ទឹកជំនន់​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​រាប់ម៉ឺន​គ្រួសារ​ធ្វើ​ស្រែ​ខាតបង់

ទិដ្ឋភាពពីលើអាកាសបង្ហាញពីគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

អ្នក​ស្រី​ ហាច ស៊ីណា​ និង​គ្រួសារ​ជា​អ្នក​ស្រុក​ឯក​ភ្នំ​នៃ​ខេត្ត​បាត់ដំបង។​ គ្រួសារ​អ្នកស្រី​ត្រៀម​ប្រមូល​ផល​ស្រូវ​លើ​ផ្ទៃ​ដី​ប្រមាណ​៨​ហិកតា ​កាល​ពី​១០​ថ្ងៃ​មុន។ ​ប៉ុន្តែ ​នៅ​ពេល​គោ​យន្ត​ដែល​អ្នកស្រី​ជួល​ច្រូត​កាត់ ​ត្រូវ​បាន​គេ​អូស​មក​ដល់​ក្នុង​ភូមិ​ ទឹក​ជំនន់​ក៏​បាន​មក​ដល់​ភូមិ​ដូច​គ្នា។​

អ្នក​ស្រី​ ហាច ស៊ីណា ​វ័យ​៣៨​ឆ្នាំ ​ប្រាប់​វីអូអេ​ថា៖ ​«ឥឡូវ​ស្រូវ​ខ្ញុំ​លិច​១០​ថ្ងៃ​ហើយ។​ ប្រហែល​ជា​វា​រលួយ​គ្រាប់​ខ្លះ​ហើយ​ រលួយ​ចុង​កួរ​ខ្លះ។​ហើយ​ ប្រហែល​វា​អត់​បាន​ស្រូវ​បណ្តោយ។​ [...] បើ​ស្រូវ​ខូច​សុទ្ធ​ ដែល​អត់​បាន​ច្រូត​៦​(ហិកតា)។​ បើ​ស្រូវ​តែ​កំពុង​លិច​ទឹក​ យើង​មិន​ដឹង​ខូច​ ឬ​មិន​ខូច​….​ពីរ​ហិកតា​ លិច​បាត់​ហើយ​អា​ហ្នឹង»។​

បរិមាណ​ទឹកភ្លៀង​ច្រើន​លើស​លប់ ​និង​លំហូរ​ទឹក​ពី​ផ្នែក​ខាង​លើ​ពី​ប្រទេស​ថៃ ​បាន​ធ្វើ​ឲ្យ​ផ្នែក​ជា​ច្រើន ​ជា​ពិសេស​បណ្តា​ខេត្ត​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ​រង​ការ​លិច​លង់​ដែល​ប៉ះពាល់​គ្រួសារ​របស់​អ្នកស្រី​ និង​មនុស្ស​ជាង​១០​ម៉ឺន​គ្រួសារ​ទៀត​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​រាជធានី​ខេត្ត​ចំនួន​១៩​ ស្មើ​នឹង​៩១​ក្រុង​ស្រុក​ខណ្ឌ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។​

ដំណាំ​ស្រូវ​ទូទាំង​ប្រទេស​នៅ​លើ​ផ្ទៃ​ដី​យ៉ាង​ហោច​ណាស់​ ២១​ម៉ឺន​ហិកតា​ ត្រូវ​បាន​លិច។ នេះ​ បើ​យោង​តាម​របាយ​ការណ៍​ដដែល។ វាលស្រែ​នៅ​ខេត្ត​បាត់ដំបង ​ដែល​ជា​ជង្រុក​ស្រូវ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ត្រូវ​បាន​លិចលង់​ និង​រង​ការ​ប៉ះ​ពាល់​ជាមួយ​នឹង​ផ្ទៃ​ដី​ប្រមាណ​ជាង​១២​ម៉ឺន​ហិកតា។​ នេះ ​បើយោង​តាម​អ្នក​នាំ​ពាក្យ​ខេត្ត​បាត់ដំបង។

លោក​ សឿម ​ប៊ុនរិទ្ធ​ អភិបាល​រង​ខេត្ ត​និង​ជា​អ្នក​នាំ​ពាក្យ​ខេត្ត​បាត់ដំបង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ លោក​មិន​ច្បាស់​ថា​ ទឹក​ជំនន់​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា​នោះ​ទេ​ ហើយ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​ខូច​ខាត​ដំណាំ​ស្រូវ ​និង​ដំណាំ​ផ្សេងៗ​ទៀត​នៅ​មិន​ទាន់​អាច​ធ្វើ​បាន ​ដោយ​សារ​ទឹក​នៅ​លិច​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ឥឡូវ​អាកាស​ធាតុ​វា​អាប់​អួរ​រហូត​អីចេះ​ ​ទាយ​អត់​ត្រូវ​ទេ។ ​ ឧទាហរណ៍​ខេត្ត​បាត់ដំបង​ជន់ ​ហើយ​កន្លែង​ខ្លះ​វា​ឡើង​វិញ​កន្លង​មក​នេះ​ដូច​ថា នៅ​ម្តុំ​អម្ពិល​ប្រាំ​ដើម​ស្រុក​បវេល​នៅ​បួ​អី​ហ្នឹង​ស្រក​មួយសា​ហើយ​ឡើង​មួយសា​ទៀត ដោយ​សារ​អាកាសធាតុ​យើង​ខាង​លើ។ ​ ខាង​លើ​វា​មាន​ភ្លៀង​ទៅ​ ​វា​ឡើង​វិញ។​អាហ្នឹង​ពិបាក​អ៊ីចឹង។ ​បើ​យើង​ឲ្យ​ថា​ ប៉ុន្មាន​ថ្ងៃ​ស្រក​អស់​ វា​ទាយ​អត់​ត្រូវ​ដោយសារ​យើង​ត្រូវ​ចាំ​មើល​ការ​ប្រែប្រួល​ស្ថានភាព​នៃ​ឧតុនិយម»។​

រូបឯកសារ៖ ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងដីដាំដំណាំរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ដូច​បណ្តា​ខេត្ត​នានា​ទៀត​ដែរ​មន្ត្រី​ខេត្ត​របស់​លោក ​បាន​ចាត់​វិធាន​ការ​នានា​ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ភូមិ​ទៅ​បឹង​ទន្លេ​សាប ​ដោយ​ការ​ចោះ​ផ្លូវ​បង្ហូរ​ទឹក​ និង​បើក​ប្រឡាយ។​

លោក​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ខេត្ត​របស់​លោក​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​រហូត​ទៅ​ដល់​បី​ដង​ក្នុង​មួយ​ឆ្នាំ។​ លោក​បញ្ជាក់​ថា៖ ​«អ្នក​ខ្លះ​ច្រូត​ហើយ​ធ្វើ​ទៀត។ ​អា​ធ្វើ​ទៀត​ហ្នឹង​ចូល​ទឹក​មក​ដល់​បណ្តោយ»។​

អភិបាល​រង​ខេត្ត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ឥឡូវ​នេះ​វា​ឆាប់​ពេក​ក្នុង​ការ​ប៉ាន់​ស្មាន​ក្នុង​ការ​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​ដំណាំ​ស្រូវ​ និង​ដំណាំ​ផ្សេង​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «និយាយ​ទៅ​ការ​ទស្សន៍​ទាយ​ទុក​មុន​ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ថា​ ម៉េច​ទេ​ ប៉ុន្តែ​ចាំ​មើល​ស្ថាន​ភាព​ ដល់​ពេល​ហ្នឹង​បាន​យើង​អាច​វាយ​តម្លៃ​បាន»។​

កាល​ពី​ពីរ​ឆ្នាំ​មុន ​អ្នក​ស្រី​ ហាច ស៊ីណា​ជា​កសិករ​ និង​ស្វាមី​ ដែល​រស់​នៅ​ក្នុង​ភូមិ​ព្រែក​ឆ្តោរ ​ឃុំ​ពាមឯក​ ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​ បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​ជួល​ដី​ស្រែ​គេ​៨​ហិកតា​ តម្លៃ​ជាង​៨០០​ដុល្លារ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដែល​អ្នក​ទាំង​ពីរ​ អាច​ធ្វើ​ស្រែ​បាន​ពីរ​រដូវ។​

អ្នក​ស្រី​ ហាច ស៊ីណា​បាន​ប្រើ​ដើម​ទុន​សរុប​ប្រមាណ​៤​ពាន់​ដុល្លារ ​ដែល​អ្នក​ស្រី​ខ្ចី​ពី​បង​ប្អូន​ និង​ម្តាយ​ក្មេក​សម្រាប់​ធ្វើ​ស្រូវ​វស្សា។​ ប្រាក់​កម្ចី​ទាំង​នេះ​អ្នកស្រី​ចំណាយ​ទៅ​លើ​ពូជ ជីរ​ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ ដី​ស្រែ​ដែល​នៅ​ចម្ងាយ​ជាង​ពីរ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ត្រូវ​ទឹក​ជំនន់​លិច​កម្ពស់​ប្រមាណ​មួយ​ម៉ែត្រ​ពី​ដី។ ​

