អតីត​មេដឹកនាំ​សហជីព​ត្រូវបាន​ដោះលែង​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ហើយ

ក្រុម​មន្ត្រី​សហជីព ​សិទ្ធិ​មនុស្ស​និង​មេធាវី ​បាន​ស្វាគមន៍​ការ​ដោះ​លែង លោក​សួស ចន្ថា តែ​បាន​ហៅ​ដាក់​ទោស​លោក ​ថា​ជា​អំពើ​អយុត្តិធម៌។

តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ​កាត់ដេរ​ម្នាក់​ជាប់​ពន្ធនាគារ​ចំនួន​ដប់ខែ​អំពី​បទ​ជួញដូរ​គ្រឿងញៀន​ប៉ុន្តែ​បាន​ដោះលែង​អតីតមេដឹកនាំ​សហជីព​នៅល្ងាច​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​បាន​ជាប់​ពន្ធនាគារ​ចំនួន​ជាង​ប្រាំពីរ​ខែ​មក​ហើយ​ដែល​ក្រុម​មន្ត្រី​សហជីព ​សិទ្ធិ​មនុស្ស​និង​មេធាវី ​បាន​ហៅ​សេចក្តី​សម្រេច​នេះ​ថា​ជា​អំពើ​អយុត្តិធម៌។

លោក​សួស ចន្ថា​ អាយុ​២៤ឆ្នាំ ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​កាត់ដេរ​យូណាយធីត អាផារ៉ែល​នៅក្នុង​ខណ្ឌ​ដង្កោ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ២០១០​ អំពីបទ​ចែកចាយ​គ្រឿងញៀន​និង​ត្រូវ​បានជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃស​រយៈពេល​ប្រាំពីរ​ខែ​និង​ប្រាំថ្ងៃ។

លោក​ឌិត ស៊ីវុត្ថា ​ចៅក្រម​ជំនុំជម្រះ​តុលាការ​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាលក្រមចំពោះ​មុខ​ជនជាប់ចោទ​ថា​ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ​សួស ចន្ថា ​អាយុ​២៤ឆ្នាំ ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០ខែ​ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​ប្រាំពីរ​ខែ​ និង​ប្រាំថ្ងៃ​ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។

លោក​អ៊ឹម ម៉ាច​ មេធាវី​របស់​លោក​សួស ចន្ថា ​បាន​ថ្លែង​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង​ ចំពោះ​ការ​កាត់​សេចក្តី​របស់​តុលាការ​ដោយ​អយុត្តិធម៌​ប្រឆាំង​នឹង​កូនក្តី​របស់​លោក។

«ការដាក់ទោស​សម្រាប់​កូនក្តី​ខ្ញុំ​មិន​យុត្តិធម៌​ទេ ​ពីព្រោះ​កូនក្តី ​របស់​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ ហើយ​នេះ​ គឺជា​ជន​ណាម្នាក់​ដែល​ធ្វើបា​បគាត់»។

លោក​គង់ អាទិត្យ ​អនុប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ ​បាន​ថ្លែងថា​ ការ​សម្រេច​របស់​តុលាការ​មិន​យុត្តិធម៌​ទេ​និង​ផ្ទុយ​ពីអ្វី​ដែល​សាក្សី​និង​មេធាវី​បាន​សាកសួរ​ព័ត៌មាន​និង​ភស្តុតាង​ទាំងអស់​នោះ។

«បើយើង​វិភាគ​ការប្រមូល​ភស្តុតាង​ និង​ហេតុផល​ជាលក្ខណៈ​វិទ្យាសាស្ត្រ ​លោក​សួស ចន្ថា ​អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ទេ។ យើង​សប្បាយ​ចិត្ត​ចំពោះ​ការ​ដោះលែង​ សួស ចន្ថា ​ក៏ប៉ុន្តែ​អ្វី​ដែល​តុលាការ​ចោទប្រកាន់​គាត់​ថា ​គាត់​ជាអ្នក​ចែកចាយ​គ្រឿងញៀន​យោង​តាម​ហេតុផល​នេះ ​គឺ​មិន​យុត្តិធម៌​ទេ»។

កង​រាជអាវុហត្ថ​ បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ម្សៅ​ចំនួន​ប្រាំបួន​កញ្ចប់​តូចៗ​នៅ​ក្រោម​កែប​ម៉ូតូ​របស់​ លោក​ សួស ចន្ថា​ និង​បាន​ចោទប្រកាន់​លោក​អំពី​បទ​ចែកចាយ​គ្រឿងញៀន។

ក្នុង​តុលាការ​លោក​សួស ចន្ថា ​បាន​បដិសេធ​មិន​ទទួលស្គាល់​ភស្តុតាង​ម្សៅ​គ្រឿងញៀន​ទាំងអស់​នេះ​ទេ​ ហើយ​បាន​បដិសេធ​ការចោទ​ប្រកាន់​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការចែកចាយ​គ្រឿងញៀន។

លោក​អ៊ំ សំអាត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ថ្លែងថា​លោក​សួស ចន្ថា ​មិនគួ​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ​ពីព្រោះ​វា​មាន​ភាព​មិន​ប្រក្រតី​តាំងពី​ពេល​ចាប់​ខ្លួន​គាត់។

«បើយើង​យោង​តាម​ភស្តុតាង​ យោងតាម​ចម្លើយ​សាក្សី ​និង​ជនរងគ្រោះ​ យើង​ថា​ លោក​សួស ចន្ថា ​នេះ ​ជា​មនុស្ស​ស្អាតស្អំ​ ដូច​ជា​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ យើង​សង្ស័យ​ថា​រឿង​នេះ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​បង្កើត​ជា​ភាពមិន​ប្រក្រតី​ដែល​ជា​ការ​សោកស្តាយ ​ដែល​ធ្វើឱ្យ​លោក​សួស ចន្ថា ​ត្រូវបាន​ តុលាការ​ផ្តន្ទាទោស​ដប់ខែ​ និង​ដាក់​ពន្ធនាគារ​ជាក់ស្តែង​ប្រាំពីរ​ខែ ​និង​ប្រាំថ្ងៃ​នេះ»។

លោក​ សួស ចន្ថា ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃស​នៅល្ងាច​ថ្ងៃសុក្រ​នេះ​ ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេលនេះ​ ខ្ញុំ​មាន​អារម្មណ៍​រំភើប។​ ចំពោះ​សវនាការ​កាត់ទោស​ចំពោះ​រូបខ្ញុំ​ គឺ​ខ្ញុំ​មិន​ពេញចិត្ត​ទេ​ ពីព្រោះ​និយាយ​ឱ្យខ្លី ​ខ្ញុំ​អត់​សប្បាយ។ វា​មិនមែន​ជា​ទង្វើ​របស់​ខ្ញុំ​ទេ»។

មនុស្ស​ប្រមាណ​៥០នាក់​ពី​តំណាង​សហជីព ​និង​អង្គការ​សង្គម​ស៊ីវិល​នានា​ព្រមទាំង​ក្រុម​គ្រួសារ​បាន​ទទួល​ស្វាគមន៍​លោក​សួស ចន្ថា ​ចេញពី​ពន្ធនាគារ​ព្រៃស។ បន្ទាប់ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ លោក សួស ចន្ថា ​បាន​ធ្វើ​ដំណើរ​ទៅកាន់​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​នៅក្បែរ ​ដើម្បី​ស្រោច​ទឹក​រំដោះ​គ្រោះ៕