មានកំណើនការវាយប្រហារតាមដ្រូននិងដោយរ៉ុក្កែតប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ទោះជាមានការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីសប្តាហ៍មុនមានគោលដៅបញ្ជូនសារទៅឱ្យក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ក៏ដោយ។ ការវាយប្រហារថ្មីៗបំផុតមានឡើងនៅពេលកិច្ចប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់នៅហ្កាហ្សាបានបង្កើនភាពតានតឹងក្នុងតំបន់។
ពួកមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិយាយថាការវាយប្រហារតាមអាកាសដែលដៅ លើឃ្លាំងស្តុកអាវុធនិងគ្រាប់រំសេវនៅប៉ែកខាងកើតនៃប្រទេសស៊ីរីជាការជោគជ័យមួយដែលអគារទាំងពីរត្រូវបានបំផ្លាញទាំងស្រុង។
ក៏ប៉ុន្តែ នៅតែមានការវាយប្រហារដោយដ្រូននិងរ៉ុក្កែតពីកងជីវពលគាំទ្រដោយអ៊ីរ៉ង់តទៅទៀត។ អ្នកនាំពាក្យរងក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកស្រី Sabrina Singh បានថ្លែងថា៖«យើងឃើញមានការវាយប្រហារបីថែមទៀតលើកងកម្លាំងអាមេរិកនៅខាងក្នុងប្រទេសស៊ីរី»។
អ្នកនាំពាក្យរងនៃក្រសួងការពារជាតិអាមេរិកលោកស្រី Sabrina Singh បាននិយាយទៀតថាមានការវាយប្រហារមួយកាលពីថ្ងៃសៅរ៍និងពីរទៀតកាលពីថ្ងៃអាទិត្យ។ លោកស្រីបានបញ្ជាក់ថា៖«គ្មានមនុស្សស្លាប់ឬការខូចខាតដល់បុគ្គលិកយើងឬហេដ្ឋារចនាសម្ពន្ធយើងទេ»។
ពួកមន្ត្រីក្រសួងការពារជាតិនិយាយថាពួកគេប្រុងប្រៀបធ្វើការវាយប្រហារថែមទៀតប្រឆាំងនឹងក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង ប្រសិនបើចាំបាច់ដើម្បីការពារក្រុមទាហានសហរដ្ឋអាមេរិកនោះ។ នៅពេលជាមួយគ្នានេះលោកស្រី Singhបាននិយាយទៀតថា៖«យើងមិនចង់ឃើញជម្លោះនេះរាលដាលជាសង្គ្រាមក្នុងតំបន់ទេ។ ដូច្នេះ ការធ្វើឱ្យសង្គ្រាមនេះមានតែនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សាជាអ្វីដែលនៅតែជាការផ្តោតការយកចិត្តទុកដាក់របស់យើង»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