ចាត់ទុក​ដូចជា​សំរាម

រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន Sanitation Salvage នៅក្នុង​បរិវេណ​ដែល​ប៉ូលិស​ហ៊ុំព័ទ្ធ​មិន​ឲ្យ​ចូល​នៅ​លើ​ផ្លូវ ១៥២ និង​ផ្លូវ Jackson Aveនៅ​ក្នុង​សង្កាត់ Bronx។

ការស្លាប់។ ការបិទបាំង។ ជនអន្តោប្រវេសន៍​ម្នាក់ បាន​បាត់បង់​ជីវិត​យ៉ាងអាណោចអាធ័ម នៅក្នុង​សង្កាត់ Bronx។

សាកសព​បុរស​វ័យ​ក្មេង​ម្នាក់​ដេក​ដួល​នៅ​ពាក់​កណ្ដាល​ដង​ផ្លូវ Jerome Avenue នៅ​ក្រោម​ផ្លូវ​ដែក​ដែល​ខ្ពស់​ផុត​ពី​ដី។ ទិដ្ឋភាព​នេះ​ត្រូវ​បាន​បំភ្លឺ​ដោយ​ភ្លើង​ពណ៌​ខៀវ​ភ្លឺ​ចាំង​នៃ​ស្លាក​សញ្ញា​មួយ​នៅ​ពី​លើ​ភោជនីយដ្ឋាន El Caribe ដែល​បិទ​ទ្វារ​ចោល។ រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​ឈប់​សំចត​ពាក់​កណ្ដាល​ទី​នៅ​ឯ​ផ្លូវ​បែក​ជា ៤ ដ៏​ស្ងាត់​ជ្រងំ​មួយ​នៅ​ក្នុង​សង្កាត់ Bronx នៃ​ទីក្រុង New York សហរដ្ឋ​អាមេរិក។

របាយការណ៍​ដែល​បាន​កត់ត្រា​ទុក​បាន​បង្ហាញ​ថា បុគ្គលិក​ពេទ្យ​សង្គ្រោះ​បន្ទាន់​បាន​ធ្វើ​ដំណើរ​មក​ដល់ និង​បាន​បញ្ជាក់​ថា បុរស​វ័យ​ក្មេង​រូប​នេះ​បាន​ស្លាប់​នៅ​ម៉ោង ៥ និង ៨ នាទី​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

This story was reported in partnership with ProPublica, an independent nonprofit news organization committed to journalism in the public interest.

ប៉ូលិស​ក៏​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ដែរ។ ប៉ូលិស​បាន​យក​ខ្សែ​ហាម​ឃាត់​ព័ទ្ធ​ជុំវិញ​កន្លែង​កើត​ហេតុ និង​បាន​សម្ភាសន៍​អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​នៃ​រថយន្ត​នោះ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​កត់ត្រា​ទុក និង​ការ​សម្ភាសន៍។ បើ​យោង​តាម​របាយការណ៍​ដែល​បាន​កត់ត្រា​ទុក​របស់​ប៉ូលិស អ្នក​បើក​រថយន្ត និង​អ្នក​ប្រមូល​សំរាម​នៃ​រថយន្ត​នោះ​បាន​និយាយ​ថា បុរស​ដែល​បាន​ស្លាប់​នេះ គឺ​ជា​ជន​ចំណែក​ម្នាក់​ដែល​បាន​ហក់​ឡើង​ជាន់​លើ​ធ្នើរ​ឡើង​ជិះ​រថយន្ត ប៉ុន្តែ​បាន​ភ្លាត់​ជើង​ធ្លាក់ ក៏​ត្រូវ​រថយន្ត​ដឹក​សំរាម​នេះ​កិន​ពី​លើ។ របាយការណ៍​ដំបូង​របស់​ប៉ូលិស​មិន​បាន​បញ្ជាក់​ថា បុរស​នោះ​មាន​ឈ្មោះ​អ្វី​នោះ​ទេ។
ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍ News 12 ប្រចាំ​សង្កាត់ Bronx បាន​រាយការណ៍​ថា អ្នក​ដែល​រស់នៅ​ក្បែរ​ខាង​នោះ​គិត​ថា ជន​រងគ្រោះ​នោះ​គឺ​ជា «បុរស​គ្មាន​ផ្ទះ​សម្បែង​ម្នាក់​ដែល​ពួកគេ​ធ្លាប់​ឃើញ​នៅ​ក្នុង​តំបន់​នោះ»។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ សារព័ត៌មាន Daily News បាន​រាយការណ៍​ថា បុរស​នោះ​គឺ​ជា «បុរស​គ្មាន​ផ្ទះ​សម្បែង​ព្រហើន​ម្នាក់»។

រថយន្ត​ដឹក​សំរាម​នោះ​ជា​របស់​ក្រុមហ៊ុន Sanitation Salvage ដែល​ជា​ក្រុមហ៊ុន​ដឹក​សំរាម​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង New York។ ក្រោយ​មក អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​បាន​មក​យក​រថយន្ត​ដឹក​សំរាម​នេះ​ទៅ​ទុក​នៅ​ទីធ្លា​ក្រុមហ៊ុន​វិញ។ បន្ទាប់​មក បើ​យោង​តាម​ការ​រៀបរាប់​របស់​កម្មករ​ប្រមូល​សំរាម​អំពី​ព្រឹត្តិការណ៍​នៅ​យប់​នោះ រថយន្ត​នោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​ដោយ​មិន​បាន​ប្រមូល​សំរាម​បាន​ច្រើន​នោះ​ទេ។

ផែនទី​ទីក្រុង​ញ៉ូយ៉ក និង​សង្កាត់​ទាំងប្រាំ។ Mouctar Diallo បាន​រស់នៅ​ក្នុង​សង្កាត់ Bronx។

នៅ​ក្នុង​ផ្ទះ​អាផាធឺមែន​មួយ​នៅ​ជាប់​ផ្លូវ Grand Concourse ក្នុង​សង្កាត់ Bronx ដែល​មាន​ចម្ងាយ​ជាង ៣ គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ម្ដាយ​របស់​បុរស​ដែល​បាន​ស្លាប់​នេះ​កំពុងតែ​រង់ចាំ​បុរស​នេះ​ត្រឡប់​មក​ផ្ទះ​វិញ។ អ្នកស្រី Hadiatou Barry ដែល​ជា​ជន​អន្តោប្រវេសន៍​ជនជាតិ​ហ្គីណេ បាន​មក​រស់នៅ​ក្នុង​សង្កាត់ Bronx នៃ​ទីក្រុង New York នេះ ដើម្បី​ស្វែង​រក​ជីវភាព​ប្រសើរ​ជាង​មុន​សម្រាប់​គ្រួសារ​របស់​អ្នកស្រី។

បុរស​ដែល​ស្លាប់​នោះ​គឺ​ជា​កូន​ប្រុស​ច្បង​របស់​អ្នកស្រី​ដែល​មាន​អាយុ ២១ ឆ្នាំ ឈ្មោះ Mouctar Diallo។ ជា​ទូទៅ កូន​ប្រុស​របស់​អ្នកស្រី​រូប​នេះ​គេង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៃ​ផ្ទះ​អាផាធឺមែន​របស់​អ្នកស្រី។ ជា​ធម្មតា លោក Mouctar Diallo ធ្វើ​ការ​នៅ​ពេល​យប់ ហើយ​មក​ផ្ទះ​វិញ​នៅ​ពេល​ព្រឹក​ព្រលឹម​ស្រាងៗ​ដើម្បី​គេង។ ប៉ុន្តែ ឥឡូវ​នេះ បុរស​វ័យ​ក្មេង​រូប​នេះ​នឹង​មិន​បាន​មក​គេង​នៅ​លើ​គ្រែ​របស់​ខ្លួន​ទៀត​ទេ។

ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នកស្រី Hadiatou Barry បាន​ទទួល​ដំណឹង​ដ៏​អាក្រក់​បំផុត​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​នោះ​គឺ​ភាព​ក្រៀមក្រំ​សោកសៅ និង​ការ​ម៉ាក់​ងាយ។

ការងារ​ពេល​យប់​របស់​លោក Mouctar Diallo គឺ​ធ្វើ​ជា​អ្នក​ជួយ​ប្រមូល​សំរាម​ក្រៅ​ផ្លូវការ​សម្រាប់​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន Sanitation Salvage ហើយ​រថយន្ត​ដឹក​សំរាម​ដែល​លោក​បាន​ប្រមូល​សំរាម​ឲ្យ​នៅ​យប់​នោះ​ជា​រថយន្ត​ដែល​បាន​កិន​សម្លាប់​លោក។

