តាមរយៈ​តារា​សម្តែង​ខ្មែរ​បារាំង រឿង​ភាគ​អាមេរិកាំង​ថ្មី​មួយ​​បង្ហាញ​អត្តសញ្ញាណ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ

រូបឯកសារ៖ អ្នកស្រី Elodie Yung តារាសម្តែងហូលីវូដបារាំងដើមកំណើតខ្មែរ ថតរូបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៧។ អ្នកស្រីបានដើរតួសម្តែងជាតួឯកនៅក្នុងរឿងភាគ "The Clean Lady" ដែលចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ Fox។

ទីក្រុងឈីហ្គាហ្គូ រដ្ឋអ៊ីលីណយ — Thony គឺជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ជា​គ្រូពេទ្យនៅ​ប្រទេស​ហ្វីលីពីន ហើយ​នាង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Luca ដែល​មាន​ជំងឺ​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ដោយ​មិន​មាន​ជម្រើស​ព្យាបាល​កូន​ប្រុស​នៅ​ប្រទេស​ហ្វីលីពីន​នាង​បាន​នាំកូន​មក​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ពី​ដំណើរ​ស្វែងរកការ​ព្យាបាល​ឲ្យ​កូន​ប្រុស​រហូត​ក្លាយ​ជា​អ្នក​សម្អាត​អន្តោប្រវេសន៍​ខុស​ច្បាប់​ម្នាក់ Thony បាន​ធ្លាក់​ខ្លួន​ធ្វើការ​ឲ្យ​ក្រុម​ជនពាល​ដោយ​គ្មានជម្រើស ដើម្បី​ការពារ​ជីវិត​នាង​និង​ក្រុម​គ្រួសារ​របស់​នាង។ នេះ​គឺជា​សេចក្តី​ផ្តើម​នៃ​ដំណើរ​សាច់រឿង​ភាគ​អាមេរិក​ «The Cleaning Lady» ដែល​ត្រូវបាន​ចាក់ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​អាមេរិក Fox ដ៏​ធំ​បំផុត​មួយ។

រឿង​ភាគ​ថ្មី​មួយ​នេះ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ចាប់តាំង​ពី​មុន​ពេល​ការ​សម្តែង ថត និង​ផលិត នៅពេល​ដែល​ក្រុម​អ្នក​ផលិត​និង​ដឹកនាំ​រឿង​ភាគនេះ បាន​សម្រេច​យក​អ្នកស្រី Elodie Yung ដែល​ជា​តារា​សម្តែង​ហូលីវូដ​ខ្មែរ​បារាំង ធ្វើ​ជា​តួឯក​សម្តែង​ជា Thony នៅ​ក្នុង​រឿង​ភាគ​នេះ។

អ្នកស្រី Miranda Kwok ផលិតករ​និង​អ្នក​ដឹកនាំ​រឿង​ម្នាក់​សម្រាប់​រឿង​ភាគ The Cleaning Lady នេះ បាន​ប្រាប់​ VOA នៅក្នុង​បទសម្ភាសន៍​តាម​បណ្តាញ​ Zoom កាលពីខែ​កុម្ភៈ​ថា រឿងរ៉ាវ​ជីវិត​របស់​តួអង្គ​Thony ត្រូវបាន​ផ្លាស់ប្តូរ​ពី​ស្ត្រី​ហ្វីលីពីន​ដែល​ជា​គ្រូពេទ្យ​ទៅជា​ស្ត្រីខ្មែរ​ដោយសារ​តែ​អត្តសញ្ញាណ​ខ្មែរ​របស់​តារា​ហូលីវូដ​គឺ​អ្នកស្រី Elodie Yung និង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

«​ដំបូង​ឡើយ​តួអង្គ​នេះត្រូវបាន​កំណត់​ថា​ជា​ជនជាតិ​ហ្វីលីពីន។ នៅពេលដែល​យើង​ជួប Elodie យើង​ដឹង​ថា យើង​ត្រូវតែ​យក​នាង​ធ្វើ​ជា​តួឯក។ វា​សំខាន់​សម្រាប់​យើង​ក្នុង​ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​ដើម​ជា​ខ្មែរ​របស់​នាង ដោយ​មិន​ព្យាយាម​បង្ខំ​ឲ្យ​នាង​ដើរ​ជា​តួ​ជនជាតិ​ហ្វីលីពីន។ ហើយ​អ្វីដែល​យើង​បាន​សម្រេច​ធ្វើ គឺ​កែប្រែ​រឿងរ៉ាវ​ប្រវត្តិកំណើត​របស់​នាង ពីព្រោះ​យើង​ក៏​ចង់​រក្សា​លក្ខណៈ​ពិសេស​នៃ​វប្បធម៌​ខ្មែរ និង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​»។

