ភ្នំពេញ/ទីក្រុងញូវយ៉ក — កំណត់អ្នកនិពន្ធ៖ កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានផលនេសាទចម្រុះបំផុតក្នុងពិភពលោកដោយសារប្រព័ន្ធអេកូឡូស៊ីពិសេសមួយនៃទន្លេមេគង្គ និងបឹងទន្លេសាប។ ប្រព័ន្ធអេកូឡូស៊ីនេះបានទ្រទ្រង់ការនេសាទ និងការធ្វើស្រែចំការ របស់ប្រជានេសាទ និងប្រជាកសិករ រាប់លាននាក់តាំងពីបុរាណមក។ ប៉ុន្តែឥឡូវនេះ បឹងទន្លេសាបកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ។ សៀវភៅថ្មីមួយក្បាលដែលមានកម្រាស់១៣០ទំព័រ និពន្ធដោយអ្នកកាសែតអាមេរិកាំងម្នាក់គឺ កញ្ញា Abby Seiff ដែលមានចំណងជើងថា «Troubling the Water: A Dying Lake and A vanishing World in Cambodia» បានរៀបរាប់អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ប្រជាជនកម្ពុជា និងបឹងនេះ ក៏ដូចជាការគំរាមកំហែងដែលបង្កឡើងដោយការនេសាទហួសកម្រិត ផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ និងការប្រែប្រួលអាកាសធាតុ។ កញ្ញា Abby Seiff ធ្លាប់បានធ្វើការជាអ្នកយកព័ត៌មាននៅកម្ពុជាជាង ១០ ឆ្នាំ។ អ្នកនាង ខាន់ សុគុំមនោ នៃវីអូអេខ្មែរ បានសន្ទនាជាមួយអ្នកកាសែតរូបនេះអំពីសៀវភៅរបស់នាង ដែលទើបត្រូវបានបោះពុម្ពកាលពីខែមីនាកន្លងទៅ។
Your browser doesn’t support HTML5
វីអូអេខ្មែរ៖ អរគុណច្រើន Abby ដែលបានផ្តល់បទសម្ភាសន៍ ដល់វីអូអេខ្មែរអំពីសៀវភៅដែលទើបនឹងបោះពុម្ពថ្មីៗនេះ។ ក្នុងចំណោមប្រធានបទទាំងអស់ដែល Abby ធ្លាប់បានរាយការណ៍នៅប្រទេសកម្ពុជា ជាអ្នកសារព័ត៌មានដែលអ្នកផ្តោតលើរឿងនយោបាយ និងកិច្ចការបរទេស ហេតុអ្វីបានជាកញ្ញាចាប់អារម្មណ៍ខ្លាំងលើបញ្ហាបឹងទន្លេសាប រហូតដល់សរសេរសៀវភៅមួយក្បាលអំពីរឿងរ៉ាវទាំងនេះ?
កញ្ញា Abby Seiff៖ ខ្ញុំគិតថា ខ្ញុំចាប់អារម្មណ៍អំពីរឿងនេះដំបូង គឺនៅឆ្នាំ ២០១៦ ហើយនៅពេលនោះ ប្រទេសកម្ពុជាកំពុងរងគ្រោះរាំងស្ងួតដ៏អាក្រក់មួយ និងភ្លើងឆេះព្រៃនៅជុំវិញបឹងទន្លេសាបទៀតផង។ ដូច្នេះ ខ្ញុំបានធ្វើដំណើរទៅបឹងទន្លេសាបជាមួយអ្នកថតរូបម្នាក់គឺលោក Nicholas Axelrod ដែលលោកចង់ឃើញស្ថានភាពនៅទីនោះ ក្រោយភ្លើងឆេះព្រៃ។ ពួកយើងបានចំណាយពេលប្រហែលមួយសប្តាហ៍នៅទីនោះ ដើម្បីនិយាយជាមួយគ្រួសារអ្នកនេសាទដែលរស់នៅជុំវិញបឹងទន្លេសាប។
វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះវាច្បាស់ណាស់ថា ស្ថានភាពមិនមែនគ្រាន់តែមកពីគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃប៉ុណ្ណោះទេ។ បន្ថែមលើនេះ ប្រជាជនក៏បានប្រឈមនឹងបញ្ហាចាប់ត្រីបានតិចមែនទែន ហើយមើលទៅហាក់ដូចជាមានបញ្ហាផ្សេងទៀត ដែលនៅពីក្រោយស្ថានភាពដ៏កាន់តែអាក្រក់ទៅៗនេះ។ កាលនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកំពុងរាយការណ៍អំពីរឿងនេះដែរ ដោយសារតែមានទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុផង និងការនេសាទហួសបរិមាណផង។ ដូច្នេះហើយ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពនោះ។
