មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន​ពី​អំពើហិង្សា​នៅ​តំបន់​ខាងជើង​អេត្យូពី​ខណៈ​រដ្ឋាភិបាល​ព្យាយាម​ផ្លាស់ប្តូរ​រដ្ឋបាល​មូលដ្ឋាន

អ្នកស្ម័គ្រចិត្តម្នាក់ បរិច្ចាគឈាម​នៅក្នុង​ទីក្រុង Addis Ababa ប្រទេស​អេត្យូពី នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​ផ្តល់ដល់​សមាជិក​នៃ​កងការពារ​ជាតិ​អេត្យូពី​ដែល​រងរបួស នៅក្នុង​ការប្រយុទ្ធ​ជាមួយនឹង​កងកម្លាំង​ពិសេស​នៃតំបន់ Tigray នៅតាម​ព្រំដែន​រវាង​តំបន់ Amhara និងតំបន់ Tigray។

ការ​ឡោមព័ទ្ធ​ដោយ​យោធា​រយៈពេល​មួយ​សប្តាហ៍របស់​រដ្ឋាភិបាលអេត្យូពី​ ទៅលើ​តំបន់​ Tigray​ ​បាននាំឱ្យ​មាន​ការ​រំជើប​រំជួល​ដល់​រដ្ឋបាល​ក្នុងស្រុក​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មនុស្ស​រាប់ពាន់​នាក់​ បាន​ភៀស​ខ្លួន​ពី​អេត្យូពី​ចូល​ទៅ​ប្រទេស​ស៊ូដង់​ ចំ​ពេល​មាន​អ្វីដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិមួយ​ហៅ​ថា​ ការ​សម្លាប់​រង្គាល​កាល​ពីដើម​សប្តាហ៍​នេះ។​

នាយករដ្ឋមន្រ្តី​អេត្យូពី​លោក​ Abiy Ahmed ​បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ​ថា​ សភា​បាន​តែងតាំង​មេ​ដឹកនាំថ្មី​មួយរូប​ប្រចាំតំបន់ Tigray​ បន្ទាប់​ពី​បាន​ដក​អភ័យឯក​សិទ្ធិ​ពី​ប្រធាន​តំបន់​ភាគ​ខាងជើង​នេះ ​និង​មេដឹកនាំ​គណបក្ស​នយោបាយ​ គឺ​រណសិរ្ស​រំដោះ​ប្រជាជន Tigray។ មេដឹក​នាំនៅ​តំបន់ភាគ​ខាងជើង​ Tigray ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​ និង​ភេរវកម្ម។

អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​រួច​ហើយ​អំពី​វិបត្តិមនុស្សធម៌​ដែល​អាច​កើត​មាន​ដោយសារ​តែ​ជន​ភៀសខ្លួនប្រមាណ​១.១០០​នាក់​ ចូល​ទៅ​ក្នុង​ប្រទេស​ស៊ូដង់ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា។

ភាពតាន​តឹង​បាន​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី​៩​ ខែ​កញ្ញា​ នៅ​ពេល​ដែល​តំបន់​ Tigray ​ដែល​ជារដ្ឋ​នៅ​ភាគខាង​ជើង​បំផុត​នៃ​រដ្ឋចំនួនប្រាំបួន​របស់​អេត្យូពី ​បាន​ជម្នះ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ បន្ទាប់​ពី​លោក​ Ahmed​ បាន​ពន្យារ​ពេល​ការ​បោះឆ្នោត​ដោយ​សារការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