វ៉ាស៊ីនតោន — ចៅក្រមបារាំងបានបង្គាប់ឲ្យអតីតមេបញ្ជាការកងអង្គរក្សពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសវនាការចំពោះតួនាទីរបស់ពួកគេ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃយ៉ាងបង្ហូរឈាម កាលពី ២៥ ឆ្នាំមុន នៅរាជធានីភ្នំពេញ។
មានមនុស្ស ១៦ នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួសដោយការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី។
ចៅក្រម Sabine Kheris នៃសាលាឧទ្ធរណ៍ក្រុងប៉ារីស បានសម្រេចថា លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង អតីតប្រធាននិងអតីតអនុប្រធានអង្គភាពអង្គរក្សរបស់លោក ហ៊ុន សែន នឹងត្រូវបង្ហាញមុខនៅតុលាការ ដោយផ្អែកលើការសន្និដ្ឋានជាឯកច្ឆន្ទនៃការស៊ើបអង្កេតរួមគ្នា ដោយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) អង្គការសហប្រជាជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)។ នេះបើយោងតាមឯកសារបកប្រែនៃដីការកោះរបស់តុលាការ ដែល VOA ទទួលបាន។
មន្ត្រីយោធាទាំងពីរនាក់នៅមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ បច្ចុប្បន្នលោក ហ៊ុយ ពិសិដ្ឋ ជារដ្ឋលេខាធិការការពារជាតិ និងលោក ហ៊ីង ប៊ុនហៀង ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ លោក ហ៊ុយ ពិសិដ្ឋ បដិសេធមិនធ្វើអត្ថាធិប្បាយលើដីការបស់ចៅក្រមទេ នៅពេលដែល VOA ខេមរភាសាទាក់ទង។ លោក ហ៊ីង ប៊ុនហៀង បានហៅការសម្រេចនេះថាជាការរំលោភសិទ្ធិរបស់លោក ហើយបានបដិសេធថា លោកមិនមានវត្តមាននៅកន្លែងតវ៉ាដែលមានការវាយប្រហារនោះទេ។
លោក ហ៊ីង ប៊ុនហៀង បានបន្តថា៖ «វាមិនដែលម៉ែអាណាដើរចោទគេតែពាសអ៊ីចឹងងាប់ហើយវើយ។ វាអត់មានដឹងហេតុផលឯណាចោទអីណា រឿងអីណាផ្សេងឡេឡឺអស់ហើយពួកហ្នឹង។ ដល់អ៊ីចឹងខ្ញុំឆ្ងល់! អង្គុយតែសើច....ហាហា ហាហា ហាហា បារាំងអីណាមើលឃើញ...បោកគ្រាប់បែបអីណា»។
តុលាការគ្រោងនឹងបើកសវនាការកាត់ទោសនៅឆ្នាំក្រោយ ដោយមាន ឬគ្មានវត្តមានជនជាប់ចោទប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
បណ្តឹងរបស់គណបក្សប្រឆាំង
សំណុំរឿងនេះត្រូវបានដាក់ប្តឹងកាលពីខែវិច្ឆិកា ឆ្នាំ ២០០០ ដោយលោក សម រង្ស៊ី ជាជនជាតិខ្មែរនិងបារាំង ដែលពេលនេះមានតួនាទីជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP)។
អតីតមេបញ្ជាការកងអង្គរក្សទាំងពីរនាក់ ដែលបច្ចុប្បន្នជាឧត្តមសេនីយក្នុងជួរកងយោធពលខេមរភូមិន្ទប្រឈមមុខ នឹងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម ក្នុងការវាយប្រហារដោយគ្រាប់បែកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧។
លោក សម រង្ស៊ី បានប្រាប់ VOA ថា សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ គឺជា «ការបញ្ចប់និទណ្ឌភាព» សម្រាប់អ្នកមានទ្រព្យធននិងអ្នកមានអំណាចនៅក្នុងប្រទេស ដែលពួកគេជាធម្មតាមិនអាចប៉ះពាល់បាន។
លោក សម រង្ស៊ី បានថ្លែងក្នុងបទសម្ភាស កាលពីចុងខែកុម្ភៈ ជាមួយ VOA ថា៖ «ការអភិវឌ្ឍដ៏មានសារៈសំខាន់។ ការវិវឌ្ឍធំមែនទែនគឺនិទណ្ឌភាពត្រូវបានបញ្ចប់។ ប្រជារាស្ត្រខ្មែររងគ្រោះជាច្រើនសិបឆ្នាំរងគ្រោះដោយសារនិទណ្ឌភាព»។
នៅម៉ោង ៨:៣០ នាទីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ ១៩៩៧ ទិដ្ឋភាពមានលក្ខណៈស្ងប់ស្ងាត់នៅពេលដែលបាតុករដោយសន្តិវិធីជាង ២០០ នាក់ ដឹកនាំដោយលោក សម រង្ស៊ី ដែលជាប្រធានគណបក្សជាតិខ្មែរ បានប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធតុលាការ។ ប៉ុន្មាននាទីក្រោយមក គ្រាប់បែកដៃបួនគ្រាប់ត្រូវបានបោកចូលទៅក្នុងការតវ៉ា។ នេះបើយោងតាមសាក្សីនានា។
លោក សម រង្ស៊ី បានថ្លែងថា៖ «ពេលដែលខ្ញុំនៅស្រុកខ្មែរ មានពួកគេប៉ុនប៉ងសម្លាប់ខ្ញុំ ហើយសម្លាប់ខ្ញុំមិនបាន ទៅសម្លាប់អ្នកនៅជុំវិញខ្ញុំត្រូវស្លាប់យ៉ាងតិច ១៦ នាក់ ក្នុងការគប់គ្រាប់បែកនេះ ហើយជាង ១០០ នាក់ទៀតត្រូវរបួសធ្ងន់។ អ៊ីចឹងតុលាការបារាំងជាកាតព្វកិច្ចរបស់គេត្រូវតែរកយុត្តិធម៌ឲ្យខ្ញុំ»។
លោក Brad Adams ដែលពេលនោះជាមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានទៅដល់កន្លែងកើតហេតុត្រឹមតែ ១០ នាទី បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនោះ។
លោក Adams ដែលបច្ចុប្បន្នជានាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ២១ ខែមីនាជាមួយ VOA ថា៖ «មានសាកសពរណូករណែលនៅគ្រប់ទីកន្លែងដែលគួរឲ្យខ្លាច ហើយប៉ូលិសបានត្រឹមឈរនៅទីនោះដោយមិនធ្វើអ្វីសោះ។ ពួកគេមិនជួយនរណាម្នាក់ទេ។ ខ្ញុំស្រែកដាក់ពួកគេថា «អស់លោកត្រូវជួយពួកគេ»។
ពលរដ្ឋអាមេរិកលោក Ron Abney នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានរងរបួសពេលកំពុងសង្កេតមើលការតវ៉ា។ លោក Abney ស្ថិតនៅក្នុងប្រទេសកម្ពុជាក្នុងបេសកកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមឯកសាររបស់តុលាការសហព័ន្ធសហរដ្ឋអាមេរិក។
លោក Abney ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០១១ និងលោក សម រង្ស៊ី ស្ថិតក្នុងចំណោមដើមបណ្តឹងចំនួន ៤ នាក់ នៅក្នុងពាក្យបណ្ដឹងមួយដែលបានដាក់នៅតុលាការសហព័ន្ធសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ក្នុងឆ្នាំ ២០០៥ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅទីក្រុងញូវយ៉ក។ ទោះបីជាមន្ត្រីអាមេរិកបានប្រគល់ដីការកោះដល់លោក ហ៊ុន សែន ឱ្យចូលខ្លួនក៏ដោយ ក៏កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅឆ្នាំ ២០០៦ ហើយដើមបណ្តឹងបានដកពាក្យបណ្តឹងវិញ។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យលោក សម រង្ស៊ី ដែលនិរទេសខ្លួននៅប្រទេសបារាំងត្រឡប់មកប្រទេសកម្ពុជាវិញ ហើយមានអ្នកទោសនយោបាយខ្លះត្រូវដោះលែងផងដែរ។
លោក Morton Sklar មេធាវីដើមបណ្តឹងបានថ្លែងថា៖ «ខ្ញុំសន្និដ្ឋានថា ដើម្បីបញ្ចប់បញ្ហាលោក ហ៊ុន សែន បានព្រមព្រៀងជាឯកជនជាមួយលោក សម រង្ស៊ី ហើយគាត់បានសុខចិត្តព្រមតាមសម្ពាធនយោបាយសំខាន់ៗទាំងអស់ ដែលមាននៅលើតុនៅពេលនោះ»។
លោក Sklar ពេញចិត្តនឹងសំណុំរឿងនៅតុលាការបារាំង ដែលបានដំណើរការទៅមុខ។
លោក Sklar បានថ្លែងថា៖ «វាជាការបង្ហាញថាសហគមន៍អន្តរជាតិនឹងមិនអនុញ្ញាតឲ្យការរំលោភបំពានរបស់លោក ហ៊ុន សែន រួចខ្លួននោះទេ។ វានឹងត្រូវមានការឆ្លើយតប ហើយនឹងមានផលវិបាក»។
ឯកសារតុលាការបានឲ្យដឹងថាលោក ហ៊ុយ ពិសិដ្ឋ ទទួលបញ្ជាពីលោក ហ៊ុន សែន ឲ្យវាយប្រហារលើការតវ៉ានេះ។
លោក Brad Adams នៃអង្គការ HRW មានប្រសាសន៍ថា៖ «នេះគឺជាសំណុំរឿងដ៏សំខាន់បំផុតដែលធ្វើឡើងប្រឆាំងនឹងមនុស្សជិតស្និទ្ធនឹងលោក ហ៊ុន សែន ដោយមានជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន នៅក្នុងតុលាការបរទេស។ ឯកសារបាននិយាយថា លោក ហ៊ុន សែន នឹងត្រូវចោទប្រកាន់ប្រសិនបើគាត់មិនកាន់តំណែងទេ»។
លោក BradAdams សង្ឃឹមថា នឹងទទួលបាននិវេទក្រហមពីប៉ូលិសអន្តរជាតិ Interpol និងដីកាចាប់ខ្លួននៅអឺរ៉ុបក្រោមការច្បាប់របស់សហភាពអឺរ៉ុបសម្រាប់ឧត្តមសេនីយ៍ទាំងពីរ។ យោងតាមអង្គការ Interpol និវេទក្រហម«គឺជាការស្នើសុំដល់មន្ត្រីអនុវត្តច្បាប់នៅទូទាំងពិភពលោក ដើម្បីកំណត់ទីតាំងនិងចាប់ខ្លួនជាបណ្តោះអាសន្នបុគ្គលដែលរង់ចាំការធ្វើបត្យាប័នការប្រគល់ខ្លួន ឬសកម្មភាពផ្លូវច្បាប់ស្រដៀងគ្នានេះ»។
កាលពីឆ្នាំ ២០១៥ លោក Adams បានផ្តល់ឯកសារស្តីពីការវាយប្រហារពីការស៊ើបអង្កេតរបស់ FBIការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបាយការណ៍របស់អង្គការសហប្រជាជាតិរបាយការណ៍Human Rights Watch និងរបាយការណ៍បុគ្គលិកសភាអាមេរិកក្នុងអំឡុងពេលសម្ភាសន៍ដោយចៅក្រមស៊ើបអង្កេតតុលាការបារាំង។ លោកបាននិយាយថា៖
«នេះគឺជាការវាយប្រហារដែលត្រូវបានចងក្រងទុកជាឯកសារបានយ៉ាងល្អ។ នេះគឺជាការវាយប្រហារដែលមានឯកសារច្បាស់លាស់»។
លោក Adams បាននិយាយថា៖ «ពិតជាគ្មានការងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើងនោះទេហើយអ្វីដែលសំខាន់បំផុតនោះ គឺថា អង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានគេដាក់ឲ្យយាមនៅក្នុងសួនក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយគ្រាប់បែកដៃ។ ពួកគេបានអនុញ្ញាតឱ្យមនុស្សដែលគប់គ្រាប់បែកដៃរត់កាត់ខ្សែត្រៀមរបស់ពួកគេ ហើយបន្ទាប់មកពួកគេបានគំរាមសម្លាប់មនុស្សដែលកំពុងដេញតាម»៕