១២​ឆ្នាំ​ក្រោយ​ពី​ការ​ទន្រ្ទាន​របស់​កងទ័ព​ថៃ ប្រាសាទ​ព្រះវិហារ​ទទួល​រង​ឥទ្ធិពល​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ព្រះសង្ឃជាច្រើនព្រះអង្គនិមន្តទស្សនាប្រាសាទព្រះវិហារ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីរដ្ឋាភិបាលថៃទទួលស្គាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថា តំបន់នៅក្បែរប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។

ភ្នំពេញ — នៅ​តាម​តំបន់​ជុំវិញ​ភ្នំ​ប្រាសាទ​ព្រះ​វិហារ​ នៅ​លើ​ផ្លូវ​ធ្វើ​ពី​បេតុង​ដ៏​ចោទ​ឡើង​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​បុរាណ​ខ្មែរ​ចំណាស់​ ៩០០ ​ឆ្នាំ​នេះ ​គ្មាន​ទៀត​ទេ​ខ្សែ​ត្រៀម​កង​ទ័ព ​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ត្រៀម​ប្រយុទ្ធ​ ដូច​កាល​ក្នុង​អំឡុង​ឆ្នាំ​ ២០០៨។​ កាល​នោះ ​(ឆ្នាំ​២០០៨) ​កងទ័ព​ថៃ​បាន​ចូល​លុក​លុយ​ដល់​វត្តកែវ​សិក្ខាគិរី​ស្វារៈ​ កៀក​នឹង​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​បំផុត។​

ជម្លោះ​ព្រំដែន​រយៈ​ពេល​ប្រាំ​ឆ្នាំ​ ដែល​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៣ ​បាន​ធ្វើ​ឲ្យ​សន្ទុះ​នៃ​កំណើន​ទេសចរ​មក​កាន់​ប្រសាទ​ព្រះវិហារ ​ក៏​ដូច​ជា​មក​កាន់​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ទាំង​មូល​ មាន​ការ​យឺតយ៉ាវ។​

យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​វិហារ​ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រឈម​មុខ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​ជាមួយ​កងទ័ព​ថៃ ភ្ញៀវទេសចរ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ មក​ទស្សនា​ខេត្ត​ព្រះវិហារ​ទាំង​មូល​សរុប​ បាន​កើន​ពី​ជាង ​៦១ ៩០០​នាក់​ នៅ​ឆ្នាំ​ ២០០៩ ​ដល់​ជាង ​៧១០៤៦០ ​នាក់​តែ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​ ២០១៣។​

ដោយ​ឡែក​ ក្រោយ​ពី​ការ​បញ្ចប់​ភាព​តាន​តឹង​ដោយ​កងទ័ព​ថៃ​ត្រូវ​បង្ខំ​ឲ្យ​ដក​ចេញ​ពី​តំបន់​ជម្លោះ​ជា​ស្ថាពរ ​ដោយ​អំណាច​សាល​ក្រម​នៃ​តុលាការ​ទីក្រុង​ឡាអេ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កាន់​ខេត្ត​ព្រះ​វិហារ ​បាន​កើន​ឡើង​រហូត​ដល់​ ១.៨៣៥.០០០​ នាក់ ​ចន្លោះ​ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨ ​ពោល​គឺ​កំណើន​អ្នក​ទស្សនា​សរុប​ច្រើន​ជាង ​១៥៨​ ភាគរយ។​

ជ្រក​នៅ​ក្រោម​ម្លប់​ដើម​ឈើ​តូចៗ​ចំនួន​ពីរ​បី​ដើម ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បង្គន់​អនាម័យ​ ដែល​លោក​មើល​ថែ​សម្រាប់​តម្រូវ​ការ​ភ្ញៀវ​ទេសចរ លោក ​ដាំ ខន ​កត់​សម្គាល់​ពី​កំណើន​អ្នក​ទស្សនា​មក​កាន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​កាន់​តែ​ច្រើន​ ក្រោយ​ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​នេះ​បាន​បញ្ចប់។​

«បើ​គិត​ចាប់​តាំង​ពី​ក្រោយ​បាញ់​គ្នា​ (ឆ្នាំ​២០០៨)​ ភ្ញៀវ​ទេសចរ​កាន់តែ​មក​លេង​ច្រើន។​ គេ​ឈប់​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ប៉ះទង្គិច​គ្នា​ទៀត​ហើយ»។​

