វិធី​ដំណើរការ​នៃ​សវនាការ​កាត់ទោស​លោក Trump

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ Honeywell International នៅ​ទីក្រុង Phoenix រដ្ឋ Arizona កាល​ពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​ខាង​មុខ គឺ​ក្នុង​ពេល​ជាង​មួយ​ខែ​បន្តិច បន្ទាប់ពី​ក្រុម​អ្នក​គាំទ្រ​ហិង្សា​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​សង្គ្រប់​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​រារាំង​ការ​ប្រកាស​ផ្លូវការ​របស់​សភា​អំពី​ជ័យជម្នះ​របស់​លោក Joe Biden លើ​ការ​បោះឆ្នោត សមាជិក​ព្រឹទ្ធសភា​ទាំង ១០០ រូប​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ចាប់ផ្ដើម​សវនាការ​ចោទ​ប្រកាន់​លោក Trump ពី​បទ​ញុះញង់​ឲ្យ​មាន​កុបកម្ម។

ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក Trump លើ​វិមាន​សភា​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា បាន​បណ្ដាល​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់ និង​បាន​បង្ខំ​ឲ្យ​សមាជិក​សភា​ដែល​កំពុង​ប្រជុំ​ដើម្បី​ប្រកាស​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Biden ត្រូវ​ជម្លៀស​ចេញ ឬ​លាក់​ខ្លួន​នៅ​ក្នុង​ការិយាល័យ​របស់​ពួកគេ។ ការ​វាយ​ប្រហារ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋសភា​ចោទ​ប្រកាន់​លោក Trump ពី​បទ «ញុះញង់​ឲ្យ​មាន​ការ​បះបោរ»។

ករណី​នេះ​ធ្វើ​ឲ្យ​លោក Trump ដែល​ធ្លាប់ធ្វើ​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង New York ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តែ​ម្នាក់​គត់​ដែល​ត្រូវ​ចោទ​ប្រកាន់ ២ ដង​ដើម្បី​ទម្លាក់​ចេញ​ពី​តំណែង។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Maryland លោក Jamie Raskin ដែលជា​ប្រធាន​ក្រុម​រដ្ឋអាជ្ញា​ដឹកនាំ​ការ​ចោទ​ប្រកាន់​នេះ បាន​ស្នើ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ផ្ញើ​ជូន​លោក Trump កាល​ពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឲ្យ​លោក Trump មក​ផ្ដល់​សក្ខីកម្ម​ក្រោម​ពាក្យ​សម្បថ​អំពី​សកម្មភាព​របស់​លោក​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មករា។

រូបឯកសារ៖ ក្រុមបាតុករបង្កហិង្សាដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១។

មេធាវី​នាំ​មុខ​ពីរ​នាក់​របស់​លោក Trump គឺ​លោក David Schoen និង​លោក Bruce Castor បាន​ច្រានចោល​ភ្លាមៗ​នូវ​សំណើ​នេះ ដោយ​បាន​ហៅ​សំណើ​នេះ​ថា​ជា «ទង្វើ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណជន»។

លោក Raskin ដែល​នឹង​ដឹកនាំ​ក្រុម​រដ្ឋអាជ្ញា ៩ នាក់​នៃ​រដ្ឋសភា​នៅ​ក្នុង​អំឡុងពេល​សវនាការ​នេះ បាន​ស្នើ​ឲ្យ​លោក Trump មក​ផ្ដល់​សក្ខីកម្ម​ដូច​នេះ ក្នុង​ពេល ២ ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក Schoen និង​លោក Castor បាន​ដាក់​សេចក្ដី​សង្ខេប​លើ​អង្គ​ហេតុ​នៃ​រឿង​ក្ដី​នេះ​ជូន​ព្រឹទ្ធសភា ដោយ​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក Trump និង​ចោទ​ជា​សំណួរ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​កាត់ទោស​អតីត​ប្រធានាធិបតី​ដែល​លែង​កាន់​តំណែង​រួច​ទៅ​ហើយ​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពន្យល់​អំពី​ដំណើរការ​កាត់​ក្ដី​នេះ៖

តើ​លោក Trump រង​ការ​ចោទ​ប្រកាន់​ពី​បទ​អ្វី?

