ទីក្រុង West Palm Beach រដ្ឋ Florida — ភ្លាមៗមុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីកាន់តំណែងបន្ទាប់ពីលោក លោក Donald Trump បានប្រើប្រាស់នូវបុព្វសិទ្ធិជាប្រធានាធិបតីជាលើកចុងក្រោយ ដោយមានក្បួនរថយន្តហែហមដែលបានបើកយឺតៗកាត់តាមផ្លូវនានានៃទីក្រុង Palm Beach រដ្ឋ Florida នៅពេលដែលលោកបានជិះក្នុងរថយន្តការពារគ្រាប់ហើយគ្រវីដៃទៅកាន់ពួកអ្នកគាំទ្ររាប់រយនាក់ ដោយគ្រវីបដា ស្រែកបន្ទរឈ្មោះរបស់លោក ហើយអ្នកខ្លះទៀតជំរុញឲ្យលោកឈរឈ្មោះប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤។
លោក Trump ត្រូវបានអមដំណើរត្រឡប់ទៅផ្ទះដោយលោកស្រី Melania Trump ដែលជាភរិយារបស់លោក អ្នកជំនួយការមួយក្រុមតូចដែលនៅស្មោះត្រង់នឹងលោកនិងក្រុមអ្នកសារព័ត៌មាននៅសេតវិមានជាង១០នាក់ ដែលលោកបានចំអកមើលងាយក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកថាជា «ព័ត៌មានក្លែងក្លាយ» និង «ជាសត្រូវរបស់ប្រជាពលរដ្ឋ»។
ក្បួនរថយន្តបានបើកកាត់ច្រកទ្វាររមណីយដ្ឋាន Mar-a-Lago មិនដល់៣០នាទីផង មុនពេលដែលលោក Trump ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់ពីចាកចេញពីសេតវិមានជាលើកចុងក្រោយ លោក Trump បានទៅដល់មូលដ្ឋានទ័ព Joint Base Andrews នៅក្នុងរដ្ឋ Maryland កាលពីព្រឹកថ្ងៃពុធ តាមឧទ្ធម្ភាគចក្រ Marine One។ លោកត្រូវបានទទួលការស្វាគមន៍ដោយក្រុមតន្ត្រីយោធាដែលបានលេងភ្លេងមួយបទដែលមានចំណងជើងថា «Hail to the Chief» អមដោយការគោរពដោយការបាញ់កាំភ្លើងធំ២១ណាត់ និងក្រុមមនុស្សប្រហែលពីររយនាក់។
នៅទីនោះ លោកបានចំណាយពេលមិនដល់១០នាទីផង ដើម្បីថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនូវពាក្យពេចន៍ ដែលមានលក្ខណៈសង្ខេបនិងមិនសូវខ្លាំងក្លា ដូចដែលលោកបានថ្លែងជារឿយៗ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលផ្តោតលើការ «ធ្វើឲ្យប្រទេសអាមេរិកអស្ចារ្យម្តងទៀត» ដែលលោកបានសង្ឃឹមថា អាចនឹងជួយឱ្យលោកឈ្នះការបោះឆ្នោតប្រធានាធិបតីម្តងទៀតកាលពីឆ្នាំទៅ»។
លោក Trump ដែលនិយាយមិនចំឈ្មោះលោកប្រធានាធិបតី Joe Biden បានថ្លែងថា «ខ្ញុំសូមជូនពររដ្ឋបាលថ្មីឲ្យមានសំណាងល្អ និងទទួលបានជោគជ័យដ៏ខ្លាំង។ ខ្ញុំគិតថា ពួកគេ នឹងមានការជោគជ័យដ៏ខ្លាំង»។
លោក Trump ដែលត្រូវបានរិះគន់ចំពោះការមិនយកចិត្តទុកដាក់ចំពោះការរាតត្បាតនៃវីរុសកូរ៉ូណាកម្រនិយាយអំពី «ប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលទទួលរងគ្រោះយ៉ាងខ្លាំង» ពីជំងឺកូវីដ១៩ ដោយបានហៅជំងឺនោះថាជា «វីរុសចិន»។
