ចៅក្រម​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ប្រតិកម្ម​នឹង​គេហទំព័រ​វីគីលីកស៍

គេហទំព័រ​ វីគីលីកស៍ ដែល​ស្រង់​ទូរសារ​ធ្លាយ​ចេញ​កាល​ពី​ឆ្នាំ​​២០០៦​ពី​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ​ បាន​សរសេរ​កាលពី​សប្ដាហ៍​មុន​ថា ​ការ​តែង​តាំង​លោក​​ធូ ​មុណី ​និង​លោក​យ៉ា ​សុខន​ ឲ្យ​ធ្វើ​ជា​​ចៅ​​ក្រម​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ

ក្រុម​ចៅក្រម​និង​ព្រះរាជអាជ្ញា​កម្ពុជា​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃអង្គារ​នេះបានបង្ហាញប្រតិកម្ម​តិចតួច​ទៅ​នឹង​ការចេញផ្សាយ​ជា​សាធារណៈ​របស់​គេហទំព័រ​វីគីលីកស៍ (Wikileaks)​ ដែល​បានរិះគន់​ពួកខ្លួន​ ដោយ​ចាត់ទុក​ថា នោះ​គឺជា​ការបញ្ចេញ​ទស្សនៈ​ជា​លក្ខណៈ​បុគ្គល​តែ​ប៉ុណ្ណោះ។

គេហទំព័រ​ វីគីលីកស៍ ដែល​ស្រង់​ទូរសារ​ធ្លាយ​ចេញ​កាល​ពី​ឆ្នាំ២០០៦​ពី​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ​ បាន​សរសេរ​កាលពី​សប្ដាហ៍​មុន​ថា ​ការ​តែង​តាំង​លោកធូ ​មុណី ​និង​លោក​យ៉ា ​សុខន​ ឲ្យ​ធ្វើ​ជាចៅក្រម​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​គឺជា​ការ​តែងតាំង​មិន​ត្រឹម​ត្រូវ។ ការ​តែង​តាំង​លោក​ ន័យ ថុល​ ឲ្យ​ធ្វើ​ជាចៅក្រម​មួយ​រូប​នៃ​អង្គជំនុំ​ជម្រះតុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​គឺជា​ការ​តែងតាំង​មាន​លក្ខណៈ​«ស្មោគគ្រោក»។

គេហទំព័រ​វីគីលីកស៍​ បាន​បរិយាយ​ថា​ លោក​ធូ​ មុណី ​ធ្លាប់​ធ្វើ​ជា​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​ ហើយ​បាន​កាត់ក្ដី​ដោះ​លែង​ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី​ក្មួយ​ប្រុស​របស់​លោក​ ហ៊ុន​ សែន​ ម្នាក់​នោះ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយសារ​ការ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ចំនួន​បីនាក់។ ដោយឡែក​លោក ​យ៉ា ​សុខន ​ត្រូវ​បាន​ដាក់ពិន័យ​ដោយ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​កាលពី​ឆ្នាំ​ ២០០៥​ដោយសារ​ការ​មិនព្រម​ដោះលែង​ពិរុទ្ធជន​ដែល​ផុត​កំណត់​នៃ​ការ​ឃុំខ្លួន។

គេហទំព័រ​វីគីលីកស៍ ក៏​បាន​បរិយាយ​បន្ថែម​ដែរ​ថា​ លោក ន័យ​ ថុល​ អតីត​ប្រធាន​តុលាការ​យោធា​ដែល​ធ្លាប់កាត់ក្ដី​ឲ្យ​លោក ជាម​ ចន្នី ដែល​ជា​តំណាង​រាស្ដ្រ​គណបក្ស​ប្រឆាំង​សម រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​ ហើយ​ដែលការ​កាត់ក្ដីនោះ​ទទួល​រង​ការរិះគន់​ដោយ​សហគម​អន្ដរជាតិ​ជាខ្លាំង។

លោក​ចៅក្រម​ន័យ ថុល ​បាន​ឆ្លើយ​តប​ដោយ​ចំអក​បន្ដិចបន្តួច​ថា ​ការ​ដាក់​ទោស​នោះ​ដោយសារ​តែរកឃើញ​ថា ​តំណាង​រាស្ដ្រ​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​កំហុស។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​ដឹង​ដែរ។ ខ្ញុំ​ឮ​ដែរ។ ប៉ុន្ដែ​ទុក​ឲ្យ​អ្នកសរសរ​នោះ​គិត​ខ្លួនឯង​ទៅ។ បើ​គេ​ជា​អ្នកប្រាជ្ញ​ទៅ​ហើយ​នោះ។ ដូច​ជា​ករណី​ដែល​ថា កាត់​ជាម ​ចន្នី​ នោះ​ គឺ​ថា ​យើង​កាត់​ក្ដី​តែ​ម្នាក់​នេះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ១៤​លាន​នាក់​ ដោយសារ​តែ​គាត់ខុស។ ហើយ​ខ្ញុំ​មិន​កាត់​ក្ដី​តថ្លៃ​យក​លុយ​ដូច​ទីផ្សារ​ឯណា។ ដូច្នេះ​ឲ្យ​គេគិត​ខ្លួន​ឯង​ទៅ។ គេ​សុទ្ធ​តែ​មាន​ខួរក្បាល ​និង​មាន​សមត្ថភាព»។