រូបរឿងភាគអាមេរិក «The Cleaning Lady» ដែលមានអ្នកស្រី Elodie Yung តារាសម្តែងហូលីវូដខ្មែរបារាំង ដើរតួសម្តែងជាតួឯកឈ្មោះ Thony។ រឿងភាគនេះត្រូវបានចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ Fox ដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក។

អ្នកស្រី Miranda Kwok ក៏​បាន​លើក​ឡើង​ថា ប្រវត្តិ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ក៏​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​អត្តចរិក​របស់​តួអង្គ Thony ផង​ដែរ ដោយ​បង្ហាញ​ពីភាព​អំណត់​អត់ធ្មត់​និង​ការ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ។

អ្នកស្រី​ថ្លែង​ថា៖ «ពីព្រោះ​វា​ជា​រឿង​ដ៏​អកុសល​និង​ជា​សោកនាដកម្ម​មួយ ដែលប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ឆ្លង​កាត់។ ដូច្នេះ​យើង​ចង់​បង្ហាញ​រឿង​នេះ​ទៅ​ក្នុង​រឿង​ភាគ​របស់​យើង ហើយ​បង្ហាញ​ភាព​អំណត់​អត់ធ្មត់​របស់​តួអង្ គ​Thony នៅ​ក្នុង​សាច់រឿង ដូច​ជា​រឿង​ដែល​ម្តាយ​របស់ Thony បាន​រួច​រស់រាន​មាន​ជីវិត ហើយ​ Thony អាច​ទទួល​យក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កំណើត​របស់​នាង ហើយ​និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែល​ខ្មែរក្រហម​ព្យាយាម​សម្លាប់​គ្រូពេទ្យ​ឲ្យ​អស់​ជាដើម»។

ហើយ​ភាព​អំណត់​អត់ធ្មត់​នេះ ក៏​បាន​ចាក់ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​គ្រួសារ​របស់​អ្នកស្រី Elodie Yung ដែល​ជា​តារា​សម្តែង​ហូលីវូដ​ខ្មែរ​បារាំង និង​ដែល​ដើរ​តួសម្តែង​សម្រាប់​តួអង្គ Thony នៅ​ក្នុង​រឿង​ភាគ​The Cleaning Lady នេះ។ អ្នកស្រី Elodie Yung មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ​ដែល​បាន​រួច​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ លោក​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ហើយ​បាន​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​បារាំង និង​កសាង​គ្រួសារ​នៅ​ទីនោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី The Nerds of Color កាលពី​ខែធ្នូ ឆ្នាំ ២០២១ អ្នកស្រី Elodie Yung បាន​ថ្លែង​ថា៖ «ឪពុក​ខ្ញុំ​មាន​ភាព​រឹងមាំ​ខាង​ផ្លូវចិត្ត​ណាស់ ព្រោះ​គាត់​មក​ពី​កម្ពុជា ហើយ​គាត់​បាន​រួច​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ រឿង​នេះ​ខ្ញុំ​ពិត​ជា​មិន​សូវ​បាន​យក​មក​គិត​ឲ្យ​ស៊ី​ជម្រៅ​នោះ​ទេ។ តែ​ខ្ញុំ​ក៏​គិត​ថា ជា​ទូទៅ​អ្នក​រស់រាន​មាន​ជីវិត​ភាគច្រើន​គឺ​មាន​ភាព​រឹងមាំ​ផ្លូវ​ចិត្ត និង​ភាព​ស្ងប់​ក្នុង​ចិត្ត ដោយ​គិត​តែ​ពី​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ មិន​ថា​ជួប​រឿង​អ្វី​ក៏​ដោយ ព្រោះ​នេះ​ហើយ​ជា​ជីវិត​ពិត ព្រោះ​យើង​ត្រូវ​តែ​រស់។ ខ្ញុំ​ពិត​ជា​គិត​ថា ខ្ញុំ​មាន​ចំណុច​ខ្លាំង​នេះ​ដោយ​មិន​ដឹង​ខ្លួន ដែល​ខ្ញុំ​បាន​បង្ហាញ​ពេល​សម្តែង ព្រោះ​តួអង្គ Thony ត្រូវតែ​តស៊ូ​ដើម្បី​រក្សា​ជីវិត ព្រោះ​នាង​ត្រូវបាន​គំរាម​ដោយ​ក្រុម​ជនពាល ហើយ​សំខាន់​ណាស់​ដែល​នាង​ត្រូវ​តែ​តស៊ូ​ដើម្បី​កូន​ប្រុស​នាង»