ខ្ញុំបានធ្វើដំណើរទៅបឹងទន្លេសាបពីរបីដងទៀត ដើម្បីសរសេរអត្ថបទទស្សនាវដ្តីមួយចំនួនអំពីរឿងនេះ។ ប៉ុន្តែពេលនោះ ខ្ញុំក៏ចាប់អារម្មណ៍អំពីប្រវត្តិសាស្ត្ររបស់បឹងនេះផងដែរ។ ដូច្នេះ អ្វីដែលអស្ចារ្យពីបទសម្ភាសន៍ជាមួយប្រជានេសាទ គឺថា នៅពេលដែលពួកគេនិយាយអំពីអតីតកាលរបស់បឹងទន្លេសាបកាលពី ១០ ឆ្នាំ ឬ ២០ ឆ្នាំមុន យើងអាចដឹងថា ត្រីមានច្រើនប៉ុណ្ណា ហើយស្ថានភាពនេះប្រែប្រួលលឿនប៉ុណ្ណា។ ក្រោយៗមក ពេលខ្ញុំក៏បានធ្វើដំណើរទៅបឹងទន្លេសាបទៀត ស្របពេលស្រាវជ្រាវនិងពិនិត្យមើលឯកសារប្រវត្តិសាស្ត្រអំពីបឹងទន្លេសាប ពីសម័យអាណានិគមនិយមបារាំង រួមទាំងឯកសាររបស់លោក Zhou Daguan អ្នកការទូតចិននៅក្នុងទសវត្សរ៍ឆ្នាំ ១២០០។ ខ្ញុំចូលចិត្តឯកសាររបស់អ្នកទាំងនោះខ្លាំងណាស់ ព្រោះពួកគេបានពិពណ៌នាអំពីបឹងទន្លេសាបនេះដូចៗគ្នា ប៉ុន្តែការរៀបរាប់មានច្រើនណាស់ និងច្រើនលើសលប់។
ដើមហេតុទាំងពីរនេះ គឺការសម្ភាសផង និងឯកសារប្រវត្តិសាស្ត្រនេះផង ធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើកត្តាធំៗដែលបង្កជាបញ្ហាប្រឈមដែលប្រជានេសាទនៅតំបន់បឹងទន្លេសាប កំពុងជួបប្រទះ ហើយខ្ញុំគិតថា វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍ បើសរសេរជាសៀវភៅមួួយក្បាល។
វីអូអេខ្មែរ៖ នៅក្នុងសៀវភៅនោះ កញ្ញាបានពិពណ៌នានូវទិដ្ឋភាពបឹងទន្លេសាប និងទន្លេសាបតាំងពីជាងមួយសតវត្សរ៍កន្លងទៅ និងមុននេះទៅទៀត ដោយដកស្រង់សេចក្តីរៀបរាប់ចេញរបាយការណ៍ អត្ថបទ សៀវភៅ និងឯកសារសំណេរនានា ដែលត្រូវបានកត់ត្រាដោយអ្នកដែលធ្លាប់មកឃើញកម្ពុជាជាយូរលង់ណាស់មកហើយ តាំងពីបុរាណកាលមក។ តើលក្ខណៈពិសេស អ្វីទៅធ្វើឱ្យបឹងទន្លេសាបនេះ ជាទីទាក់ចិត្តមនុស្សរាល់គ្នាដែលបានឃើញ ហើយចង់សរសេររៀបរាប់ពីបឹងនេះយ៉ាងដូច្នេះ?
កញ្ញា Abby Seiff៖ តាមពិតទៅ វាជាវិធីសាស្ត្រដ៏ល្អមួយដែរ ក្នុងការដកស្រង់សំណេរទាំងនោះមកបញ្ចូលក្នុងសៀវភៅ ពីព្រោះអ្នកណាៗក៏ដោយ ដែលបានអានអត្ថបទចាស់ៗទាំងនេះហើយ គឺសុទ្ធតែមានការស្ញប់ស្ញែង។ ហើយចំពោះខ្ញុំ អ្វីដែលធ្វើឱ្យបឹងនេះអស្ចារ្យគ្មានពីរនោះ គឺនៅត្រង់ថា បឹងនេះដូចជាចង្វាក់បេះដូង។ ខ្ញុំប្រាកដថា អ្នករាល់គ្នាដែលកំពុងស្តាប់ ឬទស្សនាសន្ទនានេះ ដឹងថាបឹងទន្លេសាបត្រូវបានចិញ្ចឹមដោយទន្លេដែលជាដៃរបស់ទន្លេមេគង្គ។
នៅរដូវវស្សារ ពេលទឹកទន្លេមេគង្គឡើងខ្ពស់ វាហូរចូលទន្លេសាប ហើយបន្តហូរចូលបឹង ហើយបឹងនេះរីកមាឌ ៦ ដង ជាងទំហំបឹងក្នុងពេលរដូវប្រាំង។ ហើយអ្វីដែលយើងឃើញលេចឡើង គឺព្រៃលិចទឹក និងភូមិបណ្តែតទឹកជាដើម ហើយវាអនុញ្ញាតឱ្យត្រីបម្លាស់ទីរាប់ពាន់គីឡូម៉ែត្រ ជាពិសេសត្រីធំៗ ដូចជាត្រីរាជជាដើម ហើយក៏មានត្រីរៀលតូចៗ ចុះមកតាមទន្លេផងដែរ។
សម្រាប់ខ្ញុំ ទាំងអស់នេះគឺជាអ្វីដែលធ្វើឲ្យបឹងទន្លេសាបនេះពិសេសគ្មានពីរ។ មួយវិញទៀត ភាពអស្ចារ្យរបស់បឹងដ៏ធំនេះ គឺថា វាផ្តល់ប្រយោជន៍ជលផល។ វាបង្កើតបានជាវាលទំនាបដ៏ល្អក្រៃ ដែលហុចផលឲ្យដំណាំស្រូវផង។ វាលស្រែទាំងអស់នៅជុំវិញបឹងនេះត្រូវបានចិញ្ចឹមដោយដីល្បាប់ដ៏សម្បូរទៅដោយជីរជាតិដែលហូរមកពីប្រភពទន្លេមេគង្គលើ និងឆ្លងកាត់ទន្លេសាប និងបឹងនេះឯង។ មិនត្រឹមតែប៉ុណ្ណោះ បឹងទន្លេសាបក៏ធ្វើឲ្យវប្បធម៌នានារីកចម្រើនឡើង ជាពិសេសគឺវប្បធម៌ខ្មែរ ពីព្រោះជារៀងរាល់ឆ្នាំ បឹងនេះមានចលនាទ្វេដង។ ហើយបើយើងក្រឡេកមើលពីទិដ្ឋភាពសង្គម និងវប្បធម៌វិញ យើងឃើញទំនៀមទម្លាប់ដូចជាបុណ្យអុំទូកជាដើម ដែលជាពិធីប្រារព្ធឡើងដើម្បីអបអរទឹកទន្លេហូរប្តូរទិសវិញ។ នេះគឺជារឿងដ៏សំខាន់មួយក្នុងវប្បធម៌ផងដែរ។
ដូច្នេះវាមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនសេដ្ឋកិច្ច ឬវិស័យស្បៀងអាហារតែប៉ុណ្ណោះទេ តែវាថែមទាំងឆ្លុះបញ្ចាំងពីទស្សនវប្បធម៌ និងជាបាតុភូតវិទ្យាសាស្ត្រចូលរួមផង ពីព្រោះនៅលើលោកនេះ គ្មានទីកន្លែងផ្សេងទៀតដែលមានទន្លេហូរបញ្ច្រាសទិសពីរដងក្នុងមួយឆ្នាំ ដូចម៉ោងនាឡិកាបង្កើតបានជាថ្ងៃនិងយប់ដូច្នេះ ដូចទន្លេសាបនោះទេ។ ដូច្នេះ វាពិតជាមិនធម្មតាមែន។
វីអូអេខ្មែរ៖ សៀវភៅរបស់កញ្ញាចាប់ផ្តើមពីព្រឹត្តិការណ៍ឆ្នាំ ២០១៦។ តើពេលនោះមានរឿងអ្វីកើតឡើងទៅ? ហើយនៅក្នុងសេចក្តីបញ្ចប់នៃសៀវភៅនេះ តើកញ្ញាសម្គាល់ឃើញបញ្ហាទាំងនោះវិវត្តទៅយ៉ាងដូចម្តេចដែរ? តើបឹងអាចនឹង «បាត់បង់» ជាបណ្ដើរៗហើយឬ?
កញ្ញា Abby Seiff៖ និយាយមែនទែនទៅ នៅពេលដែលខ្ញុំចាប់ផ្តើមសៀវភៅនេះពីឆ្នាំ ២០១៦ ពីដំបូងវាមិនមែនជាសៀវភៅទេ។ ខ្ញុំគ្រាន់តែចាប់ផ្តើមរាយការណ៍ព័ត៌មាន ហើយខ្ញុំមិនបានរំពឹងថាវានឹងក្លាយជាសៀវភៅនេះទេ។ ឆ្នាំ ២០១៦ គឺជាឆ្នាំដែលអាក្រក់ណាស់។ បន្ទាប់មក នៅឆ្នាំ ២០១៧ អ្វីៗហាក់បានប្រសើរឡើងវិញ។ នោះហើយគឺគ្រោះរាំងស្ងួត មិនមែនថា ឲ្យតែគ្រោះរាំងស្ងួត គឺជាបញ្ហាប្រែប្រួលអាកាសធាតុទាំងស្រុងនោះទេ ។ យើងតែងមានគ្រោះរាំងស្ងួតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ បើទោះបីជាឆ្នាំ ២០១៦ ជាគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរក៏ដោយ ក៏នៅឆ្នាំ ២០១៧ អ្វីៗបានវិលទៅរកភាពធម្មតាវិញ។ ប្រជានេសាទអាចចាប់បានត្រីក្នុងបរិមាណដូចកាលពីប៉ុន្មានឆ្នាំមុនៗ។
ប៉ុន្តែនៅប៉ុន្មានឆ្នាំបន្ទាប់មកនោះ យើងបន្តឃើញកម្រិតទឹកនៅទន្លេមេគង្គ ទាបជាប្រវត្តិសាស្ត្រ។ ខ្ញុំប្រាកដថា អ្នកនៅចងចាំរឿងកាលពីឆ្នាំ ២០១៩ ជាឆ្នាំដែលមានកម្រិតទឹកទាបបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលកើតមានឡើងនៅក្នុងរយៈកាលជាង ១០០ ឆ្នាំចុងក្រោយនេះ។ ហើយនៅប្រទេសថៃ អាងស្តុកទឹកទាំងមូលបានរីងស្ងួត ហើយមានប្រាសាទមួយដែលកប់នៅបាតទន្លេ ក៏បានផុសចេញពីជារូបរាងឡើង។ ហើយខ្ញុំចាំថា នៅប្រទេសឡាវ និងកម្ពុជា ដំណាំបានរងផលប៉ះពាល់ខ្លាំង។ ហើយនៅតំបន់ដីសណ្ដវៀតណាមវិញ កន្លែងដែលទឹកសាបរុញច្រានទឹកប្រៃនោះ ក៏ឈប់កើតមានឡើង។ ដូច្នេះដំណាំនៅដីសណ្តវៀតណាមទាំងអស់នោះត្រូវបានបំផ្លាញដោយទឹកប្រៃ។ ហើយបន្ទាប់មក រឿងដដែលនេះបានកើតឡើងទៀតនៅក្នុងឆ្នាំ ២០២០។
