៣​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧  មន្រ្តី​មូលដ្ឋាន​បក្ស​ប្រឆាំង​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និយាយជាមួយនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ក្នុងពិធីបុណ្យសពម្ដាយក្មេករបស់ លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ (Pool via AP)

សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ដែល​បាត់​បង់​តំណែង​ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​ អះអាង​ថា​ ពួកគេ​នៅ​តែ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​កំពូល​ដើម្បី​ពួកគេ​អាច​បន្ត​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។​

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​ ការ​រំលាយ​នេះ​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាត់​តំណែង​របស់​សមាជិក​នៅ​ថ្នាក់​ក្រោម​ ដែល​មាន​សំឡេង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ សមាជិក​ដែល​មាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់ ​ក្រុម​ប្រឹក្សា​ក្រុង​រាជធានី​ខេត្ត​ជាង​៥​ពាន់​នាក់​បាត់​បង់​តំណែង​នេះ។ ​ មិន​តែ​ប៉ុណ្ណោះ ​ពួកគេ​មួយ​ចំនួន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ អ្នក​ខ្លះ​ប្រឈម​ពាក្យ​បណ្តឹង ​ការ​តាម​ដាន​ពី​អាជ្ញាធរ​និង​អ្នក​ខ្លះ​ទៀត​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស។​

លោក ​ស៊ុន កុសល​ អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង ​គណបក្ស​សង្រ្គោះ​ជាតិ​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​កំពុង​រង់​ចាំ​មើល​ដំណោះ​ស្រាយ​នយោបាយ​ពី​ថ្នាក់​ដឹកនាំ​កំពូល។​

លោក​ កុសល ​អាយុ​៤០​ឆ្នាំ ​ដែល​បច្ចុប្បន្ន​ស៊ី​ឈ្នួល​គេ​ក្នុង​ផ្នែក​កសិកម្ម​និង​សំណង់ ​មាន​ប្រសាសន៍​ថា​ ក្រោយ​បាត់បង់​តំណែង ​ លោក​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ​ ខណៈ​សកម្ម​ភាព​របស់​លោក​ត្រូវ​បាន​តាម​ដាន​ដោយ​កម្លាំង​អាជ្ញាធរ​ផង​ដែរ។​ លោក​បន្ត​ថា​ អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ធ្វើ​ឲ្យ​តំបន់​របស់​លោក​មិន​មាន​ភាព​រីក​ចម្រើន​នោះ​ទេ ​ ដោយសារ​មិន​មាន​សំឡេង​បក្ស​ប្រឆាំង​ក្នុង​ការ​តវ៉ា​និង​ដោះ​ស្រាយ​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «វា​រឹត​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​គ្មាន​វត្ត​មាន​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ នៅ​ថ្នាក់​ជាតិ​ក្តី ​គឺ​វា​មិន​ប្រសើរ។​ វា​មិន​ល្អ​ប្រសើរ ​គឺ​ថា​ យើង​ដើរ​ថយ​ក្រោយ»។​

លោក ​ស៊ុន កុសល​ មាន​ប្រសាសន៍​ទៀត​ថា ​នៅ​ពេល​លោក​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ​និង​ផ្ទាល់​មាត់​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១០​ក្នុង​មួយ​ខែ​ ដែល​ក្នុង​នោះ​មាន​ទាក់ទង​នឹង​ទំនាស់​ដី​ធ្លី​ផង​ដែរ។​ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ដែល​អាច​កើត​ឡើង ​ដោយ​សារ​អវត្តមាន​គណបក្ស​ប្រឆាំង​ក្នុង​ការ​តាម​ដាន ​ខណៈ​ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​យោបល់​របស់​ពួកគេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ទោះ​បី​អំពើ​ពុក​រលួយ​កើត​ឡើង​គាត់​អត់​ហ៊ាន​ថា​ អត់​ហ៊ាន​និយាយ​ព្រោះ​វា​មាន​ការ​គំរាម​កំហែង​អី​ផ្សេងៗ ​ឬ​ក៏​ការ​រឹត​ត្បិត​មិន​ផ្តល់​សេវា ​ជា​ថ្នូរ​នឹង​ថា​ កុំ​ឲ្យ​គាត់​កុំ​មាត់ ​ចាំ​ធ្វើ​ឲ្យ​អី​អ៊ីចឹង​ទៅ»។​