ភ្ញៀវទេសចរទស្សនាប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារជាប់ព្រំដែនប្រទេសថៃ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ (គង់ សុឋានរិទ្ធ/វីអូអេ)

ប៉ុន្តែ​ ជំងឺ​កូវីដ​១៩​ ដែល​ជា​ប្រភេទ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ផ្ទុះ​ចេញ​ពី​ប្រទេស​ចិន ​កំពុង​បង្ក​ការ​ឆ្លង​រាតត្បាត​ពាស​ពេញ​ពិភព​លោក។ មនុស្ស​ប្រមាណ ២៧ ​លាន​នាក់ ​បាន​ឆ្លង​ជំងឺ​នេះ​ និង​ជន​រង​គ្រោះ​ប្រមាណ ៩ សែន​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត។​ សេដ្ឋកិច្ច​និង​វិស័យ​ទេសចរណ៍​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ។ ជាក់​ស្តែង ​ទេសចរ​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ ក៏​ទទួល​ផល​អាក្រក់​ពី​ជំងឺ​នេះ​ដែរ។​

របាយ​ការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​ ឲ្យ​ដឹង​ថា ទេសចរ​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្នុង​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២០​ នេះ​ គឺ​នៅ​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស។ ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​បាន​ធ្លាក់​ពី​ជាង ​៧៨០០ ​នាក់ ​នៅ​ខែ​មករា​ មក​ត្រឹម​ជាង​ ២៧០០ ​នាក់ ​នៅ​ខែ​មេសា។​ ជាមួយ​គ្នា​នោះ​ ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​បាន​ធ្លាក់​ពី ​៩២៥ ​នាក់ ​មកត្រឹម​ ៣៧ ​នាក់ ​ក្នុង​រយៈ​ពេល​ដូច​គ្នា។​

ក្នុង​វ័យ​ប្រមាណ​ជា​ ៦០ ​ឆ្នាំ ​លោក ​ដាំ ខន ​តែងតែ​ចោល​ភ្នែក​លើ​ចលនា​ភ្ញៀវ​ទេសចរ ​ដែល​ដើរ​ឆ្លង​កាត់​លើ​ផ្លូវ​ដី​ដែល​មាន​ដុំ​ថ្ម​រដិប​រដុប ​ពី​មុខ​ទីតាំង​ប្រចាំការ​របស់​លោក។ លោក​ហាក់​ដូច​ជា​រង់ចាំ​រាប់​ចំនួន​អ្នក​ទស្សនា​ទាំង​នេះ។​

«តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​ជាតិ។​ បើ​ថ្ងៃ​ធម្មតា​ មាន​ភ្ញៀវ​ប្រហែល​ ២០០ ​ទៅ ​៣០០ នាក់។​ប៉ុន្តែ​បើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ ភ្ញៀវ​អាច​កើន​ដល់​ ៧០០​ ទៅ​ ៨០០ ​នាក់»។​

ប៉ុន្តែ​ លោក​អះអាង​ ថាតួ​លេខ​នេះ​គឺ​លោក​ផ្អែក​តាម​របាយ​ការណ៍​កំណត់​ចំនួន​អ្នក​ទស្សនា​ប្រាសាទ​ព្រះ​វិហារ ​នៅ​ចំណុច​ត្រួត​ពិនិត្យ​ មុន​នឹង​ពួក​គេ​ចូល​ដល់​បរិវេណ​ប្រាសាទ។​

ថ្វី​បើ​ការ​ទន្ទ្រាន​របស់​កងទ័ព​ថៃ​បាន​បញ្ចប់​អស់​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ហើយ​ក្តី​ ប៉ុន្តែ​កង​ប្រដាប់​អាវុធ​កម្ពុជា​ហាក់​បី​ដូចជា​ស្ថិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ។​

មាន​ការ​ពង្រាយ​ប៉ុស្តិ៍​នៃ​កង​នគរបាល​ និង​ទាហាន​នៅ​តាម​គោល​ដៅ​សំខាន់ៗ​ ដែល​មាន​ភ្ញៀវ​ទេសចរ​ឆ្លង​កាត់។​ លេណដ្ឋាន​ដែល​ធ្លាប់​បែរ​មុខ​តម្រង់​ឆ្ពោះ​ទៅ​រក​ខ្សែ​ត្រៀម​នៃ​កងទ័ព​គូ​បដិបក្ខ​ ត្រូវ​គេ​ចារឹក​ឈ្មោះ​កងពល ​ឬ​អង្គភាព​ប្រដាប់​អាវុធ​លើ​ផ្ទាំង​ស៊ីម៉ង់ត៍​ ដើម្បី​កត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ចូល​រួម​ចំណែក​ការពារ​ទី​តាំង​បេតិកភ័ណ្ឌ​ជាតិ​ខ្មែរ។​

កង​នគរបាល ​ឬ​យោធា​ខ្លះ​ស្ថិត​ក្នុង​គោល​ដៅ​នៃ​ផ្លូវ​ចូល​ និង​កាំ​ជណ្តើរ​ឡើង​ប្រាសាទ។​

កែវ​ឆ្លុះ​មួយ​ត្រូវ​ដាក់​តាំង​នៅ​ប៉ុស្តិ៍​មួយ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីតួ​ប្រាសាទ​ព្រះវិហារ​ ដើម្បី​តាម​ដាន​សកម្ម​ភាព​ប៉ុស្តិ៍​ជួរមុខ​របស់​កងទ័ព​ថៃ​ នៅ​តំបន់​ផ្ទះ​ក្រហម ​ក្នុង​ខេត្ត​ស៊ីសាកេតរបស់​ថៃ​ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក​ពី​មុខ​ផ្នែក​ចំហៀង​របស់​ប្រាសាទ​ខ្មែរ​ហើយ​ដែល​គេ​អាច​មើល​ឃើញ​ស្ទង់ៗ​ដោយ​ភ្នែក​ទទេ។​

ភាគ​ច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​គឺ​មក​ជា​ក្រុម​គ្រួសារ​ បើទោះ​ជា​ស្ថិត​ក្រោម​ការ​គំរាម​នៃ​ជំងឺ​កូវីដ​ក៏​ដោយ។​ លោកវុន លី មកពីក្រុងសេរី សោភ័ណ្ឌខេត្តបន្ទាយមានជ័យកំពុងដើរដាច់ដោយឡែកពីសមាជិកគ្រួសារ។ ក្នុងវ័យប្រមាណ៥០ឆ្នាំផ្លាយលោកបង្វិលកាម៉េរ៉ាទូរស័ព្ទស្មាតហ្វូនដើម្បីផ្តិតយកតួប្រាសាទដែលមានថ្មបាក់រលំដោយអន្លើ។

«ខ្ញុំ​មក​ចង់​ស្គាល់​ដែរហើយ​មក​លេង​គ្នា​តិច​ដែរ​ត្រឹម​ប្រាំ ​ប្រាំ​មួយ​នាក់​ដោយ​សារ​ជំងឺ​ (កូវីដ) រាង​ដូច​ជា​ស្ងប់​ដែរ»។​

ដោយសារ​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ចោទ​ខ្លាំង​និង​បត់​បែន​ច្រើន​ រថយន្ត​ទេសចរណ៍​ធម្មតា​មិន​អាច​ឡើង​បាន​ទេ។​ ដូច្នេះ​គេ​ត្រូវ​ជួល​រថយន្ត​ភីកអាប់ ​(pickup)​ ឬ​ម៉ូតូ​ដែល​រង់​ចាំ​បម្រើ​សេវា​កម្មដឹក​ជញ្ជូន​ភ្ញៀវ​ ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ស្រាប់។​

អាជីវករខ្មែររៀបចំទំនិញលក់ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ (គង់ សុឋានរិទ្ធ/វីអូអេ)

លោក​ ហូ ពិសី​ គឺជា​អ្នក​បើក​បរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ម្នាក់​ ក្នុង​ចំណោម​អ្នក​បើក​បរ​រថយន្ត​សរុប​ចំនួន​៥៩​នាក់។​

«(ភ្ញៀវ)​កើន​ជា​រៀង​រាល់​ឆ្នាំ។​ រយៈ​ពេល​បី​ខែ​នេះ ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ។ ​ប៉ុន្តែ​ឥឡូវ​ភ្ញៀវ​ទេសចរ​ហាក់​ដូចជា​រើប​មក​វិញ​ហើយ»។​

