តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បីនាក់​នៅ​ក្រៅ

រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

តុលាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ស្ថិត​នៅ​ក្រៅ​ឃុំ​ទេ ដោយ​បាន​ដម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង។

តុលាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ស្ថិត​នៅ​ក្រៅ​ឃុំ​ទេ ដោយ​បាន​ដម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង ​ដែល​បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំរបស់​សកម្ម​ជន​ទាំង​បីនាក់​នេះ ​កាល​ពី​ពេល​កន្លង​មក​ទៅ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មេធាវី​ការពារ​ក្តី​របស់​សកម្មជន​ទាំង​បី​នាក់​នេះ។​

ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ដម្កល់​ការ​បដិសេធ​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​មិន​ឲ្យ​សកម្មជន​ទាំង​បី​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ គឺ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ទៅ​កាន់​ខេត្ត​កោះ​កុង​ កាល​ពី​ថ្ងៃទី​១៨​ និង​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ។​

លោក​ អ៊ិន គង់ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ តុលាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការ​សុំនៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ទាំងបី​នាក់​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ព្រោះ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​យល់​ស្រប​តាម​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ដែល​ថា​ សកម្មជន​ទាំង​បី​នេះ​អាចធ្វើ​ឲ្យ​ខូច​នីតិវិធី​របស់​តុលាការ​ ​និង​បង្ក​បទ​ល្មើស​ផ្សេងទៀត​ ហើយ​និង​បំផ្លាញ​ភស្តុតាង​ ប្រសិន​បើ​ពួក​គេ​ត្រូវបាន​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំនោះ។​ លោក​និយាយា​ថា៖​

«សភា​ស៊ើបសួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឯកភាព​រក្សា​ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ហ្នឹង​ទុក​ជា​បាន​ការ​ដដែល»។​

លោក​បញ្ជាក់​ថា ​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​គួរ​តែ​ពន្លឿន​រឿង​ក្តីរបស់​សកម្មជន​ទាំងបី​នាក់​នេះ​ ពីព្រោះ​ថា​ បើ​បន្ត​ឲ្យ​អ្នក​ទាំងបី​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ អាចធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់សិទ្ធិ​របស់​ជន​ជាប់​ចោទ​ទាំង​បី​នាក់​នេះ។​

«កន្លង​មក ​មាន​ប្រជា​ពលរដ្ឋ​ ដែល​ធ្លាប់​ចូលរួម​ជាមួយ​គាត់​បាន​បញ្ជាក់​ថា​ អ្នក​ទាំង​បី​គឺ​ពុំមាន​កំហុស​អ្វី​ទេ។​ អញ្ចឹង​ករណី​នេះ​គួរ​តែ​ចៅក្រម​ស៊ើបសួរ​ និង​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ត្រូវ​តែ​រួសរាន់​ដើម្បី​បញ្ចប់​ការ​ស៊ើបសួរ​ ហើយ​បញ្ចូលរឿង​នេះទៅ​ព្រះ​រាជអាជ្ញា​ដើម្បី​ឲ្យ​មាន​ដីការ​ដំណោះ​ស្រាយ​មួយ»។​

សកម្មជន​បរិស្ថាន​ទាំងបី​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាល​ពី​ខែ​សីហា​ រួម​មាន​លោក​ សាន់ ម៉ាឡា​ អាយុ​២៣​ឆ្នាំ ​ជា​ស្ថាបនិក​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក​ ទ្រី សុវិគា​ អាយុ​២៤ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។ ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង ​និង​ធ្វើ​ឲ្យ​ខូចខាត ​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ»។

លោក​ ហម ស៊ុនរិទ្ធ​ ​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​បរិស្ថាន​ទាំង​បី​នេះ​ថ្លែង​ថា ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​គួរ​តែ​អនុញ្ញាត​ឲ្យ​សកម្ម​ជន​ទាំង​បីនេះ​បាន​សិ្ថត​នៅ​ក្រៅ​ឃុំ​ ពី​ព្រោះ​បទ​ល្មើស​នេះ​បទ​ជា​បទ​លើ្មស​មជ្ឈឹម​ ហើយ​ថា​ ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង​បី​នាក់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ។​ លោក​ថ្លែង​ថា៖​

«សព្វ​ថ្ងៃ​នេះ​ យើង​គ្រាន់តែ​ថា​ ស្ថាន​ភាព​របស់​ជន​ជាប់​ចោទ​ទាំងបី​នាក់​ហ្នឹង​ គាត់​ត្រូវ​ការ​ត្រឡប់​ទៅ​វិញ​ដើម្បី​មើល​ថែ​គ្រួសារ​គាត់»។​

លោក​បង្ហាញ​ក្តី​បារម្ភ​អំពី​ស្ថាន​ភាព​សុខភាព​របស់​សកម្មជន​មួយ​រូប ​ដែល​មាន​ជំងឺ​ក្រពះ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ។​ លោក​និយាយ​ថា៖​

«អ្វី​ដែល​យើង​មាន​ការ​ព្រួ​យ​បារម្ភ​នៅ​ពេល​នេះ​គឺ​ស្ថានភាព​កូន​ក្តីយើង​ម្នាក់​នោះ។ ​គាត់​កំពុងមាន​ជំងឺក្រពះ​ ហើយ​គាត់​មាន​កូន​នៅ​ក្នុង​បន្ទុក​ ដែល​ត្រូវ​មើល​ថែ។​ ដូច្នេះ​គាត់​គួរ​ទទួល​បាន​នូវ​ស្ថាន​ភាព​នៅ​ក្រៅ​ឃុំ»។​

យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សកម្ម​ជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង​ឲ្យ​ដឹង​ថា​ សកម្មជន​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ ហើយ​កំពុង​មាន​ជំងឺ​គឺ​លោក​ ស៊ីម សំណាង។​ អ្នក​ស្រី​ ថា សុភា ​ភរិយា​របស់​លោក ​ស៊ីម សំណាង​ ធ្លាប់​បាន​បញ្ជាប់​ប្រាប់​ VOA ​ថា​ ប្តី​របស់​អ្នកស្រី​មាន​ជំងឺ​ក្រពះ​ជា​ប្រចាំ។

លោក​ ប៊ូ ប៊ុនហាំ​ ព្រះរាជ​អាជ្ញា​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទេ​ ដោយ​លោក​បង្វែ​សំណួរ​ទៅ​ចៅក្រម​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត។​ VOA ​ពុំអាច​ទាក់ទង​អ្នក​ស្រី ឈុន ដាវី​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ទេ ​ដោយ​សារ​ទូរស័ព្ទ​របស់​អ្នក​ស្រី​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្ម​ភាព​របស់​ពួកគេ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត។​

ដោយ​ឡែក​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង​កាន់​តែ​អាក្រក់​ទៅៗ​ ពី​ព្រោះ​តុលាការ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​ និង​សម្រេចឃុំ​ខ្លួនសកម្ម​ជន​ការពារ​បរិស្ថាន​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​មាន​មន្ត្រី​ទូត​មកពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ ​និង​មន្ត្រី​នៃ​សហគមន៍​អឺរ៉ុប​បាន​ចូល​ទៅ​សិក្សា​ស្វែង​យល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​នេះ​ក៏ដោយ។​

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅនេះ​ ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ម្នាក់​ទៀត​គឺ​លោក​ វ៉ែន​ វ៉ន ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោកជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់។ ​សកម្មជន​សិទ្ធិ​មនុស្ស​សង្កត់​ធ្ងន់​ថា​ ការ​ចោទ​ប្រកាន់​ដែល​ឈាន​ដល់​ការ​ឃុំខ្លួន​អ្នក​ការពារ​បរិស្ថាន​នេះ​គឺ​ជា​ការ​បំបាក់ស្មារតី​ និង​ជាការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ៕​