ខេត្តព្រះសីហនុ — កញ្ញា អ៊ុន ណេង និងឪពុកម្ដាយ គឺជាកម្មករសំណង់ដែលបានមកបម្រើការងារឱ្យការសាងសង់សំណង់អគារខុនដូរបស់ក្រុមហ៊ុនចិនមួយ ក្នុងខេត្តព្រះសីហនុ ចាប់តាំងពីពាក់កណ្ដាលខែមេសា។ ការងារចម្បងរបស់យុវតីវ័យ ១៦ឆ្នាំរូបនេះ គឺជញ្ជូនគ្រឿងកំបោរពីជាន់ក្រោមទៅផ្គត់ផ្គង់ ឲ្យកម្មករជំនាញនៅជាន់ខាងលើនៃអគារដែលសង់បាន៧ជាន់រួចមក ដើម្បីប្ដូរយកកម្រៃប្រចាំថ្ងៃ១១ដុល្លារអាមេរិក។
ដូចសព្វមួយដង ពេលរាត្រីមកដល់ កម្មការិនីមកពីខេត្តក្រចេះរូបនេះ តែងតែសម្រាកក្បែរឪពុកម្ដាយនាងនៅជាន់ទីបីនៃសំណង់អគារខុនដូរបស់ក្រុមហ៊ុន Xi Gang Tang Gong Gou Ji Haosao តាមបណ្ដោយវិថី៧មករា ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នាវេលាទៀបភ្លឺថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ខណៈយុវតីវ័យ១៦ឆ្នាំរូបនេះ ឪពុកម្ដាយ និងកម្មករកម្មការិនីប្រមាណជិត៦០នាក់ កំពុងទទួលទានដំណេកលង់លក់ សំឡេងស្រឹបៗ បានលាន់សូរឡើង ហើយក៏បាក់រលំសង្កត់អ្នកស្នាក់នៅទទួលទានដំណេកទាំងអស់១ជាន់ម្តងៗ។
«ងងឹតសូន្យទាំងអស់»។ នេះគឺជាសម្ដីរបស់យុវតី អ៊ុន ណេង ដែលបានប្រាប់ VOA ខណៈកំពុងស្នាក់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយរៀបរាប់ពីការជាប់ក្នុងគំនរបែកបាក់អស់ជិត ២៤ម៉ោង។
នាងបន្តថា ក្រោយពេលឮសំឡេងសន្ធឹកបាក់រលំធ្លាក់ អ៊ុន ណេង ភ្ញាក់ដឹងខ្លួន ទាំងមានវត្ថុរឹងសង្កត់ជាប់ចំក្បាល ហើយអ្វីៗនៅជុំវិញខ្លួនក្លាយជាស្ងប់ស្ងាត់ និងរូបភាពខ្មៅទាំងស្រុង។
«អត់មានធ្វើអ្វីទេ ប្រឹងរុល និយាយទៅអត់បានធ្វើអ្វីផង … ស្រែកតែអត់មានពីណាឮ តែអ្នកនៅលើហ្នឹង ខ្ញុំឮទាំងអស់ គេកាយរកមនុស្សអ៊ីចឹង ឃើញទីនេះប៉ុន្មាននាក់ ទីនោះប៉ុន្មាននាក់ឮដឹងទាំងអស់»។
នារីវ័យក្មេងរូបនេះគឺជាអ្នករស់រានមានជីវិតទី២៤ ដែលត្រូវបានសង្គ្រោះក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃការបាក់រលំអគារ ដោយត្រូវបានទាញចេញពីគំនរអាគារបាក់បែក ក្នុងប្រតិបត្តិការពិសេសមួយពេញមួយចុងសប្ដាហ៍មុន និងដើមសប្ដាហ៍នេះ។
យុវតី អ៊ុន ណេង គឺជាអ្នករស់រានមានជីវិត១ ក្នុងចំណោម២៦រូបដែលសេសសល់ពីការស្លាប់ ក្រោយអាគារកម្ពស់៧ជាន់ ដែលមានអ្នកវិនិយោគជាជនជាតិចិន បាក់ស្រុតកាលពីព្រហាមមុនថ្ងៃរះថ្ងៃសៅរ៍។ មានមនុស្ស២៨ នាក់បានស្លាប់ ដែលរួមទាំងម្ដាយឪពុករបស់យុវតី អ៊ុន ណេង គឺលោក ទេព ណី វ័យ៤៥ឆ្នាំ និងអ្នកស្រី ព្រុំ ដែន វ័យ៤៥ឆ្នាំផងដែរ។
