ក្នុងសារសំឡេងដែលបណ្តាញសារព័ត៌មានមួយចំនួនទទួលបានបង្ហាញថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានពិភាក្សាអំពីឯកសារសម្ងាត់ ពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ក្នុងពេលដែលលោកបាននិយាយជាមួយអ្នកនិពន្ធមួយរូប បន្ទាប់ពីចាកចេញពីតំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០២១។
រដ្ឋអាជ្ញាធរសហព័ន្ធមួយចំនួន បានដាក់បញ្ចូលផ្នែកខ្លះនៃការសន្ទនានោះ ទៅក្នុងដីកាកោះហៅកាលពីខែមុន ដែលចោទប្រកាន់ថា លោកបានរក្សាទុកឯកសារសម្ងាត់ដោយខុសច្បាប់ ហើយបន្ទាប់មកបានព្យាយាម រារាំងមិនឱ្យមានការស៊ើបអង្កេតសហព័ន្ធមួយ។
បណ្តាញទូរទស្សន៍ CNN សារព័ត៌មាន The Washington Post និងសារព័ត៌មាន The New York Times បានផ្សព្វផ្សាយសារសំឡេងនេះកាលពីថ្ងៃចន្ទម្សិលមិញ ដែលនៅក្នុងសារនោះ លោក Trump បានលើកឡើងដោយយោងទៅលើរបាយការណ៍មួយចំនួនដែលថា ប្រធានអគ្គសេនាធិការកងទ័ពចម្រុះ លោកនាយឧត្តមសេនីយ៍ Mark Milley បារម្ភខ្លាចថា លោក Trump អាចនឹងបង្កើតជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ក្រោយពីចាញ់ការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។
លោក Trump បាននិយាយនៅក្នុងសារសំឡេងនោះថា៖ «ទាក់ទិននឹងលោក Milley ទុកឱ្យខ្ញុំលើកឡើងដូចនេះ។ ខ្ញុំនឹងបង្ហាញឧទាហរណ៍មួយ។ លោកនិយាយថា ខ្ញុំចង់វាយប្រហារអ៊ីរ៉ង់។ តើវាជារឿងភ្ញាក់ផ្អើលអត់? ខ្ញុំមានឯកសារជាច្រើន។ រឿងនេះទើបតែកើតឡើង។ សូមមើល។ គឺគាត់ហ្នឹងហើយដែលផ្តល់ឯកសារទាំងនោះមកឱ្យខ្ញុំ។ នេះជារឿងដែលមិនត្រូវផ្សព្វផ្សាយទេ ប៉ុន្តែគេផ្តល់ឯកសារទាំងនោះមកឱ្យខ្ញុំ។ គឺគាត់ម្នាក់ហ្នឹង។ នោះគឺជាក្រសួងការពារជាតិអាមេរិក និងលោកម្នាក់ហ្នឹង»។
លោក Trump និយាយថា៖ «រឿងនេះអាចធ្វើឱ្យខ្ញុំឈ្នះក្តីទាំងស្រុង។ ប៉ុន្តែរឿងនេះវាសម្ងាត់ខ្លាំងពេក។ នេះជាព័ត៌មានសម្ងាត់»។
លោក Trump បាននិយាយក្នុងពេលក្រោយមកទៀតថា៖ «ដូចអ្នកឃើញស្រាប់ហើយ ក្នុងនាមជាប្រធានាធិបតី ពេលនោះខ្ញុំអាចសម្រេចចាត់ចំណាត់ថ្នាក់វាថាលែងជាឯកសារសម្ងាត់។ ប៉ុន្តែពេលនេះ ខ្ញុំមិនអាចធ្វើបានទេ»។
អតីតប្រធានាធិបតីរូបនេះបាននិយាយថា លោកធ្លាប់មាន«បទបញ្ជាដាច់ណាត់» ក្នុងការសម្រេចចាត់ចំណាត់ថ្នាក់ឯកសារថាលែងជាឯកសារសម្ងាត់ពេលយកឯកសារទាំងនោះពីការិយាល័យធ្វើការរបស់ប្រធានាធិបតីក្នុងសេតវិមាន មកកន្លែងស្នាក់នៅរបស់លោកក្នុងសេតវិមាន។ លោកបានប្រកាសថាមិនបានធ្វើអ្វីខុសនោះទេ ក្នុងពេលបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងពេលកន្លងទៅថ្មីៗនេះ៕