ដោយឡែក​លោក​ចៅក្រម ​ធូ​ មុណី ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍ថា​ បេសកម្ម​របស់​លោក​នៅ​សាលាក្ដី​ខ្មែរក្រហម​គឺ​ដើម្បី​ស្វែង​រកយុត្តិធម៌​ឲ្យ​ជនរងគ្រោះ។ ​លោក​មិន​ចាប់អារម្មណ៍​ច្រើន​ចំពោះ​ការ​លាត​ត្រដាង​របស់​គេហទំព័រ​វីគីលីកស៍​នោះ​ទេ។ លោក​បន្ថែម​ថា៖

«នេះ​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​គេនិមួយៗ។ សំខាន់​មិន​មែន​តែ​គាត់ម្នាក់​នោះ​មើល​ឃើញ​នោះ​ទេ ​គឺ​មហាជនទូទៅ​មើល​ឃើញ។ ធម្មតា​ជា​ចៅក្រម​កាត់​ក្ដី​មិន​អាច​ធ្វើ​ឲ្យ​ភាគី​ទាំងអស់​សប្បាយ​នោះ​ទេ។ អ្នកដែល​មិន​បាន​ដូច​បំណង​នឹង​មិនសប្បាយ​ចិត្ត​នោះ​ឡើយ។​ ខ្ញុំ​អត់​មាន​ចាប់​អារម្មណ៍​អ្វី​ទេ​រឿង​នេះ»។

នៅ​ក្នុង​ការ​ទម្លាយ​ទូរសារ​សម្ងាត់​នោះ​ គេហទំព័រ​វីគីលីកស៍ បាន​បង្ហាញបន្ថែម​ទៀត​ថា​ ការ​តែង​តាំង​លោកស្រី​ ជា លាង ​ជា​សហព្រះរាជ​អជ្ញា​កម្ពុជា​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​បាន​បង្ហាញ​ពី​បក្ខ​ពួក​និយមដោយសារ​តែ​លោក​ស្រី​ជា លាង​ត្រូវ​ជាក្មួយ​ស្រី​របស់​លោក​សុខ អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដី​ការ​គណរដ្ឋមន្ដ្រី​តាម​ចំណ​ង​អាពាហ៍​ពិពាហ៍។ លោកស្រី ​ជា លាង ​មិន​អត្ថាធិប្បាយ​ចំណុច​នេះ​ទេ។ លោក​ថ្លែង​ថា៖

«ខ្ញុំ​អត់​មាន​អត្ថាធិប្បាយ​អ្វី​ទេ​ គ្រាន់​តែ​ត្រូវ​សួរ​ទៅ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​ទៅ​អំពី​ការ​ជ្រើស​រើសនេះ»។

គេហទំព័យ​វីគីលីកស៍​ដដែល​បាន​លើក​សរសើរ​ថា ​ការ​តែងតាំង​លោក​ចៅក្រម​ យូ ប៊ុនឡេង​ ជា​សហ​ចៅក្រមស៊ើប​អង្កេត ​និង​លោក​គង់ ស្រ៊ីម​ ជា​ចៅក្រម​ប្រធាន​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល ​គឺជា​ជម្រើស​ល្អ​។ សូម​បញ្ជាក់​ថា​ គេហទំព័រ​ វីគីលីកស៍​បាន​បញ្ចេញ​ឯកសារដែល​ជា​ទូរសារ​សម្ងាត់​សរុបចំនួន​៧៧៧ ​ដែល​មាន​កាលបរិច្ឆេទ​ចាប់​ពី​ខែ​មិនា ឆ្នាំ ​១៩៩២ ​ដល់​ខែ​កុម្ភៈ​ ឆ្នាំ ២០១០។ ​ឯកសារទាំងនេះបាន​បើក​កកាយ​យ៉ាង​ពិស្ដារ ដែល​ភាគ​ច្រើន​ពី​នយោបាយ​ផ្ទៃក្នុង ​និង​របត់​នយោបាយ​របស់​កម្ពុជា។

ប្រមុខ​ការទូត​ខ្មែរ ​លោក ​ហោ ណាំហុង​ បាន​កោះហៅ​លោក​ ចេហ្វ ដេហ្កល​ (Jeff Daigle) ភារធារី​ស្ដីទី​អម​ស្ថានទូត​អាមេរិក​មក​ពន្យល់ក្នុង​ការ​ធ្លាយ​ឯកសារ​ទាំង​នេះ។ ទាំង​ខាង​ភាគី​កម្ពុជា​ ទាំង​ខាងភាគី​សហរដ្ឋ​អាមេរិក​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា​ ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ទេ៕