ខេត្តក្រចេះ — អ្នករត់ទូកទេសចរណ៍មួយចំនួនកំពុងពឹងផ្អែកលើប្រាក់ចំណូលដែលបានមកពីកន្លែងដែលសម្បូរដោយសត្វផ្សោតក្នុងដែនទឹកទន្លេមេគង្គ នាខេត្តក្រចេះ។ ពួកគេបង្ហាញក្តីបារម្ភថា ការបាត់បង់សត្វផ្សោត អាចនឹងនាំមកនូវការខាតបង់ចំណូលប្រចាំថ្ងៃ។
លោក ម៉ាន់ ឈុន ជាអ្នករត់ទូកទេសចរណ៍ក្នុងអន្លង់កាំពី ក្នុងខេត្តក្រចេះ អស់រយៈពេល ១០ ឆ្នាំមកហើយ។ លោកថា ការរស់រានរបស់សត្វផ្សោតក្នុងអន្លង់កាំពីអាចជួយរក្សាលំនឹងជីវភាពគ្រួសាររបស់លោក។
លោកថ្លែងថា៖ «ព្រួយបារម្ភដែរហ្នឹង! ខ្លាចបាត់អស់ បានអីរកទៀត? បានអីភ្ញៀវមើលផ្សោតទៀត?»
សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ ៩០ ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF កម្ពុជា។
កាលពីខែវិច្ឆិកា អាជ្ញាធរក្នុងខេត្តស្ទឹងត្រែងបានរាយការណ៍អំពីការស្លាប់សត្វផ្សោតវ័យជំទង់មួយក្បាល ដោយសារការប្រើប្រាស់ឧបករណ៍ឆក់ត្រីក្នុងទន្លេមេគង្គ។
លោក ហ៊ាង អឿន អាយុ ៧១ ឆ្នាំ ដែលជាអ្នករត់ទូកទេសចរណ៍រយៈពេល ៥ ឆ្នាំ ថ្លែងថា សត្វផ្សោតជាអ្នកជួយរកចំណូលឲ្យពលរដ្ឋនៅក្នុងសហគមន៍កាំពី។ ហេតុដូច្នេះ លោកថា ការរក្សាការពារសត្វកម្រនេះ ជារឿងចាំបាច់។
លោកថ្លែងថា៖« ផ្សោតជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋដែលរស់នៅកន្លែងនេះ»។
បើតាមអ្នករត់ទូកទេសចរណ៍រូបនេះ ប្រជាពលរដ្ឋសហគមន៍ និងអាជ្ញាធរមូលដ្ឋានបានខិតខំទប់ស្កាត់ការប្រើឧបករណ៍នេសាទខុសច្បាប់ដែលបង្កគ្រោះថ្នាក់ដល់សត្វផ្សោតដែរ តែសកម្មភាពល្មើសនៅតែកើតមានដដែល ព្រោះអ្នកប្រព្រឹត្តបទល្មើសហាក់ដូចជាមិនស្តាប់តាមអ្នកអនុវត្តច្បាប់។
លោកបន្ថែមថា៖ «មិនដឹងធ្វើម៉េច បើគ្នាអ្នកនិយាយដែរ បើវាអ្នកអនុវត្ត វាមិនព្រមស្តាប់ផង… ដល់ហើយធ្វើម៉េចឲ្យគ្នាអ្នកការពារម៉េចឈ្នះ»។
នៅពេលភ្ញៀវទេសចរជិះទូកកម្សាន្តក្នុងអន្លង់ផ្សោតកាំពី ពួកគេអាចមើលឃើញសត្វផ្សោតខ្លះហិបហែលក្នុងទឹក ឬពេលខ្លះហែលលោតបង្ហាញខ្លួនលើផ្ទៃទឹក។
នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក ថ្លែងថា សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្ន ត្រូវបានចាត់ទុកជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ហើយអតីតប្រមុខរាជរដ្ឋាភិបាលក៏ដូចជាមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នបានយកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយបានផ្តល់ជាអនុសាសន៍ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរឲ្យបង្កើនការការពារសត្វផ្សោត។ លោកឲ្យដឹងទៀតថា ការបង្ក្រាបបទល្មើសនេសាទដែលអាចបង្កហានិភ័យដល់ជីវិតសត្វផ្សោតក្នុងទន្លេមេគង្គ គឺជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ នៅពេលជនល្មើសប្រើប្រាស់សារធាតុញៀន។
លោកថ្លែងថា៖ «ដោយសារវាមានភាពដូចថា គ្រោះថ្នាក់បំផុត យើងដេញប៉ផាប់ចាប់ប៉ភីងហើយទូកល្មើសមានការលំបាកណាស់ ទូកល្មើសលឿនទី ១។ ទី ២ ទូកល្មើសភាគច្រើនជនសង្ស័យ ប្រព្រឹត្តបទល្មើសភាគច្រើនប្រើថ្នាំញៀន។ អ៊ីចឹង គាត់អត់សូវខ្លាចសមត្ថកិច្ចយើង។ ពេលគាត់ប្រឈម បើសិនជាប្រឈមនៅពេលដែលជួបសមត្ថកិច្ចយើង បើកម្លាំងយើងតិចគាត់តដៃ ហើយនៅក្នុងទូកនីមួយៗ គាត់មានដាវសាមួរ៉ៃ មានអី។ អ៊ីចឹង ការដេញប៉ផាប់ចាប់ប៉ភីងមានការលំបាក»។
សត្វផ្សោតចំនួន ១១ ក្បាល បានស្លាប់កាលពីឆ្នាំ ២០២២។ នៅក្នុងឆ្នាំ ២០២៣ គិតត្រឹមដើមខែធ្នូ សត្វផ្សោត ៥ ក្បាលបានស្លាប់ទាំងនៅខេត្តក្រចេះ និងស្ទឹងត្រែង។ ប៉ុន្តែអាជ្ញាធររាយការណ៍ថា សត្វផ្សោតចំនួន៨ក្បាលបានកើតនៅឆ្នាំនេះផងដែរ។ នេះបើតាមនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក។ លោកស្នើឲ្យពលរដ្ឋសហគមន៍ និងអាជ្ញាធរមូលដ្ឋានចូលរួមការពារ និងអភិរក្សសត្វផ្សោត ដើម្បីឲ្យសត្វប្រភេទនេះមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ។
លោកថ្លែងថា៖ «ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាសហគមន៍មូលដ្ឋាន ទាំងសហគមន៍នេសាទ ក៏ដូចជាសហគមន៍ចម្លងភ្ញៀវទេសចរបច្ចុប្បន្ន ទាំងនៅអន្លង់ផ្សោតកាំពី ក៏ដូចជាតំបន់ផ្សេងៗដែរ ព្រមទាំងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសូមមេត្តាចូលរួម ចូលរួមជាមួយមន្ត្រីរដ្ឋបាលយើងខ្ញុំដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដើម្បីប្រសិទ្ធភាព…ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ដើម្បីធនធានជលផលរបស់យើង ជាពិសេសសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងឲ្យនៅឋិតថេរគង់វង្ស។ ហើយបើសិនបើទទួលបានព័ត៌មានស្តីពីការកើតឡើង ឬក៏ការប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ សូមមេត្តាជួយផ្តល់ព័ត៌មានជាសម្ងាត់ បាទ…ជាសម្ងាត់ មកមន្ត្រីរដ្ឋបាលជលផល ឬក៏អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដើម្បីពួកខ្ញុំសហការជាមួយអាជ្ញាធរក៏ដូចជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្រាវជ្រាវឈ្មោះហើយដូចជាធ្វើសវតាជាតិកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្ត»។
អន្លង់កាំពីជារមណីយដ្ឋានធម្មជាតិស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រ តាមផ្លូវលេខ ៣៧៧ ខាងជើងទីរួមខេត្តក្រចេះ មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង ៥ កន្លែងនៅក្នុងខេត្តក្រចេះ។ រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើង កាលពីចុងឆ្នាំ ១៩៩៩។ នេះបើតាមរដ្ឋបាលខេត្តក្រចេះ។
អង្គុយនៅលើទូកក្រោយដឹកភ្ញៀវទស្សនាសត្វផ្សោត លោក ម៉ាន់ ឈុនថា លោកស្រឡាញ់សត្វ ផ្សោតដូចជាកូន និងចៅ ហើយលោកមិនចង់ឃើញសត្វដ៏កម្រនេះបាត់បង់ទេ។ លោកលើក ហេតុផលថា ពេលមានផ្សោត លោកអាចរកចំណូលបានជិត ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកថ្លែងថា៖ «ទុកដូចជាកូន ជាចៅអ៊ីចឹង។ យើងធ្លាប់ហើយ...ព្រោះអាហ្នឹងសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យមកមើល»។
លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងសហគមន៍កាំពីចូលរួមការពារសត្វផ្សោតកុំឲ្យបាត់បង់ ដើម្បីស្រូបយកភ្ញៀវទេសចរដែលនឹងនាំមកនូវចំណូលដល់សហគមន៍៕