មេធាវីល្បីៗ៣រូបនៅសហរដ្ឋអាមេរិក ស្នើសុំឲ្យក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេត ថាតើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភច្បាប់ដែរឬទេ នៅពេលដែលក្រសួងរតនាគារ បានដាក់ឈ្មោះរបស់លោកលើមូលប្បទានប័ត្រជំនួយសេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណាសម្រាប់ពលរដ្ឋអាមេរិកាំងនោះ។
លោកមេធាវី Bruce Fein, Louis Fisher និង Ralph Nader បានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ មេធាវីទាំងនោះ ចោទប្រកាន់ថា លោកប្រធានាធិបតី ត្រាំ អាចមានទោសពីការរំលោភច្បាប់ Hatch ដែលហាមឃាត់បុគ្គលិករដ្ឋាភិបាលនិងពួកមន្រ្តីសាធារណៈមិនឲ្យចូលរួមក្នុងសកម្មភាពខាងនយោបាយ ខណៈពេលដែលបំពេញការងារឲ្យរដ្ឋាភិបាល។
លិខិតរបស់មេធាវីល្បីៗទាំង៣រូបនោះ បានប្រាប់ឲ្យដឹងថា៖ «លោកប្រធានាធិបតី ត្រាំ កំពុងស្វះស្វែងរកការជាប់ឆ្នោតម្តងទៀត។ហត្ថលេខារបស់លោកប្រធានាធិបតីលើមូលប្បទានប័ត្ររបស់ក្រសួងរតនាគារ មានលើសពីតម្លៃឬភាពពិតប្រាកដរបស់មូលប្បទានប័ត្រទាំងនោះ។ ហត្ថលេខានេះ មិនបម្រើឲ្យគោលបំណងរបស់រដ្ឋាភិបាលទេ។ ហត្ថលេខានោះ បម្រើឲ្យយុទ្ធនាការសម្រាប់ការឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់ប្រធានាធិបតី ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដោយបានបង្ហាញថា លោកប្រធានាធិតី ជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ប្រាក់ដល់ពួកអ្នកបោះឆ្នោតរាប់លាននាក់»។
អស់លោកមេធាវីទាំងនោះ ជជែកឲ្យហេតុផលថា រដ្ឋអាជ្ញាពិសេសម្នាក់ ត្រូវតែពិនិត្យមើលអំពីបញ្ហានេះ។ មេធាវីល្បីៗទាំងនោះ បានហៅការប្រើបុគ្គលិកនិងឧបករណ៍របស់រដ្ឋាភិបាលជាការខុសច្បាប់ដើម្បីផ្សព្វផ្សាយការឈរឈ្មោះបោះឆ្នោតរបស់ប្រធានាធិបតី ត្រាំ។
ទាំងក្រសួងយុត្តិធម៌និងសេតវិមាន មិនបានឆ្លើយតបនឹងលិខិតនោះទេ។
លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក និយាយថា មូលប្បទានប័ត្រដែលមានហត្ថលេខាប្រធានាធិបតី ត្រាំ ជាគំនិតរបស់លោក៕