លោក​ Trump ត្រូវ​ចោទ​៣៧​ករណី​ ទាក់ទង​នឹង​ការ​​រក្សា​ទុក​ឯកសារ​សម្ងាត់​ជាតិ​​មិន​បាន​ត្រឹមត្រូវ

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែអនៅក្នុងយុទ្ធនាការមួយទៅកាន់ក្រុមអ្នកធ្វើការស្ម័គ្រ នៅទីក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Donald Trump ប្រឈម​នឹងបទ​ចោទ​ព្រហ្មទណ្ឌ​៣៧​ករណី ​ទាក់ទិន​នឹង​ការ​រក្សា​ទុក​ឯកសារសម្ងាត់​ជាតិដោយ​មិន​ត្រឹមត្រូវ​ ​ក្រោយលោក​ចាកចេញ​ពី​សេតវិមាន មានរួម​ទាំងសំណុំ​ឯកសារ​សម្ងាត់​អំពីកម្មវិធីនុយក្លេអ៊ែរនិង​កម្មវិធី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ នេះ​បើ​តាម​ដីកា​ចោទប្រកាន់​ ដែល​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃសុក្រ​ទី៩ ខែមិថុនា។

ឯកសារចោទប្រកាន់​នេះនិយាយថា មាន​ករណី​យ៉ាង​តិចពីរ​ដង​ដែល​លោក Trump បានបង្ហាញ​ឯកសារ​សម្ងាត់​ទាំង​នេះ​អំពី​កិច្ច​ប្រតិបត្តិការ​យោធា​សហរដ្ឋ​អាមេរិកដល់ជន​ដែល​គ្មាន​ការអនុញ្ញាត​ខាង​សន្តិសុខ​ដើម្បី​មើល​ឯកសារ​សម្ងាត់​នេះ។ បើតាមដីកា​ចោទប្រកាន់​នេះ​ថា​ ​ឯកសារ​មួយ​ក្នុង​បណ្តា​ឯកសារ​សម្ងាត់​ទាំង​នេះ​ជា «ផែនការ​វាយប្រហារ» ​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀតដែល​មន្ត្រី​យោធា​ម្នាក់​បាន​រៀបចំ​ឡើង។

ក្នុង​ចំណោមការចោទប្រកាន់​ទាំង​៣៧​ករណីនេះ មាន​៣១​ករណី​ទាក់ទិន​នឹងចេតនារក្សាទុក​ព័ត៌មានការពារ​ជាតិ។ ករណី​ចោទ​ប្រកាន់​ឯ​ទៀតៗ​ទាក់ទិននឹង​ការ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ការរារាំងនិង​សេចក្តី​ថ្លែងការណ៍​ក្លែងក្លាយ។​ ករណី​ចោទប្រកាន់​ទាំង​នេះ​រួម​បញ្ចូល​គ្នា អាច​ធ្វើឱ្យ​លោក​ Trump ត្រូវ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ​ប្រសិនបើតុលាការរក​ឃើញ​ថា​លោក​មាន​ទោស។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បានចោទប្រកាន់​លោក​ Trump ថា​ មិន​អើពើ​នឹង​ការ​ទាមទារ​ឱ្យ​លោក​ប្រគល់ឯកសារ​ដែល​លោក​បាន​យក​ពី​សេតវិមាន​ទៅ​ទុក​ឯ​ផ្ទះ​លោក​ក្នុង​រដ្ឋ Florida នា​ប៉ែក​ខាង​ត្បូង​ប្រទេស ​និង​នៅ​ឯ​ក្លិប​កីឡា​វាយ​កូនគោល (golf) របស់​លោក​ក្នុង​រដ្ឋ New Jersey នាផ្នែក​ឦសានប្រទេស​ហើយ​លោក​បាន​ឱ្យ​ក្រុម​ជំនួយការ​លោក​ជួយ​លាក់​ឯកសារ​ទាំង​នេះ​ថែម​ទៀត​ផង។

លោក Walt Nauta ដែល​ជាជំនួយការ​ម្នាក់​របស់​លោក Trump ក៏​ប្រឈម​នឹងការ​ចោទប្រកាន់​ក្នុងករណី​នេះដែរ លោកបាន​ត្រូវ​ចោទប្រកាន់​៦ករណី ថា ​បាន​ជួយលោក Trump លាក់​ឯកសារ​ទាំង​នេះ។ បើ​តាម​ការ​ចោទ​ប្រកាន់​នេះ​ថា​ ​លោក Trump ​បាន​និយាយប្រាប់​ក្រុម​មេធាវី​លោក​ថា ​លោក​មិន​ចង់​ឱ្យ​គេ​ពិនិត្យ​មើល​ប្រអប់​ឯកសារ​ទាំង​នេះដែល​ទុក​ក្នុង​ផ្ទះ​លោកនា​រដ្ឋ Florida ទេ។

