លោក សាម៉ូអែល នួន (Samuel Nuon) តាមដានជាប្រចាំនូវការឈានឡើងខាងអាជីពនយោបាយរបស់អតីតមិត្តរួមជំនាន់របស់គាត់គឺលោកសមាជិកព្រឹទ្ធសភា ធីម ខេន (Tim Kaine)។
នៅឯគេហដ្ឋានរបស់លោកនាជាយក្រុង Richmond រដ្ឋ Virginia (វីជីនៀ) លោកគ្រូបណ្ឌិត សាម៉ូអែល នួន ដែលពេលនេះបានចូលនិវត្តន៍ពីការងារជាគ្រូ គង្វាលនៅវិហារសាសនាគ្រឹស្តបានរំលឹកពីលោក ធីម ខេន ថា៖
«ខ្ញុំធ្លាប់បានស្គាល់គាត់តាំងពីឆ្នាំ៩១ដែលយើងបានសិក្សាជាមួយគ្នាខាង LMR (ឬថ្នាក់ដឹកនាំនៅតំបន់ក្រុង Richmond)។ ខ្ញុំស្គាល់គាត់ច្បាស់ហើយគាត់ជាអ្នកដែលយកចិត្តទុកដាក់ប្រជាជនហើយមានប្រជាប្រិយខាងនិយាយពីរោះក្បោះក្បាយ»។
បន្ទាប់ពីសិក្សាវគ្គ LMR ឬថ្នាក់ដឹកនាំនៅតំបន់ក្រុង Richmond រយៈពេលមួយឆ្នាំកាលពីឆ្នាំ១៩៩១នោះមក លោក ធីម ខេន បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងក្នុងឆ្នាំ១៩៩៤និងជាបន្តបន្ទាប់មកជាចៅហ្វាយក្រុង Richmond អភិបាលរដ្ឋនិងសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋVirginia។

លោក Tim Kaine (ធីម ខេន) សមាជិកព្រឹទ្ធសភាពីរដ្ឋ Virginia និងជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងអំឡុងការជួបជុំគ្នារមួយរបស់អ្នកគាំទ្រនៅទីក្រុង Greensboro រដ្ឋ North Carolina កាលពីថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦។(AP Photo/Chuck Burton)
លោក ធីម ខេន អ្នកនយោបាយដែលមានវ័យ៥៨ឆ្នាំរូបនេះ ត្រូវបានលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) បេក្ខជនប្រធានាធិបតីមកពីខាងគណបក្សប្រជាធិបតេយ្យជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ។
លោក សាម៉ូអែល នួន បញ្ជាក់ពីជំនឿលើលោក ធីម ខេន ថា៖
«ខ្ញុំជឿថា គាត់នឹងជាបេក្ខជនមួយដ៏ល្អសម្រាប់ប្រជាជនខ្មែរផងនិងគ្រប់សាសន៍នៅសហរដ្ឋអាមេរិកនេះ»។
រីឯនៅវត្តខ្មែរសាមគ្គីក្នុងទីក្រុង Richmond ឈ្មោះរបស់លោក ធីម ខេននិងស្នាដៃត្រូវបានគេស្គាល់ផងដែរ។
លោកកែវ ស៊ុម ពលរដ្ឋខ្មែរដែលចូលនិវត្តន៍បានបញ្ជាក់ថា៖
«គាត់ជាប្រមុខរដ្ឋមួយដ៏ល្អ។ គាត់បានកសាងសេដ្ឋកិច្ចសង្គមនៅរដ្ឋ Virginia បានល្អ។ ហើយពេលជាសមាជិកព្រឹទ្ធសភាគាត់តែងតែរិះរកមធ្យោបាយជួយប្រជាជននៅរដ្ឋ Virginia ហ្នឹង។ នេះបើតាមខ្ញុំមើលឃើញ»។
លោក កែវ ស៊ុម បានបន្ថែមទៀតថា លោកនឹងបន្តគាំទ្រលោកធីម ខេន៖
«ខ្ញុំបានសម្រេចហើយថា ខ្ញុំមិនបោះឆ្នោតប្រឆាំងនឹងបក្សសាធារណរដ្ឋទេ ប៉ុន្តែទម្លាប់ខ្ញុំគឺ ខ្ញុំបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ គឺបោះឆ្នោតឱ្យលោកធីម ខេនហ្នឹងហើយ!»
លោកធីម ខេន ត្រូវបានគេមើលឃើញថា ជាជម្រើសមួយដ៏ល្អសម្រាប់ជាដៃគូលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសារតែរដ្ឋ Virginia គឺជារដ្ឋដែលមានលក្ខណៈប្រទាញប្រទង់គ្នា។
លោក សាន អឿន ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond ដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែគាំទ្រលោក ធីម ខេន សម្រាប់ការបោះឆ្នោតក្នុងរដ្ឋបានបង្ហាញពីជំហរថ្មី។
«ខ្ញុំធម្មតាពីដើមមក មានបោះឆ្នោតជូនសាធារណរដ្ឋខ្លះ ប៉ុន្តែយោលទៅតាមសភាពការណ៍នយោបាយទៅតាមប្រទេសជាតិបច្ចុប្បន្នដែលយើងមើលឃើញដូច្នេះនៅឆ្នាំនេះប្រហែលជាខ្ញុំប្តូរចិត្តបោះទៅខាងប្រជាធិបតេយ្យម្តង»។
លោក សាន អឿន ចង់ឱ្យមេដឹកនាំថ្មីមានការយកចិត្តទុកដាក់ថែមទៀតមកលើសហគមន៍ខ្មែរអាមេរិកាំង។
«ទីមួយគឺថាចង់សន្តិភាពប្រទេសជាតិ ទីពីរទៅលើបញ្ហាសេដ្ឋកិច្ច ដូចជាការដោះស្រាយប្រជាជនឱ្យបានរស់នៅបានដោយស្រួលនិងបញ្ហាសង្គម»។
អ្នកស្រីសាមឿន ផូ (Samoeun Por) ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលរស់នៅក្រុង Richmond រដ្ឋ Virginia. (ម៉ែន គឹមសេង/VOA)
អ្នកស្រីសាមឿន ផូ យល់ស្របចំពោះតម្រូវការសេដ្ឋកិច្ចនិងការងារ។ ប៉ុន្តែមានសំណូមពរបន្ថែម៖
«ចង់ផ្តោតដែរគឺថា យើងទៅពេទ្យចង់ថា កុំឱ្យគេយកថ្លៃពេកដូចជាថ្នាំសង្កូវចង់ឱ្យគេជួយឱ្យមានភាពតិចតួចកុំឱ្យច្រើនពេកជាពិសេសគឺពេទ្យហ្នឹងហ្មង»។
សហគមន៍ខ្មែរនៅក្នុងរដ្ឋ Virginia មិនជាធំប៉ុន្មានទេ គឺមានពលរដ្ឋចំនួនរាប់ពាន់នាក់ប៉ុណ្ណោះ ហើយពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅទីក្រុង Richmond នេះគឺមានតែប្រហែលបួនរយគ្រួសារតែប៉ុណ្ណោះ។
លោកហុក ហាក់សមាជិកនៃគណៈកម្មការវត្តនៅទីក្រុង Richmond រដ្ឋ Virginia។ (ម៉ែន គឹមសេង/VOA)
លោក ហុក ហាក់ សមាជិកនៃគណៈកម្មការវត្តនៅទីក្រុងRichmond នេះទទួលស្គាល់ថា សហគមន៍របស់លោកនៅមិនទាន់ពូកែខាងទាក់ទងឱ្យរដ្ឋាភិបាលថ្នាក់ជាតិចាប់អារម្មណ៍ខ្លាំងលើសហគមន៍ដ៏តូចនេះនៅឡើយទេ។ លោកសង្ឃឹមថា លោកធីម ខេន នឹងអាចជួយផ្តោតការចាប់អារម្មណ៍បន្ថែម។
«ទំនាក់ទំនងនិងរកច្រកដើម្បីពឹងពាក់ឬក៏សំណូមពរអ្វីៗផ្សេងខ្មែរយើងមានលទ្ធភាពពុំចម្រើនទេក្នុងការទាក់ទងរបៀបនេះ។ ក៏ប៉ុន្តែបើសិនជាលោកមានព្រហ្មវិហារធម៌និងមានមនោសញ្ចេតនាថាចង់ជួយសហគមន៍ខ្មែរគឺថាសហគមន៍ខ្មែរនឹងត្រេកអរនិងឱបក្រសោបនិងស្វាគមន៍នូវអ្វីៗដែលលោកចង់បានទាំងអស់»។
លោក ហុក ហាក់ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលលោកធីម ខេនត្រូវធ្វើការឃោសនាបន្ថែមទៀតដើម្បីបញ្ចុះបញ្ចូលដោយលោកថាលោកនៅមិនទាន់សម្រេចចិត្តថា តើនឹងត្រូវបោះឆ្នោតជូនបេក្ខជនណានៅឡើយ៕