ប្រែសម្រួលដោយ ឌី ខាំបូលី
ក្រុមសកម្មជនសិទ្ធិមនុស្សនិងក្រុមអ្នកសង្កេតការផ្សេងទៀតថ្លែងថា ភាពចលាចលបន្តកើតមាននៅក្នុងតំបន់ទីបេ(Tibet) របស់ប្រទេសចិន ដែលជាសញ្ញាមួយ ដែលពួកគេនិយាយថាការប្រឆាំងតវ៉ាទៅនឹងការគ្រប់គ្រងរបស់ប្រទេសចិន មិនបានសាបរលាបនោះទេ។
ក្រុមសកម្មជនសិទ្ធិមនុស្សបានឳ្យដឹងថា ប្រជាពលរដ្ឋ ទីបេ រាប់រយនាក់ បានដើរដង្ហែក្បួនតវ៉ាកាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីបានដឹងអំពីអំពើឃោរឃៅរបស់ក្រុមប៉ូលីសទៅលើយុវជនទីបេមួយក្រុម ដែលបានកើតឡើងកាលពីថ្ងៃមុន។ បាតុកម្មនេះត្រូវបានធ្វើឡើងនៅភាគខាងលិចខេត្ត ជីងហៃ (Ginghai) នៅក្នុងទីក្រុងមួយ ដែលមានឈ្មោះថា រ៉ុងវ៉ូ (Rongwo)។
លោក ស្ទីហ្វែននី ប្រ៊ីដជិន (Stephanie Bridgen) នាយកនៃក្រុមសកម្មជនដែលមានឈ្មោះថា សេរីភាពទីបេ (Free Tibet) និយាយថា ការតវ៉ាបានផ្ទុះឡើង បន្ទាប់ពីក្រុមប៉ូលីសបានវាយនិងឃុំឃាំងយ៉ាងហោចបុរសពីរនាក់ ដែលត្រូវបានបញ្ឈប់នៅក្នុងឡានរបស់ពួកគេ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា។
«សហគមនេះមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារមានព្រឹត្តិការនៃអំពើឃោរឃៅមួយទៀតរបស់ក្រុមប៉ូលីស និងភាពគ្មានដំណើរការសម្រាប់ជនជាតិ ទីបេ ហើយបានចេញមកតាមដងផ្លូវដើម្បីតវ៉ា»។
ភាពចលាចលនៅទីក្រុង រ៉ុងវ៉ូ កាលពីថ្ងៃទី១៤ខែសីហា បានកើតឡើងមិនដល់២៤ម៉ោងផង បន្ទាប់ពីការបូជាដុតសម្លាប់ខ្លួនឯងចំនួនពីរករណីបានកើតឡើងនៅក្នុងទីក្រុងង៉ាបា(Ngaba) នៃខេត្តស៊ីឈួន (Sichuan) ដែលជាប្រភពនៃទីអារ៉ាមគីទី(Kirti)ដ៏រឹងទទឹង។ នៅល្ងាចថ្ងៃទី១៣ខែសីហា ព្រះសង្ឃពីរអង្គបានដុតខ្លួនឯងនៅលើផ្លូវមួយ ដែលត្រូវបានប្តូរឈ្មោះទៅជា «ផ្លូវម៉ារទីរ៍ (Martyr Street)» ពីសំណាក់ក្រុមសកម្មជនសេរីភាពទីបេ ដោយសារតែមានការដុតសម្លាប់ខ្លួនឯងជាច្រើនករណី ដែលបានកើតឡើងនៅទីនោះ កាលពីឆ្នាំកន្លងទៅ។
ក្រុមសកម្មជនសេរីភាពទីបេនិយាយថា ការតវ៉ាបានចាប់ផ្តើម នៅពេលដែលក្រុមអ្នកឈរមើល បានឃើញបុគ្គលិកសន្តិសុខរដ្ឋរបស់ចិន វាយដំព្រះសង្ឃមួយអង្គនៅក្នុងចំណោមព្រះសង្ឃពីរអង្គ បន្ទាប់ពីបានពន្លត់ភ្លើងដែលបានឆាបឆេះខ្លួនព្រះអង្គ។ សាក្សីឃើញផ្ទាល់ភ្នែក បានប្រាប់ក្រុមសកម្មជនសេរីភាពទីបេថា បាតុករម្នាក់ត្រូវបានសម្លាប់។
រដ្ឋាភិបាលចិនគ្មានប្រតិកម្មតបតជាផ្លូវការទេ កាលពីថ្ងៃព្រហស្បត្តិ ចំពោះការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ក្រុមប៉ូលីស។
