អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​​ដែល​បាត់​បង់​យូរ​មក​ហើយ​ឲ្យ​កម្ពុជា​វិញ

រូប​ចម្លាក់​​បុរាណ​ទាំង​បី ដែល​ត្រូវ​បាន​ប្រគល់​ជូន​​ប្រទេស​កម្ពុជា​វិញ។

នៅ​ថ្ងៃ​អង្គារ​នេះ រូប​ចម្លាក់​បុរាណ​បី​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​កម្ពុជា​កាល​ពី​ជាង​៤០​ឆ្នាំ​មុន​ត្រូវ​បាន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ជា​ផ្លូវ​ការ​នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ក្នុង​ក្រុង​ភ្នំពេញ។

រូប​ចម្លាក់​អ្នក​ចម្បាំង​ធ្វើ​ពី​ថ្ម​ភក់​ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ​ទាំង​បីនេះ​គឺ​មាន​បដិមា​ទុរយោធន៍ ភីម និង​ពលរាម ដែល​ត្រូវ​បាន​លួច​ចេញ​ពី​កម្ពុជា​កាល​ពី​អំឡុង​សម័យ​សង្គ្រាម​ក្នុង​ទស្សវត្សរ៍​១៩៧០​ពី​ប្រាសាទ​ចិន​នៃ​រមណីយដ្ឋាន​កោះកេរ និង​ដែល​ត្រូវ​ឆ្លាក់​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​បួន នៅ​សតវត្សរ៍​ទី​១០។

លោក សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​កោត​សរសើរកិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទាមទារ​វត្ថុបុរាណ​ទាំង​នេះ​ឱ្យ​មក​ក្នុង​ដៃ​កម្ពុជា​វិញ។ លោក​ សុខ អាន បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ឯពិធី​ប្រគល់​នេះ​ថា៖

«បន្ទាប់​ពី​ដំណើរ​ដ៏​វែង​ឆ្ញាយ​ជាង​៤០​ឆ្នាំ ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ការ​លួច ការ​ជួញ​ដូរ​ខុស​ច្បាប់ និង​ការ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​នៅ​ពេល​នេះ បដិមា​ទាំង​បី​បាន​ទទួល​នូវ​សេរីភាព​និង​បាន​ត្រឡប់​មក​កាន់​ទីឋាន​កំណើត​របស់​ខ្លួន​វិញ​ហើយ។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជា​ពិសេស​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ ចំពោះ​ការ​គាំទ្រ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ខុស​ច្បាប់ និង​ឆន្ទៈ​ដ៏​មុះមុត​ក្នុង​ការ​លើក​កម្ពស់​មិត្តភាព និង​សហ​ប្រតិបត្តិការ​រវាង​ប្រជាជាតិ​យើង​ទាំង​ពីរ»។

បដិមា​ទុរយោធន៍​ត្រូវ​បាន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ២០១៤​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មាន​ការ​សហការ​រវាង​ភាគី​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​តស៊ូ​ក្តី​ដ៏​វែង​ឆ្ងាយ​មួយ។

ចំណែក​ឯ​បដិមា​ភីម ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ​ Norton Simon​តាំង​ពី​ចុង​ទសវត្សរ៍​១៩៧០ ត្រូវ​បាន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​បន្ទាប់​ពី​មាន​ការ​សហការ​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចរចា​ជាមួយ​សារមន្ទីរនេះ។ ដោយ​ឡែក​បដិមា​ពលរាម​ត្រូវ​បានក្រុមហ៊ុន​ដេញ​ថ្លៃ​Christie's ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ដោយ​ស្ម័គ្រ​ចិត្ត។

លោក ចេហ្វ ដេហ្គល (Jeff Daigle) អនុ​ប្រធាន​បេសកម្ម​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ថែ​រក្សា​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​នឹង​បន្ត​ជា​យូរ​អង្វែង​ទៀត។

«ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​បដិមា​ទាំង​បី​បង្ហាញ​ពី​ការ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ប្រមូល​និង​ស្ថាប័ន​រក្សា​ទុក​វត្ថុ​បុរាណ​នៃ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជូន​នូវ​បទដ្ឋាន​គតិយុត្ត​និង​សីលធម៌​ក្នុង​ការ​កាន់​កាប់​វត្ថុ​បុរាណ។ ហើយ​វា​ក៏​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក​ថា ប្រទេស​របស់​យើង​នឹង​មិន​បម្រើ​ជា​ជម្រក​សុវត្ថិភាព​នៃ​ការ​កាន់កាប់​វត្ថុបុរាណ​និង​វត្ថុ​សិល្បៈ​ដោយ​ខុស​ច្បាប់​នោះ​ទេ។ ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​កម្ពុជា​ដើម្បី​រក្សា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​របស់​កម្ពុជា​គឺ​ជា​ការ​យូរ​អង្វែង»។

ក្រោយ​ពី​បញ្ចប់​ពិធី​នេះ លោក សុខ អាន បាន​អំពាវនាវ​ដល់​សារៈមន្ទីរ​ដទៃ​ទៀត​និង​អ្នក​រក្សា​ទុក​វត្ថុ​បុរាណនៅ​ទូទាំង​ពិភពលោក​ឱ្យ​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​មក​ឱ្យ​កម្ពុជា​វិញ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សកល​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌៕