ពាណិជ្ជកម្ម​និង​សន្តិសុខ​ស្ថិត​នៅ​លើ​របៀប​វារៈ​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក

  • Mike O'Sullivan

លោក Ben Rholes ជំនួយ​ការ​ប្រធានា​ធិបតី​អាមេរិក និយាយ​អំពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​ទំនាក់​ទំនង​ទូទៅ​រវាង​អាមេរិក-អាស៊ាន​ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការវិវត្ត​របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ទែន សុខស្រីនិត/VOA)

ពាណិជ្ជកម្ម​ និង​សន្តិសុខ​​នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​នៅពេល​ដែល​​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ជួប​ជាមួយ​សមាជិក​រដ្ឋ​ចំនួន​១០​ប្រទេស​របស់​សមាគម​អាស៊ាន នៅ​សប្តាហ៍​ក្រោយ។

ពាណិជ្ជកម្ម​ និង​សន្តិសុខ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​នៅពេល​ដែលលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ជួប​ជាមួយ​សមាជិក​រដ្ឋ​ចំនួន​១០​ប្រទេស​របស់​សមាគម​អាស៊ាន នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​រដ្ឋ​ California។ ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ជំនួប​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ក្រុម​មេដឹកនាំ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​គឺនៅ​ថ្ងៃទី​១៥ ​និង​ទី​១៦ ​ខែ​កុម្ភៈ​នេះ​នៅ​ឯ​រមណីយដ្ឋាន Sunnylands ក្នុង​រដ្ឋ California ភាគ​ខាង​ត្បូង​ដែល​នៅ​ទី​នោះ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន ស៊ី ​ជីន​ពីង​ នៅ​ឆ្នាំ​២០១៣។

​ចិន​ដែល​មិនមែន​ជា​សមាជិក​អាស៊ាន ​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្មមួយ​របស់​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​នានា​របស់​សមាគម​អាស៊ាន ​បញ្ជូល​គ្នា ​មាន​ចំណាត់​ថ្នាក់​ខាង​ពាណិជ្ជកម្ម​ទី​៤។

នៅ​ក្នុង​ទីក្រុង​នានា​ដែល​មាន​ជាតិ​សាសន៍​ចម្រុះដូចជា​ទីក្រុង Laos Angeles ចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​សារៈសំខាន់​ណាស់។

លោក Stephen Cheung ​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង​ Los Angeles៖

«យើង​មាន​ទីក្រុង​ថៃ​នៅ​ទី​នេះ។​ យើង​មានសហគមន៍​វៀត​ណាម​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ Californiaភាគ​ខាង​ត្បូង។ ​ហើយ​ទាំងអស់​នេះ​ជាកម្លាំង​ដែល​យើង​មាន‍»។

ក្រុមហ៊ុន​អាមេរិកាំង​ជាច្រើន​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ដែល​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​មាន​លើស​ពី៦​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ប្រទេស​ហ្វីលីពីន ឃើញ​ការ​រីក​លូតលាស់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ហើយ​កំពុង​ស្វះស្វែង​រក​ការ​វិនិយោគ​ទុន​ក្នុង​ផលិតផល​កសិកម្ម​នានា​ដូចជា​ កាកាវ ​និង​កាហ្វេ ​នៅ​ក្នុង​ផ្នែក​ផលិតកម្ម​ និង​ផ្នែក​ផ្សេងៗ​ទៀត។

លោក Gerry Palon ​នៃ​សហព័ន្ធ​សភា​ពាណិជ្ជកម្ម​ហ្វីលីពីន អាមេរិកាំង ​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«លោក​អ្នក​អាច​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចាប់​តាំង​ពី​ប្រទេស​ហ្វីលីពីន។ ​យើង​ក៏​មានច្រកចេញ​ចូល​ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដោយ​អាច​ទៅ​ដល់​កោះ​ហាវ៉ៃ​ និង​ដី​គោក​សហរដ្ឋ​អាមេរិក​កាត់​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក‍»។

នៅ​ឯ​កំពង់​ផែ​ក្រុង Los Angeles និង​ទីក្រុង Long Beach ពាណិជ្ជកម្ម​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រីក​លូតលាស់។

លោក Stephen Cheung ​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្រុង Los Angeles មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖

«ពាណិជ្ជកម្ម​របស់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយ​ទីក្រុងLos Angelesមាន​តម្លៃ​សរុប​៥៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។​ ការណ៍​នេះ​មាន​ន័យ​ថា ​ប្រសិនបើ​អស់​លោក​អ្នក​បន្ថែម​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​នោះ ​គេ​ក្លាយ​ជាដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទី២​របស់​ពិភពលោក​ទាំង​មូល‍»។

សហរដ្ឋ​អាមេរិក និង​ចិន ​កំពុង​ធ្វើ​ការ​ដើម្បី​ជំរុញ​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រ​ជាពលរដ្ឋ​៦២៥​លាននាក់​ និង​សេដ្ឋ​កិច្ច​ជាង២​លាន​លាន​ដុល្លារ។ សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចូល​ជា​ធរមាន​កាល​ពី​ចុង​ឆ្នាំ​ទៅ។

សហរដ្ឋ​អាមេរិក​ជា​កម្លាំង​ជំរុញ​នៅ​ពី​ខាង​ក្រោយ​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ឬ (TPP) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​នេះ​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ (New Zealand)។ ​សមាជិក​៤របស់​សមាគម​អាស៊ាន ​មាន​ប្រទេស​ព្រុយណេ ​ម៉ាឡេស៊ី ​សិង្ហបុរី​ និង​វៀតណាម ​បាន​ចូល​រួម​អង្គការ TPP នោះ។

សមាជិក​ទាំង១០​របស់​សមាគម​អាស៊ាន​ក៏​មានគម្រោង​ចូល​រួម​ក្រុម​ពាណិជ្ជកម្ម​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​ដែរ។

ក្រុម​អ្នក​ជំនួយការ​សេតវិមាន ​និយាយ​ថា ​បញ្ហា​សន្តិសុខ​នៅ​លើ​របៀប​វារៈនោះ​ រួម​មានការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​កាលពី​ពេល​ថ្មីៗ​របស់​កូរ៉េ​ខាង​ជើង​ ហើយ​និង​ជម្លោះ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សន្និសីទ​កំពូល​រដ្ឋ California ត្រូវ​គេ​រំពឹង​នឹង​ទាក់​ទាញ​ការ​តវ៉ា​ប្រឆាំង​លើ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ខ្លះ​នៅ​សមាគម​អាស៊ាន រួម​មាន​ប្រទេស​កម្ពុជា​ និង​វៀតណាម៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន​