ប្រទេសកម្ពុជាបានដោះលែងជនជាតិថៃបីនាក់ពីពន្ធនាគារបន្ទាប់ពីបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែពីបទឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់។ ជនជាតិថៃទាំងបីនាក់បានចាកចេញទៅកាន់ប្រទេសថៃនៅថ្ងៃអង្គារ៍នេះដើម្បីជួបជុំក្រុមគ្រួសារបន្ទាប់ពីទទួលបានការប្រោសព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រខ្មែរ។ ការដោះលែងជនជាតិថៃបីនាក់នេះបានធ្វើឡើងបន្ទាប់ពីខួបឆ្នាំទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃព្រមទាំងជំនួបជាមួយលោក កាសិត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រី ការបរទេសថៃ និងលោក ប្រាយុទ្ធ ចាន់អូឆា (Prayuth Chan-ocha) អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ។
តុលាការខេត្តសៀមរាមបានកាត់ទោសជនជាតិថៃទាំងបីនាក់គឺឈ្មោះ សានុង វង់ឆារ៉ឺន (Sanong Wongcharoen) អាយុ៣៦ឆ្នាំ លឹម ភួងផេត (Lim Puangpet) អាយុ៣៩ឆ្នាំ និង ឡាន សាប់ស្រ៊ី (Lan Sapsri) អាយុ៥៣ឆ្នាំ ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន១៨ខែនិងពិន័យ២៥០ដុល្លារអាមេរិកអំពីការឆ្លងចូលទឹកដីកម្ពុជានិងការប្រើប្រាស់អាវុធខុសច្បាប់កាលពីសប្តាហ៍មុនបន្ទាប់ពីអាជ្ញាធរខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាបានចាប់ខ្លួនជនទាំងបីនាក់នេះនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០។
លោកតូច រ៉ា ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកចេញ-ចូលអន្តរជាតិជាំស្រងាម បានបញ្ជាក់ថាលោក ស៊ូវ៉ាត់ កែវស៊ុក (Suwat Kaewsook) ទីប្រឹក្សាប្រចាំស្ថានទូតថៃនៅកម្ពុជា បានអមដំណើរជនជាតិថៃទាំងបីនាក់ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិចូលទៅក្នុងប្រទេសថៃនៅវេលាម៉ោង១ រសៀល។
«ជនជាតិថៃបីនាក់ត្រូវបានអមដំណើរដោយមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជានិងមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបឆ្លងកាត់តាមច្រកចេញ-ចូលអន្តរជាតិជាំស្រងាមចូលទៅក្នុងប្រទេសថៃនៅម៉ោង១។ នៅពេលដែលជនជាតិថៃបីនាក់បានមកដល់មាត់ច្រកចេញ-ចូលអន្តរជាតិត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ខេត្តស៊ី សាកេត ខេត្តសុរិន្ទនិងគ្រួសារជនជាតិថៃទាំងបីនាក់»។
លោកអៀង សុផលឡែត អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់ក្រុម អ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំឱ្យមានការដោះលែងជនជាតិថៃទាំងបីនាក់ដែលបានជាប់ពន្ធនាគារនៅក្នុងខេត្តសៀមរាប។
«សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថាជនជាតិថៃបីនាក់ដែលត្រូវបានកាត់ទោស នៅខេត្តសៀមរាបនោះ ត្រូវបានដោះលែង និងកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ហើយនឹងស្នាក់ នៅក្នុងទីក្រុងភ្នំពេញក្នុងនាមជាទេសចរ មិនមែនជាឧក្រិដ្ឋជនទេ ហើយសម្តេចក៏សូមជូនជនជាតិថៃទាំងបីនាក់ទៅជូនលោកប្រាយុទ្ធ ចាន់អូឆា អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ដើម្បីនាំពួកគេ ទៅជួបជុំក្រុមគ្រួសារនៅប្រទេសថៃវិញ»។
លោកហេង ហាក់ អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា អាជ្ញាធរពន្ធនា គារបានដោះលែងជនជាតិថៃទាំងបីនាក់ពីពន្ធនាគារហើយ។ លោកបានបញ្ជាក់បន្ថែមថាជនទាំងបីត្រូវបាននាំចេញពីពន្ធនាគារខេត្តសៀមរាបមកកាន់ ទីក្រុងភ្នំពេញ។
លោកទូច រ៉ា បានបញ្ជាក់ថាជនជាតិថៃទាំងបីនាក់នេះបានជួបជាមួយលោកប្រាយុទ្ធ ចាន់អូឆាមុនពេលមន្ត្រីស្ថានទូតថៃនៅទីក្រុងភ្នំពេញ បានរៀបចំរថយន្តដឹកពួកគាត់ទាំងបីនាក់ទៅកាន់ច្រកព្រំដែនអន្តរជាតិជាំស្រងាម ដើម្បីត្រឡប់ទៅខេត្តស៊ូរិន្ទរបស់ប្រទេសថៃ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva) បានបញ្ជាឱ្យលោករដ្ឋមន្ត្រីការបរទេសកាសិត ភីរម្យជួយនាំជនជាតិថៃទាំងបីនាក់ឱ្យបានត្រឡប់មកប្រទេសថៃវិញ៕