ជា​មធ្យម​ លោក ​ហូ​ ពិសី​ អាច​រក​ម៉ូយ​បាន​ចន្លោះ​ពី​មួយ​ទៅ​ពីរ​ជើង ​ក្នុង​មួយ​ថ្ងៃ។​ សេវា​កម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​មួយ​ជើង ​ថ្លៃ​ដប់ម៉ឺន​រៀល​ ឬ​ប្រហាក់​ប្រហែល​នឹង​ ២៥​ ដុល្លារ​អាមេរិក។ ​រថយន្ត​មួយ​គ្រឿង​អាច​ផ្ទុក​អ្នក​ដំណើរ​រហូត​ដល់​ដប់​នាក់។​ ដោយ​ឡែក​ម៉ូតូ​មួយ​គ្រឿង​អាច​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ច្រើន​បំផុត​ពីរ​នាក់។ ​ភ្ញៀវ​ទេសចរ​ត្រូវ​បង់​កម្រៃ​ប្រមាណ​ពីរ​ម៉ឺន​រៀល ​ឬ​ប្រហាក់​ប្រហែល​នឹង​ប្រាំ​ដុល្លារ​អាមេរិក​ សម្រាប់​ម៉ូតូ​មួយ​គ្រឿង។​

លោក​ ហូ ពិសី ​បង្ហាញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ រួច​ពោល​ថា ជីវភាព​របស់​លោក​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ចលនា​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រាសាទ​ព្រះវិហារ​នេះ។​

«តាម​ពិត​ បើ​កាល​ណា​មាន​ភ្ញៀវ​មក​លេង​ដូច្នេះ​ វា​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ។ដូច​ករណី​ខ្ញុំ​អ៊ីចឹង​ ខ្ញុំ​ប្រកប​សេវាកម្ម​ដឹក​ភ្ញៀវ ​គឺ​ខ្ញុំ​ពឹង​ផ្អែក​លើ​ភ្ញៀវ។​ កាលណា​មាន​ភ្ញៀវ​មក ​ខ្ញុំ​មាន​ការងារ​ធ្វើ។ ​បើ​ភ្ញៀវមិន​មក​ខ្ញុំ​ ក៏​អត់​សូវ​មាន​ជីវភាព​ធូរធា​ដែរ»។​

ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ​និង​ចម្ងាយ​ប្រមាណ​ជិត ​៤០០ ​គីឡូ​ម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញ។​ ប្រាសាទ​នេះ​សាង​សង់​នៅ​ដើម​សតវត្សរ៍​ទី​ ៩ ​លើ​ភ្នំ​ព្រះវិហារ​នៃ​ជួរ​ភ្នំដង​រែក។​

កម្ពុជា​និង​ថៃ ​មាន​ជម្លោះ​ជុំវិញ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ ចាប់​តាំងពី​ទសវត្សរ៍​ ១៩៥០ មក​ម៉្លេះ។​ហើយ​នៅ​ឆ្នាំ ​១៩៦២​ តុលាការ​ក្រុង​ឡាអេ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​បាន​កាត់​ក្ដី​ឲ្យ​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ ​និង​បាន​សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ គឺ​ជា​របស់​ខ្មែរ។​

រូបឯកសារ៖ យោធាកម្ពុជា និងថៃ ពិភាក្សាគ្នាអំពីភាពតានតឹងរវាងយោធាទាំងសងខាងនៅក្បែរតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣។

លុះ​ដល់​ឆ្នាំ​ ២០០៨​ ប្រទេស​ថៃ​បាន​សើរើ​ជម្លោះ​ចាស់​ដោយ​អះអាង​ថា ​ដី​ទំហំ​ទំ​ ៤,៦​ គីឡូ​ម៉ែត្រ​ការ៉េ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ គឺ​ជា​របស់​ខ្លួន​ ហើយ​ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ជាច្រើន​មក​កាន់​កាប់​ទីនោះ។​ ជម្លោះ​នេះ​បាន​រីក​រាល​ដាល​រហូត​ដល់​តំបន់​ប្រាសាទ​តាមាន់​ និង​តា​ក្របី ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ និង​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ។​ មាន​ជន​រង​គ្រោះ​ទាំង​សង​ខាង​ស្លាប់​បាត់​បង់​ជីវិត​ យ៉ាង​តិច​ចំនួន ​១៨​ នាក់។​

លុះ​ដល់​ថ្ងៃ​ទី​ ១១ ​វិច្ឆិកា ​ឆ្នាំ ​២០១៣ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដដែល​នេះ​ បាន​ចេញ​សាល​ដីកា​បកស្រាយ​លើ​សាល​ក្រម​ចាស់​ កាល​ពី​ឆ្នាំ​ ១៩៦២ ​និង​បាន​បង្គាប់​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ និង​កម្លាំង​ប្រដាប់​អាវុធ ​រួម​ទាំង​ឆ្មាំ​ចេញ​ពី​តំបន់​អធិប​តេយ្យ​នៃ​ប្រាសាទ​ព្រះ​វិហារ។​ សាល​ដីកានោះ​បាន​សម្រេច​បន្ថែម​ទៀត​ថា ​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​ដី​អធិប​តេយ្យ​របស់​កម្ពុជា។​

ចាប់​ពី​ពេល​នោះ​មក សកម្មភាព​ទេសចរណ៍​បាន​បំផុស​ឲ្យ​មាន​អាជីវកម្ម​តូចៗ​ជាច្រើន។​ មាន​ស្តង់​លក់​របស់​អនុស្សាវរីយ៍​ ដែល​ធ្វើ​អំពី​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​ពី​តំបន់​ជុំវិញ​នោះ​ មាន​ស្តង់​លក់​របស់​សិប្បនិមិត្ត​ ដូច​ជា​ខ្នាយ​ ចម្លាក់​ព្រះ ​ឬ​គុជ​ផ្សេងៗ។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​លក់​ភេសជ្ជៈ​នៅ​តាម​ជ្រុង​នានា​ ដើម្បី​បាន​ទទួល​ចំណូល​បន្ទាប់​បន្សំ​ សម្រាប់​ចិញ្ចឹម​ជីវិត។​ ប៉ុន្តែ​ជំងឺ​កូវីដ១៩​បាន​ទាញ​ទម្លាក់​ប្រាក់​ចំណូល​របស់​ពួកគេ។​

អ្នក​ស្រី ​គន្ធា​ រៀបរាប់​ថា៖​ «ខ្ញុំលក់​កាហ្វេ​ទឹក បារី។ ​កាល​ពី​មុន​(ខ្ញុំ)​ លក់​បាន​មួយ​ថ្ងៃ​ ២០​ ម៉ឺន​រៀល​ឥឡូវ​នៅ​សល់​មួយ​ថ្ងៃ​ប្រាំម៉ឺន​រៀល។​ ឥឡូវ​ភាគ​ច្រើន​ គឺ​ជា​ភ្ញៀវ​ខ្មែរ​មិន​សូវ​មាន​ជន​បរទេស​ទេ​ដោយសារ​គេ​ខ្លាច»។​

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​ស្នើ​សុំ​មិន​បង្ហាញ​អត្ត​សញ្ញាណ ​គឺ​ជា​ទេសចរ​បរទេស​ដ៏​កម្រ​ ដែល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​នេះ។​ អ្នក​ស្រី​បាន​មក​កម្សាន្ត​ជាមួយ​កូន​តូចៗ​ ចំនួន​ពីរ​នាក់​ ដោយ​ដើរ​ឆ្លង​កាត់​ដុំ​ថ្ម​ប្រាសាទ​រដិប​រដុប​ និង​បាន​ថត​រូប​ជា​អនុស្សាវរីយ៍​ផង​ដែរ។​

«កន្លង​មក​ ខ្ញុំ​ធ្លាប់មកទស្សនា​ទីនេះ​ច្រើន​ដង​ទៅ​ហើយ»។​

យោង​តាម​តួលេខ​ពី​ លោក​ គង់ វិបុល​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​ ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ដើម​ឆ្នាំ​ ២០២០​ នេះ​ មាន​ភ្ញៀវ​ទេសចរ​ជាតិ​មក​កាន់​ប្រាសាទ​ព្រះវិហារ​សរុប​ចំនួន​ ៥១.១១៩​ នាក់​ គឺ​ធ្លាក់​ចុះ​ចំនួន​ ២៦​ ភាគ​រយ ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ ៤២២៥​ នាក់​ គឺ​ធ្លាក់​ចុះជាង ​៦៩ ​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​មុន។​

ទោះ​ជា​យ៉ាង​ណា​លោក​ គង់ វិបុល ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​នោះទេ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​លោក​ជាប់​រវល់៕