នៅពេល​ដែល​អ្នកស្រី​ Elodie Yung ត្រូវបាន​ជ្រើស​រើសជា​តួ​សម្តែង​ក្នុង​រឿង​ភាគ​នេះ អ្នកស្រី​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ អត្តសញ្ញាណ​និង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី In Creative Company កាលពី​ខែ​មករា​ឆ្នាំ ២០២២ អ្នកស្រី Elodie Yung បាន​បញ្ជាក់​ថា អ្នកស្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រុម​អ្នក​ដឹកនាំ​និង​ផលិត​រឿង​ភាគនេះ ដោយ​ផ្តល់​ឈ្មោះ​ខ្មែរ​ដល់​តួឯក​ក្នុង​រឿង​ភាគ​នេះ បង្ហាញ​ពី​ជំនឿ​ប្រពៃណី​ខ្មែរ​ដែល​កាន់​សាសនា​ព្រះពុទ្ធ​នៅ​ក្នុង​ការ​រៀបចំ​ឈុតឆាក​សម្តែង និង​សូរ្យសៀង​និយាយ​ភាសា​អង់គ្លេស​បែប​ជនជាតិ​ខ្មែរ​ជា​ដើម។

អ្នកស្រី​បាន​ថ្លែង​ថា៖ «Thony ជា​ឈ្មោះ​របស់​មីង​ខ្ញុំ ដែល​ត្រូវ​ជា​បងប្អូន​ជីដូន​មួយ​របស់​ឪពុក​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​ឃើញ​រឿង​នេះ​មានលក្ខណៈ​ជា​ខ្មែរ ហើយ​ចង់​តំណាង​ឲ្យ​ខ្មែរ។ ហើយ​ខ្ញុំ​មាន​មោទនភាព​លើ​អត្តសញ្ញាណ​របស់​ខ្ញុំ​មួយ​នេះ។ ខ្ញុំ​បាន​ធំ​ដឹង​ក្តី​នៅ​ប្រទេស​បារាំង។ ឪពុក​ខ្ញុំ​ជា​ខ្មែរ។ ខ្ញុំជិតស្និទ្ធិ​នឹង​វប្បធម៌​ខ្មែរ​ខ្លាំង​ណាស់»។

អ្នកស្រី Elodie Yung​ បាន​ចាត់​ទុក​ការ​សម្រេច​របស់​ក្រុម​អ្នក​ផលិត​និង​ដឹកនាំ​សម្តែង​ដោយ​យក​ឈ្មោះ Thony មក​ប្រើ​នៅ​ក្នុង​រឿង​ភាគ​តាម​ការ​ណែនាំ​របស់​អ្នកស្រី ថា​ជា​ឱកាស​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​អ្នកស្រី​ដែល​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​និង​សាច់ញាតិ​ជា​ខ្មែរ​នៅ​ប្រទេស​បារាំង។

«នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​ឲ្យ​កិត្តិយស​ដល់​អត្តសញ្ញាណ​របស់​ខ្ញុំ និង​ដល់​សមាជិកគ្រួសារ​របស់​ខ្ញុំ។ ដូច្នេះ យើង​បាន​ជ្រើស​យក​ឈ្មោះ Thony ដែល​ជា​ឈ្មោះ​របស់​មីង​ខ្ញុំ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ឪពុក​ខ្ញុំ។ គាត់​ពិតជា​សប្បាយ​ចិត្ត ដែល​ឈ្មោះ​របស់​គាត់​ត្រូវបាន​យក​ទៅ​ប្រើ​ក្នុង​រឿង​ភាគ​ចាក់​តាម​ទូរទស្សន៍។ សមាជិក​គ្រួសារ​ខ្ញុំ​ទាំង​អស់​គ្នា​ពិតជា​មាន​មោទនភាព​ខ្លាំង​មែន​ទែន»។