យុវតីរូបនេះ ដែលនៅគេងក្បែរឪពុកម្ដាយ នាពេលកើតហេតុ បានរៀបរាប់ប្រាប់ VOA បន្តថា ខ្លួនបានដឹងថាបាត់បង់ពួកគាត់ទាំងពីរ តាំងពីពេលអគារបាក់ភ្លាម៖
«ដឹងទាំងអស់ ដឹង ចាស៎ និយាយទៅ ពេលធ្លាក់មកហ្នឹង ពួកគាត់ស្រែកអី ស្មើគ្នាតែមួយអ៊ឺះហ្នឹង ស្ងាត់រហូត ដេកជាមួយគ្នា ចាស៎ គ្រាន់តែរលំមក ពួកគាត់នេះតែម្នាក់មួយអ៊ឺះ ស្ងាត់រហូត ហើយប៉ះដៃជើងពួកគាត់ ត្រជាក់អស់ហើយ ត្រជាក់ដូចទឹកកកហើយ»។
និយាយដល់ចំណុចនេះ អ៊ុន ណេង ប្រែជាស្ងប់ស្ងាត់ ស្រពាប់ស្រពោន មុននឹងបន្តប្រាប់អ្នកសារព័ត៌មាន VOAថា ខ្លួនអាចរស់រានមានជីវិតបានអាស្រ័យនឹងការទទួលទានទឹកដោះជូរកំប៉ុង ដែលបានទិញទុកពីល្ងាចមុនថ្ងៃកើតហេតុ និងបានទុកនៅក្បែរទីដំណេក។
ការបាក់រលំអគារនេះ នាំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបត្រឡប់ពីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសថៃ ប្រញាប់រូតរះធ្វើដំណើរទៅពិនិត្យប្រតិបត្តិការរុករកនិងជួយសង្គ្រោះ ដែលប្រើប្រាស់កងកម្លាំងចម្រុះជាង ១៤០០នាក់។
ប្រតិបត្តិការជួយសង្គ្រោះបានប្រព្រឹត្តទៅទាំងយប់ទាំងថ្ងៃដោយចំណាយពេលជាង៦០ម៉ោង អូសបន្លាយមកដល់ពេលព្រលប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នៅទីបំផុត ក្រុមសង្គ្រោះបានយកចេញអ្នករស់រានមានជីវិតពីររូបផ្សេងទៀតដែលនៅជាប់យូរជាងគេ ដែលក្នុងនោះមានលោក រស់ ស៊ីថា ផងដែរ។
សម្រាកនៅក្បែរនឹងកញ្ញា អ៊ុន ណេង នោះដែរ លោក រស់ ស៊ីថា ដែលត្រូវបានសង្គ្រោះនារង្វង់ម៉ោង៤រសៀល ថ្ងៃទី២៤ ខែមិថុនានោះ បានថ្លែងថា ខណៈពេលកំពុងកើតហេតុ លោកបានភ្ញាក់ពីដំណេករួចទៅហើយ និងកំពុងតែដេកននៀលលេងទូរស័ព្ទដៃ ដែលនៅជាប់សាកថ្មក្បែរក្បាលដំណេក។
លោក រស់ ស៊ីថា អាយុ៤០ឆ្នាំ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំដេក គ្រាន់តែដេកផ្អៀងកាន់ទូរស័ព្ទ ស្រាប់តែឮសំឡេងធ្លាក់ពីលើមក ប្រហែលជា១០នាទី ធ្លាក់ពីលើមក ព្រូស ព្រូស ព្រូស មក វាលឿនមែនទែន នៅធ្លាក់ហ្នឹង ធ្លាក់រហូតទៅដល់ដីតែម្ដង។ ខ្ញុំឮសំឡេង ខ្ញុំថាសំឡេងគេខាងក្រៅទេស្រាប់តែដល់ខាងក្នុងហ្នឹង វាខ្ទរមក បុកពីលើខ្ញុំមក ក្ឌុងមក ខ្ញុំធ្លាក់ព្រឹប ទៅខាងក្រោម ខ្ញុំថាហ្អ៎អគារហ្នឹងបាក់ហើយ ខ្ញុំមិនដឹងធ្វើម៉េចចេញរួចទេ។ ខ្ញុំស្រវេស្រវាតេទៅរកគេ តែតេមិនចេញ ទូរស័ព្ទ»។
