ឆ្នាំ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជ័យ បាន​និយាយ​ថា កាលពី​នៅ​រស់ ប៉ុល ពត ជា​មនុស្ស​ស្ងប់ស្ងៀម និង​ចូល​ចិត្ត​ហូប​ម្ហូប​ខ្មែរ។ បើ​ទោះ​ជា​និយាយ​ពោល​សរសើរ​អំពី ប៉ុល ពត ទាក់​ទិន​នឹង​ទស្សន​វិស័យ​ដឹក​នាំ និង​ការ​ប្រាស្រ័យ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ស្រី​ក៏​យល់​ស្រប​ដែរ​ថា ប៉ុល ពត មាន​អម្រែក​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ខ្មែរ​ក្រហម។

«គេ​ថា​បាន អ្វី​ដែល​មាន​ចលនា ត្រូវ​ទទួល​ខុស​ត្រូវ​! គាត់​មិន​ដឹក​នាំ​ឱ្យ​ធ្វើ ក៏​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ។ ក្នុង​សង្គម​ណា​ក៏​ដោយ បើ​សិន​ជា​ចលនា​វា​ទៅ​អាក្រក់​អ៊ីចឹង កុំ​ឆ្លើយ​យើង​ថា​មិន​ដឹង។ តាម​ពិត​គាត់​អត់​បាន​ទេ អ្នក​ខាង​ក្រោម​ធ្វើ​ពិត គាត់​អាល័យ​តែ​សមរ​ភូមិ អត់​សូវ​បាន​ចុះ​ជាប់​អា​នៅ​ខាង​ក្រោម នៅ​មូលដ្ឋាន តាម​តែ​គេ​រាយការណ៍»។

នៅ​ឯ​ភូមិ​ជាំ កន្លែង​បូជា និង​បញ្ចុះ​សព ប៉ុល ពត ឯណោះ​វិញ ផ្នូរ​អតីត​មេ​ដឹក​នាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អ្វី​ដែល​លោក​ស្អប់ និង​ប្រយុទ្ធ​ប្រឆាំង​កាលពី​នៅ​រស់ នោះ​គឺ កា​ស៊ី​ណូ របប​មូលធន​និយម អតីត​ទាហាន លន់ ណុល និង​ជន​ជាតិ​វៀតណាម។

លោក ឌី សំអូន វ័យ​៧០ឆ្នាំ ជា​អតីត​ទាហាន​សាធារណរដ្ឋ​ខ្មែរ បាន​និយាយ​ថា​លោក​បាន​បាត់​បង់ ឪពុក​ម្ដាយ បងប្អូន​ទាំង​អស់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ​លោក​បានរស់​រាន​មាន​ជីវិត​ដ្បិតអី​លោក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ។ លោក​ថា ការ​ដឹក​នាំ​របស់ ប៉ុល ពត មាន​ទស្សន​វិស័យ​មួយ​បែប តែ​ការ​អនុ​វត្តមិន​បាន​ជោគ​ជ័យ​។

«និយាយ​មិន​ស្អប់​ម៉េច វាយ​ម៉ែឪ​ចោល​! ស្អប់​ដល់​ក តែ​មិន​ដឹង​ធ្វើ​ម៉េច។ ប៉ុន្តែ​គាត់​ល្អ ល្អ​ត្រង់ថា វិន័យ​គាត់ ស្អាត​ស្អំ​តែម្ដង ស្អប់​តែ​វាយ​ចោល​ទេ ប៉ុណ្ណេះ បង្អត់​បាយ! អា​រឿង​សង្គម ស្អាត​របស់​គាត់​មែន ខ្ញុំ​ជឿ! ស្អប់​តែ​បង្អត់​បាយ វាយ​ចោល​នៀក ស្អប់​ត្រង់​នៀក»។

លោក ឌី សំអូន អាយុ៧០ឆ្នាំ ជាអតីតទាហានលន់ នល់ ដែលប្រឆាំងនឹងខ្មែរក្រហម។ ឪពុកម្តាយ និងបងប្អូនរបស់លោក ត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហម។ (ស៊ុន ណារិន/VOA)

អ្នក​ស្រី ឡេ ធី ធូ កុក (Le Thi Thu Cuc) ហៅ យាយ​អ៊ុក ជា​ជន​ជាតិ​វៀតណាម ដែល​បាន​មក​រស់​នៅ​ភូមិ​ជាំ កាល​ពី​ឆ្នាំ​១៩៩៩ ពោល​គឺ​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​សមាហរណកម្ម​តំបន់​អន្លង់វែង និង​រំលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី ប៉ុល ពត ដែល​មាន​ទី​តាំង​បញ្ចុះ​សព​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន យាយ​អ៊ុក ដែល​មាន​វ័យ​៦៣​ឆ្នាំ បាន​និយាយ​ថា​អ្នក​ស្រី មាន​ការ​គោរព​ចំពោះ ប៉ុល ពត ដូច​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តាម​អប្បិយជំនឿ។

«ដូច​អត់​មាន​បាន​គិត​ទៅ​យ៉ាង​ម៉េច​ទេ​ពូ! ដូច​ថា​យើង​វា​គោរព​ដែរ យើង​ដើរ​ទៅ យូរៗ យើង​ចូល​កន្លែង​ហ្នឹង យើង​សុំ​ឱ្យ​កូន​ចៅ​នៅ​លើ​ភ្នំ​ហ្នឹង ឱ្យ​តែ​បាន​សុខ​ប៉ុណ្ណឹង​ឯង ... ចិត្ត​យើង​វា​គោរព​គេ ចាស៎ យើង​នៅ​លើ​ដី​របស់​គេ យើង​គោរព​គេ។ គាត់​ជា​អ្នក​[​ដឹក​]​នាំ​ខ្មែរ​ក្រហម យើង​នៅ​នេះ​ទៅ​ដូច​ដែល​យើង​គោរព​ទាំង​អស់​គ្នា យើង​គោរព​អ្នក​ស្លាប់ ដូច​ដែល​យើង​គោរព​ឪ​ម៉ែ​យើង​អ៊ីចឹង​ណា​ពូ!»។

បច្ចុប្បន្ន​នេះ មាន​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​តែ​បី​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​យក​ជំនុំ​ជម្រះ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៃ​តុលា​ការ​ខ្មែរ​ក្រហម ដែល​ជា​ការ​បង្កើត​រួម​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ​ប្រជា​ជាតិ។ ប្រធាន​មន្ទីរ​សន្តិសុខ ស២១ របស់​ខ្មែរ​ក្រហម គឺ​លោក កាំង ហ្គេកអៀវ ហៅ​ឌុច ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ រីឯ​អតីត​បង​ធំ​ទី​ពីរ នួន ជា និង​អតីត​ប្រធាន​រដ្ឋ ខៀវ សំផន ក៏​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ ក្នុង​សំណុំ​រឿង​០០២/០១ និង​កំពុង​រង់ចាំ​សាលក្រម​ក្នុង​សំណុំ​រឿង​០០២/០២។

មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ នួន ជា និងខៀវ សំផន ស្តាប់សាលដីកាកាត់ទោសនៅតុលាការខ្មែរក្រហមកាលពីឆ្នាំ២០១៦។

អ្នក​ស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​របស់​ខ្មែរ​ក្រហម ត្រូវ​បាន​តុលា​ការ​ទម្លាក់បទ​ចោទ ដោយ​សារ​តែ​ជំងឺ​ភ្លេចភ្លាំង​របស់​អ្នក​ស្រី​កាល​ពីឆ្នាំ​២០១២ មុន​នឹង​អ្នកស្រី​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១៥។ ស្វាមី​របស់​អ្នក​ស្រី អៀង ធីរិទ្ធិ គឺ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម លោក អៀង សារី បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៣។

ភាគី​ជាតិ និង​ភាគី​អន្តរជាតិនៅ​តុលា​ការ​កូន​កាត់ នៅ​បន្ត​ប្រទាំង​ប្រទើស​ក្នុង​សំណុំ​រឿង​ផ្សេង​ទៀត បន្ទាប់​ពី​សំណុំ​រឿង​០០២ ​ដើម្បី​នាំ​យក​មេ​ដឹក​នាំ​ថ្នាក់ក្រោម​ផ្សេង​ទៀត​របស់​ខ្មែរ​ក្រហម មក​កាត់​ទោស។

អ្នក​ស្រី Elizabeth Becker អ្នក​កាសែត​ជាតិ​អាមេរិកាំង ដែល​បាន​ជួប​សម្ភាស ប៉ុល ពត កាលពី​ឆ្នាំ​១៩៧៨ បាន​និយាយ​ថា មេ​រៀន​នៃ​ការ​ដឹក​នាំ​ដាច់​ណាត់​ដែល​ជា​កេរ​ដំណែល​របស់ ប៉ុល ពត ដែល​មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​ក្រោយ​គួរ​តោង​ចាំ​នោះ​គឺថា ការ​ដឹក​នាំ​បែប​ឯក​បក្ស​ នឹង​បង្ក​ជា​ហានិភ័យ​ក្នុង​ថ្ងៃ​អនាគត។

អតីត​អ្នក​សារ​ព័ត៌មាន​រូប​នេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖

«មេ​រៀន​នៅ​ត្រង់​នេះ​គឺថា បុគ្គល​តែ​ម្នាក់ និង​បក្ស​តែ​មួយ ដែល​ឱប​ប្រមូល​អំណាច​ទាំង​ស្រុង និង​បង្ក​ការ​ខូចខាត​ដល់​កម្ពុជា។ អំណាច​ដែល​ខ្វះ​ការ​ត្រួត​ពិនិត្យ នឹង​នាំ​ឱ្យ​មាន​មេ​ដឹក​នាំ​ពុករលួយ ការ​សម្លាប់​មិន​រើស​មុខ និង​ការ​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ពុំ​មាន​សង្គម​ណាមួយ​ដែល​អាច​រីក​ស្គុះស្គាយ​ក្រោម​មេ​ដឹក​នាំ​បែប​នេះ​បាន​ទេ»៕

រាយការណ៍បន្ថែមដោយ ខាន់ សុគំុមនោ