អ្នកស្រី Elodie Yung ក៏​បាន​បញ្ជាក់​ដែរ​ថា វា​សំខាន់​ណាស់​ដែល​តួអង្គ Thony គោរព​ជំនឿ​សាសនា​ព្រោះ​នេះជា​អត្តសញ្ញាណ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ អ្នកស្រី​បាន​ណែនាំ​ឲ្យ​ក្រុម​អ្នក​ដឹកនាំ​និង​ផលិត​រឿង ដាក់​រូប​ព្រះពុទ្ធ​មួយ​អង្គ​នៅ​លើ​តុ​តូច​មួយ​នៅ​ក្នុង​ផ្ទះ​របស់តួអង្គ Thony និង​កូន​ប្រុស Luca នៅ​ក្នុង​ឆាក​សម្តែង​រឿង​ភាគ The Cleaning Lady នេះ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​របស់​កម្មវិធី In Creative Company ថា៖ «ដោយសារ​តែ​រឿង​រ៉ាវ​ដែល​តួអង្គ Thony ត្រូវ​ឆ្លងកាត់ ហើយ​ដោយសារ​តែ​នាង​ជា​ខ្មែរ ខ្ញុំ​យល់​ថា នាង​មាន​ជំនឿ​សាសនា​ខ្លាំង។ នៅ​តាម​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នីមួយៗ​ពួកគេ​តែងតែ​មាន​រូប​ព្រះពុទ្ធ​អង្គ ដែល​ធ្វើ​ពី​ឈើ ហើយ​ក្រុម​ការងារ​ក៏​រក​បាន​រូប​ព្រះពុទ្ធ​មក​តាំង​ក្នុង​ឆាក​សម្តែង»។

ក្រៅ​ពី​ផ្តល់​ឈ្មោះ​ខ្មែរ​ដល់​តួ​អង្គ​ក្នុង​រឿង និង​ការ​រៀបចំ​ឆាក​សម្តែង​ដែល​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ អ្នកស្រី Elodie Yung ក៏​ថែម​ទាំង​ព្យាយាម​ធ្វើ​យ៉ាង​ណា ឲ្យ​តួអង្គ Thony មាន​សំឡេង​ស្រដៀង​នឹង​ជនជាតិ​ខ្មែរ​និយាយ​ភាសា​អង់គ្លេស ទោះបីជា​អ្នក​ស្រី​ខ្លួន​ឯង​ផ្ទាល់​ជា​ពលរដ្ឋ​បារាំង​ដើម​កំណើត​ខ្មែរ ដែល​និយាយ​ភាសា​អង់គ្លេស​បែប​ជនជាតិ​អង់គ្លេស​កាត់​បារាំង​ក៏​ដោយ។

រឿងភាគ ​«The Cleaning Lady» នេះ ក៏​ជា​រឿង​ភាគ​អាមេរិកាំង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​នៃ​កម្មវិធី​ផ្សាយ​រឿងភាគ​របស់​បណ្តាញ​ទូរទស្សន៍​ Fox នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​តួ​សម្តែង​ភាគច្រើន​ជា​តារាសម្តែង​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដូចជា​ខ្មែរ ហ្វីលីពីន និង​ម៉ិកស៊ិក​ជា​ដើម។

អ្នកស្រី Miranda Kwok អ្នក​ផលិត​និង​ដឹកនាំ​រឿង​ម្នាក់​នៃ​រឿងភាគ​នេះ បាន​ថ្លែង​ថា៖ «ខាង​ក្រុម​ហ៊ុន​ស្ទូឌីយ៉ោ និង​ខាង​បណ្តាញ​ទូរទស្សន៍ Fox និង Warner Brothers ពិត​ជា​គាំទ្រ​រឿង​ភាគ​នេះ​តាំង​ពី​ដំបូង​មក។ ពួកគេ​រំភើប​ចិត្ត​ពីព្រោះ​នេះ​ជា​រឿង​ភាគ​ដំបូង​គេ​បង្អស់​ដែល​បញ្ចូល​រឿងរ៉ាវ​និង​លក្ខណៈពិសេស​នៃ​សាច់រឿង​ដែល​មាន​តួឯក​ជា​ជនជាតិ​សហគមន៍​អាស៊ីអាគ្នេយ៍ និង​ដែល​ផ្តោត​លើ​ជីវិត​គ្រួសារ នៅ​ក្នុង​រឿងភាគ​បែប​រន្ធត់​ដោយ​សារ​បទ​ឧក្រិដ្ឋ នៅ​ទីក្រុង Vegas»។

អ្នក​ផលិត​និង​ដឹកនាំ​រឿង​ដែល​ជា​ពលរដ្ឋ​កាណាដា​ដើម​កំណើត​អាស៊ីម្នាក់​ដែរ​នោះ ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ការ​ផលិត​សាច់រឿង​ដែល​ផ្តោត​លើ​សហគមន៍​ជនជាតិ​ភាគតិច ដូចជា​សហគមន៍​ជនជាតិ​អាស៊ី​ចាំបាច់​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ ដែលកំពុង​ប្រឈម​នឹងភាព​រើស​អើស​លើ​ជនជាតិ​ភាគតិច​កាន់តែ​ខ្លាំង​ឡើង​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី Miranda Kwok បាន​ថ្លែង​ថា៖ «រឿង​ភាគនេះ ចាក់​ផ្សាយ​ចំ​ពេល​ដ៏​ល្អ​ជា​ទីបំផុត នៅពេល​ដែល​យើង​អាច​ព្យាយាម​ជួយ​ឲ្យ​មនុស្ស​យល់​ពី​គ្នា​ទៅវិញ​ទៅ​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​ដើម្បី​បំផុស​គំនិត​សន្តោសប្រណៃ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។ ពិត​ណាស់ រឿង​ភាគ​នេះ​បង្ហាញ​ពី​ក្រុម​ពលរដ្ឋ​ដែល​ជា​ទូទៅ​មិន​ត្រូវបាន​យក​ចិត្ត​ទុកដាក់ ឬ​ត្រូវបាន​រើសអើស​ក្នុង​ផ្លូវ​ណា​មួយ មក​លើ​សហគមន៍​ជនជាតិ​ភាគតិច​អាស៊ី ដើម្បី​បង្ហាញ​ថា​ពួកគេ​គឺជា​មនុស្ស​ធម្មតា ហើយ​បង្ហាញ​ថា មនុស្ស​ទូទៅ​ឆ្លងកាត់​រឿងរ៉ាវ​ជីវិត​ស្រដៀង​គ្នា»។

​រដូវកាល​ទី ១ របស់​រឿងភាគ​The Cleaning Lady ត្រូវបាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ Fox ហើយត្រូវបាន​បញ្ចប់​ទៅ​កាលពី​ដើម​ខែ​មេសា។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​និង​មាន​ចំនួន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​ច្រើន​លើសលុប រឿងភាគ​ The Cleaning Lady នេះ​ត្រូវ​បាន​ប្រកាស​ដោយ​បណ្តាញ​ទូរទស្សន៍​ Fox ថា​នឹង​មាន​ការ​ផលិត​រដូវកាល​ទី ២ ​ទៀត។

ហើយ​សម្រាប់​អ្នកស្រី Elodie Yung នេះ​គឺជា​សមិទ្ធផល​ដ៏​ល្អ​ប្រពៃ​មួយ​នៅ​ក្នុងប្រវត្តិសម្តែង​របស់​អ្នកស្រី និង​ជា​មោទនភាព​ក្នុង​នាម​ជា​តារា​ហូលីវូដ​ខ្មែរ​បារាំង។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​ខ្ញុំ​មាន​ឱកាស​សម្តែង​ជា​តួ​ខ្មែរ ដូច្នេះ​នេះ​គឺជា​ឱកាស​ដែល​ខ្ញុំ​ពិតជា​អាច​តំណាង​ឲ្យ​អត្តសញ្ញាណ​របស់​ខ្ញុំ និង​ផ្តល់​កិត្តិយស​ដល់​ឪពុក​របស់​ខ្ញុំ ហើយ​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍»។

រូបឯកសារ៖ អ្នកស្រី Elodie Yung ចូលរួមពិធីសម្ពោធភាពយន្តជាភាគ Marvel របស់ក្រុមហ៊ុន Netflix ដែលមានចំណងជើងថា "Daredevil" សម្រាប់រដូវកាលទី ២ នៅមហោស្រព AMC Lincoln Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦។

រូបឯកសារ៖ អ្នកស្រី Elodie Yung នៅក្នុងបទសម្ភាសន៍ជាមួយក្រុមហ៊ុនស្ទូឌីយ៉ោ AOL អំពីភាពយន្តជាភាគ Marvel របស់ក្រុមហ៊ុន Netflix ដែលមានចំណងជើងថា "Daredevil" នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦។

​តារា​សម្តែង​ហូលីវូដ​ខ្មែរ​បារាំង​វ័យ ៤០ ឆ្នាំរូប​នេះ បាន​និង​កំពុង​រស់នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​នៅ​រដ្ឋនេះ​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និង​ជន​អន្តោប្រវេសន៍​ខ្មែរ​ច្រើន​ជាង​គេ​បង្អស់​រស់នៅ។ កាលពី​ប៉ុន្មាន​ខែថ្មីៗ​នេះ គេ​ក៏​សង្កេត​ឃើញ​ថា អ្នកស្រី Elodie Yung បាន​បង្ហាញ​ខ្លួន និង​ចូលរួម​សកម្មភាព​នានា​ក្នុង​ចំណោម​សហគមន៍ខ្មែរ​នៅ​ទីនោះ ដូចជា​ចូលរួម​ពិព័រណ៌​ «Angkor: The Lost Empire of Cambodia» ជាដើម។ អ្នកស្រី​មាន​កូនស្រី​ម្នាក់​អាយុ​ជាង ៣ ឆ្នាំ ដែល​មាន​ឈ្មោះ​ថា Minavann Yung Howard ជាមួយ​ដៃគូ​ដែល​ជា​តារាសម្តែង​ជនជាតិ​អង់គ្លេស​គឺ​លោក Jonathan Howard។

អ្នកស្រី Elodie Yung បាន​កើត​និង​ធំដឹង​ក្តី​នៅ​តំបន់​ទី​ប្រជុំជន Saint-Denis ភាគខាងជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ និង​ម្តាយ​ជា​ជនជាតិ​បារាំង។ អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សាផ្នែក​ច្បាប់ពី​សាកល​វិទ្យាល័យ​ប៉ារីស​(University of Paris)។ នៅក្នុង​អំឡុង​ពេល​សិក្សា អ្នកស្រី Elodie ត្រូវបាន​មិត្តភក្តិ​ណែនាំ​ឲ្យ​ធ្វើ​ជា​តារា​ថត​ម៉ូត​ពាណិជ្ជកម្ម ដើម្បី​រក​ប្រាក់​ក្រៅ​ម៉ោង​សិក្សា។ ឱកាស​ថត​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​បាន​នាំ​មក​នូវ​ឱកាស​ក្លាយ​ជា​តារា​សម្តែង​លើក​ដំបូង​ដល់​អ្នកស្រី នៅ​ក្នុង​រឿង​ភាគ​បារាំង​មួយ​ដែល​មាន​ចំណង​ជើង​ថា La vie devant nous ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ ២០០២ នៅពេល​អ្នកស្រី​មាន​អាយុ​ត្រឹម​តែ ​២០ ឆ្នាំ​ប៉ុណ្ណោះ។

ក្រោយ​មក អ្នកស្រី Elodie Yung បាន​ទទួល​ឱកាស​សម្តែង​ក្នុង​រឿង​ភាគ និង​ភាពយន្ត​ជាច្រើន ដែល​ក្រោយ​មក​បាន​ជំរុញ​ឲ្យ​អ្នកស្រីសម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូលរៀន​ផ្នែក​សិល្បៈ​សម្តែង​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​អង់គ្លេស​គឺ​រដ្ឋបណ្ឌិតសភា​ទីក្រុង​ឡុងដ៍​សម្រាប់​តន្ត្រី​និង​សិល្បៈ​សម្តែង (London Academy of Music and Dramatic Art) នៅ​ពេល​អ្នក​ស្រី​មាន​អាយុ ២៩ ឆ្នាំ។

តារា​សម្តែង​ហូលីវូដ​ខ្មែរ​បារាំង​រូបនេះ បាន​ដើរ​តួ​សំខាន់ៗនៅ​ក្នុង​រឿង​ភាគ​និង​ភាពយន្ត​ខ្នាត​ធំ​ល្បីល្បាញ​របស់​ហូលីវូដ​ជា​ច្រើន ដូចជា​ភាពយន្ត​ Gods of Egypt, The Hitman's Bodyguards, ភាគទី ២ នៃ​ភាពយន្ត​ Daredevil ភាពយន្ត The Defenders និង​ភាពយន្ត Secret Society of Second-Born Royals ហើយ​ថ្មីៗ​នេះ នៅក្នុង​រឿងភាគ The Cleaning Lady ដែល​អ្នក​ស្រី Elodie Yung​ បាន​សម្តែង​ជា​តួឯក៕