លោក​ ស៊ុន កុសល​ ដែល​ចាប់​ផ្តើម​ជីវិត​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៩៨​ ឲ្យ​ដឹង​ថា​ លោក​នៅ​តែ​ចង់​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​ «មិន​ផ្លាស់​ប្តូរ​ទេ​បង​សម្រាប់​បំណង​ប្រាថ្នា​ខ្ញុំ។​ បំណង​ប្រាថ្នា​ខ្ញុំ​នៅ​តែ​ចង់​បម្រើ​ការងារ​នយោបាយ​ដដែល​ មិន​ផ្លាស់​ប្តូរ​ទេ​ពី​ព្រោះ​មាន​តែ​តាម​រយៈ​នយោបាយ​ទេ ដែល​យើង​អាច​ជួយ​លើក​កម្ពស់​ប្រជា​ពលរដ្ឋ​របស់​យើង​បាន»។

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ឆ្នាំ​២០១៧​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៥០០៧ ​និង​ទទួល​បាន​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​១.៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៣​លាន​នាក់។

លោក​យិន ធាវី​ អាយុ​៤០​ឆ្នាំ​បាន​បាត់បង់​តំណែង​ជា​ចៅ​សង្កាត់​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង​ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ​ចោល។ ​ លោក​មាន​ប្រសាសន៍​ថា​ លោក​នៅ​ចង់​ធ្វើ​នយោ​បាយ​ដដែល​ ហើយ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ។​លោក​បន្ត​ថា​ ការ​បាត់​វត្តមាន​របស់​លោក ​និង​ក្រុម​ប្រឹក្សា​៣​រូប​ទៀត​នៅ​ក្នុង​សង្កាត់​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​និយាយ​ស្តី​ ហើយ​ពួកគេ​មិន​អាច​រក​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​បាន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​ហាក់​បី​ដូច​ជា​ស្ងៀម​ស្ងាត់​ដែរ។ ​ គាត់​មិន​ហ៊ាន​បញ្ចេញ​យោបល់ ​បញ្ចេញ​មតិ​អី​ទេ ​ មិន​ហ៊ាន​ទាមទារ​អី​ទេ។​ប៉ុន្តែ​គ្រាន់​តែ​ថា​ ពេល​ខ្លះ ​ យើង​ឃើញ ​ឮ​ម្តង​ម្កាល​ដែរ​ថា​ គាត់​មាន​ការ​សោក​ស្តាយ​ជ្រើស​រើស​មេ​ដឹកនាំ​ក្នុង​ឃុំ​សង្កាត់ ​ក៏​ដូច​ជា​ចៅ​សង្កាត់​មួយ​ស្រប​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ​ តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី​យុត្តិធម៌​ហើយ​តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​គេ​រំលាយ។​គាត់​ហាក់​បី​ដូច​ជា​បង្ហាញ​ទឹក​ចិត្ត​សោក​ស្តាយ​ដែរ»។​

រូបឯកសារ៖ បដា​គណបក្ស​សង្រ្គោះ​ជាតិ​ដែលបន្សល់​ទុក​នៅ​ផ្ទះ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​គណបក្ស​នេះ ត្រូវ​បាន​តុលាការរំលាយ​ចោល។ (ស៊ុន ណារិន/VOA)

លោក​ជា ជីវ អតីត​មន្ត្រី​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ ​ដែល​ធ្វើ​ឲ្យ​លោក​បាត់​បង់​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង​ និង​ត្រូវ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​ផង​ដែរ។​លោក ​ជា ជីវ​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត​១០​ថ្ងៃ ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់ ​មាន​ប្រសាសន៍​ថា​ កំណើន​គាំទ្រ​របស់​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា៖ ​«ប៉ុន្តែ​ពេល​នេះ ​អត់​មាន​សំឡេង​បក្ស​ប្រឆាំង​ ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សកម្ម​ភាព​ឬ​ក៏ការ​អនុវត្ត​ទេ​បាទ។ ​អ៊ីចឹង​ដូច​ជា​របៀប​ជិះ​សេះ​លែង​ដៃ»។​

លោក ​សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ អះអាង​ថា​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ លោក​បាន​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​នេះ​ប្រមាណ​១០០​នាក់​ ដែល​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ដោយ​មាន​ដីកា​ខ្លះ​និង​មិន​មាន​ដីកា​ខ្លះ។ ​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ក្នុង​យុទ្ធនាការ​មួយ​ចំនួន​ ដូច​ជា​រឿង​ម្រាមដៃ​ស្អាត​មិន​ចូលរួម​បោះ​ឆ្នោត ​ហូប​នំ​បញ្ចុក​ ជួប​ជុំ​គ្នា​និង​ការ​ត្រៀម​ទទួល​លោក​សម រង្ស៊ី ចូល​ប្រទេស​វិញ​ជាដើម។​

បើ​តាម​លោក​ សំ សុគង់​បច្ចុប្បន្ន​នេះ​លោក​កំពុង​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៦​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់។​

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​ចាប់​ខ្លួន​របស់​ពួក​គាត់​ហ្នឹង​គឺ​វា​ពាក់ព័ន្ធ​នឹង​ហេតុ​ផល​នយោបាយ ​ច្រើន​ជាង​ពាក់ព័ន្ធ​ហេតុ​ផល​ច្បាប់»។​លោក​បន្ថែម​ថា​ការ​ចាប់​ខ្លួន​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​ពួក​គាត់​កុំ​ឲ្យ​ធ្វើ​នយោបាយ​បន្ត​ទៀត​ជា​មួយ​គណបក្ស​ប្រឆាំង។​

ព័ត៌មាន​ទាក់ទង៖ គ្រួសារ​បារម្ភ​ការតាម​ចាប់ខ្លួន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ការបង្ក្រាប​កាន់តែ​ខ្លាំង

លោក ​Phil Robertson​ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន ​ការ​បំភិត​បំភ័យ​ ការ​យាយី​ការ​ចោទ​ប្រកាន់​ ដាក់​ពន្ធនាគារ​«គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បំផ្លាញ​ការ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​វិធាន​ការ​គាប​សង្កត់»។​

លោក​មាន​ប្រសាសន៍​ក្នុង​អ៊ីម៉ែល​មក​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ ​«ជោគជ័យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ជា​ការ​ប្រឈម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​នៅ​តាម​ជន​បទ​ហើយ​វា​ជា​រឿង​ដែល​មិន​ល្អ​និង​វា​កាន់​តែ​បង្ហាញ​ច្បាស់​ភ្លាមៗ​ថាលោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​និង​រដ្ឋាភិបាល​ផ្តាច់​ការ​របស់​លោក​នឹង​មិន​អនុញ្ញាត​នោះ​ទេ»។

លោក ​Phil Robertson ​បន្ត​ថា​សកម្មជន​ខ្លះ​របស់​បក្ស​ប្រឆាំង​ក៏​បាន​រត់​គេច​ខ្លួនទៅ​ប្រទេស​ថៃ​ហើយ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ផង​ដែរ។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និង​ជា​សមាជិក​ព្រឹទ្ធ​សភា ​លោក ​សុខ ឥសាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ច្រើន​ជាង​គណបក្ស​សង្រ្គោះ​ជាតិ​ ដូច្នេះ​ការ​លើក​ឡើង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​បក្ស​ប្រឆាំង​នោះ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ រាល់​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​គឺ​ជា​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ ​«អ៊ីចឹង​ទេ ​ កុំ​និយាយ​អំពី​រឿង​ថា​ខ្លាច។​និយាយ​ពី​រឿង​យើង​ធ្វើ​ខុស​ច្បាប់ ​ដែល​ត្រូវ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្វើ​ឲ្យ​តុលាការ​គេ​កាត់​រំលាយ​ចោល។​អាហ្នឹង​ត្រូវ​មើល​ខ្លួន​ឯង ​កុំ​មក​បន្ទោស​គេ។ ​ អាហ្នឹង​កុំ​ឲ្យ​ថា​ ជាង​មិន​កើត​ទៅ​បន្ទោស​ដែក។​ អា​ហ្នឹង ​វា​អត់​ត្រូវ​ទេ»។

លោក​បន្ត​ថា​ ការ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ខុស​ច្បាប់​តែ​បើ​ការ​គាំទ្រ​ជា​ស្មារតី​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នោះ​លើក​ឡើង​ទៀត​ថា​ លទ្ធភាព​នៃ​ការ​ចរចា​នយោបាយ​មិន​មាន​នោះ​ទេ​ ហើយ​លោក​អំពាវនាវ​កុំ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម​រង់ចាំ​ការ​រស់​ឡើង​វិញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​និង​កុំ​គិត​ថា​ អាច​ទទួល​តំណែង​របស់​ខ្លួន​វិញ​នោះ៕