ដោយស្ថិតក្នុងសភាពហេវហត់ស្រេកឃ្លាន អស់កម្លាំង ជាមួយនឹងក្មួយប្រុសបង្កើតកប់នៅក្រោមគំនរដុំថ្មដែលបែកបាក់ អ្នកទាំងពីរក៏បានវះយកគ្រាប់អង្ករម្នាក់មួយក្ដាប់ដៃ ពីកញ្ចប់អង្ករដែលនៅក្បែរនោះ ដើម្បីទទួលទានទាំងពិបាកលេប ហើយត្រូវទ្រាំដកដង្ហើមក្នុងបរិយាកាសតូចចង្អៀតដែលគ្របដណ្ដប់ក្លិនសាកសពសហការីដែលចាប់ផ្ដើមហើមរលួយ។
លោក រស់ ស៊ីថា ដែលទើបបានមកបំពេញការងារនៅការដ្ឋានកើតហេតុបានពីរខែ បានបន្តប្រាប់ VOA ថា៖
«អាកន្លែងពេលហប់ខ្លាំង វាអាចនឹងជិតស្លាប់ដែរ។ ពេលដែលខ្ញុំរើបម្រះ ដោយដេកទៅវាស្រគាលខ្នងពេក អ៊ីចឹងប្រឹងរើប្រឹងរាល ប៉ះគ្នាជាមួយក្មួយនោះ វាថប់ដង្ហើម ពេលហ្នឹងប្រឹងសម្រួលអារម្មណ៍ សម្រួលដង្ហើម»។
ខេត្តព្រះសីហនុបានទទួលការវិនិយោគយ៉ាងជោកជាំ និងការមកដល់យ៉ាងគគ្រឹកគគ្រេងពីសំណាក់ជនជាតិចិន នារយៈពេលប្រមាណជាង២ឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) មកកាន់ទីក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ។
ការចាក់បញ្ចូលសាច់ប្រាក់វិនិយោគយ៉ាងគំហុកនេះ បាននាំឱ្យមានការរៀបចំការដ្ឋានសំណង់តូចធំ ច្រើនស្អេកស្កះ នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដើម្បីសាងសង់ សណ្ឋាគារ សំណង់លំនៅឋាន អគារខ្ពស់ៗ និងកាស៊ីណូ ជាគម្រោងរបស់ចិន និងដែលនាំឱ្យវិស័យសំណង់ និងតម្លៃអចលនទ្រព្យ ក្នុងខេត្តនេះ ហក់ឡើងភ្លាមៗ។
តែការហូរសម្រុកមកភ្លាមៗបែបនេះ ក៏បានបង្កជាបញ្ហាផងដែរ ដែលធនាគារពិភពលោក ធ្លាប់បានព្រមានក្នុងអំឡុងខែសីហាឆ្នាំ២០១៨កន្លងទៅ ពីការហូរចូលលើសពីអ្វីដែលអាចគ្រប់គ្រងបាន ដែលសំណង់ខ្លះមិនបានសុំការអនុញ្ញាតត្រឹមត្រូវ ក្នុងទម្លាប់ដែលគេហៅថា «សាងសង់ជាមុន ចាំទទួលអាជ្ញាប័ណ្ណតាមក្រោយ»។
ការកើនឡើងនៃវិស័យសំណង់ក្នុងខេត្តនេះ បានទាញយកកម្លាំងពលកម្មពីទីកន្លែងនានាក្នុងប្រទេសមកបម្រើការងារ។ ក្នុងនោះក៏មានយុវជន កាក់ គា វ័យ១៨ឆ្នាំផងដែរ ដែលបានមកធ្វើការនៅការដ្ឋានកើតហេតុនេះ ពីរថ្ងៃមុនពេលបាក់រលំ។
កាក់ គា ដែលជាប់ជាមួយនឹងលោក រស់ ស៊ីថា ជាឪពុកមាអស់រយៈពេលជិត៦០ម៉ោង នៅក្រោមបំណែកថ្ម និងឥដ្ឋ បានឱ្យដឹងថា៖
«គ្មានសង្ឃឹមទេ នៅ[ជាប់]តែបួនប្រាំម៉ោងទៀត ចប់!»។
«លែងមានកម្លាំងបែកញើសស្រាក់ៗ ស្រែកក៏លែងចង់ឮ! ... ប្រហែលជាបំភ្លេចមិនបានទេ នៅចាំ»។
បន្ទាប់ពីចេញពីមន្ទីរពេទ្យទៅ យុវជន កាក់ គា មានគម្រោងទៅបន្តរៀនយកជំនាញជាជាងជួសជុល ដែលប៉ងប្រាថ្នាយូរមកហើយ តែមិនបានសម្រេចដោយយុវជនរូបនេះនិយាយថា ខ្លួនគ្មានលុយរៀន ហើយត្រូវមកធ្វើសំណង់សន្សំប្រាក់មុននឹងជួបគ្រោះថ្នាក់តែម្ដង។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា បានឱ្យដឹងថា ការងារសំណង់នៅតែស្ថិតក្នុងចំណោមរបរដែលងាយរងគ្រោះថ្នាក់បំផុតនៅកម្ពុជា ហើយលោកថាកន្លងទៅ ករណីគ្រោះថ្នាក់ការងារសំណង់តែងត្រូវបានសម្រុះសម្រួលគ្នាបង់ជាសំណង ហើយអ្នកពាក់ព័ន្ធមិនសូវត្រូវបានគេអូសទៅទទួលខុសត្រូវផ្លូវច្បាប់នោះទេ។
ប្រធានសហជីពរូបនេះបានប្រាប់ VOAថា៖
«វិស័យសំណង់ យើងគិតទៅនេះមិនមែនជាលើកទី១ទេ ដែលគ្រោះថ្នាក់នៅកម្ពុជា។ គ្រាន់តែថាលើកនេះវាធ្ងន់ជាងមុនច្រើនចឹងណា ... ករណីហ្នឹងវាមានច្រើនដែលគ្រោះថ្នាក់មិនបានសំណង ដោយមានអាថ៌កំបាំង ក្នុងការឃុបឃិតពាក់ព័ន្ធអាជ្ញាធរ ដូចថាមានការឲ្យលុយតិចតួចដើម្បីបញ្ចប់រឿង»។
ទោះជាមានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់បែបនេះក្ដី កម្មករកម្មការិនីបម្រើការងារក្នុងវិស័យសំណង់អាចនឹងនៅតែបន្តធ្វើការទាំងរងហានិភ័យដល់រូបរាងកាយ បើទោះបីជាមានក្ដីតក់ស្លុតពីករណីបាក់អគារនៅខេត្តព្រះសីហនុយ៉ាងណាក្ដី។
នេះបើយោងតាមលោក សុខ គីន ដែលបាននិយាយបន្តទៀតថា៖
«តាមការយល់ឃើញរបស់ខ្ញុំកម្មករសំណង់គាត់នៅតែបន្តអាជីពរបស់គាត់ គ្រាន់តែថាពេលនេះគាត់មានការព្រួយបារម្ភ។ ដោយសារថាការគិតរបស់គាត់ហ្នឹង គាត់មិនសូវស៊ីជម្រៅនូវបញ្ហាទាំងអស់ហ្នឹង បានន័យថា គាត់ឃើញភ្លាមគាត់តក់ស្លុតមួយភ្លែតមែន តែនៅធ្វើការកន្លែងផ្សេងអញ្ចឹងទៅ»។
អ្នករស់រានមានជីវិតម្នាក់ទៀត លោក ផាត សុផល បានធ្វើចំណាកស្រុកចេញពីខេត្តព្រៃវែង មកបម្រើការងារនៅការដ្ឋានកើតហេតុខាងលើកាលពីពេលថ្មីៗនេះ។ លោកបានជាប់អស់រយៈពេល៦ម៉ោងក្នុងគំនរបាក់បែក បន្ទាប់ពីអគារបានបាក់ពេលលោកកំពុងស្ថិតក្នុងដំណេក។
បុរសវ័យ៣៧ឆ្នាំរូបនេះបានឱ្យដឹងថា៖
«ខ្ញុំអត់បានក្រោកផងហ្នឹង លែងបាក់ៗ គ្រាន់តែរលីវៗ គ្មានចាប់អារម្មណ៍ថាវាបាក់អគារទេ។ យើងស្មានអត់ដល់ ពេលគ្រាន់តែបាក់មកសង្កត់បណ្ដោយ! សង្កត់ចំ តែវាអត់ដល់ បង! វាដូចថាបានអាពិដានទ្រ ផ្ទួនៗសង្កត់តគ្នា តែដល់ពេលយូរទៅៗ វាចេះតែស្រុតដល់យើងដែរ ធ្ងន់ទៅៗ»។
លោក ផាត សុផល បានបន្តទៀតថា៖
«អារម្មណ៍ភ័យ! មិននឹកស្មានថានៅរស់! … មើលអីអត់ឃើញទេបង។ ងងឹត ងងឹតសូន្យតែម្ដង!»។
ព្រឹត្តិការណ៍នេះបាននាំឱ្យលោកនាយករដ្ឋមន្ត្រីដកតំណែងលោក ញឹម វណ្ណដា ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំពោះការឆ្លើយតបយឺតយ៉ាវទាក់ទងនឹងការជួយសង្គ្រោះ។ លោក យន្ត មីន ជាអភិបាលខេត្តព្រះសីហនុក៏ត្រូវបង្ខំចិត្តលាលែងពីតំណែងផងដែរ។
យ៉ាងណាក្ដី បន្ទាប់ពីដកតំណែង និងចុះចេញមិនបានប៉ុន្មានថ្ងៃផង លោក ញឹម វណ្ណដា ដែលរងការបរិហារធ្ងន់ៗពីនាយករដ្ឋមន្ត្រី ចំពោះការ«ខ្វះទំនួលខុសត្រូវនិងភូតភរ» រហូតលោកថា ទេសរដ្ឋមន្ត្រីរូបនេះ កំពុង«នៅជាមួយស្រីម្នាក់នៅខេត្តកំពតទៀតផង» ពេលចាប់ផ្ដើមប្រតិបត្តិការសង្គ្រោះនោះ លោកត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ត្រីដដែល។
រីឯលោក យន្ត មីន ក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងដំឡើងឋានន្តរស័ក្ដិ ជានាយឧត្ដមសេនីយ៍ ផ្កាយមាសបួន នៃកងយោធពលខេមរភូមិន្ទថែមទៀតផង។ ករណីតែងតាំងលោក ញឹម វណ្ណដា និងលោក យន្ត មីន នេះបានបង្កឱ្យប្រតិកម្មចម្រុះពីសាធារណមតិ ដែលមានខ្លះរិះគន់ចំណាត់ការនេះផងដែរ។
ជនជាតិចិនប្រាំនាក់ដែលជាម្ចាស់ការដ្ឋាន មេការ និងជាង បូករួមនឹងកម្មករជំនាញជនជាតិវៀតណាមម្នាក់ និងជាងដែកនៅទីការដ្ឋានម្នាក់ជាជនជាតិខ្មែរម្នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់និងឃុំខ្លួន ដោយខ្លះរងបទចោទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ហើយខ្លះទៀតរងការចោទពីបទសមគំនិត។
មិនទាន់មានមន្ត្រីពាក់ព័ន្ធណាផ្សេងទៀតត្រូវបានគេបង្ខំឱ្យលាលែង ឬត្រូវបានស៊ើបអង្កេត ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយទេ គិតត្រឹមថ្ងៃសុក្រចុងសប្ដាហ៍នេះ។ គណៈកម្មការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ដោយលោក ហ៊ុន សែន ហើយត្រូវបានដាក់ឱ្យពិនិត្យគុណភាពសំណង់នៅទូទាំងខេត្តតែម្ដង។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនៅសប្ដាហ៍នេះ បានសរសេរលិខិតមួយស្នើទៅលោក ហ៊ុន សែន សុំគោលការណ៍ ចាត់វិធានការលើសំណង់ការដ្ឋានខុសច្បាប់ ដោយទទូចឱ្យមានការសហការពីក្រសួងស្ថាប័ននានា ធានាសំដៅទៅដល់ការបង្ក្រាបសំណង់ខុសច្បាប់ឱ្យប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំមួយនៅខេត្តព្រះសីហនុកាលពីថ្ងៃពុធ លោក ជា សុផារ៉ា ផ្ទាល់បានដាក់ការព្រមានឱ្យមានការចាត់ការសំណុំរឿងទៅតុលាការ ចំពោះម្ចាស់សំណង់គ្មានច្បាប់អនុញ្ញាត និងសម្លឹងទៅរកការត្រួតពិនិត្យជាប្រចាំលើលិខិតស្នាម និងគុណភាពសំណង់ក្នុងខេត្តព្រះសីហនុ និងខេត្តរាជធានីដទៃៗទៀត។
លោករដ្ឋមន្ត្រីរូបនេះ ត្រូវបានដកស្រង់សម្ដីក្នុងកំណត់ផ្សាយព័ត៌មានមួយនៃសាលាខេត្តព្រះសីហនុយ៉ាងដូច្នេះថា៖
«គណៈកម្មការនឹងចុះធ្វើការងារនេះ ដោយប្រាកដប្រជាបំផុត និងព្រមទាំងបានរំលឹកម្ចាស់សំណង់ទាំងអស់ ឱ្យត្រៀមឯកសារទាក់ទិននឹងសំណង់របស់ខ្លួន និងកុំមានទម្លាប់ពេលគណៈកម្មការចុះទៅ ហុចស្រោមសំបុត្រ»។
លោក យន្ត មីន ជាអភិបាលខេត្តជិតផុតអាណត្តិ ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សំណង់ដែលបាក់រលំខាងលើធ្លាប់ត្រូវបានអាជ្ញាធរឃាត់មិនឱ្យបន្តការងារពីរដងរួចមកហើយ តែការងារសាងសង់នៅទីតាំងដដែលនៅតែបន្តរហូតដល់ជួបហេតុការណ៍បាក់រលំដ៏ប្រល័យនេះតែម្ដង។
ត្រង់ចំណុចនេះ លោក សុខ គីន នៃសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា បានលើកឡើងថា នៅមានចំណុចសង្ស័យជាច្រើន ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់នេះ ហើយលោកស្នើឱ្យរកមន្ត្រីពាក់ព័ន្ធនឹងការអនុញ្ញាតនោះមកបំភ្លឺ។
«ធម្មតាប្រជាពលរដ្ឋ សូម្បីតែសាងផ្ទះមួយល្វែងសម្រាប់គ្រួសាររបស់គាត់ ក៏មានអាជ្ញាធរមកឃាត់ មកសួរ មកនាំអីដែរ ឲ្យសុំច្បាប់សុំអីដែរ។ ចុះហេតុអីបានជាអគារដល់៧ជាន់អត់ច្បាប់សាងសង់បាន។ អាហ្នឹងបានថាមានអាថ៌កំបាំងមានអីហ្នឹង។ មានអំពើពុករលួយនៅស្ថាប័នដែលពាក់ព័ន្ធ»។
និយាយទៅដល់យុវតី អ៊ុន ណេង វិញ នៅពេលដែលសួរថានឹងមានគម្រោងធ្វើអ្វីបន្ទាប់ពេលចេញពីមន្ទីរពេទ្យវិញ កញ្ញាបានលើកឡើងថា នាងនឹងធ្វើដំណើរទៅកាន់ផ្ទះកំណើតនៅខេត្តក្រចេះវិញ ជាមួយធាតុរបស់ឪពុកម្ដាយខ្លួន។ តែនាងក៏មិនទាន់គិតឃើញថានឹងធ្វើអ្វីបន្តនោះដែរ ដ្បិតទើបបាត់បង់ឪពុកម្ដាយ ក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើ៕
សេចក្ដីកែតម្រូវ៖ កំណែមុននៃអត្ថបទនេះបានរៀបរាប់ថា មាន«ម្ចាស់ដីជនជាតិខ្មែរម្នាក់» ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ដែលតាមពិត ជនជាតិខ្មែរម្នាក់ដែលត្រូវបានចោទប្រកាន់និងឃុំខ្លួនមានតួនាទីជាជាងដែកនៅទីការដ្ឋាននោះ។