លោក Trump ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​តែ​មួយ​ករណី​ប៉ុណ្ណោះ ដែល​នោះ​គឺ «ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ» ទាក់ទិន​នឹង​តួនាទី​របស់​លោក​នៅ​ក្នុង​កុបកម្ម​លើ​វិមាន​សភា​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​និយាយ​ថា យុទ្ធនាការ​នៃ​ការ​កុហក​រយៈពេល​រាប់​ខែ​របស់​លោក Trump ដើម្បី​បង្ខូច​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក​បាន​ចាញ់ បាន​បណ្ដាល​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​វាយ​ប្រហារ​លើ​វិមាន​សភា​ដើម្បី​រារាំង​សភា​កុំ​ឲ្យ​បញ្ជាក់​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Biden លើ​ការ​បោះឆ្នោត ដែល​ជា​ជំហាន​ផ្លូវការ​ចុងក្រោយ​នៃ​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា លោក Trump បាន​ញុះញង់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​វាយ​ប្រហារ​លើ​វិមាន​សភា​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​ថ្លែង​នៅ​ជិត​សេតវិមាន​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​មុន​កុបកម្ម​នេះ​បាន​កើតឡើង ហើយ​បន្ទាប់​មក លោក Trump បាន​មើល​តាម​ទូរទស្សន៍​នៅ​ពេល​ដែល​ការ​បះបោរ​នេះ​បាន​ធ្វើ​ឡើង។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​ក្រុម​មេធាវី​របស់​លោក Trump ច្រានចោល។

គណបក្ស​ប្រជាធិបតេយ្យ​បាន​លើកឡើង​ថា ដោយសារតែ «ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា» ប្រឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ លោក Trump បាន​ប្រព្រឹត្តិ «បទ​ឧក្រិដ្ឋ» ដែល​អាច​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​បាន​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក។

តើ​សវនាការ​កាត់​ក្ដី​នេះ​មាន​រយៈពេល​យូរ​ប៉ុណ្ណា?

ទោះបីជា​គ្មាន​ភាគី​ណា​មួយ​ចង់​ឃើញ​ការ​កាត់​ក្ដី​នេះ​អូស​បន្លាយ​យូរ​ក៏ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ការ​កាត់ក្ដី​នេះ​នឹង​ចំណាយ​យូរ​ប៉ុណ្ណា​នោះ។

គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​ដំណើរការ​នេះ​មាន​រយៈពេល​ខ្លី​ល្មម ប្រហែល​ជា​មួយ​ឬ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ ដោយសារតែ​ពួកគេ​ចង់​ងាក​ទៅ​ផ្ដោត​លើ​សវនាការ​តែងតាំង​មន្ត្រី​ដែល​លោក​ប្រធានាធិបតី Biden បាន​ជ្រើស​តាំង និង​ផ្ដោត​លើ​ការ​អនុម័ត​លើ​របៀប​វារៈ​នីតិ​បញ្ញត្តិ​របស់​លោក Biden។

ការ​កាត់​ក្ដី​លើក​នេះ​នឹង​ខុស​ពី​ការ​កាត់​ក្ដី​លោក Trump កាល​ពី​លើក​ទី​មួយ ដែល​នៅ​ពេល​នោះ​មាន​ដំណើរការ​អស់​ជិត ៣ សប្ដាហ៍ ពី​ថ្ងៃ​ទី ១៦ ខែ​មករា​ដល់​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២០។ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Delaware លោក Tom Carper បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​ថា ការ​កាត់ក្ដី​លើក​នេះ​នឹង​ចំណាយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ «មិន​មែន​ចំណាយ​ពេល​រាប់​ខែ​ឬ​រាប់​សប្ដាហ៍» នោះ​ទេ។

លោក Patrick Leahy ដែល​ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បម្រើការ​យូរ​ជាង​គេ​បំផុត និង​ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​បណ្ដោះ​អាសន្ន​ពេល​អវត្តមាន​ប្រធាន​ព្រឹទ្ធសភា នឹង​ធ្វើ​ជា​អធិបតី​លើ​សវនាការ​កាត់​ក្ដី​នេះ។

តើ​នរណា​ធ្វើ​ជា​ចៅក្រម​លើ​ការ​កាត់​ក្ដី​នេះ?

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Vermont លោក Patrick Leahy ដែល​ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បម្រើការ​យូរ​ជាង​គេ​បំផុត និង​ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​បណ្ដោះ​អាសន្ន​ពេល​អវត្តមាន​ប្រធាន​ព្រឹទ្ធសភា នឹង​ធ្វើ​ជា​អធិបតី​លើ​សវនាការ​កាត់​ក្ដី​នេះ។

នៅ​ក្រោម​រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រធានាធិបតី​កំពុង​កាន់​តំណែង​កំពុង​ត្រូវ​បាន​កាត់ទោស​ដើម្បី​ទម្លាក់​ពី​តំណែង ប្រធាន​ចៅក្រម​នៃ​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​ដំណើរការ​កាត់​ក្ដី។ ប៉ុន្តែ ដោយសារតែ​ឥឡូវ​នេះ លោក Trump លែង​កាន់​តំណែង​ជា​ប្រធានាធិបតី នោះ​ប្រធាន​ព្រឹទ្ធសភា​បណ្ដោះ​អាសន្ន​នឹង​ដើរ​តួ​ជា​អធិបតី​លើ​ដំណើរការ​កាត់​ក្ដី​នេះ។

តើ​នរណា​ធ្វើ​ជា «រដ្ឋអាជ្ញា»?

សមាជិក​រដ្ឋសភា ៩ រូប ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ជ្រើសរើស​ឲ្យ​ធ្វើជា «ក្រុម​រដ្ឋអាជ្ញា​នៃ​រដ្ឋសភា» នឹង​ដឹកនាំ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Trump។

ពួកគេ​ទាំង​អស់​គឺ​ជា​មេធាវី និង​ជា​អ្នក​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ជិតស្និទ្ធ​បំផុត​របស់​អ្នកស្រី Pelosi នៅ​ក្នុង​រដ្ឋសភា។ លោក Raskin ដែល​ជា​ប្រធាន​ក្រុម​រដ្ឋអាជ្ញា​នេះ និង​ដែល​បាន​ជួយ​ព្រាង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Trump គឺជា​សមាជិក​សភា​ដែល​បម្រើការ ៣ អាណត្តិ​មក​ហើយ ដែល​មាន​ទំនោរ​បែប​វិវឌ្ឍ​និយម។ លោក Raskin ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​ច្បាប់​រដ្ឋធម្មនុញ្ញ​អស់​រយៈពេល​ជាង ២៥ ឆ្នាំ។

រូបឯកសារ៖ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Maryland លោក Jamie Raskin ជា​ប្រធាន​ក្រុម​រដ្ឋអាជ្ញា​ដឹកនាំ​ការ​ចោទ​ប្រកាន់​នេះ។

តើ​នរណា​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក Trump?

ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក Trump នឹង​ដឹកនាំ​ដោយ​មេធាវី​ជើង​ចាស់​លោក Schoen និង​លោក Castor។ មេធាវី​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​លោក Trump ជ្រើសរើស​ឲ្យ​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក បន្ទាប់ពី​ក្រុម​មេធាវី​ដំបូង​របស់​លោក​បាន​លា​ឈប់ នៅ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​លោក។

នៅ​ក្នុង​អំឡុង​ពេល​សវនាការ​កាត់​ក្ដី​លោក Trump កាល​ពី​លើក​ទី​មួយ លោក Trump បាន​ប្រើ​ក្រុម​មេធាវី​ធំ​ជាង​នេះ ដែល​មាន​ទាំង​មេធាវី​កំពូល​ប្រចាំ​សេតវិមាន និង​មេធាវី​មក​ពី​ខាង​ក្រៅ​ផងដែរ។

តើ​នរណា​គឺជា «សមាជិក​ក្រុម​ប្រឹក្សា​តុលាការ»?

សមាជិក​ទាំង ១០០ នាក់​នៃ​ព្រឺទ្ធសភា​នឹង​ធ្វើជា​សមាជិក​ក្រុម​ប្រឹក្សា​តុលាការ​នៅ​ទូទាំង​ដំណើរការ​កាត់​ក្ដី​នេះ ហើយ​បន្ទាប់មក​នឹង​បោះឆ្នោត​ថា​តើ​គួរ​ផ្ដន្ទាទោស​លោក Trump ឬ​ក៏​សម្រេច​ឲ្យ​លោក Trump រួច​ទោស។

សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​សំណួរ​ដោយ​ផ្ទាល់​លើ​ភាគី​ទាំង​សង​ខាង​នោះ​ទេ ប៉ុន្តែ​អាច​ដាក់​សំណួរ​របស់​ពួកគេ​បាន​ទៅ​ឲ្យ​លោក Leahy ដើម្បី​អាន​សំណួរ​ទាំង​នោះ។ ការ​កាត់​ទោស​លោក Trump តម្រូវ​ឲ្យ​មាន​សំឡេង​បោះឆ្នោត​គាំទ្រ ៦៧ សំឡេង ដែល​ជា​សំឡេង​ភាគ​ច្រើន​ពីរ​ភាគ​បី។

តើ​នឹង​មាន​សាក្សី​ចូលរួម​ដែរ​ឬ​ទេ?

មិន​ប្រាកដ​ទេ។ លោក Trump បាន​បដិសេធ​សំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ស្នើ​ឲ្យ​លោក​ផ្ដល់​សក្ខីកម្ម ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មិន​បាន​បញ្ជាក់​ថា​តើ​ពួកគេ​មាន​គម្រោង​កោះ​ហៅ​សាក្សី​ណា​ផ្សេង​ទៀត​នោះ​ទេ។

ក្នុង​អំឡុង​ពេល​សវនាការ​ចោទ​ប្រកាន់​លោក Trump របស់​រដ្ឋសភា​កាល​ពី​ខែ​មុន គេ​មិន​ឃើញ​មាន​សាក្សី​ណា​មួយ​ចូលរួម​នោះ​ឡើយ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​និយាយ​ថា មិន​ចាំបាច់​មាន​សាក្សី​ចូលរួម​នោះ​ទេ​នៅ​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា។

តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​សវនាការ?

សវនាការ​នឹង​ដំណើរការ​ពេញលេញ​ដោយ​ភាគី​ទាំង​ពីរ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បើក ដែល​ទំនងជា​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ ហើយ​បន្ទាប់​មក​នឹង​ចូល​ដល់​ដំណាក់កាល​សួរ​និង​ឆ្លើយ​សំណួរ។

ដោយ​សន្មត​ថា​ព្រឹទ្ធសភា​នឹង​អនុវត្ត​តាម​ការ​អនុវត្ត​កន្លង​មក នោះ​ភាគី​នីមួយៗ​នឹង​មាន​ពេល​ស្មើ​គ្នា​សម្រាប់​សេចក្ដី​ថ្លែងការណ៍​បើក​របស់​ពួកគេ។ ក្នុង​អំឡុង​ពេល​សវនាការ​កាត់​ក្ដី​លោក Trump កាល​ពី​ឆ្នាំ ២០២០ ក្រុម​រដ្ឋអាជ្ញា​នៃ​រដ្ឋសភា នឹង​ក្រុម​មេធាវី​របស់​លោក Trump មាន​ពេល ២៤ ម៉ោង សម្រាប់​ភាគី​ម្ខាងៗ។

ដើម្បី​ភ្ជាប់​លោក Trump ទៅ​នឹង​ហេតុការណ៍​វាយ​ប្រហារ​នៅ​វិមាន​សភា គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដល់​នូវ​បទ​បង្ហាញ​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ក្ដុកក្ដួល រួម​ជាមួយ​នឹង​វីដេអូ​ដែល​ថត​តាម​ទូរស័ព្ទ​ដៃ ដែល​បង្ហាញ​អំពី​លោក Trump រំញោច​អារម្មណ៍​ក្រុម​អ្នក​គាំទ្រ​របស់​លោក មុន​ពេល​ពួកគេ​វាយ​សង្គ្រប់​និង​បំផ្លិចបំផ្លាញ​វិមាន​សភា។ ការ​វាយ​ប្រហារ​លើ​វិមាន​សភា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មន្ត្រី​ប៉ូលិស​វិមាន​សភា​ម្នាក់​ផង​ដែរ​ឈ្មោះ Brian Sicknick។

វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ Parler បាន​បង្ហាញ​ថា ក្រុម​អ្នក​គាំទ្រ​របស់​លោក Trump បាន​មាន​ប្រតិកម្ម​យ៉ាង​រំជើបរំជួល នៅ​ពេល​ដែល​លោក Trump បាន​ជំរុញ​ពួកគេ​ឲ្យ «ប្រយុទ្ធ​ឲ្យ​អស់​លទ្ធភាព»។

លោក Schoen ដែលជា​មេធាវី​របស់​លោក Trump បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «ប្រទេស​ជាតិ​មិន​ចាំបាច់​ត្រូវ​មើល​វីដេអូ​អំពី​កុបកម្ម និង​ភាព​ចលាចល​នោះ​ទេ»។

តើ​ការ​ផ្តន្ទាទោស​អាច​ទៅ​រួច​កម្រិត​ណា?

អត្រា​នៃ​ការ​ផ្តន្ទាទោស​មាន​កម្រិត​ទាប​បំផុត។ ដើម្បី​អាច​ផ្ដន្ទាទោស​លោក Trump បាន​លើ​បទ​ចោទ​ប្រកាន់​ណា​មួយ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ១៧ នាក់ ចូលរួម​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង ៥០ នាក់។ ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា ៤៥ នាក់​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ទាំង ៥០ នាក់ បាន​បោះឆ្នោត​កាល​ពី​សប្ដាហ៍​មុន​ដើម្បី​ជំទាស់​ទៅ​នឹង​ធម្មនុញ្ញ​ភាព​នៃ​ការ​កាត់​ក្ដី​នេះ ដែល​ជា​ការ​កាត់​ក្ដី​ដែល​ស្ទើរតែ​ធានា​ថា លោក Trump និង​រួច​ពី​ទោស។

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​លោក Trump មិន​ត្រូវ​បាន​ផ្ដន្ទាទោស?

គណបក្ស​ប្រជាធិបតេយ្យ​អាច​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ដើម្បី «ចាប់​កំហុស» លោក Trump ឬ​ក៏​យក​ផ្នែក​មួយ​នៃ​វិសោធនកម្ម​ទី ១៤ នៃ​រដ្ឋ​ធម្មនុញ្ញ​មក​ប្រើ ដើម្បី​កាត់ទោស​លោក Trump និង​ធ្វើ​ឲ្យ​លោក Trump គ្មាន​សិទ្ធិ​និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​កាន់​តំណែង​រដ្ឋាភិបាល​ណា​មួយ​បាន​ទៀត​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