បន្ទាប់​មក​ទៀត អ្នកស្រី Hadiatou Barry បាន​ទទួល​ដំណឹង​ថា អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ជួយ​ប្រមូល​សំរាម​ចម្បង​នៃ​រថយន្ត​នោះ បាន​អះអាង​ថា ពួកគេ​មិន​ស្គាល់​លោក Mouctar Diallo នោះ​ទេ។ ប៉ុន្តែ តាម​ពិត បុរស​ទាំង​ពីរ​នេះ​បាន​ស្គាល់​លោក Mouctar Diallo អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ និង​បាន​បង់​ជា​លុយ​សុទ្ធ​ឲ្យ​លោក Mouctar Diallo សម្រាប់​ការ​ជួយ​របស់​លោក​នៅ​ក្នុង​ការ​ប្រមូល​សំរាម។ ជាង​នេះ​ទៅ​ទៀត ឥឡូវ​នេះ នៅ​ទូទាំង​ក្រុង New York មនុស្ស​ម្នា​ទូទៅ​បាន​ស្គាល់​កូន​របស់​អ្នកស្រី​ថា​ជា​បុរស​គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ ដោយសារតែ​ការ​ផ្សាយ​របស់​សារព័ត៌មាន។

អ្នកស្រី Hadiatou Barry បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «បុរស​នោះ​ជា​កូន​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​សេចក្ដី​រាយការណ៍​នានា​រាយការណ៍​ពី​ការ​ពិត​អំពី​កូន​ប្រុស​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​អ្នក​ដទៃ​ផ្សេង​ទៀត»។

រូបថត​របស់ Mouctar Diallo ដែល​មិត្តភក្តិ ថតឲ្យ។

ការ​ពិត​នៃ​ការ​ស្លាប់​របស់​លោក Mouctar Diallo នេះ​គឺ​ថា អាជ្ញាធរ​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​នេះ មិន​បាន​ដឹង​ថា លោក​ជា​កម្មករ​ប្រមូល​សំរាម​ឲ្យ​រថយន្ត​ដឹក​សំរាម​នោះ នោះ​ទេ។ ទើបតែ​រយៈពេល​យ៉ាង​តិច ២ ខែ​ក្រោយ​មក​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​បុណ្ណោះ ទើប​អាជ្ញាធរ​បាន​ដឹង​អំពី​រឿង​នេះ។ ហើយ​នៅ​ពេល​ដែល​ពួកគេ​ដឹង​អំពី​រឿង​នេះ ពួកគេ​មិន​បាន​ចាត់​វិធានការ​ណា​មួយ​ប្រឆាំង​នឹង​អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​មួយ​រូប​ទៀត ដែល​បាន​កុហក​ប៉ូលិស​នោះ​ទេ។

គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម (Business Integrity Commission) ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋបាល​ក្រុង New York ដែល​ទទួល​បន្ទុក​លើ​ការ​មើល​ការ​ខុស​ត្រូវ​លើ​ឧស្សាហកម្ម​ក្រុមហ៊ុន​ប្រមូល​សំរាម នៅតែ​អនុញ្ញាត​ឲ្យ​បុរស​អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​ម្នាក់​ទៀត​បន្ត​ធ្វើ​ការ​ដដែល។ ប៉ូលិស និង​រដ្ឋអាជ្ញា​សង្កាត់ Bronx បាន​បិទ​ការ​ស៊ើប​អង្កេត​ដោយ​មិន​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ធ្វើ​ឡើង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា កន្លង​ទៅ​នេះ បុរស​ឈ្មោះ Sean Spence ដែល​ជា​អ្នក​បើក​រថយន្ត​ដឹក​សំរាម​ឲ្យ​ក្រុមហ៊ុន Sanitation Salvage ដែល​អាជ្ញាធរ​បាន​និយាយ​ថា ជា​អ្នក​ដែល​បាន​បើក​រថយន្ត​កិន​ពី​លើ​លោក Mouctar Daillo និង​កុហក​អំពី​រឿង​នេះ​នោះ បាន​បុក​បុរស​ម្នាក់​ទៀត​វ័យ ៧២ ឆ្នាំ ឈ្មោះ Leo Clarke ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។

លោក Leo Clarke បាន​កាន់​ឈើ​ច្រត់​ដើរ​ឆ្លង​ផ្លូវ​នៅ​ក្នុង​ប្លុក​មួយ​នៃ​សង្កាត់ Bronx កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​មេសា។ នៅ​ពេល​នោះ លោក​ត្រូវ​បាន​រថយន្ត​ដឹក​សំរាម​ទម្ងន់ ៤០ តោន​បើក​បុក។ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ ហើយ​ឥឡូវ​នេះ បុរស​អ្នក​បើក​រថយន្ត​ដឹក​សំរាម​ឈ្មោះ Sean Spence នេះ ត្រូវ​បាន​គេ​ផ្អាក​ពី​ការងារ​មិន​ឲ្យ​បើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន Sanitation Salvage ទៀត​ទេ។

នៅ​ពេល​ដែល​ប្រាប់​ថា អ្នក​បើក​រថយន្ត​ដឹក​សំរាម​ឈ្មោះ Sean Spence នោះ​បាន​បើក​បុក​មនុស្ស​ស្លាប់​ជា​លើក​ទី​ពីរ អ្នកស្រី Hadiatou Barry បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដោយ​និយាយ​ថា៖ «ឱ! ព្រះ​ជា​ម្ចាស់​អើយ»។

រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន Sanitation Salvage នៅក្នុង​បរិវេណ​ដែល​ប៉ូលិស​ហ៊ុំព័ទ្ធ​មិន​ឲ្យ​ចូល​នៅ​លើ​ផ្លូវ ១៥២ និង​ផ្លូវ Jackson Aveនៅ​ក្នុង​សង្កាត់ Bronx។

នាយកដ្ឋាន​ប៉ូលិស​ក្រុង New York បាន​បញ្ជាក់​ថា ការ​និយាយ​កុហក​ប៉ូលិស​គឺ​មិន​មែន​ជា​ទោស​ឧក្រិដ្ឋ​នោះ​ទេ។ នាយកដ្ឋាន​ប៉ូលិស​នេះ​នៅតែ​រក្សា​គោល​ជំហរ​របស់​ខ្លួន​ថា ខ្លួន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ ដោយ​មាន​ទាំង​ការ​ប្រមូល​អំណះអំណាង​របស់​សាក្សី ការ​ប្រមូល​ព័ត៌មាន​នៃ​ការ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់ ៩១១ និង​វីដេអូ​ពី​កន្លែង​កើត​ហេតុ​ជា​ដើម។

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា ប៉ូលិស​គ្មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​សំរាម​ឯកជន​នេះ​ទេ។

អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Bronx បាន​បញ្ជាក់​ថា គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម មិន​បាន​បញ្ជូន​ករណី​ឧក្រិដ្ឋ​ណា​មួយ​ទៅ​ឲ្យ​រដ្ឋអាជ្ញា​អំពី​ទង្វើ​របស់​បុគ្គលិក​ក្រុមហ៊ុន Sanitation Salvage នោះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋអាជ្ញា​គ្មាន​មូលហេតុ​ណា​មួយ​ដែល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម បាន​និយាយ​ថា គណៈកម្មការ​នេះ​ទទួល​បាន​ដំណឹង​ថា បុរស​វ័យ​ក្មេង​ដែល​បាន​ស្លាប់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នេះ គឺ​អាច​ជា​កម្មករ​ម្នាក់​របស់​ក្រុមហ៊ុន Sanitation Salvage។ គណៈកម្មការ​នេះ​ទទួល​បាន​ដំណឹង​ដូច​នេះ នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​មួយ​ជាមួយ​នឹង​សកម្មជន​សិទ្ធិ​ពលកម្ម អំពី​លក្ខខណ្ឌ​ការងារ​នៅ​ក្រុមហ៊ុន Sanitation Salvage។

រឿង​ដែល​លោក Mouctar Diallo ត្រូវ​បាន​រថយន្ត​ដឹក​សំរាម​បុក​ស្លាប់​នេះ គឺ​ជា​រឿង​សម្ងាត់​ដែល​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​លោក​ភាគ​ច្រើន​បាន​ដឹង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។

មន្ត្រី​គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម​នានា​បាន​និយាយ​ថា ពួកគេ​បាន​ប្រឈម​តតាំង​ជាមួយ​នឹង​លោក Sean Spence និង​អ្នក​ប្រមូល​សំរាម​ចម្បង​របស់​លោក​ឈ្មោះ Chris Bourke ហើយ​បុរស​ទាំង​ពីរ​អ្នក​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រឌិត​រឿង​ដែល​ថា​មាន​អ្នក​ដំណើរ​ថ្មើរ​ជើង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ហក់​ឡើង​លើ​រថយន្ត​ដឹក​សំរាម​របស់​ពួកគេ​នេះ​ឡើង។

អ្នក​នាំ​ពាក្យ​របស់​គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម​នេះ បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​នេះ​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្អាក​ការងារ​អ្នក​បើក​រថយន្ត​ដឹក​សំរាម​ដោយ​ឯក​ឯង​នោះ​ទេ។ ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា លោក Sean Spence ត្រូវ​បាន​ផ្អាក​ពី​ការងារ ក្រោយ​ពី​មាន​ហេតុការណ៍​បុក​មនុស្ស​ស្លាប់​លើក​ទី​ពីរ ដោយសារតែ​ទីភ្នាក់ងារ​នេះ​បាន​ស្នើ​ក្រុមហ៊ុន Sanitation Salvage ឲ្យ​ធ្វើ​ដូច្នេះ ហើយ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​តាម។

ប៉ុន្តែ ក្រោយ​ពី​សួរ​ថា​ហេតុអ្វី​បាន​ជា​គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម​មិន​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Sanitation Salvage បញ្ឈប់​អ្នក​បើក​រថយន្ត​ដឹក​សំរាម​នោះ​ភ្លាមៗ បន្ទាប់ពី​បាន​រក​ឃើញ​ថា អ្នក​បើក​រថយន្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​មនុស្ស​ស្លាប់​នេះ​បាន​កុហក​ប៉ូលិស​នោះ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​លើ​រឿង​នេះ​នោះ​ទេ។

VOA បាន​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ការ​ទាក់ទង​សុំ​យោបល់​ពី​អ្នក​បើក​រថយន្ត​ដឹក​សំរាម​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​នោះ​ទេ។

ចំណែក​ឯ​ក្រុមហ៊ុន Sanitation Salvage វិញ​ក៏​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើ​សុំ​របស់ VOA ជា​ច្រើន​ដង​កន្លង​មក​នេះ​ក្នុង​ការ​សុំ​យោបល់​ពី​ក្រុមហ៊ុន​នេះ​នោះ​ដែរ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ លោក Chris Bourke ដែល​ជា​អ្នក​ប្រមូល​សំរាម​ចម្បង​ម្នាក់​សម្រាប់​រថយន្ត​ដឹក​សំរាម​ដែល​បាន​បុក​លោក Mouctar Diallo ឲ្យ​ស្លាប់​នោះ បាន​អះអាង​ថា លោក​មិន​ដឹង​ថា រឿង​ប្រឌិត​អំពី​បុរស​គ្មាន​ផ្ទះ​សម្បែង​ព្រហើន​នោះ​កើត​ចេញ​ពី​ណា​នោះ​ទេ។ លោក​បាន​និយាយ​ថា លោក​បាន​និយាយ​ជាមួយ​នឹង​ប៉ូលិស​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​មិន​បាន​ចាំ​ថា​លោក​បាន​និយាយ​អ្វី​នោះ​ដែរ។ លោក​បាន​បន្ថែម​ថា លោក Mouctar Diallo «មិន​ដឹង​ជា​ចេញ​ពី​ណា​មក​នោះ​ទេ»។

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រី Hadiatou Barry និង​អតីត​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​លោក Mouctar Diallo នៅ​ឯ​ក្រុមហ៊ុន Sanitation Salvage បាន​និយាយ​ថា ពួកគេ​មិន​ប្រាកដ​ថា ពួកគេ​ដឹង​ពី​ការពិត​អំពី​ការ​ស្លាប់​របស់​លោក Mouctar Diallo នោះ​ទេ។ កម្មករ​ប្រមូល​សំរាម​ទាំង​នោះ​បាន​បញ្ជាក់​ថា អ្នក​ជួយ​ប្រមូល​សំរាម​មិន​ត្រូវ​ឡើង​ជាន់​លើ​ធ្នើរ​ឡើង​ជិះ​កៅអី​ខាង​មុខ​នៃ​រថយន្ត​ដឹក​សំរាម​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដើរ​តាម​ផ្លូវ ប្រមូល​សំរាម​នៅ​តាម​ចិញ្ចើម​ថ្នល់ និង​តោង​ជិះ​ពី​ក្រោយ​រថយន្ត​ដឹក​សំរាម។

ជា​រៀង​រាល់​យប់​នៅ​ក្នុង​ទីក្រុង New York រថយន្ត​ដឹក​សំរាម​ជា​ច្រើន​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាង ២៥០ ក្រុមហ៊ុន បាន​ចេញ​ដំណើរ​នៅ​ទូទាំង​សង្កាត់​ទាំង ៥ នៃ​ក្រុង New York នេះ ដើម្បី​ប្រមូល​សំរាម​ពី​គ្រប់​កន្លែង​អាជីវកម្ម​ទាំង​អស់។ ដើម្បី​ប្រមូល​សំរាម​នៅ​តាម​ដង​ផ្លូវ​វែង និង​បត់​ក្រវៀចក្រវៀន​នានា​ឲ្យ​បាន​ទាន់​ពេល រថយន្ត​ដឹក​សំរាម​ទាំង​នេះ​បាន​ជិះ​បត់បែន​កាត់​តាម​ទីក្រុង New York នេះ​ក្នុង​ល្បឿន​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់។

តាំង​ពី​ឆ្នាំ ២០១០ មក មាន​អ្នក​ស្លាប់​ដោយសារ​រថយន្ត​ដឹក​សំរាម​ឯកជន​នៅ​ទូទាំង​ក្រុង New York ចំនួន ៣៣ នាក់​មក​ហើយ។

ឥឡូវ​នេះ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន Sanitation Salvage ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់​រួច​មក​ហើយ​នៅ​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក​នេះ មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​សុវត្ថិភាព​រថយន្ត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​កម្រិត​មួយ​ដែល​ខ្ពស់​ជាង​កម្រិត​មធ្យម​ថ្នាក់​ជាតិ​ចំនួន ៤ ដង។

ការ​ស៊ើប​អង្កេត​មួយ​របស់​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​បាន​បើក​ប្រាក់​បៀវត្សរ៍​ចំនួន​រាប់​សែន​ដុល្លារ​ដល់​កម្មករ​របស់​ខ្លួន​នោះ​ទេ ហើយ​កម្មករ​ធ្វើ​ការ ១៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដោយសារតែ​អ្នក​បើក​រថយន្ត​ដឹក​សំរាម​មាន​ការ​នឿយហត់​ខ្លាំង​ពេក ពួកគេ​បាន​ជួល​អ្នក​ជួយ​ប្រមូល​សំរាម​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់​ពេល​វេលា។ ជា​រឿយៗ អ្នក​ដែល​ពួកគេ​ជួល​នោះ​ច្រើនតែ​ជា​បុរស​វ័យ​ក្មេង​នៅ​តាម​ផ្លូវ។

លោក Mouctar Diallo គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ពួកគេ​ជួល​នោះ ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​នៅ​ឯ​ក្រុមហ៊ុន Sanitation Salvage ថា​ជា «បុរស​ជា​ជន​ទី ៣»។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​លោក Mouctar Diallo បាន​មក​រស់នៅ​សង្កាត់ Bronx ដែល​ជា​សង្កាត់​មួយ​មាន​ជន​អន្តោប្រវេសន៍​ជនជាតិ ហ្គីណេ​ជា​ច្រើន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ តាំង​ពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ លោក​បាន​ចាប់ផ្ដើម​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Sanitation Salvage កាល​ពី​ចុង​រដូវ​ផ្កា​រីក​ឆ្នាំ ២០១៦ មក​ម្ល៉េះ។ នេះ​បើ​យោង​តាម​ការ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​លោក។

ដំបូង លោក Mouctar Diallo ធ្វើ​ការ​ជាមួយ​នឹង​អ្នក​បើក​រថយន្ត​ឈ្មោះ Timothy Belgrave និង​ក្រោយ​មក​ជាមួយ​នឹង​អ្នក​បើក​រថយន្ត​ឈ្មោះ Vernando Smith។ លោក Mouctar Diallo ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា «Gotto» ត្រូវ​បាន​គេ​គោរព​សរសើរ​ដោយសារតែ​ភាព​ក្លាហាន​របស់​លោក​ក្នុង​ការ​មិន​ខ្លាច​កណ្ដុរ និង​វិធី​ដែល​លោក​ធ្វើ​ឲ្យ​មនុស្ស​រាល់​គ្នា​សើច​សប្បាយ។ លោក​បាន​ធ្វើ​ការ​ជាមួយ​នឹង​លោក Sean Spence និង​លោក Chris Bourke អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។

អតីត​អ្នក​បើក​រថយន្ត​ដឹក​សំរាម​ឈ្មោះ Vernando Smith បាន​និយាយ​អំពី​កម្មករ និង​ការ​គ្រប់គ្រង​នៅ​ឯ​ក្រុមហ៊ុន Sanitation Salvage យ៉ាង​ដូច្នេះ​ថា៖ «មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​សុទ្ធតែ​ស្គាល់ Gotto ទាំង​អស់។ ពួកគេ​នឹង​ឃើញ​គាត់​នៅ​លើ​រថយន្ត​ដឹក​សំរាម។ ទោះបីជា​ពួកគេ​មិន​ស្គាល់​ឈ្មោះ​គាត់​ក៏​ដោយ ក៏​ពួកគេ​ស្គាល់​មុខ​របស់​គាត់​ដែរ។ គាត់​ជា​ជនជាតិ​អាហ្វ្រិក​តែ​ម្នាក់​គត់​ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Sanitation Salvage នេះ»។

បើ​យោង​តាម​ការ​សម្ភាសន៍​ជាមួយ​នឹង​កម្មករ​បច្ចុប្បន្ន និង​អតីត​កម្មករ​របស់​ក្រុមហ៊ុន Sanitation Salvage នេះ​ចំនួន ១៥ នាក់ «បុរស​ជា​ជន​ទី ៣» ដូច​នេះ ជា​រឿយៗ​ទទួល​ប្រាក់​កម្រៃ​ជា​លុយ​សុទ្ធ ពី​ក្រុមហ៊ុន​ផ្ទាល់ ឬ​ពី​អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​ចម្បង។ បន្ទាប់​មក ពេល​ខ្លះ អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​ចម្បង​ទទួល​បាន​លុយ​ទាំង​នេះ​វិញ​ពី​ក្រុមហ៊ុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​កម្មករ​ទាំង​នេះ។

ការ​បង់​លុយ​ក្រៅ​ផ្លូវការ​ដូច​នេះ​គឺ​ជា​តឹកតាង​មួយ​បញ្ជាក់​អំពី​ការ​លំបាក​ក្នុង​ការ​ប្រមូល​សំរាម​នេះ​ឲ្យ​បាន​ទាល់​ពេល​វេលា។ សម្រាប់​ការ​ប្រមូល​សំរាម​ជា​ធម្មតា​មួយ​សម្រាប់​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់ Bronx នេះ​ដែរ រថយន្ត​ដឹក​សំរាម​ត្រូវ​ឈប់​យក​សំរាម​ប្រហែល​ជា ២ រយ​ដង​ឯណោះ។ ចំណែក​ឯ​សម្រាប់​ក្រុមហ៊ុន Sanitaiton Salvage វិញ ការ​ប្រមូល​សំរាម​ភាគ​ច្រើន​គឺ​តម្រូវ​ឲ្យ​រថយន្ត​ដឹក​សំរាម​ឈប់​យក​សំរាម​រហូត​ដល់​ជិត ១ ពាន់​ដង​ឯណោះ។

កម្មករ​ក្រុមហ៊ុន Sanitation Salvage បាន​បញ្ជាក់​ថា «បុរស​ជា​ជន​ទី ៣» ទាំង​នេះ​អាច​រក​ប្រាក់​កម្រៃ​បាន​ចាប់​ពី ៣០ ដល់ ៨០ ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់ សម្រាប់​ការ​ធ្វើ​ការ​រហូត​ដល់ ១៨ ម៉ោង ឬ​ក៏ ២០ ម៉ោង​ឯណោះ។

កាល​ពី​ឆ្នាំ ២០១៥ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​បាន​ធ្វើ​ឡើង ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន Sanitation Salvage បាន​ជំពាក់​កម្មករ​នានា​ចំនួន ៣ សែន ៨ ម៉ឺន ៥ ពាន់​ដុល្លារ​អាមេរិក សម្រាប់​ការ​ធ្វើ​ការ​បន្ថែម​ម៉ោង​របស់​កម្មករ​ទាំង​នោះ​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក។

ក្រុមហ៊ុន Sanitation Salvage បាន​អះអាង​ថា ខ្លួន​មិន​បាន​បើក​ប្រាក់​កម្រៃ​ដល់​កម្មករ​ទាំង​នោះ ដោយសារតែ​កម្មករ​ទាំង​នោះ​ចង់​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​កម្រៃ​ឲ្យ​សម្រាប់​ពេល​វេលា​ដែល​ពួកគេ​ចំណាយ​ពេល​លេច​សើច​ជាមួយ​នឹង​មិត្តភ័ក្ដិ។ នៅ​ពេល​ដែល​ក្រសួង​ការងារ​មិន​ប្ដឹង​ក្រុមហ៊ុន​នេះ​ទៅ​តុលាការ បញ្ហា​នេះ​ក៏​ត្រូវ​បាន​បញ្ចប់​ទៅ។

លោក Chirs Bourke ដែល​ជា​អ្នក​ប្រមូល​សំរាម​ចម្បង​ម្នាក់ ដែល​បាន​ជ្រើសរើស​លោក Mouctar Diallo នៅ​តាម​ដង​ផ្លូវ ឲ្យ​ជួយ​ប្រមូល​សំរាម បាន​និយាយ​ថា សម្រាប់​ការ​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់​ពេល​ដែល​តម្រូវ​ឲ្យ​កម្មករ​ធ្វើ​ការ​ច្រើន​ម៉ោង និង​អត់ធ្មត់​ខ្ពស់​នោះ «ប្រសិនបើ​អ្នក​គិត​មើល​ទៅ នោះ​យើង​ឃើញ​ថា គ្រោះថ្នាក់​នឹង​កើត​ឡើង​ជា​មិន​ខាន»។ ការងារ​ប្រមូល​សំរាម​គឺ​ជា​ការងារ​ងាយ​គ្រោះថ្នាក់​ដល់​ជីវិត​ទី ៥ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Chirs Bourke បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វា​មិន​ត្រឹមតែ​រឿង​ការ​ស្លាប់​របស់​លោក Mouctar Diallo ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ការ​ដូច​នេះ​គឺ​មាន​លក្ខណៈ​អមនុស្សធម៌។ ពួកគេ​នឹង​ឲ្យ​អ្នក​ធ្វើ​ការ​ដូច​ជា​ទាសករ​អញ្ចឹង។ អ្នក​អាច​ធ្វើ​ការ ១៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ទៅ​ផ្ទះ​ដេក ៤ ម៉ោង ហើយ​ងើប​មក​ធ្វើ​ការ​វិញ ១២ ម៉ោង​នៅ​ថ្ងៃ​បន្ទាប់»។

កន្លង​មក VOA និង​អង្គការ​សារព័ត៌មាន ProPublica បាន​ផ្ញើ​សំណួរ​ជា​ច្រើន​ទៅ​ឲ្យ​ក្រុមហ៊ុន Sanitaiton Salvage និង​មេធាវី​របស់​ក្រុមហ៊ុន​នេះ ដើម្បី​សួរ​អំពី​ការ​ស្លាប់​របស់​លោក Mouctar Diallo អំពី​ការណ៍​ដែល​អ្នក​បើក​រថយន្ត​ដឹក​សំរាម និង​អ្នក​ប្រមូល​សំរាម​ចម្បង​ប្រឌិត​រឿង​ឡើង អំពី​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន និង​អំពី​បញ្ហា​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​នឹង​ក្រសួង​ការងារ។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិន​បាន​ឆ្លើយតប​អ្វី​នោះ​ទេ។

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម​បាន​បញ្ជាក់​ថា ករណី​រថយន្ត​ដឹក​សំរាម​បុក​មនុស្ស​ស្លាប់​លើក​ទី​ពីរ​នេះ និង​សេចក្ដី​រាយការណ៍​នានា​អំពី​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ឈប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ ឬ​ក៏​ការ​ដំឡើង​ប្រព័ន្ធ​តាមដាន។

ប៉ុន្តែ សហជីព​ការងារ យុទ្ធនាការ​ដង​ផ្លូវ​ដែល​មាន​សុវត្ថិភាព និង​អង្គការ​សហគមន៍​សង្កាត់ Bronx កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Sanitation Salvage នេះ។

គណៈកម្មការ​សុចរិត​ភាព​អាជីវកម្ម​បាន​បញ្ជាក់​ថា៖ «យើង​យក​ចិត្ត​ទុក​ដាក់​ហ្មត់ចត់​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​កម្មករ​ទាំង​អស់​នេះ។ ប្រសិនបើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​សក្ដិសម​នឹង​ការ​ចាត់​វិធានការ​ដូច្នេះ​មែន នោះ​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ដក​ហូត​ភ្លាមៗ​តែ​ម្ដង»៕

លោក Georges Leonard Sagno នៃ VOA ផ្សាយ​ជា​ភាសា​បារាំង​ទៅ​កាន់​ទ្វីប​អាហ្រ្វិក រាយការណ៍បន្ថែម។

ប្រែ​សម្រួល​ដោយ ភី សុភាដា