របាំ​ប្រពៃណី​ខ្មែរ​បង្រួបបង្រួម​សហគមន៍​ខ្មែរ-អាមេរិកាំង

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​បុរាណ​ខ្មែរ​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

អស់​រយៈពេល​ជិត ៤០ឆ្នាំ​មក​ហើយ គ្រួសារ​ខ្មែរ​អាមេរិកាំង​មួយ បាន​និង​កំពុង​ព្យាយាម​អភិរក្ស​របាំ​ប្រពៃណី​ខ្មែរ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​រក្សា​អ្វី​មួយ​ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា«‍ទ្រព្យសម្បត្តិ​​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន»​ នៃ​ប្រទេស​កំណើត​របស់​ពួកគាត់។

វ៉ាស៊ីនតោន — អ្នកស្រី ទេស សំអឿន​៖ «‍ខ្ញុំ​ចេះ​តែ​ខំ​រក្សា​សិល្បៈ​វប្បធម៌​របស់​យើង​ហ្នឹង ​គឺ​ថា​ចង់​ជួយ​ឱ្យ​របាំ​ និង​វប្បធម៌​របស់​យើង​បាន​គង់វង្ស​បាន​យូរ ដើម្បី​ឱ្យ​បរទេស​គេ​ស្គាល់»។

លោក ទេស សារឿម៖ «‍យើង​មក​រស់នៅ​ក្នុង​ប្រទេស​ថ្មី នៅ​ក្នុង​មហា​ប្រទេស​ បាន​សេចក្ដី​ថា ​យើង​មិន​មែន​មក​តែ​ដៃ​ទទេ​ ទេ​។ យើង​មក​មាន​វប្បធម៌​ មាន​សិល្បៈ​មក​ជាមួយ​ហើយ​យើង​ខំ​រក្សា​ឱ្យបាន​គង់វង្ស​ ដើម្បី​ឱ្យ​កូន​ចៅ​យើង​ថា យើង​មាន​សិល្បៈ មាន​វប្បធម៌ មាន​ប្រវត្តិសាស្ត្រ មិន​មែន​មាន​តែ​ខ្លួន​ទេ គឺ​ថា​យើង​មាន​ប្រវត្តិសាស្ត្រ​តាំង​ពី​បរម​បូរាណ​មក​ដែរ»។

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​អប្សរា នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

ទាំង​នេះ​គឺ​ជា​ពាក្យ​សម្ដី​របស់​អ្នកស្រី ទេស សំអឿន និង​លោក ទេស សារឿម នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក ទេស សារឿម៖ «‍ក្រោយ​ឆ្នាំ​ ១៩៧៥ ក្រោយ​ពេល​ដែល​ខ្មែរ​ក្រហម​ បាន​ចូល​ទៅ​កាន់កាប់​នៅ​ក្នុង​ប្រទេស​យើង​ទាំង​មូល ខ្ញុំ​មាន​សេចក្ដី​ព្រួយ​បារម្ភ ខ្លាច​លោ​យើង​បាត់​សម្បត្តិ​វប្បធម៌​របស់​យើង ដែល​ជា​សម្បត្តិ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​នោះ គឺ​ថា​តម្លៃ​ខ្លាំង​ពេក មិន​អាច​កាត់​ថ្លៃ​បាន​ទេ ហេតុដូច្នោះ យើង​ត្រូវ​តែ​រក្សា​ឱ្យ​បាន​គង់វង្ស មិន​ឱ្យ​ភ្លេច​ទេ។ យ៉ាង​ហោច បើ​កាលណា​ខ្មែរ​ក្រហម បំបាត់​សិល្បៈ​និង​វប្បធម៌​របស់​ខ្មែរ​ឱ្យ​អស់​ យ៉ាង​ហោច​ក៏​យើង​មាន​សម្បត្តិ​វប្បធម៌​របស់​យើង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​ខ្មែរ​យើង​ជាន់​ក្រោយ​អាច​រស់នៅ​ ដឹង​ថា យើង​មាន​ទ្រព្យសម្បត្តិ​របស់​យើង​ មាន​នៅ​ទី​នេះ ឬ​នៅ​ក្នុង​ទី​នោះ»។

នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត ​៤ ​ឆ្នាំ​គឺ​ចាប់​ពី​ខែ​មេសា​ឆ្នាំ ​១៩៧៥ ដល់​ដើម​ឆ្នាំ​ ១៩៧៩ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១លាន​ ៧​សែននាក់ រួម​ទាំង​បញ្ញវន្ត​និង​សិល្បករ​ផង ត្រូវ​បាន​កាប់សម្លាប់ ឬ​ស្លាប់​ដោយសារ​ការ​បង្អត់​អាហារ​និង​ការបង្ខំ​ឱ្យ​ធ្វើ​ការ​ហួសកម្លាំង​ជាដើម។

លោក​ ទេស សារឿម ប្រធាន​សមាគម​រក្សាមរតក​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអេ នៅ​គេហដ្ឋាន​របស់​លោក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

លោក ទេស សារឿម ដែល​បច្ចុប្បន្ន​អាយុ​ ៨៧ ​ឆ្នាំ​និង​ជា​ប្រធានសមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ ​មិន​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ដោយ​ផ្ទាល់​ទេ ដោយ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មក​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ តាំង​ពី​ឆ្នាំ​ ១៩៦៣ ដែល​នៅ​ពេល​នោះ លោក​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ផ្សាយ​ព័ត៌មានអន្តរជាតិ​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​បន្ត​ធ្វើ​ការងារ​ពេញ​ម៉ោង​នេះ រហូត​ដល់​ពេល​លោក​ចូលនិវត្តន៍ ​នៅ​ឆ្នាំ ​២០០៤។

​នៅ​ឆ្នាំ​ ១៩៧១ លោក ទេស សារឿម ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​របស់​លោក​ គឺ​អ្នកស្រី ទេស សំអឿន ដែល​ជា​អតីត​អ្នក​រាំ​របាំ​ព្រះរាជទ្រព្យ​ម្នាក់​មក​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​អ្នកស្រី​ សំអឿន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៧០។

អ្នកស្រី ទេស សំអឿន​ នាយិកា​សមាគម​រក្សាមរតក​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក នៅ​ក្នុង​ពេល​ក្រុម​សម្តែង​របស់អ្នកស្រី​សម្តែង​នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ខែ​ឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

ក្រោយ​ពី​រស់នៅ​សហរដ្ឋ​អាមេរិក​បាន​ពីរ​ឆ្នាំ អ្នក​ស្រី ទេស សំអឿន ក៏​បាន​ចាប់​ផ្ដើម​បង្ហាត់​របាំ​ប្រពៃណី​ខ្មែរដល់​កូន​សិស្ស​ខ្មែរ​អាមេរិកាំង​ ដែល​នៅ​ពេល​នោះ មាន​គ្នា​តែ ៣ ​នាក់​ប៉ុណ្ណោះ នៅ​ក្រោម​ផ្ទះ​របស់​អ្នក​ស្រី ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​គ្រា​នោះ។ ចំនួន​កូនសិស្ស​ដែល​មក​រៀន​រាំ​របាំ​ជា​មួយ​អ្នក​ស្រី ចេះ​តែ​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ពេល​នោះ​មក។

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍បាន​លោក​ប្ដី​ខ្ញុំ​ហ្នឹង គាត់​ support ​[ជួយ] ​ច្រើន មិន​មែន​នៅ​ស្រួល​ទេ​នៅ​ស្រុក​អាមេរិក​នេះ។ ណា​មើល​កូន​តូចៗ​ផង រត់​ទៅ​បំបៅ​កូន​ផង រត់​ទៅ​រាំ​ខ្លួន​ឯង​ផង ហើយ​គាត់​ហ្នឹង មើល​កូន​ផង ហើយ​ធ្វើ​ការ​ផង។ បើ​ថា​ហក គេ​ចេញ​រាំ​ហើយ គាត់​ត្រូវ​មើល​កូន​ទៅ។ អា​ហ្នឹង​ជា​ការ​រស់នៅ​ស្រុក​អាមេរិក។ នេះ​ខ្ញុំ​គ្រាន់តែ​ជម្រាប​ត្រួសៗ»។

Your browser doesn’t support HTML5

របាំ​ប្រពៃណី​ខ្មែរ​បង្រួបបង្រួម​សហគមន៍​ខ្មែរ-អាមេរិកាំង

លោក​និង​អ្នក​ស្រី ទេស មាន​កូន​បី​នាក់ ប្រុស​ពីរ​និង​ស្រី​មួយ។

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍ដោយ​សារ​រឿង​ស្រលាញ់​សិល្បៈ និង​រក្សា​វប្បធម៌​របស់​ខ្មែរ​យើង​ទៅ យើង​ត្រូវ​Sacrifice [​លះបង់] ​ខ្លួន​ឯង​ហ្នឹង​ ដើម្បី​យើង​ធ្វើ​ម៉េច​ឱ្យ​វា​ចេញ​ឱ្យ​រួច។ ចេញ​ឱ្យ​រួចយើង​ត្រូវ​រក​ទំនុក​ហើយ។ ចិញ្ចឹម​កូន​ផង និង​ត្រូវ​មើល​វប្បធម៌​របស់​យើង​ឱ្យ​គង់វង្ស​ទៀត»។

នៅ​ឆ្នាំ​ ១៩៨០ លោក​និង​អ្នក​ស្រី ទេស ក៏​បាន​ចូលរួម​បង្កើត​និង​ដឹកនាំ​អង្គការ​ក្រៅ រដ្ឋាភិបាល​មិន​រក​ប្រាក់​កម្រៃ​មួយ​ គឺ​សមាគម​រក្សា​មរតក​ខ្មែរ​ ក្នុង​សហរដ្ឋ​អាមេរិក​នេះ ដើម្បី​គ្រប់គ្រងនិង​ដំណើរ​ការ​ក្រុម​របាំ​ខ្មែរនេះ ជា​ផ្លូវ​ការ ដោយ​លោក ទេស​ សារឿម​ ធ្វើ​ជា​ប្រធាន​សមាគម​នេះ ហើយ​ភរិយា​របស់​លោក បម្រើ​ការងារ​ជា​នាយិកា​ផ្នែក​សិល្បៈ តាំង​ពី​ពេល​នោះ​រហូត​មក។

លោក ទេស សារឿម មាន​ប្រសាសន៍​ថា៖

«‍គោល​បំណង​ដ៏​ធំ​របស់​សមាគម​ គឺ​ថា​រក្សា​កេរមរតក វប្បធម៌​របស់​ខ្មែរ គឺ​ថា សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ ឬ​ក៏​អក្សរសាស្ត្រ​របស់​ខ្មែរ ដែល​ជា​មរតក​តាំង​ពី​បុរាណកាល​មក​គឺ​ថា យើង​ចង់​រក្សា​ឱ្យ​បាន​គង់វង្ស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ កុំ​ឱ្យ​បាត់​បង់​ទៅ​វិញ ព្រោះ​ថា​ នេះ​គឺជា​កេរដំណែល​ដ៏​ល្អ​បំផុត»។

ក្រុម​ភ្លេង​បុរាណ​ខ្មែរ​របស់​សមាគម​រក្សា​មរតក​ខ្មែរ កំពុង​ប្រគុំ​ភ្លេង​ខ្មែរ​ដក់​ការ​សម្តែង​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

លោក ទេស សារឿម បន្ត​ថា៖

«ពីព្រោះ​កេរមរតក​ហ្នឹង ជា​កេរមរតក​មាន​តម្លៃ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ម្យ៉ាង​ទៀត វា​ជា​វិភាគទាន​មួយ​របស់​ជនជាតិ​អាមេរិកាំង​កំណើត​ខ្មែរ ដែល​មក​ពី​ប្រទេស​កម្ពុជា​ មក​រស់នៅ​ក្នុង​មហា​ប្រទេស​នេះ ​គឺ​ថា មាន​អី​យក​មក​ជា​វិភាគទាន។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ គឺ​ថា​មាន​អ្វី​ដែល​ទុក​ឱ្យ​ជនជាតិ​អាមេរិកាំង​កំណើត​ខ្មែរ ​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឃើញ​ថា យើង​មាន​កេរដំណែល​មក​ដែរ មិន​មែនយើង​ទទេ​ ទេ។ ឧបមា​ថា ទៅ​ក្នុង​សាលារៀន​គេ​ដឹង​ហើយ​ថា និស្សិត​ឬ​កូន​សិស្ស​ម្នាក់ៗ មិនមែន​ជា​អាមេរិកាំង​សុទ្ធសាធ​ទេ គឺ​ថា​មាន​កំណើត​ពី​នេះ ឬ​កំណើត​ពី​នោះ។ អញ្ចឹង​ ខ្មែរ​មាន​ស្អី​ខ្លះ​យក​មក​នេះ? យើង​មាន​សិល្បៈ មាន​វប្បធម៌ មាន​អក្សរសាស្ត្រ​មាន​អី​យក​មក​បង្ហាញ​គេ​ដែរ។ ហេតុ​ដូច្នោះ ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​យើង​ មិន​ត្រឹម​តែ​មាន​សាមគ្គីភាព​តែ​ប៉ុណ្ណឹង​ទេ​ គឺ​ថា​ឱ្យ​ចេះ​ថែរក្សា​កេរមរតក​ដែល​ជា​របស់​យើង​ដ៏​មាន​តម្លៃ​ហ្នឹង នៅ​ក្នុង​មហា​ប្រទេស​នេះ​តទៅទៀត ហើយ​ឱ្យ​ប្រពៃណី​យើង​ មាន​រក្សា​តទៅ​ទៀត។ មិនមែន​ថា​ទុក​ប្រពៃណី​យើង​ជា​ទី​១​ទេ ក៏​ប៉ុន្តែ ឱ្យ​គេ​រាប់អាន​ថា ប្រពៃណី​យើង ក៏​ជា​ប្រពៃណី​មួយ​ដ៏​ល្អ​ដែរ មក​ពី​ប្រទេស​ដែល​មាន​អារ្យធម៌​ដែរ មិន​មែន​មក​ពី​ប្រទេស​ព្រៃផ្សៃ​ទេ ដែល​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ‍»។

​ក្រុម​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ បាន​សម្ដែង​នៅ​តាម​ទី​កន្លែង​ និង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ​ដូចជានៅ​មជ្ឈមណ្ឌល the Kennedy Center ស្ថាប័ន Smithsonian និង​បណ្ណាល័យ​សភា​របស់​សហរដ្ឋ​អាមេរិក​ជាដើម។

ក្រុម​នេះ ក៏​ត្រូវបានអញ្ជើញ​ទៅសម្ដែង​នៅ​តាម​សកលវិទ្យាល័យ​ក្នុង​រដ្ឋ​ជាច្រើន​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក​រួម​ទាំង​មហាវិទ្យាល័យ Hunter College និង​សាកលវិទ្យាល័យ Columbia នៅ​បុរី​ញូវយ៉ក និង​សាកលវិទ្យាល័យ​ហាវៃ (University of Hawaii) ក្នុង​រដ្ឋ​ហាវៃ​ និង​រដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ។

មិនតែប៉ុណ្ណោះ ក្រុម​របាំ​នៃ​សមាគម​នេះ ក៏​បាន​ចេញ​ទៅ​សម្ដែង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ ​ដូចជា​ប្រទេស​អេហ្ស៊ីប អាហ្រ្វិក​ខាង​ត្បូង និង​តួកគី​ជាដើម។

​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ បង្រៀន​របាំ ភ្លេង​ និង​សិល្បៈ​ខ្មែរ​ផ្សេងៗ​ទៀត ដោយ​ឥត​គិត​ថ្លៃ​ដល់​សាធារណជន​ ដែល​ចាប់​អារម្មណ៍​ ជាពិសេស​គឺ​យុវជន​និង​កូន​ខ្មែរ​អាមេរិកាំង នៅ​ក្នុង​តំបន់​ជុំវិញ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ដែល​រួម​ទាំង​រដ្ឋ​ម៉ារីលែន ​[Maryland] និង​រដ្ឋ​វើជីនៀ [Virginia] ផង​ដែរ​ នៅ​រៀងរាល់​រសៀល​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ ខែ​វិច្ឆិកា ​រហូត​ដល់​ ខែ​មេសា​ ជា​រៀង​រាល់​ឆ្នាំ។

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​បុរាណ​ខ្មែរ​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍បើ​មិន​រក្សា​ទេ ក្មេង​វា​អត់​ស្គាល់​របាំ​យើង​របៀប​ម៉េច វប្បធម៌​យើង​របៀប​ម៉េច។ មិនមែន​បង្ហាត់​ត្រឹម​តែ​របាំ​ទេ សូម្បី​តែ​របៀប​ដើរ​និង​សំពះ គួរសម​ឪពុកម្ដាយ​ចាស់ទុំ ខ្ញុំ​ត្រូវ​តែ​បង្រៀន​ទាំង​អស់។ បាន​សេចក្ដី​ថា ឥឡូវ​ហ្នឹង យើង​វា​រវល់ វា​ហត់ វា​អី​អញ្ចឹង​ណាស់ ប៉ុន្តែ ចេះ​តែ​ខំ​ប្រឹងប្រែង​ទៅ»។

កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ស្រី ទេស សំអឿន ដើម្បី​បង្ហាត់បង្រៀន​ និង​សម្ដែងសិល្បៈ​ប្រពៃណី​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ បាន​នាំ​ឲ្យ​អ្នក​ស្រី​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ធំ​មួយ។ នៅ​ឆ្នាំ ​១៩៩៨ ស្ថាប័ន​ជាតិ​ដើម្បី​លើក​ស្ទួយ​សិល្បៈ​របស់​សហរដ្ឋ​អាមេរិក ឬ National Endowment for the Arts បាន​ផ្ដល់​ពានរង្វាន់​ថ្នាក់​ជាតិ​មួយ​ជូន​អ្នក​ស្រី​ចំពោះ​ស្នាដៃ​បង្ហាត់បង្រៀន​និង​សម្ដែងសិល្បៈ​ប្រពៃណី​ខ្មែរ ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍តាម​ប្រវត្តិ​របស់​ខ្ញុំ​ហ្នឹង វា​មិន​មែន​ជា​ការ​ស្រួល​ទេ តែ​បើ​កាលណា​យើង​មិន​ខិតខំ ក៏​វា​មិន​បាន​សម្រេច​ដែរ។ វា​មិន​ពិបាក​ខ្លាំង​ទេ តែ​វា​ក៏​មិន​ស្រួល​ដែរ!»។

លោក ទេស សារឿម បន្ថែម​ថា៖

«‍ខ្មែរ​យើង​ ដែល​ជា​ជនជាតិ​អាមេរិកាំង​កំណើត​ខ្មែរ​ហ្នឹង គឺ​ថា​ត្រូវ​តែ​មាន​អ្វី​មួយ​ដើម្បី​បង្ហាញ​គេ​ដែរ។ យើង​មិន​មែន​មក​ទទេ​ ទេ គឺ​ថា​បង្ហាញ​ម្ចាស់​ស្រុក​ហ្នឹង​ថា អ្នក​ហ្នឹង​មក​ មិនមែន​អត់​ខ្លឹមសារ​ទេ គឺ​ថា​មាន​អី​មក​ផ្ដល់​ជា​វិភាគទាន​ជូន​ដល់​ប្រទេស​ដែល​ជា​ប្រទេស​ទទួល​អ្នក​ដែល​មក​ពី​ក្រៅ​នេះ​ ព្រោះ​ប្រទេស​នេះ គេ​ហៅ​ថា ប្រទេស​ដែល​ចម្រុះ​ជាតិសាសន៍​ គឺ​ថា​ក្នុង​បណ្ដា​រដ្ឋ​ទាំង ​៥០​ហ្នឹង គឺ​មាន​មាន​ជាតិ​សាសន៍​ហ្នឹង​ច្រើន»។

រៀងរាល់ ​ខែ​មេសា ដែល​ជា​ខែ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ក្រុម​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ជា​ទូទៅ​សម្ដែង​សិល្បៈ​ផ្សេងៗ​ជូន​សាធារណ​ជន​ទស្សនា។

លោក ទេស សារឿម បាន​ថ្លែង​ទៅ​កាន់​ទស្សនិកជន​ដែល​មក​ទស្សនា​ការ​សម្ដែង​សិល្បៈ​នៃ​ក្រុម​របស់​លោក​នេះ​យ៉ាង​ដូច្នេះ​ថា៖

«‍ខ្ញុំ​សូម​ជម្រាប​ជូន​លោក​លោកស្រី អ្នក​នាង​កញ្ញា​ទាំង​អស់​គ្នា​ថា សិល្បៈ​កេរ​មរតក​ខ្មែរ​នៅ​រស់​រាន និង​រឹង​មាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ»។

អ្នក​ស្រី Sylvia Kiep គឺ​ជា​ទស្សនិកជន​ខ្មែរ​អាមេរិកាំង​ម្នាក់​មក​ពី​រដ្ឋ​វើ​ជី​នៀ៖

«‍លោក ទេស សារឿម គឺ​ថា​គាត់​មាន​ឧត្ដម​គតិ​ដ៏​ប្រសើរ ហើយ​គាត់​ប្រឹងប្រែង​ធ្វើ​សមាគម​របស់​គាត់​ ឱ្យ​បាន​ជឿនលឿន។ គាត់​តែង​តែ​មាន​ការ​បង្ហាត់បង្រៀន។ បើ​សិន​ណា​ជា​មិន​មាន​គាត់​ជ្រោមជ្រែង​យ៉ាង​នេះ ប្រហែល​ជា​អារ្យធម៌​យើង មិន​អាច​ធ្វើ​ឱ្យ​គេ​ស្គាល់​បាន​រហូត​មក​ដល់​សព្វថ្ងៃ​ទេ។ ខ្ញុំ​សូម​សរសើរ​គាត់​អស់​ពី​ដួង​ចិត្ត ទាំង​គាត់ ទាំង​ភរិយា​របស់​គាត់ និង​ទាំង​អ្នក​ដែល​ហាត់​រៀន​ទាំង​អស់។ រាល់​ថ្ងៃ​អាទិត្យ​ គាត់​តែងតែ​បង្ហាត់​បង្រៀន​របាំ​គ្រប់សព្វ​ទាំង​អស់​នេះ»។

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​បុរាណ​ខ្មែរ​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

អ្នក​ស្រី Sylvia Kiep បន្ថែម​ថា៖

«‍បើ​យើង​មិន​រក្សា​ទេ ការណ៍​នោះ​ នឹង​រលាយ​បាត់​អស់។ ហើយ​យើង​មិន​ដឹង​ថា​ភ្លេង​ខ្មែរ​វា​យ៉ាង​ម៉េច។ ប្រវត្តិ​ពេល​បុណ្យទាន តើ​យើង​មាន​របាំ​អី​យ៉ាង​ម៉េច? យើង​នឹង​បាត់បង់​នូវ​ទំនៀមទម្លាប់​របស់​យើង នូវ​របាំ​ នូវ​ភ្លេង​ នូវ​អ្វីៗ​ដែល​យើង​មាន​នោះ។ បើ​យើង​មិន​រក្សា​ យូរៗ​ទៅ យើង​នឹង​បាត់​អស់​ហើយ ហើយ​យើង​ក៏​ភ្លេច​ថា យើង​ជា​ជនជាតិ​ខ្មែរ»។

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​សប្បាយ​ចិត្ត! ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ១៩៧២​ មក​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អត់​ដែល​ថា​ស្ដាយ​ស្រណោះ​ម៉េច​បាន​មក​ធ្វើ​អញ្ចឹង ហត់​ណាស់​អី​ទេ។ អត់​ទេ គឺ​ថា​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​ខំ​រក្សា​ហ្នឹង​ គឺ​ថា​បន្ត​ពី​អ្នក​គ្រូ​ខ្ញុំ​មក​ ព្រោះ​អ្នក​គ្រូ​ខ្ញុំ អ៊ំស្រី​ខ្ញុំ​ហ្នឹង Pass [បន្ត]​ មក​ឱ្យ​ខ្ញុំ​ហើយ ខ្ញុំ​ត្រូវ​រក្សា​ទុក​សិល្បៈ​វប្បធម៌​របស់​យើង​ទុក។ បើ​មិន​បាន​ដូច​គាត់ ឱ្យ​តែ​បាន​ជិត​ក្បែរ​គាត់ ក៏​បាន​ដែរ​ចាស៎»។

អ្នក​នាង ចូអាន ភីខូរី (Joanna Pecore) នាយក​នៃ​មជ្ឈមណ្ឌល​សិល្បៈ​និង​វប្បធម៌​អាស៊ី​នៃ​សាកលវិទ្យាល័យ Towson University ក្នុង​រដ្ឋ​ម៉ារីលែន ដែល​លេង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ក្នុង​ក្រុម​សិល្បៈ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ដែរ​ មាន​ប្រសាសន៍​ថា៖

«‍អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ជាប់ចិត្ត​នឹង​ស្វាមីភរិយា​មួយ​គូរ​នេះ។ ខ្ញុំ​ចង់​សួរ​ថា ​តើ​នរណា​ទទួល​បន្ទុក​កិច្ចការ​នេះ? អ្នក​ដឹង​ទេ យើង​មាន​អ្នកស្រី សំអឿន ដែល​ជា​គ្រូ​របាំ និង​លោក សារឿម ដែល​បាន​ជួយ​ជ្រោមជ្រែង​គាត់​រាប់​សិប​ឆ្នាំ​មក​ហើយ​នេះ។ តាម​ពិត វា​មើល​ទៅ​ដូចជា​អង្គការ​របស់​គ្រួសារ​មួយ​អញ្ចឹង ហើយ​ប្ដី​ប្រពន្ធ​មួយ​គូរ​នេះ ជា​អ្នក​បង្រួបបង្រួម​សហគមន៍​ខ្មែរ​ទាំង​មូល ហើយ​ពួកគាត់ ក៏​មាន​គ្រូៗ​ជាច្រើន​ដែល​ធ្វើ​ការ​ជាមួយ​ពួកគាត់​ដែរ។ លោក​ សារឿម និង​អ្នក​ស្រី សំអឿន បាន​រក្សា​ក្រុម​នេះ​ឱ្យ​នៅ​ស្ថិតស្ថេរ​ជាង ​៣០ ​ឆ្នាំ​មក​ហើយ»។

ពេលអ្នក​យក​ព័ត៌មាន ​VOA​ សួរ​ថា ​តើ​ការណ៍​នេះ​មាន​អត្ថន័យ​ដូចម្ដេច​សម្រាប់​អ្នកនាង​ផ្ទាល់ អ្នក​នាង Joanna Pecore មាន​ប្រសាសន៍​ថា៖

«‍វា​មាន​ន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​បាន​ចាប់ផ្ដើមពី​គម្រោង​សិក្សា​មួយ​សម្រាប់​សាលា​របស់​ខ្ញុំ​តាំង​ពី​ជាង ២០ ​ឆ្នាំ​មុន​ម្ល៉េះ។ ខ្ញុំ​គិត​ថា រឿង​នេះ បាន​កើត​ឡើង​ដល់​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែរ​ដែល​បាន​ចូល​ប្រឡូក​ជាមួយ​ក្រុម​នេះ។ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​ពួកគាត់ ហើយ​យើង​ក៏​ចាប់​ផ្ដើម​ដឹង​ថា​មាន​មនោសញ្ចេតនា​ជាច្រើន សោភណភាព ​ប្រពៃណី និង​ទេពកោសល្យ​ជាច្រើន ដែល​យើង​ចេះ​តែ​ចង់​រៀន​និង​ដឹង​បន្ថែម​ទៀត និង​ចង់​ក្លាយ​ជា​ចំណែក​មួយ​នៅ​ក្នុង​ក្រុម​នេះ​ដែរ។​ តាម​ពិត​ ក្រុម​នេះ ធ្វើ​ការ​ងារ​សម្បើម​ណាស់ ទោះបីជា​ពួកគាត់មិនសូវ​មាន​ធនធាន​ច្រើន​ក៏​ដោយ ដូច្នេះ​ការចូលរួម​ចំណែក​របស់​អ្នក​ ពិត​ជា​បាន​ជួយ​ក្រុម​នេះ។ នៅ​ពេល​ដែល​ខ្ញុំ​ចូល​ប្រឡូក​ក្នុង​ក្រុម​នេះ​ផ្ទាល់ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​អាច​ជួយ​ពួកគាត់​បាន​តាម​របៀប​នេះ ហើយ​ខ្ញុំ​បន្ត​រៀន​និង​ជួយ​ក្នុង​ពេល​ទន្ទឹម​គ្នា»។

អ្នក​នាង Joanna Pecore បន្ត​ថា៖

«‍ក្រុម​នេះ​តែងតែ​ផ្ដល់​អ្វី​មួយ​ដល់​យើង​ជានិច្ច។ ខ្ញុំ​នៅ​ជាមួយ​ក្រុម​នេះ​យូរ​ហើយ តែ​ខ្ញុំ​មិន​ចេះ​តែ​ថា​តាម​គេ​នោះ​ទេ ប៉ុន្តែ ខ្ញុំ​ស៊ាំ​នឹង​អ្វីៗ​ដែល​ក្រុម​នេះ​ធ្វើ។ រាល់​ពេល​ដែល​យើង​នាំ​ការ​សម្ដែង​សិល្បៈ​នេះ ទៅ​ក្រៅ​សហគមន៍​ខ្មែរ អ្នក​ទស្សនា ចេះ​តែ​សួរ​រក​ទៀត​ថា​តើ​ពួកគេអាច​មើល​ការ​សម្ដែង​នេះ​បាន​ពេល​ណា​ទៀត ពីព្រោះ​ពួកគេ​ចង់​មើល​ទៀត ​ដោយសារ​វា​មាន​តែ​មួយ​គត់​[ក្នុង​សហរដ្ឋ​អាមេរិក​នេះ]»។

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​បុរាណ​ខ្មែរ​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

មុន​ពេល​សម្ដែង​ម្តងៗ ក្រុម​របាំ​នេះ​តែងតែ​ហាត់​សម​និង​ផ្ចិតផ្ចង់​ក្បាច់​រាំ​និង​ចង្វាក់​ភ្លេង​របស់​ពួកគេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​នៃ​សិល្បៈ​បុរាណ​និង​ប្រពៃណី​ខ្មែរ។

លោក ទេស សារឿម មាន​ប្រសាសន៍​ថា៖

«‍ដូច​ថ្ងៃ​នេះ​ជាដើម យើង​មក​សម្ដែង​ដោយ​ឥត​គិត​ពី​ប្រាក់កម្រៃ​អី​ទេ គឺ​ថា​សម្ដែង​ដើម្បី​ឱ្យ​មហាជន​ទូទៅ​បាន​ឃើញ​សិល្បៈ​ និង​វប្បធម៌​របស់​យើង​ថា ​តើ​វា​មាន​លម្អ​ស្រស់ស្រាយ​ប៉ុណ្ណា របាំ​យើង​វា​មាន​លក្ខណៈ​ប្រិមប្រិយ​យ៉ាងម៉េច​ខ្លះ ហើយ​ភ្លេង​របស់​ខ្មែរ​យើង ​ភ្លេង​ពិណពាទ្យ​ហ្នឹង​មាន​តម្លៃ និង​សម្រស់​និង​សំឡេង​យ៉ាងម៉េច។ ពួក​អ្នក​ភ្លេង​ភាគច្រើន​រៀន​តាម​របៀប​ពិណពាទ្យ​ខ្មែរ​ហ្នឹង​ គឺ​ថា​មិន​ចាំបាច់​មើល ​Note​ឬ​ Music Sheet [អក្សរ​ភ្លេង] អី​ទេ គឺ​ថា​វាយ ​ឬ​ប្រគំ​ភ្លេង​ដោយ​ចាំ​មាត់​តែ​ម្ដង ហើយ​ចំណែក​ខាង​របាំ​យើង ​គឺ​ថា​គ្រូបង្ហាត់​យ៉ាង​ដិតដល់​ គឺ​ថា​រាំ​ទៅ​តាម​ក្បាច់​របស់​យើង»។

លោក ជុំ ង៉ិ គឺ​ជា​គ្រូ​បង្ហាត់​ភ្លេង​ម្នាក់​នៅ​ក្នុង​ក្រុម​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។ លោក​ក៏​ជា​ជ័យ​លាភី​ម្នាក់​ដែរ​នៃ​រង្វាន់​សិល្បៈ​ដែល​ផ្ដល់​ដោយ​ស្ថាប័ន​ជាតិ​ ដើម្បី​លើក​ស្ទួយ​សិល្បៈ​របស់​សហរដ្ឋ​អាមេរិក។

«‍តាម​ខ្ញុំ​សង្កេត​មើល​តាំង​ពី​ខ្ញុំ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ សមាគម​របស់​គាត់​វា​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ តែ​ខ្ញុំ​ទើប​មក​ចូល​នៅ​ឆ្នាំ​ ១៩៨៤​ ឬ ​១៩៨៥​ ក្នុង​សមាគម​របស់​គាត់ ដើម្បី​ជួយ​បង្រៀន​សិស្ស​ ឃើញ​ថា គាត់​ធ្វើការ​បាន​ល្អ​ គឺថា​គាត់​ចេះ​អប់រំ​ក្មេងៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ដើម្បី​ឱ្យ​ស្គាល់​នូវ​វប្បធម៌​ខ្មែរ​យើង ហើយ​គាត់​ប្រកូកប្រកាស​អ្នក​ដែល​គាត់​ស្គាល់​ដូចជា​មិត្តភ័ក្ដិ​គាត់​ខ្លះ​ពី​ជំនាន់​ដែល​គាត់​នៅ ហើយ​ពី​ជំនាន់​ក្រោយ​មក​ទៀត គាត់​ចេះ​តែ​ប្រមូល​ផ្ដុំ​ ដើម្បី​ឱ្យ​ខ្មែរ​យើង​ស្គាល់​នូវ​វប្បធម៌​ខ្មែរ និង​សិល្បៈ​ហើយ​និង​ប្រពៃណី​របស់​ខ្មែរ»។

ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង​ដែល​បាន​នាំ​កូន​ចៅ​មក​ហាត់​រាំ​របាំ​ និង​រៀន​លេង​ភ្លេង​ក្នុង​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ បាន​ស្រាក់គ្នា​រួម​ចំណែកឧបត្ថម្ភ​ម្ហូបអាហាររៀង​រាល់​សប្ដាហ៍​ សម្រាប់​គ្រូបង្រៀន ​និង​កូន​សិស្ស​ដែល​មក​ហាត់​រៀន​និង​សម​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ។

លោក ទេស សារឿម មាន​ប្រសាសន៍​ថា៖

«‍មាតាបិតា​ដែល​មាន​កូន​ចៅ​គួរ​តែ​មើល​របាំ​ហ្នឹង គួរ​តែ​នាំ​កូន​ចៅ​ទៅ​មើល​របាំ​ហ្នឹង ដើម្បី​ឱ្យ​មាន​សេចក្ដី​បដិព័ទ្ធ​ ហើយ​ចង់​ឱ្យ​កូន​ចៅ​រៀន​របាំ​ខ្មែរ ដើម្បី​ឱ្យ​ស្គាល់​សិល្បៈ​ខ្មែរ។ គ្រូ​បង្រៀន​ដែល​បង្រៀន​ហ្នឹង អាច​និយាយ​ជា​ភាសា​ខ្មែរ អាច​និយាយ​ជា​ភាសា​អង់គ្លេស​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ទេ គឺ​បង្រៀន​ពី​ទំនៀមទម្លាប់​ឱ្យ​ចេះ​សំពះ ឱ្យ​ចេះ​ជម្រាប​សួរ​អី​ជាដើម គឺ​ថា​មិន​ឱ្យ​ភ្លេច​ពី​វប្បធម៌​ខ្មែរ​ទេ។ យើង​ដឹង​ហើយ​នៅ​សាលា​នៅ​ទី​នេះ គេ​បង្រៀន​ពី​របៀបសហរដ្ឋ​អាមេរិក​ហើយ គេ​បង្រៀន​ពី​ប្រពៃណី​អាមេរិកាំង​ភាគច្រើន។ ហេតុ​ដូច្នោះ ដើម្បី​ឱ្យ​ស្គាល់​ប្រពៃណី​យើង គ្រូបង្រៀន​យើង​តែង​តែ​ប្រាប់​សិស្សានុសិស្ស​ដែល​រៀន​ហ្នឹង ឱ្យ​រៀន​របៀប​ខ្មែរ ឱ្យ​ចេះ​ជម្រាប​សួរ​ ឱ្យ​ចេះ​ជម្រាប​លា​ ហើយ​សំពះ​អី​ជាដើម​ហ្នឹង គឺ​ថា​ទំនៀមទម្លាប់​ខ្មែរ​នៅ​សល់​ទាំង​អស់»។

អ្នក​នាង វេប លីនដា (Linda Webb) គឺ​ជា​អ្នក​រាំ​ម្នាក់​ក្នុង​ក្រុម​របាំ​នៃ​សមាគម​នេះ។

«‍ដោយ​សារ​ពួក​យើង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក គ្រប់​គ្នា​ចេះ​តែ​ចង់​ក្លាយ​ជា​អាមេរិកាំង។ ដូច្នេះ ខ្ញុំ​ចង់​រក្សា​សិល្បៈ​ខ្មែរ សម្រាប់​អនាគត​កូនៗ​របស់​ពួក​យើង ហើយ​ថែមទាំង​ចង់​បង្ហាញ​សិល្បៈ​ខ្មែរ​ដល់​ពលរដ្ឋ​អាមេរិកាំង​និង​ជន​ទាំង​ឡាយ​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​នេះ ​ឱ្យ​ឃើញ​ថា​តើ​ពួក​យើង​មក​ពី​ណា និង​ឃើញ​ថា​នេះ​គឺ​ជា​ឫសគល់​នៃ​ដើម​កំណើត​របស់​ពួក​យើង»។

អ្នក​នាង ដួង ទេពវិសាល (Tepvisal Duong) ក៏​ជា​អ្នក​រាំ​ម្នាក់​ដែរ​នៅ​ក្នុង​ក្រុម​នេះ។

«‍ក្នុង​រយៈពេល ​២​ឬ​៣ ​ឆ្នាំ​ទៅ​មុខ​ទៀត ពោល​គឺ​ក្នុង​ជំនាន់​របស់​ខ្ញុំ ខ្ញុំ​ចង់​ឃើញ​កម្ពុជា កាន់តែ​ល្បីល្បាញ​ជាង​នេះ​ទៀត។ ជា​ញឹកញយ​ ខ្ញុំ​មាន​អារម្មណ៍​ថា កម្ពុជា​តូច​ពេក​រហូត​ដល់​ពេល​ខ្លះ​គេ​ភ្លេច​អំពី​ប្រទេស​មួយ​នេះ។ មនុស្ស​ជាច្រើន​ចាត់​ទុក​ថា​ ថៃ​និង​វៀតណាម ជា​វប្បធម៌​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​រឿយៗ ភ្លេច​កម្ពុជា។ ហេតុដូច្នេះ ខ្ញុំ​ចង់​ចេញ​មុខ​ក្នុង​ជំនាន់​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ឱ្យ​មាន​អ្នក​រាំ​ច្រើន​ថែម​ទៀត​ចូលរួម ពី​ព្រោះ​ថា មិន​មាន​អ្នក​រាំ​ច្រើន​ទេ ហើយ​យើង​មាន​វប្បធម៌​ជាច្រើន​ទៀត​ដែល​ត្រូវ​រៀន​សូត្រ​អំពី។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា នៅ​ជំនាន់​ខ្ញុំ​នេះ នឹង​មាន​អ្នក​ដែល​មាន​ចិត្ត​ប្រតិព័ទ្ធ និង​ចូល​មក​រាំ​ជាមួយ​ពួក​យើង ហើយ​មិន​ត្រឹម​តែ​រាំ​ទេ គឺ​ថែម​ទាំង​រៀន​អំពី​វប្បធម៌​ខ្មែរ​ថែម​ទៀត​ផង»។

អ្នកស្រី ទេស សំអឿន​ នាយិកា​សមាគម​រក្សាមរតក​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ថតរូប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក និងក្រុម​សម្តែង​របស់​អ្នកស្រី​ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្​ឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតកខ្មែរ)

នៅ​ឆ្នាំ​ ២០១៧ លោក ទេស សារឿម និង​អ្នក​ស្រី ទេស សំអឿន​ ក៏​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ចំពោះ​ស្នាដៃ​នៃ​ការ​ខិតខំ​ថែរក្សា​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។

លោក ជុំ ប៊ុនរ៉ុង គឺ​ជា​អតីត​ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

«‍ការ​ដែល​យើង​បាន​យក​វប្បធម៌​ ប្រពៃណី​ជាតិ​ ជា​អារ្យធម៌​របស់​យើង មក​ផ្សព្វផ្សាយ​មក​ការពារ​ រក្សា​នៅ​ប្រទេស​គេ​នេះ​ វា​គឺ​ជា​គុណសម្បត្តិ​មួយ​ធំធេង​ណាស់​របស់​លោក ទេស សារឿម ដែល​លោក​មាន​គ្រួសារ​របស់​លោក ភរិយា​របស់​លោក​ជា​គ្រូ​របាំ​បុរាណនៅ​ក្នុង​ព្រះបរមរាជវាំង​យើង​ពី​ដើម​មក។ គាត់​អាយុ​ជាង​ ៨០​ ឆ្នាំ​ហើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រួសារ​គាត់​និង​គាត់​គឺ​ថា ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​ការពារ​នូវ​វប្បធម៌​ជាតិ​យើង ព្រះពុទ្ធសាសនា​យើង ទំនៀមទម្លាប់​យើង ដែល​លោក​ក៏​យល់​ដូច​យើង​នូវ​ផលប្រយោជន៍​ក្នុង​ការ​ការពារ​អត្តសញ្ញាណ​របស់​ជាតិ​យើង»។

ក្រៅ​ពី​ការ​បង្ហាត់​បង្រៀន​និង​សម្ដែង​សិល្បៈ​ខ្មែរ​ហើយ​នោះ ក្រុម​សិល្បៈ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ក៏​បាន​ជួយ​ជ្រោមជ្រែង​សមាគម​និង​ក្រុម​ផ្សេងៗ​ទៀត​ដែរ ដូចជា​ក្រុម​របាំ​ខ្មែរ​នៅ​ក្នុង​រដ្ឋ North Carolina ជាដើម។

លោក ទេស សារឿម មាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​បាន​ផ្ដល់​ដូចជា​ស្បៃ មកុដ ដែល​យើង​បាន​ប្រើ​ហើយ ហើយ​មិន​បាន​ប្រើ​តទៅ​ទៀត​ហ្នឹង បាន​ប្រគល់​ជូន​ទៅ​សមាគម​របស់​គាត់ ដើម្បី​ឱ្យ​គាត់​បង្កើត​ក្រុម​របាំ​មួយ​ក្រុម​ទៀត​នៅ​ក្នុង​រដ្ឋ​ដែល​ឆ្ងាយ​ពី​ទី​នេះ​ជិត​ ៥០០​ម៉ៃ​ឬ​ជិត ​៨០០​គីឡូម៉ែត្ រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ឱ្យ​គាត់​បង្កើត​នៅ​ក្នុង​ក្រុម​នោះ​ទៀត​ គឺ​ថា​ក្រុម​ណា​ក៏​ដោយ ឱ្យ​តែ​ស្រលាញ់​សិល្បៈ​វប្បធម៌​ដូចគ្នា សមាគម​នេះ មាន​កថាខណ្ឌ​មួយ​ដែល​ថា​ឱ្យ​ធ្វើ​affiliate [ទាក់ទង​គ្នា]។ អ្នក​ណា​ដែល​មាន​បំណង​រក្សា​សិល្បៈ​និង​វប្បធម៌​ដូចគ្នា គឺ​យើង​ធ្វើ​ជា​សាខា​ជាមួយ​គ្នា​បាន»។

អ្នក​ស្រី Jackie White ដែល​មាន​កូន​ចិញ្ចឹម​ខ្មែរ​ម្នាក់​ដែរ​នោះ គឺ​ជា​នាយិកា​នៃ​មជ្ឈមណ្ឌល​សហគមន៍​ព្រះវិហារ​ ឬ Preah Vihear Community Center ​នៅ​ក្នុង​រដ្ឋ​ North Carolina។

​«‍ខ្ញុំ​គិត​ថា ក្រុម​នេះ​គឺ​ជា​ក្រុម​ដ៏​មហស្ចារ្យ។ ពួកគេ​ខំ​ប្រឹងប្រែង​សំបើម​ណាស់ ដូច​អ្នក​ឃើញ​ស្រាប់​ហើយ​ថា ​តើ​ពួកគេ​ធ្វើ​ការ​ល្អ​ប៉ុណ្ណា​នោះ។ ពួកគេ​ខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ធ្វើ​ឱ្យ​ការ​សម្ដែង​សិល្បៈ​របស់​ពួកគេ​ល្អ​ឥត​ខ្ចោះ។ នេះ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គ្រប់​ក្រុម​របាំ​ផ្សេងៗ​ទៀត មិន​ត្រឹម​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​នៅ​ទូទាំង​សកលលោក​ទាំង​មូល​ថែម​ទៀត​ផង។ យើង​អាច​ធ្វើ​ការ​រួម​គ្នា ដើម្បី​ថែរក្សា​សិល្បៈ របាំ​និង​តន្ត្រី​ខ្មែរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត។ ដូច្នេះ ពួកគេ គឺ​ជា​អ្នក​លើកទឹកចិត្ត​កម្រិត​ពិភពលោក​សម្រាប់​ក្រុម​ពួក​យើង»។

អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរតក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​បុរាណ​ខ្មែរ​មួយ នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរតក​ខ្មែរ)

ប៉ុន្តែ ទោះ​ជា​មាន​ភាព​ល្បីល្បាញ​យ៉ាង​នេះ​ក្ដី សមាគម​រក្សា​មរតក​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក​ក្នុង​ការ​ស្វែងរក​អ្នក​បន្តវេន​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែរក្សា​វប្បធម៌​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។

លោក ទេស សារឿម មាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ប្រធាន​សមាគម​រហូត​ទេ ចង់​ឱ្យ​មាន​ប្រធាន​ថ្មី​អញ្ចឹង​ដែរ។ ខ្ញុំ​ចង់​ឱ្យ​ក្មេងៗ​ថ្មី ដែល​មានកម្លាំង​ប្រាជ្ញា​ផង កម្លាំង​កាយ​ផង ឱ្យ​មក​ជួយ​ខាង​សិល្បៈ​វប្បធម៌​ខ្មែរ​យើង ឱ្យ​បាន​គង់វង្ស ទាល់​តែ​មាន​កម្លាំង​ខ្លាំង​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត ទាំង​ផ្លូវ​ប្រាជ្ញា ដើម្បី​ឱ្យ​ជួយ​តទៅទៀត។ សព្វថ្ងៃ​ កំពុង​តែ​រក​តទៅទៀត។ ដូច​ព្រះពុទ្ធអង្គ មាន​ពុទ្ធដីកា​ស្រាប់​ហើយ​ថា មនុស្ស​យើង វា​មិន​ទៀង​ទេ គឺ​ថា​អនិច្ចំ មិន​ដឹង​ទៅ​ថ្ងៃ​ណា​ មក​ថ្ងៃ​ណា​ទេ គឺ​ថា យើង​មើល​មិន​ឃើញ ហេតុដូច្នេះ ចង់​ឱ្យ​មាន​អ្នក​ក្មេងៗ​មក​កាន់​តទៅទៀត ដើម្បី​ជា​តំណ​របស់​ខ្ញុំ ទោះបី​ខ្ញុំ​នៅ​រស់​ហ្នឹង​ក៏​ដោយ គឺ​ខ្ញុំ​ចង់​នៅ​ជួយ​តាម​ក្រោយ។ ខ្ញុំ​នៅ​តែ​ជួយ​តទៅទៀត ឱ្យ​តែ​មាន​នរណា​មួយ​សុខ​ចិត្ត​មក​ទទួល។ ខ្ញុំ​សុខចិត្ត​ប្រគល់​ឱ្យ​ដោយ​សុទ្ធចិត្ត​ ហើយ​មាន​សេចក្ដី​រីករាយ​ថែម​ទៀត ដើម្បី​បន្ត​សមាគម​ហ្នឹង​ឱ្យ​បាន​រស់រាន​មាន​ជីវិត​យូរ​តទៅទៀត មិន​មែន​ត្រឹម​តែ​ខ្ញុំ ភរិយា​របស់​ខ្ញុំ កូន​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ រហូត​ដល់​ចៅ ចៅ​ទួត​ក៏​ដោយ​គឺ​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ​វប្បធម៌​របស់​យើង ឱ្យ​បាន​គង់​វង្ស»។

អ្នកស្រី ទេស សំអឿន មាន​ប្រសាសន៍​ថា៖

«‍អញ្ចឹង​ហើយ ចេះ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​ម៉េច​អង្វរ​ឱ្យ​ឪពុកម្ដាយ​ហ្នឹង កុំ​ឱ្យ​ឈប់។ ឱ្យ​ចេះ​តែ​បន្ត​ទៅ​ទៀត​ទៅ​ ហើយ​និង​លោក​គ្រូ​អ្នក​គ្រូ។ អ្នក​គ្រូ​ដែល​បង្រៀន​ជាមួយ​ខ្ញុំ​ហ្នឹង ដូច​ជា​កូន​ចិញ្ចឹម​របស់​ខ្ញុំ​អញ្ចឹង អ្នក​គ្រូ​ ទេវី ​ហ្នឹង។ ខ្ញុំ​ចេះ​តែ​ប្រាប់​គាត់​ ឱ្យ​ជួយ​បន្ត​សិល្បៈ​វប្បធម៌​របស់​យើង​ហ្នឹង បន្ត​ទៅ​ទៀត ដូច​ថា ខ្ញុំ​វា​ចេះ​តែ​ចាស់​ហើយ​ ត្រូវ​ឱ្យ​គាត់​ជួយ​បន្ត​ទៅ​ទៀត។ ប៉ុន្តែ យើង​នៅ​ចាំ​មើល​ទៀត ព្រោះ​កូន​គាត់​គ្នា​នៅ​រៀន រៀន ​College មិន​ទាន់​ចប់​ទាំង​ពីរ។ អា​ហ្នឹង ខ្ញុំ​យល់​គាត់។

ប៉ុន្តែ អ្នក​ស្រី​ ទេស​ សំអឿន មាន​ប្រសាសន៍​បន្ត​ថា៖

«ខ្ញុំ​មិន​ទៅ​ណា​ទេ មិន​ចោល​ទៅ​ណា​ទេ គ្រាន់​តែ​ធ្វើ​ម៉េច​យើង​ជួយ​បន្ត​ទៀត ដើម្បី​កុំ​ឱ្យ​បាត់បង់​សិល្បៈ​វប្បធម៌​របស់​យើង។ ថ្ងៃ​ណា​ ដូច​ថា​យើង​វារមិន​រួច​ អា​ហ្នឹង​ចាំ​យើង​គិត​តទៅ​ទៀត ចាស៎ ប៉ុន្តែ សព្វ​ថ្ងៃ​ហ្នឹង​ ចេះ​តែ​ជួយ​រហូត​ទៅ»។

លោក ទេស សារឿម មាន​ប្រសាសន៍​បន្ថែម​ថា៖«‍ខ្ញុំ​ចង់​ឱ្យ​គេ​ស្គាល់​ខ្ញុំ​ជា​ជនជាតិ​អាមេរិកាំង ដើម​កំណើត​ខ្មែរ ហើយ​មិន​ដែល​ភ្លេច​ខ្មែរ»៕