តំណាងប្រជាសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាប បានអំពាវនាវដល់ធនាគារអភិវឌ្ឍអាស៊ី ឬហៅកាត់ជាភាសាអង់គ្លេសថាអេឌីប៊ី (ADB) ឲ្យពិនិត្យឡើងវិញលើការប្រើប្រាស់ថវិការបស់ខ្លួននៅក្នុងគម្រោងនានា ក្នុងតំបន់បឹងទន្លេសាប បន្ទាប់ពីសហគមន៍នេសាទបានមើលឃើញថា ថវិកាទាំងនោះមិនបានធ្លាក់ដល់ដៃសហគមន៍ដែលត្រូវទទួលផលនោះទេ។
លោកអ៊ុំ ម៉េង ប្រធានសហគមន៍នេសាទផាត់សណ្តាយក្នុងស្រុកកំពង់ស្វាយនៃខេត្ត កំពង់ធំ បានថ្លែងនៅក្នុងសិក្ខាសាលាពិធីពិគ្រោះយោបល់ថ្នាក់ជាតិមួយរវាង អេឌីប៊ី សហគមន៍នេសាទមកពីតំបន់បឹងទន្លេសាប និងរដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទថា ផលនៃគម្រោងរបស់អេឌីប៊ីមួយចំនួនកន្លងមក ពុំបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍នេសាទរបស់លោកទេ ដោយសារអាចមានអំពើពុករលួយនៅក្នុងការអនុវត្តគម្រោងទាំងនោះ។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំសំណូមពរសូមឲ្យអេឌីប៊ីហ្នឹង ធ្វើការសិក្សាស្រាវជ្រាវឡើងវិញថា តើគម្រោងដែលបរាជ័យហ្នឹងវាបរាជ័យដោយសារអ្នកណា ហើយថវិកាដែលវាបាត់បង់ ឬវាពុករលួយគឺវាមកពីអេឌីប៊ី ឬក៏មកពីក្រសួងមហាផ្ទៃជាអ្នកទទួល ឬក៏មកពីសហគមន៍។ ត្រូវសិក្សាអាហ្នឹងឲ្យច្បាស់ថា អ្វីៗដែលអេឌីប៊ីថា មកជួយស្រុកខ្មែរ អភិវឌ្ឍស្រុកខ្មែរហ្នឹងឲ្យវាឃើញជាក់ស្តែងឲ្យវាដល់ដៃប្រជា ពលរដ្ឋតែម្តង»។
សិក្ខាសាលាពិគ្រោះយោបល់ដែលរៀបចំដោយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ឬហៅកាត់ថា (FACT) ត្រូវ បានចូលរួមដោយតំណាងសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប មន្រ្តី អេឌីប៊ី រដ្ឋាភិបាល និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលសរុបប្រមាណ ១០០ នាក់។
លោកគុយ អាន ជំទប់ទី២ ឃុំជីវាំង ដែលតំណាងឲ្យសហគមន៍នេសាទចំនួន៤ នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការចាយវាយនៅក្នុងគម្រោងរបស់អេឌីប៊ីសម្រាប់ សហគមន៍នេសាទទាំងបួនក្នុងឃុំរបស់លោកពុំមានតម្លាភាពនោះទេ ដោយលោកមានប្រសាសន៍ថា៖
«ថវិកាចំណាយរបស់ឃុំ សង្កាត់ មានការប្រជុំបូកសរុប ប៉ុន្តែដល់ថវិការរបស់អេឌីប៊ីនេះ ធ្វើការបូកសរុបរវាងមេឃុំ ស្មៀន ហើយនឹងបេនឡាសហគមន៍ទាំងអស់ គេធ្វើនៅតែថ្នាក់ខេត្ត អញ្ចឹងវាអត់បានឆ្លុះបញ្ចាំងថា ចំណាយហ្នឹងវាសមស្របសម្រាប់ក្រុមប្រឹក្សាឃុំរបស់យើង ឬក៏គណៈកម្មការសហគមន៍ទាំងបួនហ្នឹងដឹងដែរ ថាចាយអស់ប៉ុណ្ណេះ លើនេះសមស្រប ឬមិនសមស្រប អាហ្នឹងយើងអត់បានដឹង»។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០៧ គម្រោងអភិវឌ្ឍរបស់ធនាគារអភិវឌ្ឍអាស៊ី អេឌីប៊ីនៅក្នុងតំបន់បឹងទន្លេសាបដែលព័ទ្ធជុំវិញដោយខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំនោះ មានចំនួនសរុប២៩ គម្រោង ដែលត្រូវចំណាយទឹកប្រាក់អស់ចំនួន៧២,៦ លានដុល្លារអាមេរិក។ នេះបើផ្អែកតាមលោកម៉ក់ សិទ្ធិរិទ្ធ នាយកប្រតិបត្តិនៃអង្គការ FACT ដែលធ្វើការងារជាមួយសហគមន៍នេសាទនៅក្នុងតំបន់បឹងទន្លេសាប។
បច្ចុប្បន្ន អេឌីប៊ី ក៏គាំទ្រគម្រោងថ្មីមួយចំនួនទៀតដូចជា គម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប និងគម្រោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋបឹងទន្លេសាបជាដើម ដែលត្រូវចំណាយថវិការាប់សិបលានដុល្លារ។
ប៉ុន្តែលោកម៉ក់ សិទ្ធិរិទ្ធ មានប្រសាសន៏ថា គណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អនៅក្នុងការអនុវត្តគម្រោងទាំងអស់នេះនៅមានកម្រិតនៅឡើយ ដោយសារពុំទាន់មានការផ្សព្វផ្សាយ និងយល់ដឹងឲ្យបានទូលំទូលាយ អំពីនីតិវិធីនៃការអនុវត្តគម្រោងទាំងនេះ។ លោកសិទ្ធិរិទ្ធថ្លែងថា៖
«អេឌីប៊ីហ្នឹងក៏គាត់មិនបានធ្វើផ្ទាល់ដោយខ្លួនឯងដែរ។ គាត់ធ្វើតាមរយៈភ្នាក់ងារផ្សេងៗ អញ្ចឹងយើងនិងសហគមន៍មិនដឹងថាតើហេតុអ្វីបានជាគេជ្រើសរើសស្ថាប័នហ្នឹង មកធ្វើគម្រោងហ្នឹង អញ្ចឹងវាអត់មានព័ត៌មាន»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកស្រី ណាអូ អៃកេម៉ូតូ (Nao Ikemoto) អ្នកឯកទេសជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានធម្មជាតិនៃធនាគារអភិវឌ្ឍអាស៊ី អេឌីប៊ី បានមានប្រសាសន៍ថា ភាពមិនប្រក្រតីខ្លះពិតជាកើតមានឡើងនៅក្នុងការអនុវត្តគម្រោងដែល គាំទ្រថវិកាដោយអេឌីប៊ី។
ប៉ុន្តែអ្នកស្រីអៃកេម៉ូតូ បានបញ្ជាក់ថា អេឌីប៊ី មានក្រុមការងាររបស់ខ្លួនផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃគម្រោងទាំងនោះ ហើយក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំធ្វើការលាតត្រដាងព័ត៌មានទាំងឡាយ ដែលទាក់ទងនឹងថវិកា និងការចំណាយនានានៅក្នុងគម្រោងទាំងនោះហើយ។ លោកស្រីបន្តទៀតថា៖
«យើងកំពុងធ្វើការងារជាមួយរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍគម្រោង ព្រមទាំងឃុំសង្កាត់ដើម្បីបង្ហាញព័ត៌មានអំពីថវិកា និងការចំណាយទាំងអស់។ ឧទាហរណ៍ សម្រាប់គម្រោងទ្រទ្រង់ជីវភាពប្រជាជនបឹងទន្លេសាបអញ្ចឹង រាល់ការចំណាយនានាត្រូវតែបិទនៅឯការិយាល័យឃុំ ដោយយើងចង់ឲ្យឃុំបញ្ចេញព័ត៌មានឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
លោក ស៊ វរិន អនុប្រធាននាយកដ្ឋានរដ្ឋបាលមួលដ្ឋានរបស់ក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាល់ឯកសារ និងព័ត៌មានអំពីគម្រោងត្រូវឆ្លងកាត់ឯកភាពពីស្ថានប័នជំនាញ ដើម្បីពិនិត្យមើលភាពត្រឹមត្រូវខាងផ្នែកបច្ចេកទេសមុននឹងឈានទៅដល់ដំណាក់កាលអនុវត្តគម្រោងនោះ។ ដូច្នេះ លោកមានប្រសាសន៍បន្ថែមថា ការចំណាយថវិកាខ្លះទៅលើសេវាកម្មផ្តល់ប្រឹក្សាផ្នែកបច្ចេកទេស គឺត្រូវតែធ្វើដោយខានមិនបាន។