ជនរង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​តែ​រង​ចាំ​យុត្តិធម៌

លោក​ ឈូក បណ្ឌិត​​ អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​រង​របួស​ នៅ​ក្នុង​ព្រឹត្តិការណ៍​​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្ម​ករ​ ដែល​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​​ឆ្នាំ​​២០១២។​​ (រូបថត៖ ហេង រស្មី)

អ្នក​ស្រី​នុត សាខន នៅ​ពេល​រំឭក​ដល់​ករណី​បាញ់​ប្រហារ​មក​លើ​ក្រុម​កម្មករ​ អ្នក​ស្រី​នៅ​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ឡើយ​ ទាំង​មុខ​របួស​ និង​របួស​ផ្លូវ​ចិត្ត។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យអ្នក​ស្រី​ឈឺ​ចាប់​ថែម​ទៀត​គឺ​អ្នកស្រីមិន​មាន​ជំនឿ​ថា​ ក្រុម​សមត្ថកិច្ចហ៊ាន​ចាប់​ខ្លួន​ជនជាប់​ចោទ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ទេ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ស្នាម​របួស​ដែល​អ្នក​ស្រី​បាន​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ខ្លី​ ថ្វីត្បិត​តែ​បាន​ជា​សះ​ស្បើយ​ក៏​ពិត​មែន​ តែ​ការ​ឈឺ​ចាប់​ខាង​ក្នុង​មិន​ទាន់​រលុប​បាន​នៅ​ឡើយ។​

អ្នក​ស្រី​និយាយ​ថា៖ «ប៉ុន្មាន​ឆ្នាំ​មិន​ទាន់​ជា​សះ​ស្បើយ​ផង»។​

លោក ​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ត្រូវ​បាន​តុលាការ​កំពូល​ដែល​ជា​តុលាការ​ចុង​ក្រោយ​បង្អស់ សម្រេចតម្កល់​សាល​ដីកា​របស់សាលា​ឧទ្ធរណ៍ ពោល​គឺ​លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ​និង​បង្គាប់​ឲ្យស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

តុលាការ​ក៏​បាន​បង្គាប់​ឲ្យបង់​សំណង​ជា​ប្រាក់​ដល់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ដែល​រួម​មាន៖ ​នាង​ប៊ុន ចិន្តា​ នាង​នុត ​សាខន​ និង​នាង​កែវ នា​ពី​២០០០​ ដុល្លារ​ទៅ​៥០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។

អ្នក​ស្រី​នុត សាខន​ ដែល​តុលាការ​បាន​កាត់​ឲ្យទទួល​សំណង​ចំនួន​២៥០០​ដុល្លារនោះ​ មិន​ទាន់​ទទួល​បានសំណង​នេះ​នៅ​ឡើយ។​ ​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ បើ​ទោះបី​ជា​តុលាការ​បានតម្រូវ​ឲ្យលោក​ឈូក បណ្ឌិត​ផ្តល់​សំណង​ក៏​ដោយ ​ក៏​អ្នក​ស្រី​មិន​រំពឹង​ថា ​នឹង​បាន​សំណង​ទាំង​នោះ​ឡើយ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា ​ប្រព័ន្ធ​តុលាការនៅ​កម្ពុជា​មាន​ភាព​លម្អៀង​ទៅ​លើ​អ្នក​មាន​អំណាច​ និង​បក្ខពួកនិយម។​

អ្នក​ស្រី​និយាយ​ថា៖​ «ពួក​គាត់​អត់​មាន​ភាព​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​បន្តិច​ទេ​បង។ ​ចេញ​ពី​ស្វាយរៀង​ដល់​សាលា​ឧទ្ធរណ៍ ចេញ​ពី​ឧទ្ធរណ៍ដល់​សាលា​កំពូល​ហើយ។ ​បង​ឯង​មើល ​នៅ​តែ​អត់​មាន​ចាប់​ជន​ល្មើសមក​ផ្តន្ទា​ទោស​ផង​ ​ហើយ​លុយ​ក៏​អត់​សង»។​

លោក​នាយឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​មិន​ទាន់​បាន​បិទ​បញ្ចប់​សំណុំ​រឿង​ករណី​លោក​ឈូក បណ្ឌិត​នៅ​ឡើយ​ទេ។​ លោក​បាន​បញ្ជាក់​ថា​ ប្រសិន​ណា​បើ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​ដំណឹង​ និង​រាយ​ការណ៍​មក​ជូន​សមត្ថកិច្ច​ពី​ករណី​លោក​ឈូក បណ្ឌិត​ នោះ​សមត្ថកិច្ចនឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ភ្លាម។​

លោក​និយាយ​ថា៖​ «តែ​បើ​មហាជន​មិន​ជួយ​ទៅ​ទៀត ​យើង​ក៏មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។​ ​សមត្ថកិច្ច​មិន​មាន​អ្នក​ណា​ទៅ​ដឹង​ទាំង​អស់​ ហើយ​បើ​មាន​ ដូច​បាន​ជម្រាបជូន​អញ្ចឹង ​យើងរីក​រាយ​ណាស់​ ដែល​បាន​ទទួល​ព័ត៌មាន»។​

លោក​ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​រង​របួស​ នៅ​ក្នុង​ព្រឹត្តិការណ៍បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្ម​ករ​ ដែល​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារលក្ខខណ្ឌ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈឆ្នាំ២០១២។​

លោក​ មឿន តុលា​ មន្ត្រី​កម្មវិធី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍មាន​ប្រសាសន៍​ថា ​តាម​ព័ត៌មាន​ដែល​លោកទទួល​បាន​គឺ​មាន​អ្នក​ខ្លះ​និយាយ​ថា ​លោក​ឈូក បណ្ឌិត​បាន​លាក់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ ហើយ​មួយ​ចំនួន​ទៀត​ថា​ លោក​បាន​សម្ងំលាក់​ខ្លួន​ក្នុង​ផ្ទះ​មន្ត្រី​មាន​អំណាច​ម្នាក់។​ ​

លោក​បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​មិន​មាន​ចេតនា​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​ទេ​ ទើប​បណ្តាល​ឲ្យជន​ជាប់​ចោទ​រត់​រួច​ពី​សំណាញ់​ច្បាប់៕