បើ​តាម​ការ​ចោទប្រកាន់​ថា លោក Trump បាននិយាយប្រាប់​មេធាវី​ម្នាក់​របស់​លោក​ថា៖ «តើ​វា​ស្រួលជាងទេ បើ​យើង​គ្រាន់​តែ​ប្រាប់​ពួក​គេ​ថា យើង​គ្មានអ្វី​នៅ​ទី​នេះ​ទេ​នោះ?»

ដីកា​ចោទប្រកាន់​បាន​ពណ៌នា​ភូមិគ្រឹះ Mar-a-Lago របស់​លោក Trump ថា​ជា ​ក្លិប​សង្គម​ដ៍​សកម្ម​មួយដែល​ទទួល​ភ្ញៀវ​រាប់ម៉ឺន​នាក់ នៅ​ពេល​ឯកសារ​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​នៅ​ទីនោះ។

ការចោទប្រកាន់​នេះ​បាន​និយាយ​ថា​ លោក Trump បានទុក​ឯកសារ​សម្ងាត់​ទាំង​នេះ​នៅ​ក្នុង​បន្ទប់​ជាច្រើន​នៃភូមិគ្រឹះ​លោកនៅរដ្ឋ Florida មានរួម​បន្ទប់ទឹក សាល​សម្រាប់​រាំ បន្ទប់​ទុក​ឥវ៉ាន់​ ការិយាល័យនិង​បន្ទប់គេង។

រដ្ឋអាជ្ញាពិសេស​សហរដ្ឋ​អាមេរិក​លោក​ Jack Smith ដែល​ដឹកនាំការ​ចោទប្រកាន់​នេះ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃទី៩ ខែ​មិថុនា​ ឆ្នាំ២០២៣។

រដ្ឋអាជ្ញាពិសេស​សហរដ្ឋ​អាមេរិក​លោក​ Jack Smith ដែល​ដឹកនាំការ​ចោទប្រកាន់​នេះបាន​និយាយ​កាលពី​ថ្ងៃសុក្រ​ទី៩ ខែមិថុនា​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ទៅកាន់​ពួក​អ្នកកាសែត​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ថា៖ «នៅក្នុង​ប្រទេស​នេះយើង​មាន​កម្រង​ច្បាប់​[តែ]​មួយ ហើយច្បាប់​ទាំង​នេះ​ត្រូវ​អនុវត្ត​ដល់មនុស្ស​គ្រប់ៗ​គ្នា»។

លោក​បាន​ថ្លែង​ថា៖ «ច្បាប់​ទាំង​ឡាយ​របស់​យើងដែល​ការពារព័ត៌មាន​អំពី​ការ​ការពារជាតិ​មាន​សារៈសំខាន់​ណាស់ដល់​សុវត្ថិភាព​និង​សន្តិសុខរបស់​សហរដ្ឋ​អាមេរិក ហើយគេ​ត្រូវតែពង្រឹង​ច្បាប់​ទាំង​នេះ។ ​ការ​រំលោភ​លើ​ច្បាប់​ទាំង​នោះ​នាំ​ឱ្យប្រទេស​យើង​មាន​គ្រោះថ្នាក់»។

លោក Smith បាន​ថ្លែង​ថា ​ដូចជាចុងចោទ​ឯ​ទៀតៗ​ដែរ លោក Trump ត្រូវ​បាន​សន្មត​ថា​ គ្មានទោសពៃរ៍​ទេ រហូត​ដល់លោក​ត្រូវបាន​រក​ឃើញ​ថា​មាន​ទោស ហើយ​ថា​ ការិយាល័យ​លោក​នឹង​ស្វះស្វែងឱ្យ​មាន​ការ​កាត់​ក្តីយ៉ាង​ឆាប់រហ័ស​នៅ​ចំពោះ​មុខ​គណៈវិនិច្ឆ័យ​មួយដែល​មាន​សមាសភាព​ជា​អ្នកស្រុក​រដ្ឋ Florida។

នៅ​លើ​បណ្តាញ​សង្គមរបស់​លោក​មានឈ្មោះ​ថា Truth Social លោក​ Trump បាន​ចោទ​លោក Smith កាលពី​ថ្ងៃ​សុក្រ​ថា ​លោក Smith ជា​«អ្នក​ស្អប់ Trump»។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង

កាលពី​ថ្ងៃព្រហស្បតិ៍ទី៨ ខែ​មិថុនា មហា​គណៈវិនិច្ឆ័យ​សហព័ន្ធ​មួយ​ក្នុង​រដ្ឋ Florida​ បាន​ចោទប្រកាន់​លោក Trump ​ដែល​នេះធ្វើ​ឱ្យ​លោក​ក្លាយជាអតីត​ប្រធានាធិបតីអាមេរិកាំងទីមួយក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ចោទប្រកាន់​កម្រិត​សហព័ន្ធ។

នៅពេល​ខ្លី​បន្ទាប់​មក​ លោក Trump បាន​បញ្ជាក់​អំពីការចោទប្រកាន់​លោក​នេះ​តាម​បណ្តាញ​សង្គមTruth Social ​ដោយ​លោក​បាន​និយាយ​ថា លោក​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ទៅ​បង្ហាញ​ខ្លួនក្នុង​តុលាការក្នុង​ក្រុង Miami នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា។

លោក Trump បាន​សរសេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «រដ្ឋបាល​ពុករលួយ​របស់​លោក Biden​ បាន​ប្រាប់ពួក​មេធាវីខ្ញុំ​ថា ខ្ញុំ​ត្រូវ​បាន​ចោទប្រកាន់ ទំនងអំពីប្រអប់​បញ្ឆោត​ទាំង​នោះ»​ ដោយលោក​ Trump ទំនងនិយាយ​បញ្ឆិតបញ្ឆៀងអំពីប្រអប់​ឯកសារសម្ងាត់របស់​រដ្ឋាភិបាល​ដែល​ត្រូវ​រឹប​អូសដោយការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ពីភូមិគ្រឹះ​លោក​នា​រដ្ឋ Florida កាលពី​ចុងខែ​សីហា​ឆ្នាំមុន។

នៅក្នុងសេចក្តី​ថ្លែងការណ៍មួយ​តាម​វីដេអូ លោក Trump បាន​អះអាងដោយ​រឹង​ទទឹង​ថា​រដ្ឋបាលលោក​ប្រធានាធិបតី Joe Biden បាន​យកក្រសួងយុត្តិធម៌​និង​ការិយាល័យ​ FBI «ធ្វើ​ជា​អាវុធ» ​ដើម្បីយក​លោក​ជាទីដៅ​វាយប្រហារ។

លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​ជាបុរស​គ្មាន​ទោស​ពៃរ៍​ម្នាក់​ ខ្ញុំ​ជា​មនុស្ស​ម្នាក់គ្មានទោសពៃរ៍​ទេ។ យើង​មិនអាច​ឱ្យមាន​ការណ៍​នេះ​តទៅ​ទៀត​ទេ​ពីព្រោះ​វា​ធ្វើ​ឱ្យ​ប្រទេស​យើងបែក​បាក់​គ្នា​ខ្លាំង»។

កាលពី​ថ្ងៃសុក្រ លោក​ Biden បាន​បដិសេធ​មិន​អធិប្បាយ​អំពី​ការ​ចោទប្រកាន់នេះ​ទេ។

នៅពេល​ត្រូវ​សួរដោយ​ក្រុម​អ្នក​សារព័ត៌មានក្នុង​រដ្ឋ North Carolina ថា ​តើលោក Biden បាន​និយាយ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Merrick Garland ឬ​ទេ លោក Biden បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​បាន​និយាយ​ជាមួយ​លោក​ទេ ហើយ​ខ្ញុំ​ក៏​នឹង​មិន​និយាយ​ជាមួយ​លោក​ដែរ»។

សេតវិមាន​បាន​និយាយថា​ លោក Biden មិន​បាន​ដឹងជាមុន​អំពី​ដីកា​ចោទប្រកាន់​លោក Trump នេះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

អ្នក​ឆ្លើយឆ្លង​វីអូអ​ខាង​ផ្នែក​យុត្តិធម៌​លោក Masood Farivar ប្រធាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​លោក Steve Herman អ្នក​ឆ្លើយឆ្លង​ផ្នែក​សន្តិសុខ​ជាតិ​លោក Jeff Seldin និង​អ្នក​ឆ្លើយឆ្លង​នៅ​សភា​ជាតិ អ្នកស្រី Katherine Gypson រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​ត្រូវ​បាន​ដល់​ស្រង់​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press និង Reuters។