ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបានស្តីបន្ទោសដល់អង្គការសហប្រជាជាតិ និងក្រុមប្រទេសអ្នកផ្តល់ជំនួយ និងរដ្ឋាភិបាលកម្ពុជា ថាបានធ្វើឲ្យមានឧបសគ្គ ដល់ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសសំណុំរឿងបន្ថែម។
សំណុំរឿង០០៣និង០០៤ ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យកើតមាននោះបានក្លាយជារឿងប្រទាញប្រទង់គ្នាជាថ្មីទៀតរវាងសហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper Ansermet) ដែលលោកអគ្គលេខាធិការអ.ស.ប. បាន គីមូន (Ban Ki-Moon) បានតែងតាំងជំនួសលោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ដែលបានលាលែងកាលពីខែតុលាឆ្នាំទៅនោះ មិនត្រូវរដ្ឋាភិបាលកម្ពុជាស្នើតែងតាំងតាមច្បាប់ភ្លាមៗដូចពេលមុនទេ។ លោកសហចៅក្រមស៊ើបអង្កេតបម្រុងរូបនេះត្រូវសហភាគីរបស់លោកគឺ លោកយូ ប៊ុនឡេង នៃភាគីកម្ពុជាស្តីបន្ទោសក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទថា គ្មាននិតីសម្បទាគ្រប់គ្រាន់ឬមិនទាន់មានលក្ខណៈជាចៅក្រមពេញលេញនៅពេលលោកចេញសេចក្តីប្រកាសព័ត៌មានសុំឲ្យសហចៅក្រមជាតិផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់អំពីដំណើរការវិវត្តន៍នៃសំណុំរឿង០០៣និង០០៤។
ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបានចាត់ទុកថា ភាពអសកម្មរបស់អ.ស.ប. និងក្រុមប្រទេសអ្នកផ្តល់ជំនួយ ហើយនឹងការណ៍ដែលរដ្ឋាភិបាលមិនបានស្នើ តែងតាំងសហចៅក្រមស៊ើបអង្កេតថ្មី ជាការអាក់ខានដល់ការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ជាពិសេសធ្វើឲ្យសំណុំរឿង០០៣ និង០០៤ត្រូវជាប់គាំង។
លោកស្រី ឃ្លែរ ដាហ្វ៊ី (Clair Duffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការច្បាប់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កហៅកាត់ថា OSJI បានអះអាងថា អ.ស.ប.និងក្រុមប្រទេសអ្នកផ្តល់ជំនួយត្រូវតែជំរុញឲ្យភាគីកម្ពុជាតែងតាំងលោកសហចៅក្រម Laurent Kasper Ansermet ជាប្រញាប់ដើម្បីធ្វើការចំពោះសំណុំរឿងបន្ថែមដែលគេដឹងថាសំណុំរឿង០០៣និង០០៤ ដែលមានអតីតមេដឹកនាំខ្មែរក្រហម៥នាក់ទៀត។
«បញ្ហាពិតជាក់ស្តែងក្នុងរឿងនេះគឺថា អ.ស.ប.និងប្រទេសអ្នកផ្តល់ជំនួយបន្តរក្សាជំហរស្ងប់ស្ងៀមជាសារធារណៈរបស់ខ្លួនចំពោះរឿងរ៉ាវទាំងនេះដែលកំពុងកើតឡើង»។
លោក Martin Nesirky អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប. មិនធ្វើ អត្ថាធិប្បាយអំពីការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតក្នុងសាលាក្តី កាត់ទោសខ្មែរក្រហមតែបានអះអាងយ៉ាងខ្លីប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា លោកបានដឹងពីរឿងរ៉ាវវិវត្តន៍នោះហើយ។
លោកស្រី Clair Duffy នៃអង្គការ OSJI បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានបង្អាក់ការតែងតាំងលោកសហចៅក្រមអ.ស.ប. Laurent Kasper Ansermet ជាផ្លូវការ ដែលធ្វើឲ្យលោកចៅក្រមរូបនេះគ្មានតួនាទីច្បាស់លាស់ មិនដឹងថាត្រូវ ធ្វើអ្វីនិងមិនធ្វើអ្វីនោះទេ។
«ពីព្រោះពេលនេះ អ្វីដែលកំពុងកើតឡើងគឺសំណុំរឿង០០៣និង០០៤មិនអាច ដំណើរការទៅមុខបាន»។
