ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ នាំ​ឲ្យ​គ្រួសារ​មួយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​ថ្លៃ​ព្យាបាល​មាន​ភាព​ចម្រូង​ចម្រាស

អ្នកស្រី ម៉ា ភារ៉ាវី អាយុ៤១ឆ្នាំ ជា​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្តល់​បទសម្ភាសន៍​ដល់VOAនៅ​មន្ទីរពេទ្យ​លោកសង្ឃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

អ្នកស្រី​ ម៉ា ភារ៉ាវី​ កំពុង​មើល​ថែ​ស្វាមី ​ដែល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ក្នុង​រាជធានី​ភ្នំពេញ។ ​អ្នកស្រី​និង​ស្វាមី ​លោក ​បឿន បុល ​អាយុ​៤៣​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ផ្ទាល់​ខ្លួន​មក​ភ្នំពេញ​ចម្ងាយ​ផ្លូវ​ជាង​២០០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ក្នុង​ភូមិ​ស្វាយប៉ាក​ ឃុំ​ព្រងិល ​ស្រុក​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់​ ក្នុង​គោល​បំណង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីក្រុង។

អ្នកស្រី​ ភារ៉ាវី​ អាយុ​៤១​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​អ្នកស្រី ​ស្វាមី ​និង​កូន​ប្រុស​បាន​បាត់​បង់​ការងារ​ជា​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ខែ​មីនា ​ដោយ​សារ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ខ្វះ​សម្ភារៈ​សំណង់​ ខណៈ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដូច្នេះ​កម្មករ​ត្រូវ​ព្យួរ​ពី​ការងារ​សិន។

នៅ​ក្នុង​បន្ទប់​មួយ​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដែល​មាន​អ្នក​ជំងឺ​ជាង​១០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​អ្នកស្រី ​ភារ៉ាវី ​ដែល​មាន​កូន​៤​នាក់​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អ្នកស្រី​មិន​មាន​ការងារ​ធ្វើ​នោះ​ទេ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​ក្រៅ​ពី​ដក​ផ្សិត​ធម្មជាតិ​ក្នុង​ព្រៃ​មក​លក់ ​ហើយ​ការងារ​នេះ​រក​ចំណូល​មិន​សូវ​បាន ហើយ​ជួន​អត់​ ជួន​មាន។

ខណៈ​ប្រឈម​នឹង​បំណុល​ ហើយ​មិន​មាន​ការងារ​ធ្វើ​ទៀង​ទាត់ ​អ្នកស្រី​ក៏​សម្រេច​ចិត្ត​មក​ភ្នំពេញ​ជាមួយ​ស្វាមី ​និង​កូន​២​នាក់ ​ដែល​ក្នុង​នោះ​មាន​កូនស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ​ឈ្មោះ ​បឿន សុផាន់ណា ​រៀន​ថ្នាក់​ទី​៨​ ដែល​អ្នកស្រី​មាន​បំណង​ឲ្យ​ធ្វើ​ការ​សិន​ ដោយ​សារ​សាលា​រៀន​បិទ។

Your browser doesn’t support HTML5

ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ នាំ​ឲ្យ​គ្រួសារ​មួយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​ថ្លៃ​ព្យាបាល​មាន​ភាព​ចម្រូង​ចម្រាស

អ្នកស្រី​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «ក៏​ចូល​ឆ្នាំ ​ចូល​អី​ហើយ​ហ្នឹង ​ក៏​នៅ​តែ​ផ្ទះ​ទៅ​ ក៏​ប្អូន​ហៅ​មក​ធ្វើ​ការ​ហ្នឹង ​ក៏​សម្រេច​ចិត្ត​នាំ​កូន​ចៅ​មក ​មក​ទាំង​អស់​ទៅ»។​

មូលហេតុ​ដែល​អ្នកស្រី​ឲ្យ​កូន​ពីរ​នាក់ ​ម្នាក់​អាយុ​១៨​ឆ្នាំ ​និង​ម្នាក់​អាយុ​១៥​ឆ្នាំ​ ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​ឧសភា​ដោយសារ​អ្នកស្រី​ត្រូវ​បង់​លុយ​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឈ្មោះ​ហត្ថា​កសិករ ​ក្នុង​មួយ​ខែ​ប្រមាណ​៧០​ម៉ឺន​រៀល។ ​អ្នកស្រី​ត្រូវ​បង់​ប្រមាណ​៤​ឆ្នាំ​ទៀត។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​ជំពាក់​រដ្ឋ​ ហើយ​បើ​អត់​មក​ អត់​មាន​អង្ករ​មាន​អី​ហូប ​ព្រោះ​ខ្ញុំ​ទិញ​គេ»។​

អ្នកស្រី​ឲ្យ​ដឹង​ថា​ អ្នកស្រី​បាន​យក​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជាង​៣​ពាន់​ដុល្លារ​ដើម្បី​ទិញ​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​ជាង​២​ពាន់​ដុល្លារ ​និង​សង​បំណុល​ឯកជន​ក្នុង​ភូមិ​ប្រមាណ​១​ពាន់​ដុល្លារ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចម្រូង​ចម្រាស

ជីវិត​របស់​ពួក​គេ​ជួប​ការ​លំបាក​ ដោយសារ​ការ​ជំពាក់​បំណុល ​អត់​ការងារ​ធ្វើ ​និង​ចុង​ក្រោយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ ហើយ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរាចរណ៍។​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មាន​ភាព​ចម្រូង​ចម្រាស ​ដោយសារ​តម្លៃ​សេវា​ព្យាបាល​ជាង​៧០០​ដុល្លារ​ ហើយ​ពួក​គេ​មិន​មាន​លទ្ធភាព​បង់​គ្រប់។

ថ្លែង​ប្រាប់​VOA​ ខណៈ​ស្វាមី​កំពុង​សម្រាក​បែរ​ខ្នង ​ដោយ​សារ​ឈឺ​ខ្នង ​និង​ក​ដៃ​ខាង​ស្តាំ​ហើម ​ហើយ​ត្រូវ​វះ​កាត់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ អ្នកស្រី ​ភារ៉ាវី ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ដើម្បី​រក​ការងារ​ធ្វើ ​ក្រោយ​ប្អូនស្រី​ប្រាប់​ថា​ មាន​គេ​ជ្រើសរើស​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ស្បែក​សត្វ​មួយ។ ប៉ុន្តែ​ជា​អកុសល​ អ្នកស្រី​និង​ស្វាមី​ដែល​ជិះ​ម៉ូតូ​ជាមួយ​គ្នា​បាន​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរាចរណ៍។

ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បុក​ជាមួយ​រថយន្ត​មួយ ​អ្នកស្រី​និង​ស្វាមី​ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិក​មួយ​ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។ បើ​តាម​វិក្កយ​បត្រ​ដែល​ VOA ​ទទួល​បាន​ តម្លៃ​សេវា​ព្យាបាល​នោះ​មាន​ចំនួន​ ៧១០ ដុល្លារ​ ដោយ​តម្លៃ​ព្យាបាល​អ្នកស្រី​អស់​ចំនួន ​២៣៥ ​ដុល្លារ ​និង​ស្វាមី​ចំនួន​ ៤៧៥ ​ដុល្លារ។​

លោក បឿន បុល ជនរងគ្រោះថ្នាក់ចរាចរណ៍ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

អ្នកស្រី​ ភារ៉ាវី​ មាន​ប្រសាសន៍​ថា​ តម្លៃ​ជាង ​៧០០ ​ដុល្លារ​នេះ​ថ្លៃ​ហួស​ហេតុ​ ខណៈ​អ្នកស្រី​គ្រាន់​តែ​របួស​តិច​តួច​លើ​ជើង ​និង​ដៃ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«និយាយ​អ៊ីចឹង ​វា​ដូច​ជា​ហួស​ដែរ។​ ដូច​ថា​ខ្ញុំ​តែ​ប៉ុណ្ណឹង​ដូច​ថា​លាង​របួស។ ​អាហ្នឹង​វា​អស់​ ២៣៥ ​(ដុល្លារ) ​អាហ្នឹង​វា​ហួស​ត្រង់​ហ្នឹង​ដែរ»។​

ករណី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​«San Prum»​រហូត​ដល់​មាន​អ្នក​ចែក​រំលែក​បន្ត​ជាង​៥០០។​ ករណី​នេះ​ក៏​បាន​ឮ​ទៅ​ដល់​ក្រសួង​សុខាភិបាល។ ​ក្រសួង​សុខាភិបាល​ក៏​ចេញ​លិខិត​ព្រមាន​គ្លីនិក​មួយ​នេះ។​

នៅ​ក្នុង​លិខិត​ព្រមាន​មួយ​ចុះ​ថ្ងៃទី​៨ ខែ​ឧសភា​ ក្រសួង​សុខាភិបាល​លើក​ឡើង​ថា​ គ្លីនិក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ឃុំ​បែក​ចាន ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​យក​តម្លៃ​សេវា​ព្យាបាល​«ច្រើន​លើស​ប្រក្រតី»​ ហើយ​មិន​មាន​តារាង​តម្លៃ​ច្បាស់​លាស់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ក្រសួង​បាន​ផាក​ពិន័យ​គ្លីនិក​នោះ ​តែ​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ​ក្រសួង​ក៏​បាន​ព្រមាន​បិទ​គ្លីនិក​នេះ ប្រសិន​បើ​មាន​ករណី​ដូច្នេះ​កើត​ឡើង​ម្តង​ទៀត។

​ម្ចាស់​គ្លីនិក​សុធារិទ្ធ​បែក​ចាន​ដែល​មាន​រឿង​ចម្រូង​ចម្រាស​នេះ​ លោក​ ស្រស់ សុភ័ក្រ្តា​ ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​ថា ​វិក្កយ​បត្រ​តម្លៃ​ជាង​៧០០​ដុល្លារ​នេះ​ជា​តម្លៃ​សរុប​ ប្រសិន​បើ​ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​មើល​នៅ​មន្ទីរ​ពេទ្យ​ផ្សេង​ទៀត​ ដោយ​លោក​ថា ​វេជ្ជ​បណ្ឌិត​ពិនិត្យ​ទៅ​ឃើញ​ថា​បាក់​ឆ្អឹង។​

លោក​មាន​ប្រសាសន៍​ថា៖​ «អាវិក្កយ​បត្រ​ដែល​ខ្ញុំ​ដាក់​ជូន​ដំបូង​ហ្នឹង ​ខាង​ពេទ្យ​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា ឥឡូវ​ហ្នឹង​គេ​យក​ទៅ​ថត​ឃើញ​ថា​ មាន​បាក់​ដៃ​ ពេល​ហ្នឹង ​យើង​ប៉ាន់​ប្រមាណ​ឃើញ​ថា​ បើ​សិន​ជា​មាន​បញ្ហា​បាក់​ដៃ​ផង បាក់​ជើង​ផង​ ហើយ​យើង​ត្រូវ​បញ្ជូន​គាត់​យក​ឡើង​ទៅ​លើ​ទៀត​ អាហ្នឹង​យើង​នឹង​គិត​សេវា​អី​ទៀត​បាន​អស់​ប៉ុណ្ណឹង»។​

លោក​បន្ត​ថា​ ជន​រង​គ្រោះ​ជា​ស្វាមី​ត្រូវ​គ្រូពេទ្យ​ដេរ​ជើង​ ដេរ​គុម្ព​ត្រចៀក​សរុប​១៦​ថ្នេរ។​ លោក​បន្ត​ថា​ តម្លៃ​ចុង​ក្រោយ​ដែល​មាន​ការ​ព្រម​ព្រៀង​ពី​ជន​រង​គ្រោះ​គឺ​មាន​ចំនួន​៤៥០​ដុល្លារ។ លោក​មាន​ប្រសាសន៍​ថា​ ក្រុម​គ្រួសារ​មិន​គួរ​យក​ករណី​នេះ​ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ដោយ​លោក​ថា​ គ្លីនិក​របស់​លោក​នឹង​បន្ធូរ​បន្ថយ​ ប្រសិន​បើ​ជន​រង​គ្រោះ​មិន​មាន​លទ្ធភាព​បង់។

លោក​មាន​ប្រសាសន៍​ថា៖​ «ឧបមាថា​នៅ​ពេល​ដែល​ទូទាត់​ហ្នឹង ​តម្លៃ​ខាង​ពេទ្យ​ហ្នឹង​លើស​លស់​ដោយ​ប្រការ​ណា ​យ៉ាង​ម៉េច​ គាត់​អាច​សួរ​នាំ​បាន។ ​យើង​ក៏​ចេះ​សម្រួល​គាត់​ក្នុង​ពេល​ហ្នឹង។ ​ ប៉ុន្តែ​គាត់​អត់​មាន​និយាយ​អី​ទៀត​ទេ។​ គាត់​បាន​ថា​ សុំ​តម្លៃ​ត្រឹម​៤៥០​(ដុល្លារ) ​ហើយ​ខាង​ពេទ្យ​ក៏​ព្រម​ព្រៀង​ជាមួយ​គាត់​ទៅ»។​

បើ​តាម​វិក្កយ​បត្រ​តម្លៃ​ព្យាបាល​ដែល​ VOA ​ទទួល​បាន ​ការ​ព្យាបាល​សង្រ្គោះ​បន្ទាន់​នោះ​រួម​មាន​របួស​បាក់​ជើង​ របួស​បាក់​ដៃ​ ដេរ​របួស​ ថ្លៃ​ដាក់​អុកស៊ីសែន​ជា​ដើម។​ ចំណែក​សេវា​ដឹក​តាម​រថយន្ត​ពេទ្យ​មានតម្លៃ​១០០​ដុល្លារ។​

លោក ​ស្រស់ សុភ័ក្រ្តា ​បន្ត​ថា​ ក្រសួង​ផាក​ពិន័យ​គ្លីនិក​របស់​លោក​ជា​ប្រាក់ ​តែ​លោក​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ទឹក​ប្រាក់​នោះ។​ ប៉ុន្តែ​មន្រ្តី​ក្រសួង​សុខាភិបាល​ម្នាក់​បាន​លើក​ឡើង​ថាប្រាក់​ផាក​ពិន័យ​នោះ​មាន​ចំនួន​៥​លាន​រៀល។​

កាល​ពី​ថ្ងៃសៅរ៍​ទី​៩​ខែ​ឧសភា ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោកស្រី ​ឱ វណ្ណឌីន​ បាន​ទៅ​ជួប​ជន​រង​គ្រោះ​ផ្ទាល់​នៅ​បន្ទប់​ជួល​របស់​ប្អូនស្រី​ជន​រង​គ្រោះ ​ក្នុង​ភូមិ​ព្រៃ​សំព័រ​សង្កាត់​ក្រាំង​ពង្រ ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ​ដោយ​បាន​យក​ថវិកា​ ១ ​លាន ​៨ ​សែន ​រៀល​ ទៅ​ឲ្យ​ជនរងគ្រោះ។​ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដោយ​ឥត​គិត​ថ្លៃ។​

អគារ​បន្ទប់​ជួល​របស់​អ្នកស្រី ម៉ា ចរិយា ជា​ប្អូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ា ភារ៉ាវី ស្ថិត​ក្នុង​ភូមិព្រៃសំព័រ សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ​ប៉ិច ពិសី ​មាន​ប្រសាសន៍​ថា​ ករណី​យក​តម្លៃ​ព្យាបាល​ថ្លៃ​ជា​ករណី​ទូទៅ​នៅ​កម្ពុជា ​ដែល​តែង​តែ​កើត​ឡើង​នៅ​ពេទ្យ​ឯកជន​ដែល​លោក​ថា​ មិន​មាន​ដាក់​តម្លៃ​ព្យាបាល​ច្បាស់​លាស់។ ​លោក​ថា​ករណី​បែប​នេះ​គួរ​តែ​មាន​ការ​ដោះ​ស្រាយ​ជា​ប្រព័ន្ធ​ មិន​មែន​ដោះ​ស្រាយ​ម្តង​មួយ​ករណីៗ​នោះ​ទេ។ ​លោក​ជំរុញ​ឲ្យ​មាន​ការ​កំណត់​តម្លៃ​សមរម្យ​សម្រាប់​ការ​ព្យាបាល។​

លោក​មាន​ប្រសាសន៍​ថា៖​«ក៏​ប៉ុន្តែ​បញ្ហា​ធំ​គឺ​ពេទ្យ​ឯកជន​យើង​ហ្នឹង​ជា​ទូទៅ គាត់​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ការ​ដាក់​តម្លៃ​ទេ​ អ៊ីចឹង​រាល់​ការ​ត្រួត​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ហ្នឹង​ ជាពិសេស​អ្នក​ជំងឺ​ដែល​មាន​ការ​សង្រ្គោះ​បន្ទាន់​អី​ជា​ដើម​ហ្នឹង ​គឺជា​ទូទៅ​ឃើញ​មាន​ព័ត៌មាន​អំពី​ការ​យក​តម្លៃ​លើស​ខ្ពស់ ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​លុយ​ទេ»។​

ប្អូនស្រី​របស់​អ្នកស្រី​ភារ៉ាវី ​គឺ​អ្នកស្រី ​ម៉ា ចរិយា ​អាយុ​៣២​ឆ្នាំ ​ដែល​ជា​កម្មករ​រោងចក្រ​និង​ជួល​បន្ទប់​នៅ​ក្នុង​ខណ្ឌ​ដង្កោ ​ថ្លែង​ប្រាប់​VOA​នៅ​បន្ទប់​ជួល​ថា ​អ្នកស្រី​បាន​ហៅ​បង​ស្រី ​និង​ក្រុម​គ្រួសារ​មក​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ភ្នំពេញ ​ដោយសារ​ឃើញ​គេ​រើស​កម្មករ​នៅ​រោងចក្រ​ស្បែក​សត្វ​មួយ។ ​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​បាន​យក​លុយ​ដែល​លក់​ខ្សែ​ដៃ​ប្រមាណ ​២០០ ​ដុល្លារ ​ដែល​ទុក​សម្រាប់​សង​បំណុល​ផ្ទាល់​ខ្លួន​ មក​ជួយ​បង់​ថ្លៃ​ព្យាបាល​បងស្រី​សិន។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ខុស​មក​ពី​ខ្ញុំ​ថា​ បើ​សិន​បង​មាន​រឿង​អី​ ខ្ញុំ​ក៏​ពិបាក​ដែរ​ ព្រោះ​ខ្ញុំ​អ្នក​តេ​(ទូរស័ព្ទ)​ឲ្យ​គាត់​មក ​រក​ការងារ។​ ហើយ​ឲ្យ​មក​រក​ការងារ ​មក​ជួប​គ្រោះ​ថ្នាក់​អ៊ីចឹង»។​

នៅ​ពេល​បង្ហាញ​រឿង​រ៉ាវ​របស់​អ្នកស្រី​ម៉ា ភារ៉ាវី ​ លោក​ ហង្ស វិទូ ​អ្នក​តាម​ដាន​សង្គម​ម្នាក់ ​និង​ជា​ស្ថាបនិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ​មាន​ប្រសាសន៍​ថា​ បញ្ហា​កូវីដ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ជា​កម្មករ ​កម្មការិនី ​និង​ពលករ។​ លោក​បន្ថែម​ថា​ ករណី​ជន​រង​គ្រោះ​ឈ្មោះ​ភារ៉ាវី ​ជា​បញ្ហា​មួយ​ដែល​តំណាង​ឲ្យ​អ្នក​រង​គ្រោះ​ជា​ច្រើន​ផ្សេង​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​ជឿ​ជាក់​ថា​ ប្រហែល​ជា​កម្មករ​ កម្មការិនី​ផ្សេងៗ​ទៀត​ក៏​មាន​វិបត្តិ​ស្រដៀង​គាត់​ ឬ​មួយ​ក៏​ដូច​គាត់​ក៏​ថា​បាន»។​

ត្រឡប់​មក​អ្នកស្រី​ ម៉ា ភារ៉ាវី ​ដែល​កំពុង​មើល​ថែ​ស្វាមី​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ អ្នកស្រី​កំពុង​បារម្ភ​អនាគត​កូន ​និង​កូន​មិន​បាន​រៀន​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ​ ដោយ​សារ​ស្វាមី​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ហើយ​រាង​កាយ​ប្រហែល​មិន​ដូច​មុន។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ ប្រហែល​ជា​មិន​បាន​[រៀន​ខ្ពស់] ​ទេ​ឥឡូវ​ប្តី​ពិការ​ទៀត​បាត់​ហើយ»។​

បន្ថែម​ពី​នេះ​ទៀត អ្នកស្រី​ក៏​បារម្ភ​អំពី​សុវត្ថិភាព​កូន​របស់​អ្នកស្រី ​ដែល​ពួក​គេ​រស់​នៅ​ដោយ​ខ្លួន​ឯង​ ពេល​ឪពុក​ម្តាយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​រក​ចំណូល​ ហើយ​ទុក​កូន​ភ្លោះ ​ប្រុស​មួយ​ស្រី​មួយ​អាយុ​១២​ឆ្នាំ​ឲ្យ​នៅ​ផ្ទះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា​៖ «គេ​ចេះ​តែ​ថា​ហើយ​ តែ​ខ្ញុំ​ គិត​ថា​បើ​ខ្ញុំ​មិន​ទៅ ​មិន​អាច​មាន​អី​ឲ្យ​កូន​ហូប។​ ហើយ​បើ​យើង​មិន​ខំ​ប្រឹង​រក​ខ្លួន​ ឯង​ ធ្វើ​ ម៉េច​បាន​កូន​ហូប? ​បាន​កូន​រៀន?​បាន​កូន​ចាយ?»៕