បាត់ដំបង៖ ប្រជាសហគមន៍នេសាទនៅលើមាត់បឹងទន្លេសាបលើកឡើងថា ការហាមឃាត់ពួកគេមិនឲ្យនេសាទនៅរដូវបិទនេសាទនេះ ប្រៀបដូចជាការវាយកម្ទេចឆ្នាំងបាយរបស់ពួកគេដូច្នោះដែរ ដោយសារពួកគេរស់នៅពឹងអាស្រ័យទៅលើរបរនេសាទនេះតែមួយមុខប៉ុណ្ណោះ។
លោក ឈុន លាង ដែលស្លៀកខោជើងវែង និងលែងខ្លួនទទេ កំពុងអង្គុយប្រឡែងលេងជាមួយកូនៗរបស់លោកលើផ្ទះឈើតូចមួយ។ ផ្ទះឈើនេះទ្រពីក្រោមដោយគំនរនៃដើមឫស្សីជាច្រើនបាច់ចងភ្ជាប់គ្នា និងផ្អៀងចុះឡើងដោយសាររលក នៅពេលមានកាណូតបើកកាត់ម្តងៗ។
ផ្ទះអណ្តែតទឹករបស់លោក ឈុន លាងនេះស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងភូមិអន្លង់តាអួ ឃុំកោះជីវាំង ស្រុកឯកភ្នំ។ គេត្រូវធ្វើដំណើរតាមកាណូតចេញពីរួមខេត្តបាត់ដំបងរយៈពេល៥ម៉ោងទើបទៅដល់។
ដូចអ្នកនេសាទជាច្រើនទៀតដែរដែលរស់នៅលើផ្ទះអណ្ដែតទឹកជាជួរអមសងខាងដងស្ទឹងសង្កែចម្ងាយប្រមាណ ១គីឡូម៉ែត្រពីមាត់បឹងទន្លេសាបនេះ លោកឈុន លាង អ្នកនេសាទវ័យ៥៣ឆ្នាំមានប្រសាសន៍ថា ការហាមឃាត់អ្នកភូមិមិនឲ្យនេសាទនៅក្នុងរដូវបិទនេសាទនេះ ហាក់ដូចជាការវាយបំបែកឆ្នាំងបាយរបស់ពួកលោកដែរ ដោយសារជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិរបស់លោកនេះត្រូវពឹងផ្អែកទាំងស្រុងទៅលើរបរនេសាទតែមួយមុខប៉ុណ្ណោះ។
«វាខុសដោយឡែកពីអ្នកដែលមានអត្តសញ្ញាណប័ណ្ណជាកសិករ ឬជាអ្នកស្រែ អ្នកចម្ការ ដល់ខែ គេទៅធ្វើស្រែធ្វើចម្ការដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណជាអ្នកនេសាទ គ្មានដីស្រែ គ្មានដីចម្ការនោះ គឺដោះស្រាយជីវភាពប្រចាំថ្ងៃទៅលើការនេសាទនេះឯង»។
នៅមុនរដូវបិទនេសាទ លោកឈុន លាងអាចរកប្រាក់ចំណូលបានជាង១លានរៀលដែរក្នុងមួយខែ ជាមួយនឹងឧបករណ៍នេសាទរបស់លោក គឺមងក្រឡាល្អិត។ ប៉ុន្តែចាប់តាំងពីរដូវបិទនេសាទចូលមកដល់ លោកឈុន លាងអះអាងថា លោករកត្រីបានស្ទើរមិនគ្រាន់ទុកហូបផងទេ។
ការបិទ ឬហាមឃាត់នេសាទត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាចាប់ពីខែកក្កដា រហូតដល់ខែតុលា ដែលអំឡុងពេលនេះជារដូវត្រីពង ត្រីកូន។
តាមច្បាប់ស្ដីពីជលផលកម្ពុជា ក្នុងរដូវបិទនេសាទ រាល់ឧបករណ៍នេសាទជាលក្ខណៈសិប្បកម្ម និងឧស្សាហកម្មទាំងអស់ត្រូវបានហាមឃាត់ ដូចជាលបវែងៗ និងមង ឬអួន ដែលមានក្រឡាល្អិតតូចជាងមួយសង់ទីម៉ែត្រកន្លះជាដើម។ ប៉ុន្តែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដូចជាសំណាញ់ឬ មងខ្លីៗ ជាដើម ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងអំឡុងពេលបិទនេសាទនេះ។
ទោះជាយ៉ាងនេះក្តី លោកឈុន លាងមានប្រសាសន៍ថា តាមការកំណត់របស់ច្បាប់នៅក្នុងរដូវបិទនេសាទនេះ លោកមិនអាចរកត្រីបានគ្រប់គ្រាន់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបាននោះទេ ដោយសារផលត្រីកាន់តែធ្លាក់ចុះផង គួបផ្សំនឹងអ្នកនេសាទកាន់តែច្រើនផង។
ដូច្នេះ លោកឈុន លាង ក៏ដូចជាប្រជានេសាទដទៃទៀតដែរ បានសម្រេចចិត្តដោយបង្ខំគឺត្រូវតែនេសាទដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់បានហាមឃាត់នៅក្នុងរដូវបិទនេសាទនេះ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់លោក។
«រដូវបិទនេសាទនេះ បើនិយាយទៅ មិនថាតែខ្ញុំ ឬប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំកោះជីវាំងនេះទេ ទោះជាបិទមិនឲ្យរកក៏នៅតែរក គ្រាន់តែថា រកលួចលាក់អញ្ចឹងទៅ។ ពេលសមត្ថកិច្ចជលផលចុះចាប់ ក៏ចេះតែលួចលាក់លួចរកអញ្ចឹងទៅ។ បើមិនអញ្ចឹងទេ គឺដោះស្រាយជីវភាពអត់បាន»។
នៅរំលងប្រមាណ៥ផ្ទះពីផ្ទះរបស់លោកឈុន លាង គឺលោកយ៉ុន ផាន់ ជាអ្នកនេសាទម្នាក់ទៀតវ័យ៣៤ឆ្នាំ។ លោកបានមានប្រសាសន៍ដោយសម្លឹងទៅរកមងក្រឡាល្អិតៗរបស់លោកគរនៅលើផ្ទះថា លោកក៏ត្រូវបង្ខំចិត្តនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ដោយលួចលាក់ដែរ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
«ឆ្លៀតរកអីខ្លះដែរ បើមិនឲ្យរកមិនងាប់ហើយ? មិនដាច់ពោះងាប់ហើយ? នៅស្រុកគោក គេគ្រាន់បានស្រែបានផលខ្លះ។ នៅស្រុកទឹកទៅហើយ បើមិនឲ្យរកយ៉ាងម៉េច?»
លោកយ៉ុន ផាន់ និងលោកឈុន លាងបានលើកឡើងថា ពួកគេនិងប្រជានេសាទដទៃទៀត សុទ្ធតែកំពុងប្រឈមមុខនឹងការបង្ក្រាប ការផាកពិន័យ ឬរហូតដល់ការរឹបអូសឧបករណ៍នេសាទរបស់ពួកគេពីសំណាក់អាជ្ញាធរជលផល ប៉ុន្តែពួកគេអះអាងថា ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅពីការនេសាទដោយលួចលាក់នោះទេ។
នៅក្នុងឃុំកោះជីវាំងដែលគ្រប់គ្រងភូមិអណ្តែតទឹកសរុបចំនួន៥ភូមិនេះ មានប្រជាពលរដ្ឋចំនួន២០៤៤ គ្រួសារ គឺមានមនុស្សជាង១ម៉ឺននាក់។ ជាង៧០%នៃប្រជាជនទាំងនេះគឺជាអ្នកនេសាទសុទ្ធសាធ ហើយក្រៅពីនេះគឺជាអ្នកលក់ដូរទំនិញបន្តិចបន្តួច និងជាជាងជួលជុលទូក ឬកាណូតជាដើម នេះបើយោងតាមលោក ប៊ុន បេង មេឃុំកោះជីវាំងនេះ។
លោក ប៊ុន បេង មានប្រសាសន៍នៅលើផ្ទះអណ្ដែតទឹករបស់លោកថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋក្នុងឃុំរបស់លោកតែងតែជួបប្រទះនូវបញ្ហាខ្វះខាតខាងជីវភាពនៅក្នុងរដូវបិទនេសាទនេះ ដោយសារពួកគេភាគច្រើនពឹងផ្អែកតែទៅលើរបរនេសាទតែមួយមុខនេះឯង។
ដូច្នេះលោកប៊ុន បេងមានប្រសាសន៍បន្ថែមទៀតថា បើទោះជាលោកបានព្យាយាមណែនាំប្រជាពលរដ្ឋកុំឲ្យប្រើឧបករណ៍ដែលច្បាប់ហាមឃាត់ក្នុងរដូវបិទនេសាទ ហើយឲ្យពួកគេបង្កើនមុខរបរដូចជាចិញ្ចឹមត្រី និងអន្ទុងបន្ថែមក៏ដោយ ក៏ពេលខ្លះ លោកត្រូវបង្ខំចិត្តបិទភ្នែក បិទត្រចៀកខ្លះ ចំពោះការឆ្លៀតនេសាទរបស់ប្រជាពលរដ្ឋមួយចំនួន ដោយប្រើឧបករណ៍ហាមឃាត់ទាំងនោះដែរ។
«ពីមួយថ្ងៃទៅមួយថ្ងៃគឺបានត្រីមួយគីឡូ ឬពីរគីឡូ យកទៅដោះដូរជាអង្ករសម្រាប់ហូបប៉ុណ្ណឹងឯង។ នៅទីនេះគឺមានតែប៉ុណ្ណឹងឯង គឺរកត្រីបានយកទៅលក់ដើម្បីទិញអង្ករ ព្រោះយើងអត់មានជង្រុកឯណានឹងទុកសម្រាប់ដោះស្រាយនោះ អត់មានទេ»។
តែទោះជាយ៉ាងនេះក្តី លោកណៅ ធួក ប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ច្បាប់ស្តីពីជលផលពុំអនុញ្ញាតឲ្យមានការបន្ធូរបន្ថយ ឬលើកលែងចំពោះសហគមន៍នេសាទណាមួយ ដែលនេសាទនៅក្នុងរដូវបិទនេសាទនេះទេ។
«នេះគឺជាច្បាប់។ យើងមិនអាចសម្រួលបានទេ ហើយការអនុវត្តនេះគឺសម្រាប់ប្រជាពលរដ្ឋទូទៅ ទូទាំងប្រទេស មិនមែនសម្រាប់តែសហគមន៍មួយហ្នឹង ឬក៏មួយចំនួនតូចនោះទេ»។
លោកណៅ ធួកមានប្រសាសន៍បន្ថែមដោយលើកទឹកចិត្តឲ្យសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាប ប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារមួយរយៈពេលនៃរដូវបិទនេសាទនេះ ដើម្បីធានាថា ត្រីមេពូជអាចពងកូនបានច្រើន សម្រាប់ការនេសាទរបស់ប្រជាពលរដ្ឋនៅរដូវបើកនេសាទវិញក្នុងខែតុលាខាងមុខនេះ៕