អ្នកស្រី​ប្រាប់​VOA​ថា៖​ «ឆ្នាំ​នេះ​អាកាស​ធាតុ​វា​ប្រែ​ប្រួល។ ​យើង​ព្រោះ​ម្តង​ហើយ​វា​អត់​ដុះ។​ យើង​ព្រោះ​ម្តង​ទៀត​ ហើយ​យើង​សុទ្ធ​តែ​ជួល​គេ​…​ខាត​ច្រើន»។ ​ អ្នកស្រី​បន្ថែម​ថា​ ឆ្នាំ​មុន​ អ្នកស្រី​ និង​គ្រួសារ​អាច​ប្រមូល​ផល​បាន​ជិត​៣០​តោន​ពី​ដី​ស្រែ​៨​ហិកតា​នេះ។​

ខេត្ត​បន្ទាយ​មានជ័យ​មាន​ផ្ទៃ​ដី​ស្រែ​លិច​ទឹក​ទំហំ​ធំ​បំផុត​បន្ទាប់​ពី​ខេត្ត​បាត់ដំបង​ដោយមាន​ផ្ទៃ​ដី​ស្រែ​លិច​ទឹក​ ជិត​ប្រាំម៉ឺន​ហិកតា។​ ហើយ​ ខេត្ត​នេះ​មាន​ចំនួន​ប្រជា​ពលរដ្ឋ​បាត់បង់​ជីវិត​ដោយសារ​ទឹក​ជំនន់​ចំនួន​១៨​នាក់​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​៣៤​នាក់​នៅ​ទូទាំង​ប្រទេស​ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២១​ ខែ​តុលា។​

លោក​ សួន ឌុល​ គឺ​ជា​កសិករ​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ស្រុក​ថ្មពួក។​ ​លោក​ដាំ​ស្រូវ​ និង​ដំឡូង​ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ក្នុង​ឃុំ​គោក​រមៀត​ភូមិ​គោក​រមៀត។​ កាល​ពី​ឆ្នាំ​មុន​ អាកាសធាតុ​ក្តៅ​ហួតហែង​ និង​រាំង​ខ្លាំង​ដូច្នេះ​លោក​ទទួល​បាន​ផលតិច​ជាង​ពាក់​កណ្តាល​នៃ​ផល​ស្រូវ​ដែល​លោក​គួរ​តែ​ទទួល​បាន​ពី​ផល​ដំណាំ​សរុប។​

ឆ្នាំ​នេះ​លោក​ថា​ មាន​ភ្លៀង​ដែល​ជា​ការ​ល្អ​ប៉ុន្តែ​ភ្លៀង​ឥត​ឈប់​ឈរ​ និង​ទឹក​ដែល​ហូរ​មក​ពី​ប្រទេស​ថៃ​ បាន​បង្កើត​ជា​ទឹក​ជំនន់​ដែល​មាន​កម្ពស់​ពី​មួយ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​កន្លះ​ហើយ​កំពុង​គំរាម​កំហែង​ជីវ​ភាព​ និង​ដំណាំ​របស់​លោក។​

«ស្រូវ​ខ្ញុំ​ទាំង​អស់​វា​១០​ហិកតា​ជាង។​នៅ​សល់​តែ​៣​ហិកតា​ទេ។​លិច​៥​ហិកតា​ហើយ»។​លោក​បន្ថែម​ថា៖​«ដំឡូង​៣​ហិកតា​ដក​បាន​ពីរ​រ៉ៃ។ ​ក្រៅ​ពី​នោះ​ លិច​ទាំង​អស់»។​

កសិករ​រូប​នេះ​មិន​សង្ឃឹម​ថា​ នឹង​បាន​ផល​ខ្លះ​ពី​ដំណាំ​របស់​លោក​នោះ​ទេ។​

លោកថា៖​ «វា​មិន​អាច​បាន​មក​វិញ​ទេ​លិច​ច្រើន​ថ្ងៃ​ហើយ​នោះ»។ ​ លោក​បារម្ភ​ថា​លោក​នឹង​មិន​មាន​ប្រាក់​ដើម្បី​ទិញ​ពូជ​យក​មក​ព្រោះ​ធ្វើស្រែ​នៅ​ឆ្នាំ​ក្រោយ​ទេ​ ដោយ​សារ​ការ​បាត់បង់​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​ពី​ស្រែ​លិច​ទឹក​នេះ។​

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចែកសម្ភារៈដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ចែក​អំណោយ​ដល់​ពួកគេ។ ​នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ ​លោក​ហ៊ុន សែន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«ថ្ងៃ​នេះ​ខ្ញុំ​បាន​នាំ​មក​សម្រាប់​បង​ប្អូន​នៅ​ទី​នេះ​៥០០០​គ្រួសារ​ ដែល​ក្នុង​នោះ​គ្រួសារ​នីមួយៗ​ទទួល​បាន​អង្ករ​២៥​គីឡូ ​មី​មួយ​កេស​តូច​ ទឹក​សុទ្ធ​មួយកេស​ ទឹកត្រី​មួយយួរ​ទឹក​ស៊ីអ៊ីវ​មួយ​យួរ ​ត្រីខ​មួយ​យួរ​ មុង​មួយ​ ក្រមា​មួយ ​ភួយ​មួយ ​សារ៉ុង​មួយ​ កន្ទេល​មួយ​ហើយ​ថវិកា​ប្រាំលាន​ [អា៎]​ ប្រាំ​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ នេះ​គ្រាន់​តែ​ជា​ជំនួយ​ម្តង​ម្កាល​នោះ​ទេ​ មិន​អាច​ដោះសា្រយ​យូរ​អង្វែង​បាន​ទេ»។​

លោក​ យ៉ង ​សាំងកុមារ​ អ្នក​ជំនាញ​កសិកម្ម​ និង​ជា​អតីត​ប្រធាន​អង្គការ​សេដាក ​ហើយ​បច្ចុប្បន្ន​ជាប្រធាន​គណកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រាប់​វីអូអេ​ថា​ ការ​លិចលង់​នេះ​ មិន​ប៉ះពាល់​ដល់ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​នោះ​ទេ ​ ប្រសិន​បើ​មិន​មាន​តម្រូវ​ការ​ទិញ​ស្រូវ​អង្ករ​ពី​ប្រទស​ជិត​ខាង​ ដូចជា​វៀតណាម​ និង​ថៃ​ជា​ដើម។​

«ប៉ុន្តែ​ចំពោះ​អ្នក​ដែល​រង​ការ​បាត់​បង់​ស្រូវ​ស្រែគាត់​ប៉ះ​ពាល់​ខ្លាំង​ តែ​បើ​ទាក់​ទង​នឹង​សន្តិ​សុខ​ស្បៀង ​និង​តម្លៃ​ស្រូវ​អង្ករ​ទាំង​មូល ​ដូច​ជា​មិន​សូវ​អី​ទេ។ ​បើ​សិន​ណា​នៅ​រដូវ​ទឹក​ស្រក​ហ្នឹង ​អាច​មាន​ការ​ដាំ​ដុះ​បាន​ផល​ច្រើន​ វា​អាច​ជួយ​បំពេញ​ការ​បាត់បង់​នៅ​រដូវ​វស្សា»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ដើម្បី​ជួយ​សម្រួល​ ទី​១​ចំពោះ​អ្នក​នៅ​ជិត​ក្បែរ​ប្រភព​ទឹក​ អាច​ធ្វើ​ស្រែ​(ប្រាំង) ​បាន​ទៀត​…​ ជួយ​….​គ្រាន់​ ជួយ​ឧបត្ថម្ភ​អីៗ​ថែម​ ដូច​ជា​គ្រាប់​ពូជ​ ជា​ជី រ​ជា​ប្រេង​ អី​ដែល​គាត់​អាច​ធ្វើ​បាន​នៅ​រដូវ​បន្ទាប់»។​

សម្រាប់​អ្នក​ដែល​មិន​នៅ​ក្បែរ​ប្រភព​ទឹក ​លោក ​យ៉ង សាំងកុមារ​ លើក​ឡើង​ថា​អាជ្ញាធរ​ជំនាញ​គួរ​គិតគូរ​ពី​របៀប​ជួយ​ពលរដ្ឋ​តាម​វិធី​ផ្សេងៗ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អាច​ថា​ ចិញ្ចឹម​សត្វ​ ឬ​ធ្វើ​ដំណាំ​ដាំដុះ​ផ្សេង​ដែល​ប្រើ​ទឹក​តិច។ ​[...] អ្វី​ដែល​សំខាន់​មួយ​ទៀត ​គឺ​ការ​សង​បំណុល ​សង​ធនាគារ​ សង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​អីហ្នឹង​ ក៏​គួរ​ជួយ​មាន​ការ​សម្រួល​ដែរ។ ​រដ្ឋាភិបាល​តាម​មូល​ដ្ឋាន​ ក៏​ដូច​ជា​មន្រ្តី​ជំនាញ​កសិកម្ម​ធ្វើការ​ជាមួយ​ក្រុម​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់។ [...] តែ​បញ្ហា​ គឺ​ថា​ តើ​មាន​មន្ត្រី​ទាំង​អស់​ហ្នឹង​ ទៅ​ធ្វើ​ការ​អ៊ីចឹង​បាន​អត់?»​

លោក​បន្ថែម​ថា៖​ «ប្រសិន​បើ​យើង​មិន​ព្រម​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​ និង​មិន​ទទួល​ស្គាល់​កំហុស​នូវ​ការ​ខ្វះ​ខាត​មួយ​ចំនួន​ និង​ខ្វះ​វិធាន​ការ​ជាក់​លាក់​ ដើម្បី​ការពារ​កសិករ​ និង​លើក​ស្ទួយ​វិស័យ​កសិកម្ម​ …​ខែ​ប្រាំង​មាន​ទឹក​គ្រប់គ្រាន់​ដាំ​ដុះ ​ខែ​វស្សា​កុំ​ឲ្យ​លិច​លង់​ទៅ​ណា៎។ ​ស្រុក​ខ្មែរ​យើង​ទឹក​អំណោយ​ផល ​តែ​ការ​គ្រប់​គ្រង​ទឹក​នៅ​ជា​បញ្ហា ​និង​ចេះ​តែ​ខ្វះ​ខាត»។​

នៅ​ក្នុង​ខេត្ត​បាត់ដំបង ​ ​អ្នក​ស្រី​ ហាច​ស៊ីណា​ មិន​បាន​រក្សា​ទុក​ស្រូវ​សម្រាប់​គ្រួសារ​អ្នកស្រី​នោះ​ទេ​ ដោយ​សារ​អ្នកស្រី​គិត​ថា ​អ្នកស្រី​ នឹង​ប្រមូល​ផល​នៅ​ខែ​នេះ។​

«ស្រូវ​នឹង​ឡើង​ថ្លៃ​ ព្រោះ​រាល់​ថ្ងៃ​ បង​ទិញ​អង្ករ​គេ​ហូប។​ ទោះ​បង​អ្នក​ធ្វើ​ស្រែ​មែន ​តែ​បង​គិត​ថា​ បង​នឹង​បាន​ច្រូត​ហើយ ​នៅ​ចន្លោះ​ពេល​កន្លះ​ខែ​អី​ទៀត។​ បង​អត់​បាន​ត្រៀម​ទេ។​ ហើយ​ស្រូវ​យើង​ឥឡូវ​អត់​បាន​ច្រូត​ទេ។ ​អត់​មាន​ស្រូវ​ទេ។ ​បង​គិត​ថា​ នៅ​ឆ្នាំ​ក្រោយ ​ដោយ​សារ​ថា​ លិច​លង់​មិន​តែ​តំបន់​យើង​ទេ ​វា​ចង់​ទូទាំង​ខេត្ត​ ដែល​ស្រូវ​លិច​លង់​អស់​ អ៊ីចឹង​ប្រហែល​ជា​ចន្លោះ​ពេល​ហ្នឹង ​ស្រូវ​អាច​នឹង​ឡើង​ថ្លៃ»។​

អ្នកស្រី​ថា​ នៅ​ឆ្នាំ​ក្រោយ​នេះ​អ្នកស្រី​ នឹង​មិន​អាច​ធ្វើ​ស្រែ​ទឹក​សម្រក ​ឬ​ស្រែ​ប្រាំង​បាន​ទេ​ ដោយ​សារ​ទឹក​ អាច​នឹង​ស្រក​មិន​ទាន់។ ​នេះ​មាន​ន័យ​ថា​ អ្នកស្រី​នឹង​ខក​ខាន​ធ្វើ​ស្រែ​ថែម​មួយ​រដូវ​ទៀត៕​