វាហាក់ដូចជាពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតទឹក [មេគង្គ] គឺទាបខ្លាំងណាស់។ ដូច្នេះហើយបានជាពេលនិយាយអំពីបឹងទន្លេសាប គឺគេនិយាយអំពីទន្លេមេគង្គ។ កម្រិតទឹកទាបនេះមានន័យថាបរិមាណទឹកបឹងក៏ទាបតាមហ្នឹងដែរ ដែលនាំឲ្យមិនសូវមានទឹកចូលបឹង ហើយបឹងមិនរីកសព្វសាយធំទៀតទេ។ ហើយការណ៍នេះប៉ះពាល់ដល់អ្វីៗទាំងអស់។ វាប៉ះពាល់ដល់ការចាប់ត្រី និងការធ្វើកសិកម្មនៅទីនោះ។ ខ្ញុំមិនបានរាយការណ៍ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាទេ តាំងពីពេលខ្ញុំបានចាកចេញនៅឆ្នាំ ២០១៩។ ប៉ុន្តែខ្ញុំបានតាមដានរឿងនេះយ៉ាងដិតដល់។ វាជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើងឃើញថាអ្វីៗបានផ្លាស់ប្តូរយ៉ាងលឿនដូច្នេះ។ ដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំសរសេរបញ្ហានេះក្នុងសៀវភៅ។
កាលពីឆ្នាំ ២០១៦ ខ្ញុំបាននិយាយជាមួយប្រជានេសាទ ហើយ ពួកគេបានប្រាប់ថាប្រហែលជាង ២០ ឬ ៣០ឆ្នាំទៀត បឹងនេះនឹងមិនដូចដើមទេ។ ហើយមានបុរសម្នាក់និយាយថា ៥០ ឬ ៦០ឆ្នាំឯនោះ។ ហើយចំពោះខ្ញុំ គំនិតនោះដូចជាសុទិដ្ឋិនិយមបន្តិច។ ខ្ញុំបានគិតថាបឹងនេះ កំពុងផ្លាស់ប្តូរលឿនជាងនេះ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា វាផ្លាស់ប្តូរលឿនដូចអ្វីដែលយើងកំពុងឃើញក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ វាលឿនណាស់ ជាពិសេសបើអ្នកតាមដានមើលកម្រិតទឹក។ប្រធានថ្មីរបស់គណកម្មាការទន្លេមេគង្គ ហៅកាត់ថា MRC បានថ្លែងសុន្ទរកថាកាលពីពេលកន្លងទៅ ហើយគាត់បាននិយាយថា កម្រិតទឹកទន្លេមេគង្គឥឡូវនេះ គឺទាបជាង ៥០% នៃកម្រិតទឹកប្រចាំឆ្នាំដែលមានពីមុនៗ គឺស្រកជាងពាក់កណ្តាល។ មើលទៅដូចជា ប្រព័ន្ធជលសាស្ត្រផ្លាស់ប្តូរទាំងស្រុងតែម្តង។
ខ្ញុំព្យាយាមមិនទុទិដ្ឋិនិយមពេកទេ។ ហើយខ្ញុំគិតថា មានមូលហេតុច្រើនដែលយើងត្រូវមានសង្ឃឹម។ ប្រសិនបើអ្វីៗធ្វើការរួមគ្នាបានល្អ ប្រសិនបើប្រទេសនានាអាចសហការជាមួយគ្នាបាន ប្រសិនបើចិនអាចជួយកាន់តែច្រើនក្នុងការរំដោះទឹក ទាំងអស់នេះនឹងជួយទប់ទល់បញ្ហាបាន។ ប៉ុន្តែបញ្ហារបស់បឹងទន្លេសាបដែលទាក់ទងនឹងទឹកហូប្តូរទិសទ្វេដងនេះ គឺថាដរាបណាយើងមានទំនប់ទឹក វាមិនអាចទៅរួចទេសម្រាប់បឹងនិងទន្លេសាប ក្នុងការបន្តហូរប្តូរទិសបានដូចមុននោះទេ។ ដូច្នេះហើយ ខ្ញុំគិតថា ទន្លេប្រហែលជានឹងត្រូវបាត់បង់។
វីអូអេខ្មែរ៖ យើងតែងលឺថា ត្រីតិចទៅៗ បំណុលច្រើន ទឹកឡើងយឺត ហើយត្រលប់ទៅវិញលឿន អាកាសធាតុមិនទៀងទាត់ លែងឃើញពូជត្រីសំខាន់ៗមួយចំនួន ឬមានអ្នកខ្លះរៀបរាប់ថាមិនដែលឃើញភ្លើងឆេះព្រៃបែបនេះទេកាលពីមុន ហើយមិនដែលជួបប្រទះទឹកទន្លេទាបបែបនេះពីមុនមកទេ ។ល។ ប្រសិនបើអ្នករស់នៅលើផ្ទៃទឹកចង់ផ្លាស់ទីមករស់នៅលើីដី ដូចអ្វីដែលកញ្ញាលើកឡើងក្នុងសៀវភៅ តើជីវភាពរបស់ពួកគេទំនងនឹងប្រសើរជាងមុនដែរទេ?
កញ្ញា Abby Seiff៖ នេះជាចំណុចសំខាន់មួយ។ ខ្ញុំដឹងថា អ្នកបានធ្វើសេចក្តីរាយការណ៍ជាច្រើននៅទន្លេដោយផ្ទាល់ដែរ។ ហើយមើលទៅស្ថានភាពបច្ចុប្បន្នហាក់ដូចជាមិនមានចីរភាពឡើយ។ ប្រជានេសាទជំពាក់បំណុលខ្លាំង ដោយសារពួកគេមិនអាចចាប់ត្រីបានច្រើនដើម្បីបំពេញតម្រូវការខ្លួនឯង សូម្បីតែសម្រាប់ហូបចុកនិងការលក់ដូរ និងចិញ្ចឹមគ្រូួសារខ្លួនឯងក៏មិនគ្រប់គ្រាន់ដែរ។ មនុស្សច្រើនណាស់ នៅពេលដែលខ្ញុំជជែកជាមួយពួកគេ ពួកគេនិយាយប្រាប់ខ្ញុំថា៖ គេចង់រើដើម្បីទៅរស់នៅលើដីគោក។ តើរដ្ឋាភិបាលអាចផ្តល់ដីឲ្យពួកគេបានទេ? ហើយនៅកន្លែងខ្លះ ដូចដែលខ្ញុំដឹងនៅក្នុងខេត្តកំពង់ឆ្នាំង ឃើញថាមានកិច្ចប្រឹងប្រែងដើម្បីរើភូមិបណ្តែតទឹកមួយចំនួន ឲ្យមកតាំងទី លើដីគោក។ តាមខ្ញុំគិត វាគឺជាដីសម្បទានសង្គមកិច្ច។
ការធ្វើបែបនេះអាចជួយបានខ្លះ ក៏ប៉ុន្តែដូចដែលអ្នកបានឃើញស្រាប់ហើយ កសិករនៅកម្ពុជាពិតជាកំពុងរងបញ្ហាដែរ។ បញ្ហាគ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ មិនត្រឹមតែប៉ះពាល់ដល់បឹងទន្លេសាបតែប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់ផលដំណាំ ហើយប៉ះពាល់ដល់គុណភាពដី។ ដូច្នេះហើយខ្ញុំគិតថា នៅពេលប្រជានេសាទទាំងនោះនិយាយពីការផ្លាស់ទៅរស់នៅលើដីគោក វាហាក់ដូចជាការគិតបែបស្រមើរស្រមៃបន្តិច ដែលថាអ្វីៗនឹងល្អ។
ខ្ញុំមិនដឹងថាតើការដែលពួកគេផ្លាស់ទៅនៅលើដីគោក ប្រសើរជាងឬក៏អត់ទេ ប៉ុន្តែខ្ញុំគិតថា អ្វីដែលសំខាន់ គឺថា ពួកគេមានឱកាសធ្វើពិពិធកម្មចំណូលរបស់ពួកគេ មានវិធីច្រើនដើម្បីរកចំណូល។ បើថារកលុយតែពីការនេសាទ ឥឡូវនេះគឺមិនអាចទៅរួចនោះទេ។ ប្រសិនបើមានដីខ្លះ ហើយអាចនេសាទបានខ្លះ អាចដាំដំណាំបានខ្លះ ឬអាចធ្វើអាជីវកម្មផ្សេងៗទៀតបាននោះសម្រាប់ខ្ញុំ វាហាក់ដូចជាមធ្យោបាយតែមួយគត់ ដើម្បីដើរទៅមុខ។
វីអូអេខ្មែរ៖ ថ្មីៗនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់របស់លោក បង្ក្រាបបទល្មើសនេសាទដែលកើតឡើងជាយូរមកហើយ។ មុននោះបន្តិច រដ្ឋាភិបាលបានបើកយុទ្ធនាការបង្ក្រាបការកាប់បំផ្លាញព្រៃលិចទឹក ដោយរឹបអូសយកដីព្រៃលិចទឹកជាង ៦ ម៉ឺនហិកតា នៅជុំវិញបឹងទន្លេសាបមកវិញ។ លោកនាយករដ្ឋមន្ត្រីក៏ស្នើឲ្យមានការសិក្សានាពេលខាងមុខអំពីលទ្ធភាពនៃការស្ដារទន្លេសាប ដើម្បីធ្វើឲ្យទឹកទន្លេកាន់តែជ្រៅដើម្បីឲ្យត្រីអាចផ្លាស់ទី ឬពងកូន។ តើកញ្ញាគិតថាមានសញ្ញាណវិជ្ជមានខ្លះកើតមានឡើងទេកន្លងមក?
