នៅល្ងាចថ្ងៃអង្គារនេះ គណៈសង្ឃជាន់ខ្ពស់នៅកម្ពុជាមួយអង្គបានថ្លែងគាំទ្រការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយរំពឹងថា ការកាត់ទោសនោះនឹងនាំមកនូវការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបកស្រាយការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយពន្យល់ថា នោះគឺជាវដ្ដនៃកម្មពៀរ។ សម្តេចមានសង្ឃដីកាថា៖
«សូមអបអរសាទរក្រៃលែងចំពោះអស់លោកមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងពិភពលោកដែលបានជួយរកយុត្តិធម៌ឲ្យខ្មែរបានបាត់ឈឺចិត្ត។ បើនិយាយតាមសាសនាអ្នកដែលធ្វើអាក្រក់ទទួលបានផលអាក្រក់»។
ព្រះតេជគុណ នន្ទ ង៉ែត មានសង្ឃដីកាយ៉ាងដូច្នេះនៅចំពោះព្រះភ័ក្ដ្រព្រះសង្ឃចំនួន៤២០អង្គក្នុងក្រុងភ្នំពេញក្នុងពិធីផ្សព្វផ្សាយអំពីការវិវត្តន៍នៃដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដើម្បីផ្សព្វផ្សាយពត៌មានផ្ទាល់ជាលើកដំបូងដល់ព្រះសង្ឃ។
លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីរបស់សាលាក្ដីខ្មែរក្រហមបានរៀបរាប់ពីការវិវត្តន៍នៃដំណាក់កាលកាត់ទោសអតីតប្រធានគុកទួលស្លែងឬមន្ទីរស ២១ កាំង ហ្គិចអ៊ាវ ហៅឌុច និងការត្រៀមកាត់ទោសសំណុំរឿង ០០២។ សំណុំរឿងនេះដែលមានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្ពស់បំផុតនៃរបបខ្មែរក្រហមរួមមាន នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។
ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងបួនរូបដែលគេជឿថា នឹងជួយបកស្រាយអាថ៌កំបាំងនានាក្នុងសម័យដែលពួកគេគ្រប់គ្រងអំណាច។
ក្នុងអំឡុងពេលពួកខ្មែរក្រហមកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ខែមករា ឆ្នាំ ១៩៧៩ មានជនរងគ្រោះកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១,៧លាននាក់។
លោកក្រាញ់ តូនី ដែលជាប្រធានរដ្ឋបាលសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា ការចូលរួមរបស់ព្រះសង្ឃមានសារៈសំខាន់ណាស់ក្នុងដំណើរការកាត់ទោសដើម្បីលុបបំបាត់ការគុំនំ និងជួយរំសាយការឈឺចាប់របស់ជនរងគ្រោះដោយរបបខ្មែរក្រហម។
លោក គ្នុត រ៉ូសានដ៍ហូហ្គ (Knut Rosandhaug) អនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមបានថ្លែងទៅកាន់ព្រះសង្ឃកម្ពុជាថា ការកាត់ក្ដីក្នុងសំណុំរឿង០០២ខាងមុខនេះនឹងត្រូវបញ្ចូលអង្គហេតុនៃការប្រព្រឹត្តិមកលើពុទ្ធសាសនិកជន។ លោកគ្នុត បានថ្លែងតាមរយៈអ្នកបកប្រែភាសាថា ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាគឺជាបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកថ្លែងថា៖
«ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះជនជាប់ចោទអាចត្រូវជាប់ពិរុទ្ធពីបទធ្វើទុក្ខបុកម្នេញផ្នែកសាសនាដែលជាបទល្មើសមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ»។
សាលាក្ដីខ្មែរក្រហមក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញពីការបោះជំហានមួយទៀតទៅរកការធ្វើឲ្យមានភាពប្រាកដលើសំណុំរឿងបន្ថែមចំនួនពីរទៀតគឺសំណុំរឿង ០០៣ និង០០៤។ ប្រសិនបើសំណុំរឿងទាំងពីរនឹងត្រូវធ្វើឲ្យបានសម្រេចក្នុងពេលខាងមុខ ជនជាប់សង្ស័យចំនួនប្រាំនាក់បន្ថែមទៀតនឹងត្រូវនាំខ្លួនចូលក្នុងរង្វង់ក្រចកសេះ។ ក៏ប៉ុន្ដែមន្ដ្រីទទួលខុសត្រូវនៃសាលាក្ដីខ្មែរក្រហមមិនបានបង្ហាញការវិវត្តន៍បន្ថែមនេះដល់ព្រះសង្ឃក្នុងទីក្រុងភ្នំពេញទាំងជាង៤០០អង្គនោះទេ៕