ប្រជាជនវ័យចំណាស់ដែលកើនឡើងយ៉ាងលឿននៅក្នុងប្រទេសចិនកំពុងជំរុញឱ្យមានទីផ្សារមួយដែលប្រកបដោយក្ដីសង្ឃឹមនិងកំពុងរីកច្រើនយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុនដែលផ្ដល់ថ្នាក់សិក្សានិងសកម្មភាពកម្សាន្តសប្បាយនានាដូចជាការហាត់យោគៈ ការវាយស្គរអាហ្វ្រិក និងការថតរូបដោយទូរស័ព្ទស្មាតហ្វូនជាដើម ដល់មនុស្សវ័យចំណាស់ដែលមានជីវភាពសមរម្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សក្ដានុពលកើនឡើងនៃឧស្សាហកម្មនេះគឺផ្ទុយស្រឡះពីការធ្លាក់ចុះនៃវិស័យបង្រៀនគួរតាមផ្ទះលក្ខណៈឯកជនសម្រាប់សិស្សសាលា នៅក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២១ ដែលមានបំណងបង្កើនអត្រាកំណើតដែលមានលក្ខណៈទាបក្នុងកំណត់ត្រាតាមរយៈការបញ្ចុះតម្លៃសិក្សា។
លោក Qiu Peilin ប្រធានក្រុមហ៊ុន Mama Sunset ប្រចាំទីក្រុងប៉េកាំង បាននិយាយថា៖ «ឧស្សាហកម្មអប់រំបានផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចផ្ដោតលើមនុស្សវ័យចំណាស់»។ ក្រុមហ៊ុន Mama Sunset នេះគឺជាក្រុមហ៊ុនផ្ដោតលើការបង្រៀនមនុស្សវ័យចំណាស់ដែលបានបើកទីតាំង ៥ កន្លែងនៅក្នុងរដ្ឋធានីប៉េកាំងតាំងពីបានដំណើរការដំបូងនៅខែមេសាឆ្នាំ ២០២៣ មក។
ក្រុមហ៊ុនប្រឹក្សាយោបល់ Frost & Sullivan រំពឹងថា ទីផ្សារអប់រំមនុស្សវ័យចំណាស់នៅក្នុងប្រទេសចិននឹងកើនឡើងក្នុងអត្រារួមប្រចាំឆ្នាំចំនួន ៣៤% នៅត្រឹមឆ្នាំ ២០២៧ ខាងមុខរហូតដល់ចំនួន ១៦,៨ ពាន់លានដុល្លារពីចំនួន ៣,៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២។
នៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ជនជាតិចិនប្រហែល ៣០០ លាននាក់នឹងចូលនិវត្តន៍ ដែលចំនួននេះស្មើនឹងចំនួនពលរដ្ឋអាមេរិកាំងស្ទើរតែទាំងអស់។ មនុស្សម្នាក់ក្នុងចំណោមពីរនាក់ដែលមានអាយុលើស ៦៥ ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅត្រឹមឆ្នាំ ២០៤០ ខាងមុខគឺជាអ្នកដែលរស់នៅក្នុងប្រទេសចិន។ នេះបើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Euromonitor។
ទោះបីជាវិបត្តិប្រជាសាស្ត្ររបស់ចិនកំពុងគំរាមប៉ះពាល់ដល់មូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ហិរញ្ញវត្ថុរដ្ឋាភិបាល និងកិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រក៏ដោយ ក៏វិនិយោគិនខ្លះប្រាកដថា ខ្លួនអាចប្រថុយវិនិយោគលើវិស័យមនុស្សវ័យចំណាស់ដែលកំពុងកើនឡើងនេះ។
ក្រុមហ៊ុន Mama Sunset ដែលផ្ដល់ការសិក្សា ២០ មុខវិជ្ជាផ្សេងគ្នាដល់ពលរដ្ឋចិនអាយុលើស ៥០ ឆ្នាំរាប់ពាន់នាក់ កំពុងចរចាជាមួយនឹងវិនិយោគិនក្នុងស្រុកដើម្បីពង្រីកមជ្ឈមណ្ឌលនេះឱ្យបាន ២០០ កន្លែងនៅទូទាំងប្រទេសចិនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ នៅពេលដែលខ្លួនចង់ចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនហុងកុង។
ក្រុមហ៊ុន Quantasing ដែលចុះឈ្មោះនៅក្នុងទីផ្សារភាគហ៊ុន Nasdaq របស់អាមេរិកគឺជាក្រុមហ៊ុនដែលផ្ដល់សេវារៀនតាមអនឡាញដ៏ធំបំផុតដល់មនុស្សវ័យចំណាស់នៅក្នុងប្រទេសចិន។ នេះបើយោងតាមក្រុមហ៊ុន Frost & Sullivan។
ក្រុមហ៊ុន Quantasing នេះមានគម្រោងជួលគ្រូបង្រៀនថៃជី (Tai Chi) និងគ្រូថ្នាំបុរាណដើម្បីបន្ថែមទៅនឹងថ្នាក់រៀនដែលមានស្រាប់ដូចជាថ្នាក់បណ្ដុះបណ្ដាលអំពីការចងចាំនិងថ្នាក់បណ្ដុះបណ្ដាលអំពីការកាត់តវីដេអូជាដើម។
ក្រុមហ៊ុននេះក៏មានគម្រោងផងដែរក្នុងការទាញប្រយោជន៍ពីមូលដ្ឋានអតិថិជនរបស់ខ្លួនដោយលក់ផលិតផលនានាដល់អ្នកទាំងនោះដូចជា moxa stick ដែលគេប្រើនៅក្នុងឱសថបុរាណចិន ឬ Baijiu ដែលជាស្រាសរបស់ចិនជាដើម។
ចំណូលរបស់ក្រុមហ៊ុន Quantasing បានកើនឡើង ២៤,៧% ក្នុងរយៈពេលមួយឆ្នាំសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំមុនរហូតដល់ចំនួន ១៣៦,២ លានដុល្លារ ហើយអ្នកដែលចុះឈ្មោះរៀនតាមអនឡាញសរុបរបស់ក្រុមហ៊ុននេះបានកើនឡើង ៤៤,៦% ក្នុងរយៈពេលមួយឆ្នាំដែលគិតជាទឹកប្រាក់មានចំនួនរហូតដល់ ១៥,៨ លានដុល្លារនៅចុងឆ្នាំមុន។
នាយកប្រតិបត្តិក្រុមហ៊ុននេះលោក Matt Peng បាននិយាយថា៖ «វាគឺជាឧស្សាហកម្មដែលទើបនឹងរះឡើងដ៏ពិតប្រាកដមួយ»។
រដ្ឋាភិបាលចិនក៏កំពុងប្រឡូកនៅក្នុងរឿងនេះផងដែរ ដោយបានប្រកាសកាលពីខែមករាអំពីប្រាក់លើកទឹកចិត្តផ្នែកពន្ធនិងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ផលិតផលនិងសេវាកម្មនានាសម្រាប់មនុស្សវ័យចំណាស់។ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានសន្យាកាលពីពេលថ្មីៗនេះអំពីកិច្ចប្រឹងប្រែងបន្ថែមទៀតនៅក្នុងការអភិវឌ្ឍ «សេដ្ឋកិច្ចផ្ដោតលើមនុស្សវ័យចំណាស់» នេះដោយមិនបានរៀបរាប់លម្អិតបន្ថែមទៀតនោះទេ។
រដ្ឋបាលខេត្ត Hebei បានផ្ដល់ដីនិងទីធ្លាសម្រាប់សាខារបស់ក្រុមហ៊ុន Mama Sunset នេះនៅទីក្រុង Cangzhou (ឆាំងចូ) ដែលជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយភាពក្រីក្រ។
ប៉ុន្តែ អ្នកវិភាគខ្លះបានព្រមានថា លំហូរនៃវិនិយោគលើឧស្សាហកម្មមនុស្សវ័យចំណាស់នេះអាចកើនឡើងលឿនពេកមុនគ្រោងទុក ប្រសិនបើរដ្ឋាភិបាលចិនមិនអាចចាត់វិធានការដែលបណ្ដាប្រទេសដែលមានមនុស្សវ័យចំណាស់ភាគច្រើនទៀតបានធ្វើ ដែលនោះគឺការគេចចេញពីអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលមធ្យម (middle-income trap) ជាមុនសិននោះទេ។
ប្រាក់ចំណូលចូលនិវត្តន៍ទាបនិងបញ្ហាអសន្តិសុខទាក់ទិនទៅនឹងតម្រូវការចាំបាច់នានាដូចជាសេវាសុខាភិបាលជាដើមនៅក្នុងសង្គមមួយដែលមនុស្សវ័យចំណាស់ជាច្រើនពឹងផ្អែកលើកូនៗរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុនឹងបង្អាក់ដល់សក្ដានុពលនៃឧស្សាហកម្មមនុស្សវ័យចំណាស់នេះ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
អ្នកស្រី Rachel He អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Euromonitor បាននិយាយថា ប្រជាជនវ័យចំណាស់របស់ប្រទេសចិនគឺជាមូលដ្ឋានអតិថិជនដ៏មានសក្ដានុពលមួយ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយថា តើមូលដ្ឋាននេះអាចប្រៀបជាមួយនឹងសារៈសំខាន់នៃទីផ្សារនេះនៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះឬក៏អត់។
អ្នកស្រីបានយោងលើ «វិសមភាពប្រាក់ចំណូលដ៏ខ្លាំងក្លា» និងឥរិយាបថអភិរក្សនិយមក្នុងចំណោមពលរដ្ឋចិនវ័យចំណាស់ ដែលមានទំនោរដូចជាមិនចង់ចំណាយលុយដើម្បីខ្លួនឯង។
ប្រាក់សោធននិវត្តន៍ប្រចាំខែជាមធ្យមគឺមានចាប់ពីប្រហែល ៤២២ ដុល្លារនៅក្នុងខេត្តដែលមិនសូវអភិវឌ្ឍន៍រហូតដល់ប្រហែល ៨៤៥ ដុល្លារនៅក្នុងទីក្រុងប៉េកាំង។ ក្រុមហ៊ុន Nomura បានប៉ាន់ប្រមាណថា ពលរដ្ឋចិន ១៦០ លាននាក់ទទួលបានប្រាក់សោធននិវត្តន៍សម្រាប់តំបន់ដាច់ស្រយាលតែប្រហែល ១៤ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
មុខវិជ្ជាសិក្សាមួយមុខនៅក្រុមហ៊ុន Mama Sunset គឺមានតម្លៃពី ៧ ទៅ ៨ ដុល្លារ រីឯកញ្ចប់មុខវិជ្ជាសិក្សាចំនួន ៣៦ មុខគឺមានតម្លៃ ២៧៨ ដុល្លារ។ នៅក្រុមហ៊ុន Quantasing កញ្ចប់មុខវិជ្ជាសិក្សាដែលមានរយៈពេលពីមួយខែទៅបីខែមានតម្លៃពី ២៧៨ ដុល្លារដល់ ៥២០ ដុល្លារ។
អ្នកស្រី Cui Chunyun អាយុ ៦០ ឆ្នាំ ដែលបានចូលនិវត្តន៍ពីការងារជាគណនេយ្យករនៅក្នុងទីក្រុងប៉េកាំង បានសិក្សាថ្នាក់បង្រៀនរាំរបស់ក្រុមហ៊ុន Mama Sunset ដើម្បីឱ្យមានរាងកាយមាំមួនក្នុងការបានបន្តមើលថែចៅ ៥ នាក់របស់អ្នកស្រីនិងពន្យារពេលចូលស្នាក់នៅក្នុងមណ្ឌលចាស់ជរា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់អាចនៅបន្តធ្វើចលនាបាន។ សូម្បីតែមនុស្សអាយុលើស ៧០ ឆ្នាំក៏នៅតែអាចរាំបានដែរ។ យើងត្រូវតែធ្វើចលនាដើម្បីអាចរស់បានយូរ»៕
ប្រែសម្រួលដោយ លោក ភី សុភាដា