លោក Tom Andrews ដែលបានដាក់របាយការណ៍ថ្មីបំផុតរបស់លោកជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ខែមីនាបាននិយាយថា៖«ស្ថានការណ៍ប្រែក្រឡះនៅមីយ៉ាន់ម៉ាពីព្រោះមានការជំទាស់រាលដាលរបស់ពលរដ្ឋប្រឆាំងនឹងក្រុមប្រឹក្សាយោធានិងកំណើនជ័យជម្នះរបស់កងកម្លាំងតស៊ូនៅលើសមរភូមិ»។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា លោក Andrews បាននិយាយថាក្រុមប្រឹក្សាយោធាបានបាត់បង់ដែនដី មូលដ្ឋាននិងកងទាហានហើយបានខាតបង់សមត្ថភាពខ្លួន«ក្នុងការលើកកម្ពស់ការស្រមើស្រមៃថាខ្លួនត្រឹមត្រូវតាមច្បាប់»ឬថាខ្លួនអាចបង្រួបបង្រួមប្រទេសដោយប្រើកម្លាំង។
លោកបានថ្លែងថា៖«នៅពេលនេះក្រុមប្រឹក្សាយោធាគ្រប់គ្រងដែនដីតិចជាងពាក់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ាហើយបានខាតបង់ទាហានរាប់ម៉ឺននាក់ដោយស្លាប់ ការចុះចាញ់ឬការរត់ចោលជួរតាំងពីពួកគេបានធ្វើរដ្ឋប្រហារយោធាកាលពីបីឆ្នាំមុននេះ»។
លោក Andrews បានបន្ថែមថា៖«ទោះជាអស់សង្ឃឹមក៏ដោយ»ក៏កងយោធាមីយ៉ាន់ម៉ានៅតែនាំឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ហើយបានបង្កើនការវាយលុកដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រជារាស្ត្រស៊ីវិល។
លោកថា«កាលពី៥ខែកន្លងទៅនេះមានកំណើនការវាយប្រហារតាមអាកាស៥ដងប្រឆាំងនឹងទីដៅស៊ីវិល» ដោយលោកបានកត់សម្គាល់ថាចំនួនមនុស្សស្លាប់ឬត្រូវរបួសដោយគ្រាប់មីនមាន«ជាងពីរដងច្រើនជាងចំនួនកាលពីឆ្នាំទៅ»៕
តាំងពីក្រុមប្រឹក្សាយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ច្រើនម៉ឺននាក់ត្រូវបានចាប់ខ្លួននិងឃុំឃាំងតាមអំពើចិត្តហើយរាប់លាននាក់ទៀតបានខ្ចាត់ព្រាត់ពីផ្ទះសំបែង។
ជាការឆ្លើយតប ក្រុមអ្នកគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្តេញចេញពីតំណែងបានរួមកម្លាំងគ្នាជាមួយក្រុមជីវពលពូជសាសន៍ផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងពួកមេដឹកនាំយោធាសង្កត់សង្កិន ដោយមានជោគជ័យច្រើនជាងមុន។
អ្នករាយការណ៍ពិសេសរូបនេះអំពាវនាវដល់រដ្ឋទាំងឡាយឱ្យឈប់បញ្ជូនអាវុធទំនើបមានកម្លាំងខ្លាំងទៅឱ្យយោធាមីយ៉ាន់ម៉ាប្រើប្រាស់សម្រាប់សម្លាប់ជនស៊ីវិលដោយលោកបានព្រមានថាអំពើហិង្សានិងចលាចលនៅប្រទេសនេះអាចរាលដាលចូលក្នុងតំបន់និងប្រទេសឯទៀតៗផងដែរ។
លោកបាននិយាយថា«មនុស្សអស់សង្ឃឹមរាប់ពាន់នាក់នៅតែរត់គេចខ្លួនទៅក្នុងប្រទេសជិតខាង។ យន្តហោះប្រតិកម្មប្រយុទ្ធរបស់ក្រុមប្រឹក្សាយោធាបានរំលោភដែនអាកាសប្រទេសជិតខាងមីយ៉ាន់ម៉ាហើយគ្រាប់បែកបានធ្លាក់ឆ្លងកាត់ព្រំដែន»។
ដោយគូសបញ្ជាក់គ្រោះថ្នាក់នៃការសម្រន់ចិត្តនិងការគាំទ្រក្រុមប្រឹក្សាយោធា លោក Andrews បានកត់សម្គាល់ថាបណ្តាញជនឧក្រិដ្ឋ«បានទៅជ្រកកោនដោយសុខសាន្តនៅមីយ៉ាន់ម៉ា»។
លោកបានថ្លែងថា៖«នៅពេលនេះប្រទេសមីយ៉ាន់ម៉ាផលិតអាភៀនច្រើនជាងគេក្នុងពិភពលោកនិងជាមជ្ឈមណ្ឌលសាកលនៃការឆបោកតាម cyber ដែលយកមនុស្សរាប់ម៉ឺននាក់ធ្វើជាទាសករនិងធ្វើឱ្យមនុស្សរាប់មិនអស់រងគ្រោះនៅទូទាំងពិភពលោក»។
ការបង្ក្រាបខាងយោធារបស់ក្រុមប្រឹក្សាយោធានិងការរំលោភលើប្រជារាស្ត្រស៊ីវិលនាំឱ្យមានជនរងគ្រោះច្រើននាក់។
សមាគមជំនួយដល់អ្នកទោសនយោបាយដែលជាអង្គការសិទ្ធិមនុស្សភូមាស្ទង់ប្រមាណថាមនុស្សជាង៤.៥០០នាក់ត្រូវបានសម្លាប់ហើយជាង២៦.០០០នាក់ទៀតត្រូវបានចាប់ខ្លួនដោយភាគច្រើននៅតែជាប់ឃុំឃាំងនៅឡើយ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA រាយការណ៍ថាមនុស្ស២,៧លាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងហើយមនុស្ស១៨,៦លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានរួមទាំងកុមារ៦លាននាក់ផងត្រូវការជំនួយមនុស្សធម៌។
លោកបាននិយាយថាដោយធ្វើឱ្យបញ្ហារឹតតែអាក្រក់ថែមទៀត ក្រុមប្រឹក្សាយោធាបានចាប់ផ្តើមកម្មវិធីកេណ្ឌទាហានដោយបង្ខិតបង្ខំ«ដោយនៅពេលខ្លះបានចាប់ពង្រត់បុរសវ័យក្មេងនៅតាមផ្លូវ»។ បុរសឯទៀតៗបានលាក់ខ្លួនឬរត់គេចខ្លួនចេញពីប្រទេស។
លោក Andrews បាននិយាយថា៖«ក្រុមជនដែលរងគ្រោះខ្លាំងជាពិសេសគឺសហគមន៍ Rohingya ដែលត្រូវបានឡោមព័ទ្ធនិងនៅពេលនេះកងកម្លាំងក្រុមប្រឹក្សាយោធាបានទម្លាក់គ្រាប់បែកលើពួកគេថែមទៀត។ តែ មិនដូចមនុស្សភាគច្រើននៅមីយ៉ាន់ម៉ាទេ ក្រុមជនអំបូរ Rohingya ត្រូវបានហាមប្រាមមិនឱ្យទៅកាន់កន្លែងមានសុវត្ថិភាពឡើយ»។
លោកបានពោលទៀតថា៖«នៅពេលនេះ ក្រុមប្រឹក្សាយោធាប្រឹងប្រែងបង្ខិតបង្ខំក្រុមជន Rohingya វ័យក្មេងឱ្យធ្វើសកម្មភាពមិនគួរឱ្យយល់គឺចូលរួមជាមួយពួកយោធាដែលបានធ្វើការវាយប្រហារគ្មានបង្អង់ដៃទាំងនេះនិងដែលបានធ្វើការប្រល័យពូជសាសន៍ប្រឆាំងនឹងសហគមន៍ពួកគេ ដោយបានបង្ខំឱ្យពួក Rohingya រាប់សែននាក់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស»។
កាលពីខែសីហាឆ្នាំ២០១៧ ជនអំបូរ Rohingya ជិត១លាននាក់បានរត់គេចខ្លួនទៅកាន់តំបន់ Cox’s Bazaar នៃប្រទេសបង់ក្លាដែសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ អំពើហិង្សានិងការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា។
ក្រុមជនទាំងនេះរស់នៅក្នុងអ្វីដែលគេស្គាល់ថាជា«ជំរំជនភៀសខ្លួនធំបំផុតក្នុងពិភពលោក»ក្នុងស្ថានភាពណែនក្តន់ មានការសិក្សាអប់រំបន្តិចបន្តួចនិងគ្មានលទ្ធភាពមានប្រាក់ចំណូលដែលនាំឱ្យពួកគេរងគ្រោះដោយងាយពីការទាញយកផលប្រយោជន៍និងគ្មានការការពារ។
លោក Andrews បានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យធ្វើមិនដឹងមិនឮអំពីការភ័យរន្ធត់ខ្លាំងដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។ លោកថាមានការតម្រូវឱ្យមានសកម្មភាពខ្លាំងនិងមានការរួបរួមព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការសម្លាប់ជនស៊ីវិលស្លូតត្រង់គ្មានទោសពៃរ៍និងទម្លាក់ក្រុមមេដឹកនាំខុសច្បាប់ទាំងនេះ។
លោកថានិទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅមីយ៉ាន់ម៉ាត្រូវតែចប់។ លោកបាននិយាយថាដើម្បីធ្វើការណ៍នេះឱ្យកើតមានបាន«ពួកជនដែលទទួលខុសត្រូវដល់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនៅមីយ៉ាន់ម៉ាត្រូវដឹងថាពួកគេនឹងត្រូវដាក់ឱ្យមានការទទួលខុសត្រូវខ្ពស់ដល់សកម្មភាពពួកគេ»។
អាជ្ញាធរមីយ៉ាន់ម៉ានមិនអាចឆ្លើយតបនឹងសេចក្តីរាយការណ៍នេះរបស់អ្នករាយការណ៍ពិសេសបានទេនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ពីព្រោះអ.ស.ប.មិនទទួលស្គាល់ពួកគ្រប់គ្រងយោធាទាំងនេះថាជារដ្ឋាភិបាលត្រឹមត្រូវតាមច្បាប់ទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