លោកស្រី Andrea Evans ជានាយិកាផ្នែកច្បាប់នៃអង្គការសិទ្ធិមនុស្សមួយក្នុង សហរដ្ឋអាមេរិកហៅថា The Center for Justice and Accountability (CJA)។ អង្គការអ្នកស្រីបានជួយដល់ជនរងគ្រោះជាច្រើននាក់ពីស.រ.អ.ដើម្បីប្តឹងជនជាប់ចោទក្នុងសំណុំរឿង០០២ដែលកំពុងបន្តត្រូវកាត់ទោស។ លោកស្រី Evans បានអះអាងថា ជារឿងសំខាន់ណាស់ដែលសហចៅក្រមស៊ើបអង្កេតបញ្ចប់កិច្ចការដ៏មានសារៈសំខាន់ និងការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣និង០០៤។
«ប្រសិនបើការស៊ើបអង្កេតមិនដំណើរការ វានឹងផ្តល់សញ្ញាដល់ជនរងគ្រោះនិង អ្នករួចជីវិតថា នយោបាយនិងការជ្រៀតជ្រែកផ្នែកនយោបាយអាចបំបាត់យុត្តិធម៌។ រឿងនោះអាចនឹងជាការប្រមាថដល់អ្នករួចជីវិតដែលរង់ចាំជាង៣០ឆ្នាំ ដើម្បីទទួលយុត្តិធម៌កម្រិតណាមួយនោះ។ វាក៏ជារឿងអាចធ្វើឲ្យខូចខាត ដល់កេរ្តិ៍តំណែលនៃសាលាក្តីកាត់ទោសខ្មែរក្រហម និងខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងក្នុងការនាំខ្លួនជនល្មើសនៃបទឧក្រិដ្ឋឃោរឃៅ នៃរបបខ្មែរក្រហមមកកាត់ទោសពីបទដែលគេបានប្រព្រឹត្ត»។
សំណុំរឿង០០៣និង០០៤មានជនសង្ស័យ៥នាក់ជាកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាលដែលសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមថាមាន ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានានៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យទាំង៥នាក់នោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាមឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិត។ ជនសង្ស័យ៣នាក់ក្នុងចំណោម៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និងអ្នកស្រីអ៊ឹម ចែមបានចេញមុខបកស្រាយហើយបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។
សំណុំរឿងទាំងនេះបានដាក់ដល់សហចៅក្រមស៊ើបអង្កេតតាំងពីឆ្នាំ២០០៨ម្ល៉េះដើម្បីបន្តនីតិវិធីដូចជានាំខ្លួនមកឃុំចោទប្រកាន់តែមិនឃើញមាននីតិវិធីដូច្នោះកើតឡើងទេ។ សហចៅក្រមស៊ើបអង្កេតបរទេសលោក Siegfried Blunk បានដាក់ពាក្យលាឈប់ដោយចោទប្រកាន់ថា មានការជ្រៀតជ្រែកនយោបាយ ពីរដ្ឋាភិបាលកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបានបដិសេធដោយចាត់ទុកថាជារឿងមិនចុះសម្រុងផ្ទៃក្នុងរបស់សហចៅក្រម។
លោក Peter Maguire សាស្ត្រាចារ្យនៃមហាវិទ្យាល័យមួយក្នុងប្រទេសអាមេរិក ហើយជាអ្នកសរសេរសៀវភៅអំពីខ្មែរក្រហម Facing Death in Cambodia បានទទួលស្គាល់ថា ក្រុមប្រទេសអ្នកផ្តល់ជំនួយជាធម្មតារក្សាជំហរស្ងប់ស្ងៀម។ ប្រទេសអ្នកផ្តល់ជំនួយទទួលយកអ្វីដែលរដ្ឋាភិបាលកម្ពុជាប្រាប់ ក៏ដូចជាអ.ស.ប.ដែរ។ លោកបានបញ្ជាក់ថា សំណុំរឿង០០៣និង០០៤ រដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តខាងនយោបាយច្បាស់ហើយថា មិនបន្តដំណើរការជំនុំជម្រះ។
«ហើយអ.ស.ប.គ្មានជម្រើសអ្វីក្រៅតែពីទទួលយករឿងនោះ។ ដូច្នេះគំនិតនេះ ទាំងអស់គ្នានឹងចាត់ទុកថាជាការសម្រេចចិត្តផ្លូវច្បាប់ដែលមិនទាក់ទងនឹងរឿងនយោបាយ។ ហើយនោះជារឿងអស់សំណើចដែលខ្ញុំមិនអាចទទួលយកបានទេ»។
ទោះជាយ៉ាងណាក៏ដោយលោក Marguire អះអាងថា ជារឿងដ៏សំខាន់ពេល នេះគឺសាលាក្តីខ្មែរក្រហមត្រូវបញ្ចប់សំណុំរឿង០០២ដែលមានអតីតមេដឹកនាំធំៗ មាន នួន ជា ខៀវ សំផន អៀង សារី ជាដើមនោះ។ លោក Marguire បានលើកយកពាក្យប្រៀបធៀបរបស់លោកមកបញ្ជាក់តាមសម្តីដើមរបស់លោកថា «ដូចខ្ញុំប្រាប់កូនរបស់ខ្ញុំថា ញ៉ាំបាយឲ្យអស់ពីចានសិន មុនទៅរកបង្អែម» ដែលពាក្យនេះមានន័យថា ត្រូវកាត់ទោសសំណុំរឿង០០២ឲ្យចប់សិន មុនចាប់ផ្តើមសំណុំរឿងបន្ទាប់ទៀត៕