ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក Donald Trump បានសន្យាកាលពីថ្ងៃចន្ទថានឹងដាក់ពន្ធយ៉ាងឆាប់រហ័សលើទំនិញនាំចូលពីប្រទេសចិន ម៉ិកស៊ិកនិងកាណាដា ដែលជាប្រទេសដៃគូពាណិជ្ជកម្មកំពូលបីរបស់អាមេរិក។ ការណ៍នេះបង្កឲ្យមានលទ្ធភាពកាន់តែខ្ពស់នៃសង្គ្រាមពាណិជ្ជកម្មនិងតម្លៃកាន់តែកើនឡើងសម្រាប់អតិថិជននៅអាមេរិក។
លោក Trump បានបង្ហោះសារជាបន្តបន្ទាប់តាមគណនី Truth Social របស់លោក ដើម្បីប្រកាសវិធានការនេះ រួមទាំងនិយាយថានៅថ្ងៃដំបូងពេលលោកចូលកាន់តំណែង លោក«នឹងចុះហត្ថលេខាលើឯកសារចាំបាច់នានាដើម្បីយកពន្ធ២៥ភាគរយពីម៉ិកស៊ិកនិងកាណាដាលើគ្រប់ផលិតផលទាំងអស់នាំចូលមកក្នុងសហរដ្ឋអាមេរិក [តាម] ព្រំដែនបើកចំហដ៏គួរឲ្យសំណើច»។
លោកនិយាយថាពន្ធនាំចូលនេះ នឹងនៅជាធរមានរហូតទាល់តែ«គ្រឿងញៀនជាពិសេសថ្នាំ Fentanyl និងជនបរទេសខុសច្បាប់ទាំងអស់លែងឈ្លានពានប្រទេសរបស់យើង!»។ លោក Trump ថាម៉ិកស៊ិកនិងកាណាដា មានសមត្ថភាព «ដោះស្រាយបញ្ហាដែលនៅងំជាយូរមកហើយនេះយ៉ាងងាយ»។
លោក Trump ក៏បានរអ៊ូរទាំអំពីអ្វីដែលលោកថាជាតួនាទីចិនក្នុង«ការបញ្ជូនថ្នាំញឿនដ៏សម្បើមជាពិសេសថ្នាំ Fentanyl ចូលក្នុងសហរដ្ឋអាមេរិក»។
លោក Trump សរសេរថា«ទាល់តែពួកគេឈប់ ទើបយើងលែងយកពន្ធ១០ភាគរយបន្ថែមពីចិន បន្ថែមលើពន្ធនាំចូលគ្រប់ប្រភេទ លើផលិតផលទាំងអស់ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិក»។
ចិនឆ្លើយតបដោយនិយាយថា«គ្មានអ្នកឈ្នះទេ»ក្នុងសង្គ្រាមពាណិជ្ជកម្មឬការយកពន្ធនាំចូលនេះ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា«ចិនជឿថាសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងចិននិងសហរដ្ឋអាមេរិកផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយក្នុងអាណត្តិទី១របស់លោក Trump។ កិច្ចព្រមព្រៀងនេះ នឹងត្រូវពិនិត្យ ឡើងវិញនៅឆ្នាំ២០២៦៕