លោកប្រធានាធិបតីទី ៤៥ រូបនេះបានសន្យាថា៖ «នឹងវិលត្រឡប់មកវិញក្នុងតំណែងណាមួយ»ហើយបន្ទាប់មកបានបញ្ចប់ការថ្លែងរបស់លោកដោយបានប្រាប់ហ្វូងមនុស្សដែលស្រែកអបអរថា «សូមឲ្យមានរឿងល្អៗក្នុងជីវិត។ យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ»។
បន្ទាប់មក ក្រុមគ្រួសារលោក Trump បានឡើងជណ្តើរយន្តហោះ Air Force One ហើយបានងាកមកគ្រវីដៃជាច្រើនលើក មុនពេលចាកចេញទៅកាន់រដ្ឋ Florida។
លោក Trump ដែលទៅតាមច្បាប់កាន់អំណាច៤ឆ្នាំ បានរំលោភទំនៀមទម្លាប់រហូតដល់ទីបញ្ចប់ ដោយមិនត្រឹមតែមិនចូលរួមការស្បថចូលកាន់តំណែងរបស់លោក Biden ទេ ក៏ប៉ុន្តែ ថែមទាំងបដិសេធមិននិយាយឈ្មោះរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាទៀត។
នៅពេលដែលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតីមុនពេលថ្ងៃត្រង់ នៅឯអាគារវិមានសភាសហរដ្ឋអាមេរិក ដែលមានការការពារដ៏រឹងមាំនោះ លោក Trump បានស្ថិតនៅក្នុងរមណីយដ្ឋាន Mar-a-Lago របស់លោករួចទៅហើយ ដែលស្ថិតនៅចម្ងាយ ១ពាន់៤រយគីឡូម៉ែត្រភាគខាងត្បូង ដែលជាកន្លែងឈប់សម្រាករដូវក្តៅក្នុងអំឡុងពេលនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
ការកាន់តំណែងជាប្រធានាធិបតីរបស់លោកបានបញ្ចប់ដោយភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃការកាន់តំណែងនោះ លោក Trump បានរងការប្តឹងទម្លាក់ចេញពីតំណែងជាលើកទី២ បន្ទាប់ពីសមាជិករដ្ឋសភា ដែលរួមមានទាំងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋចំនួន ១០នាក់ផង បានចោទប្រកាន់លោកពីការបះបោរ។ ទោះបីចេញពីតំណែងក៏ដោយ ក៏លោក Trump នឹងប្រឈមការកាត់ទោសនៅក្នុងព្រឹទ្ធសភានៅពេលឆាប់ៗនេះដែរ ។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី៦ ខែមករា នៅទីលាន Ellipse ខាងក្រោយសេតវិមាន លោក Trump បានជំរុញក្រុមអ្នកគាំទ្រលោកនៅឯបាតុកម្មដែលមានឈ្មោះថា ឈប់លួចសន្លឹកឆ្នោត ឬ Stop the Steal ឲ្យដើរទៅកាន់វិមានសភាដែលនៅទីនោះសមាជិកសភា ដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence បានរាប់សន្លឹកឆ្នោតអង្គបោះឆ្នោតដែលផ្តល់ជ័យជម្នះផ្តាច់ព្រ័ត្រដល់លោក Biden។
ភាពច្របូកច្របល់បានបណ្តាលឲ្យមានមនុស្សស្លាប់ របួសនិងការខូចខាតដែលនាំឲ្យមានការចោទប្រកាន់ថ្នាក់សហព័ន្ធប្រឆាំងនឹងមនុស្សជាង ១០០នាក់ ហើយវាជាព្រឹត្តិការណ៍មួយដែលពួកគណបក្សប្រជាធិបតេយ្យជាច្រើននិងមនុស្សផ្សេងៗទៀត ចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ព្រឹត្តិការណ៍នោះ បានធ្វើឲ្យចុះខ្សោយនូវការក្តោបក្តាប់អំណាចរបស់លោក Trump ទៅលើគណបក្សសាធារណរដ្ឋ ខណៈពេលដែលអ្នកនយោបាយសំខាន់ៗជាច្រើនរបស់គណបក្សនោះបានសួរខ្លួនឯងថា តើអតីតប្រធានាធិបតី នឹងជួយ ឬមួយធ្វើឲ្យប៉ះពាល់ពួកគេនៅក្នុងការបោះឆ្នោតសភាដែលឥឡូវនេះនៅសល់មិនដល់២ឆ្នាំទៀតនោះ។
ក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថា លោក Trump បានចាកចេញដោយមានអត្រានៃការគាំទ្រចំនួន ៣៤ភាគរយ ដែលជាពិន្ទុទាបសម្រាប់ការកាន់តំណែងជាប្រធានាធិបតីនេះ ដែលជាការទទួលបានអត្រានៃការគាំទ្រមធ្យមទាបបំផុត ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ ១៩៤០មក។
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែមានប្រជាប្រិយភាពក្នុងចំណោមពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ «ដោយមានអត្រាគាំទ្រចំនួន ៨២ភាគរយ»។
ថ្វីបើមានការថ្កោលទោសពីសមាជិកសភារបស់គណបក្សលោក ហើយថែមទាំងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនរបស់លោក បានលាចេញពីតំណែងនៅក្នុងការតវ៉ាប្រឆាំងអំពីវោហារសាស្ត្រ ក្រោយការបោះឆ្នោតរបស់លោកក៏ដោយ ក៏លោក Trump ជាបេក្ខជននាំមុខនៅពេលបច្ចុប្បន្ននេះ បើលោកជ្រើសរើសឈរឈ្មោះម្តងទៀត សម្រាប់តំណែងប្រធានាធិបតី នៅឆ្នាំ២០២៤។
ដៃគូពាណិជ្ជកម្មរបស់លោក Trump ចាប់តាំងពីដៃគូការប្រកួតកីឡាវាយកូនហ្គោលរហូតដល់ធនាគារ កំពុងចៀសវាងមិនចង់រកស៊ីជាមួយលោកទេ ហើយលោកអាចមានការលំបាកដើម្បីស្ថិតនៅជាមហាសេដ្ឋីទៀតនៅពេលឥឡូវនេះរហូតដល់ការបោះឆ្នោតប្រធានាធិបតីលើកក្រោយ។ លោកត្រូវបានគេបំបិទសំឡេងនៅលើបណ្តាញសង្គម ហើយអាចប្រឈមការចោទប្រកាន់ខាងផ្លូវច្បាប់ជាច្រើននៅក្នុងរដ្ឋញូវយ៉ក និងរដ្ឋផ្សេងទៀត។
លោកបានបន្សល់ទុកនូវការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលលោកបានស្តីបន្ទោសប្រទេសចិន។ រហូតមកទល់ពេលនេះ ជំងឺឆ្លងនេះបានសម្លាប់មនុស្សជាង ៤សែននាក់ នៅក្នុងសហរដ្ឋអាមេរិកដែលមានចំនួនច្រើនជាងប្រទេសណាៗទាំងអស់។
នៅឆ្នាំចុងក្រោយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក លោក Trump ខ្លួនឯងបានចូលសម្រាកក្នុងមន្ទីរពេទ្យបន្ទាប់ពីឆ្លងវីរុសកូរ៉ូណា។ ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថា ការឆ្លើយតបរបស់រដ្ឋបាលលោកបានធ្វើឲ្យការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នោះកាន់តែអាក្រក់ឡើង។
ក្រុមអ្នកគាំទ្ររបស់លោក Trump បានចង្អុលបង្ហាញពីផលវិជ្ជមាននានាដែលលោកប្រធានាធិបតីសម្រេចបានជោគជ័យ ដែលរួមមានការកម្ទេចក្រុមរដ្ឋឥស្លាម ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញនៅតំបន់មជ្ឈិមបូព៌ា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការបង្កើនល្បឿននៃការអនុម័តឱសថទូទៅជាដើម៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន