រឿងក្ដីលោក កឹម សុខា នាំឲ្យអាមេរិកចេញមុខការពារខ្លួន

រូបឯកសារ៖ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ លោក​ W. Patrick Murphy នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​​អាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំ​​ដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។ (អូន​ ឆេង​ប៉រ​/VOA)

វា​ជា​រឿង​កម្រ​មួយ​ដែលឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក ​W. ​Patrick ​Murphy ​ មាន​វត្តមាន​ក្នុង​សវនាការ​កាត់​ក្តី​លោក ​កឹម សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មីនា។​

មិន​ត្រឹម​តែ​ចូលរួម​តាម​ដាន​សវនាការ​ពាក់​ព័ន្ធ​នឹង​«សំណុំ​រឿង​ក្បត់ជាតិ»នោះ​ទេ​ឯក​អគ្គ​រដ្ឋទូត​ដែល​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩ ​ក៏​បាន​ថ្លែង​សារ​រិះគន់​តុលាការ​ និងបង្ក​ឲ្យ​មាន​ប្រតិកម្ម​តប​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ​និង​ក៏​ដូច​ជា​ពី​សំណាក់​តំណាង​អយ្យការ។​

លោក ​Murphy ​បាន​ថ្លែង​កាល​នោះ​ថា៖ «អាមេរិកមាន​ការ​រំខាន​ចិត្ត ​ដោយ​ខាង​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​នូវ​រឿង​មិន​ពិត​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង​» ​ដែល​ថា​អាមេរិក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង​ចូល​ដៃ​ជាមួយ​បរទេស​ ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

អ្នក​វិភាគ​ដែលតាម​ដាន​ការ​វិវត្ត​នេះ​បរិយាយ​ថា​ រឿង​ក្ដី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​កំពុង​ស្ថិត​នៅ​ចំ​កណ្ដាល​ខ្សែ​ព្រ័ត្រ​ដែល​ម្ខាង​ជា​រដ្ឋាភិបាល​កម្ពុជា ​និង​ម្ខាងជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ ហើយ​អាមេរិក​ត្រូវ​តែ​ចេញ​មុខ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នេះ។​

សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ជា​ប្រតិកម្ម​ទៅ​នឹង​ឯក​អគ្គ​រដ្ឋទូត​អាមេរិក ​ ​ក្រសួង​ការ​បរទេសកម្ពុជា​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង ​ដោយ​ក្រសួង​បាន​បរិយាយ​ថាលោក ​Murphy ​បាន​បញ្ចេញ​«ឥរិយាបទ​គ្មាន​ការ​ទូត​ និង​ខ្វះ​ការ​គោរព»​ចំពោះ​រដ្ឋ​ម្ចាស់​ផ្ទះ ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​«យ៉ាង​ធ្ងន់​ធ្ងរ»​ដល់​ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា។​

លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០២០។ (ខាន់​ សុគុំមនោ/VOA)

លោក ​កឹម​ សុខា ​ដែល​ដំបូង​ត្រូវ​បាន​ចាប់​ខ្លួន ​ដោយសារ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បណ្ដាញ​ឃោសនា​បក្ស​កាន់​អំណាច​យក​មក​ចែក​ចាយ ដែល​គេ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​ថ្លែង​អំពី​ការ​ទទួល​ស្គាល់​ថា​សកម្មភាព​សិក្សា​រៀន​សូត្រ​អំពី​ប្រជា​ធិប​តេយ្យ ​និង​សិទ្ធិមនុស្ស ​ការ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ​និង​ដំណើរ​ការ​បក្ស​នយោ​បាយ ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហរដ្ឋ​អាមេរិក។​

អ្នក​តាមដាន​បាន​មើល​ឃើញ​ថា ​ សំណុំ​ក្ដី​លោក ​កឹម ​សុខា ​ស្ថិត​នៅ​ចំ​កណ្ដាល​រួច​ជា​ស្រេច ​និង​ជា​វិញ្ញាសា​ដ៏​សំខាន់​សម្រាប់​ការ​ទាក់​ទង​រាប់​អាន​គ្នា​ជា​ផ្លូវ​ការ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​ខណៈ​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ព្យាយាម​ស្ដាទំនាក់​ទំនង​ដែល​មិន​មាន​ភាព​ល្អ​ប្រសើរ​មួយ​នេះ។​

លោក ​ឯម​ សុវណ្ណារ៉ា ​អ្នក​អត្ថា​ធិប្បាយ​នយោបាយ​កម្ពុជា ​បាន​លើក​ឡើង​ថា ​ វា​ជា​រឿង​ចៀស​មិន​ផុត ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចេញ​មុខ​មក​បដិសេធ​ការ​លើក​ឡើង ​និង​ការ​ព្យាយាម​ដាក់​បន្ទុក​លើ​លោក ​កឹម ​សុខា ​តាម​រយៈ​ការ​សាក​សួរ​ពី​តំណាង​អយ្យការ​និង​មេធាវី​ដើម​បណ្ដឹង​របស់​រដ្ឋាភិបាល​ពី​ទំនាក់​ទំនង​លោក​ជាមួយ​អាមេរិក។​

លោក​បាន​លើក​ឡើង​ថា៖ «ហើយ​បរទេស​ហ្នឹង​សំដៅ​សំខាន់​ជាង​គេ​ហ្នឹង ​លើ​បទ​ចោទ​លោក ​កឹម​ សុខា ​ហ្នឹង ​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក។ ហើយ​ការណ៍​នេះ​នាំឲ្យ​ទូត​អាមេរិក​ហ្នឹង​គេ​ការ​ពារ​ខ្លួន ​គេ​អាច​លើក​បញ្ហា​នេះ​ដោយ​សារ​តែ​ហេតុ​ផល​អំណះ​អំណាង​ដែល​លើក​មក​ចោទ​នេះ ​វា​អត់​ទាន់​មាន​លក្ខណៈ​ពេញ​លេញ ​ធ្វើឲ្យ​អ្នក​រង​ការ​ចោទ​ប្រកាន់​ហ្នឹង ​គេ​អស់​ចិត្ត​ទេ»។​

បញ្ហា​ចម្រូង​ចម្រាស​ប្រទាញ​ប្រទង់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ​គឺ​នៅ​ត្រង់​ថា ​ ​បើ​សិន​ជា​មាន​ការ​កាត់​ទោស​លោក ​កឹម ​សុខា ឲ្យ​មាន​កំហុស ​ហាក់​មាន​ន័យថា​ ​សហរដ្ឋ​អាមេរិក​ពិត​ជា​បាន​ព្យាយាម​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន។​

តែ​បើ​សិន​ជា​តុលាការ​រក​មិន​ឃើញ​កំហុស​របស់​លោក ​កឹម ​សុខា​សំណួរ​នឹង​ត្រូវ​ចោទ​លើ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​ពាក់​ព័ន្ធ​នឹង​«ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌»។​

អ្នកវិភាគ ​ឯម ​សុវណ្ណារ៉ា ​បាន​លើក​ឡើង​បន្ត​ថា៖ «នេះ​ជា​ឧប​សគ្គ​មួយ​ជា​ចំណោទ​ដែល​ពិបាក​ដោះ​ស្រាយ​នៅ​ក្នុង​ឧបសគ្គ​នយោបាយ​កម្ពុជា​នោះ​បាទ»។

លោកបន្ត​ថា​ ការ​លុប​ចោល ​និង​ការ​លើក​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ដែល​គ្រោងកាល​ពី​ដើម​មីនា ​ខណៈ​វីរុស​កូរ៉ូណា​កំពុង​រាត​ត្បាត ​នោះបាន​នាំ​ឲ្យ​ខក​ខាន​ឱកាស​ដែល​មេដឹក​នាំ​ប្រទេស​ទាំង​ពីរ​ មិន​អាច​ជួប​ប្រជុំ​គ្នា​និយាយ​រឿង​ដោះ​ស្រាយ​ទំនាក់​ទំនង។​

​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)​

វត្តមាន​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត ​Murphy ​នៅ​សាលា​ដំបូង ​កើត​មាន​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ថ្លែង​មិន​ចំ​ឈ្មោះ​លើ​សំណុំ​រឿង​«ផ្ដួល​រំលំ​រដ្ឋាភិបាល»។

លោកថ្លែង​យ៉ាង​ដូច្នេះ​ថា៖ ​«មិន​អាច​ឲ្យ​អា​អ្នក​ត្រូវ​ជាប់​ទោស ​ ​មិន​បាន​កាត់​ទោស​នោះ​ទេ»។

ក្រោយ​មក​បណ្ដាញ​ព័ត៌មាន​ Fresh​ News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​លើក​ឈ្មោះ​លោក ​កឹម ​សុខា។​

កញ្ញា ​កឹម​ មនោវិទ្យា ​កូនស្រី​ច្បង​របស់​លោក ​កឹម ​សុខា​ និង​ជា​អតីត​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្សសង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ វត្ត​មាន​និង​ការ​ថ្លែង​របស់​លោក ​Murphy ​បង្ហាញ​ថាអាមេរិក​នៅ​តែ​ក្រាញ​ននៀលត​ទល់​នឹង​អាជ្ញាធរកម្ពុជា​លើ​សំណុំ​រឿង​ឪពុក​របស់​កញ្ញា។​

កញ្ញា​ប្រាប់​VOA​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «យើង​គួរ​តែ​អាច​រំពឹង​ថា​ ​នឹង​មាន​ការ​ឆ្លើយ​តប​ជា​បន្ត​បន្ទាប់ ​[ពី​សហ​រដ្ឋ​អាមេរិក] បើ​សិន​ជា​របប​ដឹក​នាំ​ប្រទេស​មិន​ទម្លាក់​បទ​ចោទ​នេះ​ទេ​នោះ»។​

លោក បុង ​ចាន់​សម្បត្តិ ​បេក្ខជន​ថ្នាក់​អនុបណ្ឌិត ​ជំនាញ​សិក្សា​កិច្ចការ​សន្តិសុខ ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​Kansas​(Kansas ​State ​University) ​សហ​រដ្ឋ​អាមេរិក ​បាន​លើក​ឡើង​ថា​ វត្តមាន ​និង​សេចក្ដី​ថ្លែង​របស់​លោក ​Murphy​ នឹង​មាន​តម្លៃ​ជា​«និមិត្តរូប»​ជា​ជាង​មាន​ទម្ងន់​ជាក់​ស្ដែង។​

លោក​ប្រាប់​VOA​តាម​សារ​អេឡិច​ត្រូនិក​ក្នុង​ន័យ​ដើម​ថា៖​ «រឿង​មួយ​ភាគ​នេះ​គឺ​ជា​ដំណាក់​កាល​ត​ទល់​តម្លៃ​គ្នា​ដ៏​វិសេស​មួយ​បែប ​ដែល​ក្នុង​នោះ​ទាំង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​ទាំង​រដ្ឋាភិបាល​កម្ពុជា ​សុទ្ធ​តែ​បញ្ចុះ​បញ្ចូល​ភាគី​ម្ខាងៗ​ឲ្យ​ព្រម​យក​ការ​ទាម​ទារ​របស់​ខ្លួន ​ហើយចាំមើលថា​ ​តើនរណានឹងតាម​នរណា​មុន»។​

អ្នក​សិក្សា​ផ្នែក​កិច្ច​ការ​សន្តិសុខ​រូប​នេះ​បាន​បន្ត​ប្រាប់​VOA​ ដោយ​បង្ហាញ​ការ​ព្យាករណ៍​របស់​លោក​ថា ​លោក ​កឹម ​សុខា មុខ​តែ​ត្រូវ​កាត់​ឲ្យ​មាន​ទោស​កំហុស។​

លោក ​បុង ​ចាន់​សម្បត្តិ ​បាន​បន្ថែម​ថា៖ «វា​ជា​រឿង​ដែល​មិន​ទាន់​ប្រាកដ​ច្បាស់​នោះ​ទេទៅ​លើ​ថា ​តើ​លោក​[កឹម​សុខា]​អាច​នឹង​ទទួល​បាន​នីតិ​សម្បទា​ផ្នែក​នយោបាយឡើង​វិញ​ឬ​អត់​តាម​រយៈ​ការ​ផ្ដល់​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ បន្ទាប់​ពី​ចប់​រឿង​ក្ដី ​ ទោះ​បី​ជា​ការណ៍​នេះ​មិន​មែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ក៏​ដោយ»។​

លោក ​កឹម សុខា ​និង​លោក ​សម ​រង្ស៊ី ​បាន​រួបរួម​គ្នា ​កាល​ពី​ឆ្នាំ​២០១២ ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គូ​ប្រជែង​ដ៏​មុត​ស្រួច​ជាមួយ​គណបក្ស​របស់​លោក​ ហ៊ុន សែន ​នៅ​ក្នុង​ការ​បោះ​ឆ្នោតឆ្នាំ​២០១៣។ ​ គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ចំនួន​៥៥​ ​ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ពី​៩០​មក​នៅ​ត្រឹម​៦៨​អាសនៈ​តែ​ប៉ុណ្ណោះ។​

លោក ​ស៊ុន ​គឹម ​គ្រូ​ឧទ្ទេស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​បាន​លើក​ឡើង​ថា ​ កូន​សោរ​សម្រាប់​សេរីភាព​លោក ​កឹម​ សុខា ​ស្ថិតក្នុង​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ការណ៍​ដែល​លោក ​សម ​រង្ស៊ី ​និង​លោក​កឹម ​សុខា​បន្ត​នៅ​ជាមួយ​គ្នា ​មិន​មែន​ជា​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន​ឡើយ។

កូនស្រី​របស់​លោក ​កឹម សុខា ​គឺ​កញ្ញា ​កឹម ​មនោវិទ្យា ​លើក​ថា​ បើ​សិន​ជា​តុលាការ​កាត់​ទោស​លោក ​កឹម ​សុខា ​បាន​ន័យ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​«សុឆន្ទៈ»​រាប់​អាន​សហ​រដ្ឋ​អាមេរិក​ដោយ​សុទ្ធ​ចិត្ត​នោះ​ទេ។​

រដ្ឋា​ភិបាលក​ម្ពុជា​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ សំណុំ​រឿង​លោក ​កឹម​ សុខា ​ជា​កិច្ច​ការ​តុលាការ ​ ហើយ​កម្ពុជា​អនុវត្ត​តាម​ច្បាប់​របស់​ខ្លួន។ ​ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​រដ្ឋាភិបាល​ក៏​បាន​ព្យាយាម​ស្នើ​តាង​ឈ្មោះ​ប្រទេស​នានា​ដែលត្រូវលើក​យក​មក​និយាយ​ក្នុង​សវនាការ ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់​គ្នា ​និង​ការពារ​ថែរក្សាទំនាក់​ទំនង​កម្ពុជា​ជា​មួយ​ប្រទេស​ដទៃ​ទៀត៕​