ត្រាច៖ ទី​ភូមិ​ជនបទ​អាស្រ័យផល​នឹង​រោងចក្រ

លោក​ ​ជីម​ ​សុខ​គុណ​ ​អាយុ៣៨ឆ្នាំ​ ​បាន​ចាកចេញ​ពី​ភូមិ​ត្រាច​ ​កាលពី១០ឆ្នាំមុន​ ​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង​ ​ភាគ​ខាងកើត​ខេត្ត​កណ្ដាល​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​

​អ្នកភូមិ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការងារ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់។ ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹង​ពី​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ទេ។

ការ​មកដល់​នៃ​រោងចក្រ​កាត់ដេរ​ ​និង​វិស័យ​វាយនភណ្ឌ​ ​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ចេញ​ពី​វិស័យ​កសិកម្ម​នៅ​ទូទាំង​ប្រទេស។ ជាក់​ស្ដែង​នៅ​ភូមិ​ត្រាច​ ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​អ្នកភូមិ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការងារ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់។ ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹង​ពី​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ទេ។

ភូមិត្រាច ខេត្តកំពង់ស្ពឺ — បើ​ចោល​កន្ទុយភ្នែក​ក្រឡេក​មើល​បន្តិច​ ​ភូមិ​ត្រាច​ ហាក់​ដូច​ជា​ភូមិ​ខ្មែរ​ដ៏​សាមញ្ញ​ធម្មតា​មួយ​កន្លែង​របស់​ទី​ជនបទ​ប្រទេស​កម្ពុជា។​ ក៏​ប៉ុន្តែការពិត​ ភូមិ​ដែល​មាន​ប្រជាជន​រស់​នៅ​ត្រឹម​តែ​ប្រមាណ​៥៧០​នាក់​នេះ ពោរពេញ​ដោយ​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​រស់​រវើក។

ភូមិ​ត្រាច ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ ប៉ែកខាង​លិច ក្រុង​ច្បារមន របស់​ខេត្ត​កំពង់ស្ពឺ។ ​ប្រជា​ពល​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ចំនួន​១១៥​គ្រួសារ​ក្នុង​ភូមិ ​រស់​នៅ​ដោយ​ពឹង​អាស្រ័យនឹង​ប្រភព​ចំណូល​ពី​ការ​បម្រើ​ការងារ​ក្នុងរោងចក្រនិងអាជីវកម្ម​លក់​ចំណី​អាហារ សម្រាប់​កម្មករ កម្មការិនី​នៅ​តាម​បណ្ដា​រោង​ចក្រ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​និង​នៅ​តាម​តំបន់​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​អាជ្ញាធរ​មូលដ្ឋាន។​

​អ្នកស្រី​ ​គ្រិច​ ​ធន​ ​ពលរដ្ឋ​ភូមិ​ត្រាច​ ​ខេត្ត​កំពង់ស្ពឺ​ ​ប្រទេស​កម្ពុជា​។​ ​កូនប្រុស​ស្រី​ទាំង៤នាក់​ ​របស់​អ្នកស្រី​ ​សុទ្ធតែ​ជា​កម្មករ​កម្មការនី​ ​រោងចក្រ​កាត់ដេរ​ ​ខណៈ​អ្នកស្រី​ផ្ទាល់​ ​ជា​អ្នកលក់​អាហារ​ ​នៅមុខ​រោងចក្រ​ក្បែរ​ភូមិ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​ ​

​អង្គុយ​មុខ​ផ្ទះ​ ​សង់​ពី​ឈើ​ ​ខ្ពស់​ផុត​ពី​ដី ​អ្នកស្រី​ ​គ្រិច​ ​ធន​ ជាឧទាហរណ៍​មួយ​នៅ​ក្នុង​នោះ។​ ​តាមរយៈ​ចរន្ត​សេដ្ឋកិច្ច​ ​និង​ចំណូល​ហិរញ្ញវត្ថុ​បែប​ថ្មី​ ​ខុសប្លែក​ពី​ការងារ​ស្រែចម្ការ​ជា​ប្រពៃណី ​អ្នក​ស្រី ​ពោល​ដោយ​ញញឹម​នៅ​ពេល​ដែល​កូនៗ​របស់​អ្នកស្រី​ កំពុងអង្គុយ​បរិភោគអាហារថ្ងៃត្រង់​ជាមួយ​អ្នក​ជិត​ខាង ដែល​ជា​កម្មករ​ កម្មការិនី រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។