តំបន់ទីបេនៃប្រទេសចិន គឺជាតំបន់ហាមឃាត់ចំពោះក្រុមអ្នកកាសែត ដែលមិនអាចធ្វើការគូសបញ្ជាក់ដោយឯករាជ្យអំពីហេតុការជុំវិញការតវ៉ា ការដុតសម្លាប់ខ្លួន និងអំពើហឹង្សានោះឡើយ។
ចាប់តាំងពីការដុតសម្លាប់ខ្លួនឯងដំបូងបំផុតកាលពីឆ្នាំ២០០៩ ប្រជាពលរដ្ឋទីបេជាង៤០នាក់បានធ្វើអត្តឃាតនៅក្នុងប្រទេសចិន។ ជាងពាក់កណ្តាលនៃការដុតសម្លាប់ខ្លួនឯងនេះ កើតឡើងនៅក្នុងទីក្រុង ង៉ាបា (Ngaba) និងទីក្រុង អាបា (Aba) នៃប្រទេសចិន ដែលជាតំបន់របស់ជនជាតិទីបេនៅក្នុងខេត្ត ស៊ីឈួន ដែលជាប្រភពដើមនៃទីអារ៉ាម គីទី។
លោក ប្រ៊ីដជិន ប្រដូចអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់ទីបេ ទៅនឹងអ្វីដែលហៅថាបដិវត្តអារ៉ាប់ ឬអារ៉ាប់ស្រ្ពីង (Arab Spring) ដែលបានចាប់ផ្តើមនៅតំបន់មជ្ឈិមបូព៌ា (Middle East) កាលពីឆ្នាំមុន។ លោកបានហៅការតវ៉ានេះថា ទីបេស្រ្ពីង (Tibetan Spring)ដែរ។
«យើងបានចាប់ផ្តើមមានអារម្មណ៍ថា តាមពិតទៅ នេះមិនមែនគ្រាន់តែជាសកម្មភាពមួយចំនួននៃការប្រឆាំងតវ៉ានោះទេ។ នេះបានក្លាយទៅជាសកម្មភាពដែលមានការរៀបចំទុក។ ទោះបីជាយើងមិនទាន់អាចរៀបចំឯកសារអំពីការពិតដែលថា មានការរៀបចំផែនការរួមគ្នាច្បាស់លាស់ណាមួយ។ ប៉ុន្តែ អ្វីដែលយើងបានដឹងពិតប្រាកដគឺថា ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្ត ពីសកម្មភាពមួយទៅសកម្មភាពផ្សេងៗទៀត»។
ជាប្រពៃណី ប្រទេសចិនបានឆ្លើយតបទៅនឹងភាពចលាចលនៅក្នុងតំបន់ទីបេ តាមរយៈការបង្កើនសន្តិសុខ និងការហាមឃាត់សេចក្តីរាយការណ៍ឯករាជ្យទាំងឡាយពីតំបន់នេះ។ ក្រសួងការបរទេសរបស់ប្រទេសនេះ បានស្តីបន្ទោសក្រុមទាំងឡាយដែលនៅខាងក្រៅប្រទេសចិន ដែលរួមទាំងមេដឹកនាំសាសនាទីបេ សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) និងរដ្ឋាភិបាលនិរទេសទីបេ ចំពោះភាពចលាចលកាន់តែច្រើននាពេលថ្មីៗនេះ។
រដ្ឋាភិបាលទីក្រុង ប៉េកាំង មិនទទួលស្គាល់រដ្ឋាភិបាលនិរទេសទីបេ ដែលមានមូលដ្ឋាននៅក្នុងតំបន់ ដារ៉ាមសាឡា (Dharamsala) នៃប្រទេស ឥណ្ឌា (India)ទេ ប៉ុន្តែបានធ្វើការចរចារជាមួយអ្នកតំណាងរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា កាលពីឆ្នាំកន្លងទៅនេះ។ កាលពីខែមិថុនាឆ្នាំមុន បេសកជនជាន់ខ្ពស់ពីររូបរបស់មេដឹកនាំសាសនាទីបេ បានលាឈប់ពីមុខដំណែងរបស់ពួកគេ ដោយបានស្តីបន្ទោសទៅលើអ្វីដែលពួកគេហៅថាជា «សភាពការណ៍ដែលកាន់តែធ្ងន់ធ្ងរទៅនៅក្នុងតំបន់ទីបេ»។
លោក រ៉ូបឺត បានែតត៍ (Robert Barnett) ដែលជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តទីបេ នៅឯសាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) ក្នុងទីក្រុង ញូវយ៉ក (New York) និយាយថា មានការមិនទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅរវាងភាគីទាំងពីរ។
«វាមានផ្នត់គំនិតក្នុងប្រវត្តិសាស្រ្តយ៉ាងជ្រៅ ដែលជនជាតិទីបេ ដែលកំពុងរស់នៅនិរទេស កំពុងព្យាយាមបោកបញ្ឆោតប្រទេសចិន ហើយពួកគេនឹងជំរុញជាសម្ងាត់ដើម្បីឯករាជ្យភាព»។
ទោះបីជាមិនមានការរីកចំរើនចំពោះការចរចារក្តី លោក បានែតត៍ និយាយថា មានសញ្ញាស្តីពីទស្សនខុសគ្នានៅក្នុងចំណោមថ្នាក់ដឹកនាំចិន អំពីរបៀបការដោះស្រាយជាមួយបញ្ហាទីបេ។
ខណៈពេលដែលប្រទេសចិន កំពុងរៀបចំផ្លាស់ប្តូរមេដឹកនាំជាន់ខ្ពស់ នៅចុងឆ្នាំនេះ នៅឯមហាសន្និបាតបក្សថ្នាក់ជាតិលើកទី១៨ លោក បានែតត៍ សង្ឃឹមថា វិធីសាស្រ្តប្រកបដោយភាពអត់ឱនកាន់តែច្រើន នឹងលេចចេញជារូបរាង ដើម្បីដោះស្រាយភាពមិនសប្បាយចិត្តនៅក្នុងតំបន់។
«វាមិនអាចត្រូវបានច្រានចោលនោះទេ ដែលថា នៅក្រោមការដឹកនាំរបស់លោក ហ្សី ជីងពីង (Xi Jinping) ប្រសិនបើលោកនឹងក្លាយទៅជាអ្នកដឹកនាំបន្ទាប់មែននោះ ប្រហែលជាមានការរីកចំរើនខ្លះៗ។ ការរីកចំរើននោះប្រហែលជានឹងមិនមានលក្ខណៈនិយមមូលវិវត្តនោះទេ ហើយនឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនរបស់អ្នកនៅខាងក្រៅទេ ប៉ុន្តែវានឹងនៅតែតំណាងឱ្យការធ្វើដំណើរទៅមុខខ្លះៗដែរ»។
កាលពីខែមុន ព្រះសង្ឃនិងដូនជីរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង ដារ៉ាមសាឡា ដើម្បីរំឭកខួបមួយឆ្នាំនៃការចូលកាន់ដំណែង ជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនិរទេសទីបេរបស់លោក ឡុបសាង សានហ្គាយ (Lobsang Sangay)។
នៅក្នុងកំឡុងពេលនៃការប្រារព្ធពិធីនោះ លោក សាងហ្គាយ បាននិយាយថា ប្រជាពលរដ្ឋទីបេនឹងបន្តជំរុញឳ្យមានសេរីភាពសម្រាប់មាតុប្រទេសរបស់ពួកគេ ទោះបីជាការតស៊ូរបស់ពួកគេ ត្រូវចំណាយពេល៥០ឆ្នាំទៀតក៏ដោយ។
ប៉ុន្តែ លោកក៏បានអំពាវនាវឱ្យមានការបន្តការចរចារជាមួយអាជ្ញាធរចិន ដោយលោកបានបន្ថែមថា ក្រុមការងារពិសេសស្តីពីការចរចារ នឹងជួបជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសចិន នៅក្នុងខែធ្នូ បន្ទាប់ពីការផ្លាស់ប្តូរអំណាចរបស់ប្រទេសចិន៕