ស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការសហការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម បានជួយសង្គ្រោះនារីខ្មែរ ៣ នាក់ ដែលត្រូវមេខ្យល់បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ដើម្បីជាថ្នូរនឹងប្រាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួង ចុះថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៧ នេះ។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេសនេះ បានបញ្ជាក់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា៖ «ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម បានអន្តរាគមន៍ជួយនារីខ្មែររងគ្រោះចំនួន ៣ នាក់»។
ក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ឈ្មោះពេញរបស់នារីខ្មែរទាំង ៣ នាក់នោះទេ ដោយគ្រាន់តែបង្ហាញឈ្មោះជាអក្សរកាត់តែប៉ុណ្ណោះ។ នារីទីមួយមានអាយុ ២០ ឆ្នាំ មកពីស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ នារីទីពីរអាយុ ១៩ ឆ្នាំ មកពីស្រុកក្រូចឆ្មា ខេត្តកំពង់ចាមដែរ។ ចំណែកឯនារីទីបី មានអាយុ ១៨ ឆ្នាំ មកពីស្រុកអូរឫស្សី ខេត្តក្រចេះ។
បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសដដែលនេះ មេខ្យល់បម្រុងនាំនារីខ្មែររងគ្រោះទាំង ៣ នាក់នេះ ទៅរៀបការនៅក្នុងប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម។
សេចក្ដីប្រកាសនេះបានសរសេរយ៉ាងដូច្នេះថា៖ «នារីខ្មែរទាំង ៣ នាក់ ត្រូវបានមេខ្យល់នាំឆ្លងចូលប្រទេសវៀតណាម កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ និងបន្តធ្វើដំណើរតាមច្រកព្រំដែនវៀតណាម-ចិន Mong Cai នៃខេត្ត Quang Ninh បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ជាថ្នូរនឹងប្រាក់ចន្លោះពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារអាមេរិក»។
លោកជុំ សន្ទរី បានបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីប្រកាសដដែលនោះថា នាពេលបច្ចុប្បន្ននេះ អង្គការ Blue Dragon Children's Foundation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ផ្ដល់ការឧបត្ថម្ភដល់នារីខ្មែររងគ្រោះទាំង ៣ នាក់នោះ ហើយស្ថានទូតកម្ពុជា នឹងរៀបចំបែបបទបញ្ជូននារីទាំងនោះត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយធ្វើការសហការជាមួយនឹងអង្គការ Blue Dragon Children's Foundation និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម៕