«ប៉ុន្មាន​ឆ្នាំ​ហើយ​ ​ឃើញ​គេ​ប្លែក​ ​ប្លែក​អ៊ីចឹង​ ​គេ​រក​បាន​ទៅ​ ​គេ​ធ្វើ​ផ្ទះ​ ​ធ្វើ​របង​ ​អីចឹង​ទៅ​ណា​ ​.​.​.​ ​អត់​មាន​ប្លែក​អី​ទៀត​ទេ​ ​មាន​តែ​ក្មេង​ផឹក​ ​ក្មេង​អី​ហ្នឹង»។

ភូមិ​ត្រាច ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​វាលស្រែ​ខៀវ​ស្រងាត់​ ​នា​រដូវវស្សា​ ​និង​មានដើម​ត្នោត​ដុះ​ច្រូងច្រាង​ជុំវិញ​ភូមិ។​

​តាមរយៈ​ការ​បោះ​ទុន​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​ នៅ​ក្បែរ​ភូមិ​នេះ ​ ​កូនៗ​ទាំង៤​របស់​អ្នកស្រី​ ​គ្រិច​ ​ធន​ ​មាន​ការ​ងារ​ធ្វើ​ ​និង​ចំណូល​ទៀងទាត់​ជា​រៀងរាល់​ខែ។

​«សំខាន់​ដែរ​ហ្នឹង​អ្ហា​ ​សម្រាប់​ខ្ញុំ​ផង​ ​កូន​ខ្ញុំ​ផង​ ​ក៏​សំខាន់​ដែរ​ បើ​អត់​រោងចក្រ​បាន​អី។ ​អត់មាន​អី​រក​ ​ចាស៎​ ​ដល់​អ៊ីចឹង​ទៅ​ ​បើ​អត់​រោងចក្រ​ទៅ​ ​យើង​បាន​អី​ចាយ​ ​ទិញ​ម្ហូប​ ​ទិញ​អី​ ​ព្រោះ​រស់​រាល់​ថ្ងៃ​ដើម្បី​តែ​លុយ។ ទាល់តែ​យើង​មាន​លុយ​បាន​រស់​កើត»។​

១០​ឆ្នាំ​មុន​ ​ពេល​ដែល​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ​និង​កាបូបយួរ​ ​បាន​ពង្រីក​វិសាលភាពរបស់​ខ្លួន​ មក​កាន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ​និង​ទីបំផុត​រោង​ចក្រ​មួយ​ចំនួន​បាន​មក​ដល់​ភូមិ​ត្រាច។​

​អ្នកស្រី​ ​ផាន់​ ​សោភា​ ​អ្នកលក់​ម្ហូបអាហារ​ ឱ្យ​កម្មករ​រោងចក្រ​ ​ជាង១០ឆ្នាំ​មក​ហើយ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​ ​

អ្នកស្រី​ ​ផាន់​ ​សោភា​ ​ក្នុង​វ័យ​៣៧​ឆ្នាំ​ បាន​ចាប់​ប្រកបរបរ​លក់​បាយ​ ​លក់​ត្រី​ចៀន​ ​លក់​ប្រហិត​ ​ជា​កញ្ចប់ៗ​ ​លក់​ជូន​កម្មករ​កម្មការិនី​ដែល​បម្រើការ​នៅ​រោងចក្រ​ទាំង​នោះ។

«​សំខាន់​ដែរ​ហ្នឹង​អ្ហា​ ​បើ​លក់​តែ​នៅ​នឹង​មុខ​រោងចក្រ​ហ្នឹង​ ​បើ​អត់​កម្មករ​រោងចក្រ​ ​ក៏​យើង​មិន​ដឹង​ទៅ​លក់​នៅ​ឯណា​ ​លក់​ក្នុង​ផ្សារ​អត់​សូវ​ដាច់​ទេ​ ​ដាច់​បាន​តិច។​ ​បើ​យើង​ទៅ​លក់​នៅមុខ​រោងចក្រ​ ​វា​ដាច់​បាន​ច្រើន»។

ដឹង​តែ​លក់​តែម្ដង​ គេ​ធ្វើ​អី​ធ្វើ​អី​ ​មិន​ដឹង​ទេ យើង​ដឹង​តែ​លក់។ មានកម្ម​ករ​ច្រើន​ទៅ​យើង​លក់ដាច់​ទៅ។


បច្ចុប្បន្ន​នេះ​ ​ការ​លក់​ម្ហូប​ឱ្យ​កម្មករ​រោងចក្រ​ផ្ដល់​ជា​ចំណូល​ប្រចាំថ្ងៃ​ដល់​អ្នកស្រី​ ​ផាន់​ ​សោភា​ ​ ​ប្រមាណ​ពី​១០​ដុល្លារ​ ​ទៅ​១៥​ដុល្លារ​អាមេរិក​ ​ក្នុង​មួយ​ថ្ងៃ។​

លោក​ ​ស្វាយ​ ​តែម​ ជា​មេភូមិ​ត្រាច។ ភរិយា​របស់​លោក​គឺ​អ្នកស្រី​ ​គង់​ ​ស៊ី​ណា​ ជា​អ្នកលក់​ម្ហូប​អាហារជូន​កម្មករ​រោង​ចក្រ​ម្នាក់​ផង​ដែរ។​ ​ក្នុង​មួយថ្ងៃ​អ្នកស្រី​រកចំណូល​បាន​ពី​១០​ដុល្លារ​ ​ទៅ​១៥​ដុល្លារ​ពីរ​បរ​មួយ​នេះ។ ប៉ុន្តែ​ អ្នក​ស្រី​ត្រូវ​ក្រោក​ពី​ព្រលឹម​ម៉ោង​២​រៀប​ភ្លឺ​រាល់​ថ្ងៃ​ ​ដើម្បី​ចម្អិន​ ​និង​រៀបចំ​ម្ហូប​យក​ទៅ​លក់។

បើ​ទោះជា​រោង​ចក្រ​កាត់​ដេរ​សំលៀកបំពាក់បាន​ផ្ដល់​ការ​ងារ​និង​ឱកាស​សេដ្ឋកិច្ច​ដល់អ្នក​ភូមិ​ត្រាច ភាគ​ច្រើន ក៏​ពួកគេ​មិន​បាន​ដឹង​អំពី​ផល​ប៉ះពាល់​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​នោះ ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា«អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ​» ឬ EBA នោះ។

​អ្នកស្រី​ ​គង់​ ​ស៊ី​ណា​ ​ភរិយា​លោក​ ​ស្វាយ​ ​តែម​ ​មេភូមិ​ត្រាច​ ​រៀបចំ​ចម្អិនម្ហូប​ ​ត្រៀម​យក​ទៅ​លក់​ ​ប្ដូរ​យក​កម្រៃ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​ ​

អ្នកស្រី​ ​គង់​ ​ស៊ី​ណា​ ភរិយាលោក​ប្រធាន​ភូមិ​ត្រាច​សារភាព​ដូច្នេះ៖​

«ដឹង​តែ​លក់​តែម្ដង​ គេ​ធ្វើ​អី​ធ្វើ​អី​ ​មិន​ដឹង​ទេ យើង​ដឹង​តែ​លក់។ មានកម្ម​ករ​ច្រើន​ទៅ​យើង​លក់ដាច់​ទៅ»។

សហភាព​អឺរ៉ុប​ បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំ​មួយ​ខែ​លើ​លទ្ធភាព​នៃ​ការ​ព្យួរ EBA ដល់​កម្ពុជា កាល​ពី​ខែ​សីហា បន្ទាប់​ពីសហភាព​អឺរ៉ុប​មើល​ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ។ អឺរ៉ុប​បាន​ទាមទារ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរ​លើ​បញ្ហា​ទាំង​នេះ​ដើម្បី​អាច​រក្សា EBA បាន។ EBA ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​យ៉ាង​តិច​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅថា GMAC បាន​ព្យាយាមបញ្ចុះ​បញ្ចូលបណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​អាច​រក្សា​ EBA បាន។

សហភាព​អឺរ៉ុប​នឹង​ជូន​ដំណឹង​ពី​លទ្ធផល​នៃ​ការ​វាយតម្លៃ​របស់​ខ្លួន​នៅ​ខែ​វិច្ឆិកា​ ខាងមុខ មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២០។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ធ្លាប់​បាន​ព្រមាន​ថាការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​កម្មករ​យ៉ាង​តិច​ជាង​៧០​ម៉ឺន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ភូមិ​ត្រាច ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ អាច​ជា​ឧទាហរណ៍​មួយ​នៃផល​ប៉ះពាល់​នេះ នៅ​ពេល​ដែល​រោង​ចក្រ​កាត់ដេរ​សំលៀកបំពាក់ ​និង​រោង​ចក្រ​ផលិត​ស្បែក​ជើង​ បាន​ស្រូប​យក​កម្លាំង​យុវជន​ជាច្រើន​ក្នុង​ភូមិ​នេះ។​ ម្យ៉ាងវិញទៀត ឪពុកម្ដាយ​របស់​ពួកគេ​បាន​បង្កើត​មុខ​របរ​ចម្អិន​អាហារ​លក់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ក្រុម​កម្មករ​ ដែល​ជា​ផ្នែក​មួយ​ទៀត​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ភូមិ៕