កញ្ញា Abby Seiff៖ ខុសពីព្រៃអភិរក្សមួយចំនួនដែលត្រូវបានបំផ្លាញដោយអកុសល បឹងទន្លេសាបមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា និងរដ្ឋាភិបាល។ ដូច្នេះហើយខ្ញុំគិតថា គ្មាននរណាម្នាក់ចង់ឃើញវាបាត់ទាំងស្រុងនោះទេ។ ដូច្នេះ វាជាសញ្ញាល្អមួយ នៅពេលដែលយើងឮថាមានការបង្ក្រាបនានា ហើយវាជាសញ្ញាល្អ ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់លើការអនុវត្តច្បាប់។ ប៉ុន្តែចំពោះខ្ញុំ អ្វីដែលជាឬសគល់របស់បញ្ហានោះ គឺកើតចេញពីអំពើពុករលួយ។
សម្រាប់បឹងទន្លេសាប យើងធ្លាប់ឃើញការបង្ក្រាបបទល្មើសនេសាទបែបនេះពីមុនមកហើយ ប៉ុន្តែវាហាក់បីដូចជាគ្រាន់តែចាប់បានតែគ្រួសារអ្នកនេសាទតូចតាចប៉ុណ្ណោះ។ ហើយអ្នកដឹងទេ ពួកគេទាំងនោះប្រើប្រាស់មធ្យោបាយខុសច្បាប់ ព្រោះពួកគេពិតជាបានធ្វើរឿងបែបនេះដោយសារតែអស់ជម្រើស ហើយពួកគេក៏ប្រើប្រាស់មធ្យោបាយខុសច្បាប់ខ្នាតតូច ហើយចាប់មិនបានច្រើនណាស់ណាដែរទេ។ ការនិយាយបែបនេះ ខ្ញុំមិនមែនចង់សំដៅថា វាមិនអីក្នុងការធ្វើបែបនេះនោះទេ។ មែនទែនទៅ បើមនុស្សមួយលាននាក់ទៅធ្វើដូចនេះ នោះវានឹងធ្វើឲ្យបញ្ហាបាត់បង់ត្រីនេះយ៉ាប់ទៅៗ។ ប៉ុន្តែអ្នកដឹងទេ មានបញ្ហាធំជាងនេះទៅទៀត នោះគឺ ការនេសាទខុសច្បាប់ទ្រង់ទ្រាយធំ។ ហើយវាមិនអាចកើតឡើងទេ បើគ្មានការឃុបឃិត។ វាមិនអាចកើតឡើងដោយគ្មានអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនោះទេ។ បើគ្មានយុទ្ធនាការប្រឆាំងអំពើពុករលួយឲ្យខ្លាំងមែនទែន ដែលរារាំងប្រភពដើមចមនៃបញ្ហានេះ វាពិបាកក្នុងការស្រមៃថា យើងអាចកែប្រែស្ថានភាពព្រៃលិចទឹកនេះឲ្យប្រសើរឡើងខ្លាំង ក្រោយការបង្រ្កាបទាំងនេះទេ។
វាអាចនឹងមានកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យមានព្រៃលិចទឹកកើនមកវិញ។ ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ផ្ទៃដីទាំងនោះត្រូវបានគេទន្ទ្រានកាន់កាប់ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក សួរថាតើនរណាបានយកដីនោះមុនគេ? គឺមន្ត្រីមូលដ្ឋាន ដែលបានជួលដីនោះឲ្យកសិករ។ ហើយជាលទ្ធផលកសិករក្រីក្រទាំងនេះបានបាត់បង់ដី ដោយសារតែពួកគេបានរស់នៅលើ និងប្រើប្រាស់ដីដែលពួកគេដឹងឬមិនដឹងថាវាខុសច្បាប់។ ប៉ុន្តែ ដូចជាគ្មានការចាប់ខ្លួន ការផាកពិន័យ ឬអ្វីទាំងអស់តាំងពីដំបូងមក លើមន្ត្រីដែលបានធ្វើបែបនេះ។ ហើយសំណួរមួយទៀតគឺថា តើហេតុអ្វីបង្ក្រាបនៅពេលនេះ? ព្រោះនេះវាជាករណីដែលកើតឡើងច្រើនឆ្នាំជាបន្តបន្ទាប់មកហើយ ដូចជាករណីព្រៃលិចទឹកជាដើម។ កាលណាត្រូវបានកាប់បំផ្លាញហើយ វាពិតជាពិបាកជំនួសព្រៃលិចទឹកនេះវិញណាស់។ ហើយសកម្មភាពនេះបានកើតឡើងរួចហើយ ដោយច្បាស់ក្រឡែត។
វីអូអេខ្មែរ៖ តើកន្លងមកកញ្ញាមើលឃើញថាមានដំណោះស្រាយ ឬគំនិតផ្តួចផ្តើមអ្វីផ្សេងទៀតដែលអាចជួយសង្គ្រោះបឹងទន្លេសាបបានទេ? ឬក៏ស្ថានការណ៍នេះដើរដល់ចំណុចមួយដែលមិនអាចធ្វើអ្វីឲ្យត្រលប់ដូចដើមវិញទៅហើយ?
កញ្ញា Abby Seiff៖ ខ្ញុំគិតថាកន្លងមកធ្លាប់មានគំនិតផ្តួចផ្តើមខ្លះដែរ ហើយវាជារឿងល្អ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ឃើញពីសារៈសំខាន់នៃបឹងទន្លេសាប ហើយចង់ការពារវា។ ការកែប្រែវិជ្ជមានបែបនេះ ភាគច្រើនទាល់តែចេញពីថ្នាក់ដឹកនាំកំពូល។ ដូច្នេះ មានការអនុវត្តច្បាប់កាន់តែច្រើន វាកាន់តែល្អប្រសើរ។ ហើយវាជារឿងសំខាន់ណាស់ថាតើការអនុវត្តច្បាប់នេះផ្តោតទៅលើការដាក់ទោសទណ្ឌលើអ្នកណា។ ខ្ញុំមិនដឹងឲ្យបានគ្រប់ជ្រុងជ្រោយអំពីរឿងវិទ្យាសាស្ត្រពាក់ព័ន្ធនឹងគំនិតនៃការស្តារទន្លេនោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ការពិភាក្សាណាមួយអំពីការផ្លាស់ប្តូរស្ថានភាពធម្មជាតិរបស់ទន្លេសាប គឺធ្វើឡើងជាមួយអ្នកវិទ្យាសាស្ត្រ និងមនុស្សដែលមានចំណេះដឹងផ្នែកបច្ចេកទេស។ ប៉ុន្តែខ្ញុំគិតថា ការពិភាក្សានេះបង្ហាញថាវាជាអាទិភាពរបស់រដ្ឋាភិបាល។ ហើយប្រសិនបើនេះពិតជាអាទិភាពរបស់រដ្ឋាភិបាលមែននោះ វាពិតជាប្រសើរហើយណាស់។ កាលពីពីរបីឆ្នាំមុន កម្ពុជាបាននិយាយថា ខ្លួននឹងផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ។ ហើយរឿងនោះពិតជាល្អណាស់ ហើយសំខាន់ និងគួរឱ្យកោតសរសើរ។ ខ្ញុំសង្ឃឹមថា ពួកគេក៏នឹងបញ្ឈប់ការបន្តសាងសង់ទំនប់វារីអគ្គិសនីនៅលើដៃទន្លេផងដែរ ពីព្រោះវាធ្វើឱ្យខូចខាតដូចតែទំនប់នៅលើដងទន្លេមេគង្គដូច្នោះដែរ។
ជាមួយគ្នានោះ កាលពីប៉ុន្មានសប្តាហ៍មុននេះ មានព័ត៌មានលេចលឺថា មានកិច្ចប្រឹងប្រែងដើម្បីពិនិត្យមើលការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងត្រែងឡើងវិញ ដែលជាទំនប់នៅលើដងទន្លេមេគង្គ។ ដូច្នេះ វាមិនច្បាស់ថាវាមានន័យយ៉ាងណាទេ ដែលមានការខិតខំសិក្សានេះ ព្រោះជាក់ស្តែង បើវាដើរទៅមុខមែននោះ គឺវានឹងខុសពីសេចក្តីសម្រេចពីមុនមកថាផ្អាកសាងសង់ទំនប់។ ដូច្នេះ ការមិនសាងសង់ទំនប់វារីអគ្គិសនីថ្មី ទាំងនៅលើដងទន្លេមេគង្គ ឬដៃទន្លេ ជាវិធានការដ៏អស្ចារ្យ។ ចុងក្រោយ ប្រទេសចិនមានអំណាចច្រើន ប៉ុន្តែចិនក៏បានបង្ហាញជំហារដែរថា ខ្លួនបើកចំហរក្នុងការសហការជាមួយបណ្តាប្រទេសនៅទន្លេមេគង្គក្រោម ដើម្បីបញ្ចេញទឹកតាមរបៀបមួយដែលផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសនៅទន្លេមេគង្គក្រោម។ ហើយនោះពិតជាល្អណាស។ ប្រសិនបើចិនធ្វើបែបនោះ វាជាការលះបង់មួយដែរ ព្រោះទឹកនោះហើយដែលផ្តល់ថាមពលអគ្គិសនីដល់ចិន។ ដូច្នេះប្រសិនបើការពិភាក្សាទាំងនេះកើតឡើង ហើយប្រសិនបើមានឆន្ទៈនយោបាយភូមិសាស្ត្ររួមផ្សំផងនោះ វាពិតជាកិច្ចការដ៏សំខាន់ក្នុងការជួយដល់ទន្លេមេគង្គ។ មិនមែនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ តែខ្ញុំគិតថា បណ្តាប្រទេសនៅទន្លេមេគង្គក្រោមទាំងអស់ក៏ត្រូវតែធ្វើការរួមគ្នាឱ្យបានច្រើន ដើម្បីឲ្យមានការយោគយល់គ្នា។ វាមិនល្អនោះទេដែលវៀតណាម និងកម្ពុជាពិតជាប្រឆាំងនឹងការសង់ទំនប់អគ្គិសនីនៅឡាវ ហើយឡាវនៅតែនឹងបន្តសាងសង់ទំនប់នោះ។
ខ្ញុំនៅតែយល់ថា ពិតជាមានកិច្ចការដែលអាចធ្វើបាននៅគ្រប់កម្រិត ទាំងថ្នាក់តំបន់ និងមូលដ្ឋាន ដើម្បីជួយស្តារស្ថានភាពនៅទីនោះ។ មានកិច្ចការជាច្រើនដែលយើងអាចធ្វើបាន ដើម្បីជួយប្រជានេសាទ មិនថាជាជំនួយសង្គម ការលើកលែងបំណុល ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ឱ្យពួកគេនូវឱកាសផ្សេងៗទៀត។ ទោះបន្តិចបន្តួចក្តី អ្វីដែលអាចធ្វើបានដើម្បីលើកស្តារជីវភាពពួកគេ អាចធ្វើឲ្យមានការផ្លាស់ប្តូរច្រើន។ ខ្ញុំគិតថា មានកិច្ចការជាក់ស្តែងដែលអាចធ្វើបាន។ ទោះបីជាវាមិនអាចស្តារចរន្តទឺកហូរទៅមកបានឡើងវិញក៏ដោយ ក៏វាអាចជួយស្ថានភាពរស់នៅលើបឹងបានច្រើនដែរ។
វីអូអេខ្មែរ៖ ដូចកញ្ញាលើកឡើង នៅពេលយើងនិយាយអំពីបឹងទន្លេសាប ផលប៉ះពាល់សំខាន់មួយគឺការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលនិន្នាការនេះកំពុងកើនឡើង ខណៈប្រទេសក្នុងតំបន់ និងប្រទេសចិន ត្រូវការថាមពលអគ្គិសនីសម្រាប់ការអភិវឌ្ឍ។ តើកញ្ញាគិតថាអ្វីខ្លះជាកំហុសដែលត្រូវរៀនសូត្រ ដើម្បីធ្វើឲ្យអភិបាលកិច្ចលើធនធានទឹកនេះមានតុល្យភាពរវាងការការពារសហគមន៍ និងបរិស្ថាន និងការរក្សាកំណើនសេដ្ឋកិច្ច?
កញ្ញា Abby Seiff៖ នេះជាសំណួរល្អមែនទែន។ ទន្លេមេគង្គគឺជាធនធានរួម។ បើគ្មានការទទួលស្គាល់យ៉ាងដូច្នេះទេ ហើយគ្មានកិច្ចប្រឹងប្រែងរូមដ៏មានឥទ្ធិពលទេ អ្វីៗនឹងគ្មានប្រសិទ្ធភាពឡើយ។ វាមិនដំណើរការបានដោយរលូននោះទេ ប្រសិនបើប្រទេសមួយនិយាយថា៖ ខ្ញុំចង់បានថាមពលវារីអគ្គីសនីនៅក្នុងប្រទេសរបស់ខ្ញុំ ហើយខ្ញុំមិនខ្វល់ថានឹងមានអ្វីកើតឡើងនៅខាងក្រោមទន្លេនោះទេ។ បញ្ហានោះគឺធ្លាក់លើគណកម្មាការទន្លេមេគង្គ MRC ដែលមិនមែនជាស្ថាប័នអនុវត្តច្បាប់នោះ។ វាមានបញ្ហាកើតឡើង ដូចខ្ញុំបានលើកឡើងពីមុននេះ មានប្រទេសនៅក្រោមទឹកទន្លេប្រឆាំងនឹងការសាងសង់ទំនប់របស់ឡាវ ប៉ុន្តែឡាវមិនខ្វល់ ហើយគ្មានការជំរុញឲ្យអនុវត្តច្បាប់ទេ ពីព្រោះថា [MRC] គ្រាន់តែជាកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។
ដូច្នេះហើយ នៅពេលដែលយើងនិយាយអំពីកិច្ចព្រមព្រៀង ឬយោគយល់មួយរួមគ្នាក្នុងការប្រើប្រាស់ធនធានទឹកនេះ ខ្ញុំគិតថា វាត្រូវតែមានមនុស្សជាច្រើនដែលពាក់ព័ន្ធរឿងនេះ ត្រូវតែយល់អំពីស្ថានភាពរបស់គ្នាទៅវិញទៅមក ហើយគួរកុំគិតតែអំពីជាតិសាសន៍ខ្លួន ឬតែពីប្រជាជនរបស់ខ្លួន ប៉ុន្តែគួរគិតពីប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងតំបន់នេះ។ មនុស្សគ្រប់រូប ប្រជាពលរដ្ឋគ្រប់រូប សមនឹងទទួលបានសិទ្ធិក្នុងការចិញ្ចឹមជីវិត និងសមនឹងទទួលបានសិទ្ធិរស់រានមានជីវិត មិនថាជនជាតិខ្មែរ ឬវៀតណាម ឬថៃ ឬឡាវ ឬចិននោះទេ។
ដូច្នេះ ខ្ញុំសង្ឃឹមថាអាចមានការសហការបែបនោះ ប៉ុន្តែប្រហែលនេះជាការគិតបែបស្រមើរស្រមៃវិជ្ជមានពេក។ តាមពិតទៅ យើងរស់នៅក្នុងពិភពលោកដែលមានការបែងចែកអំណាច ហើយយើងរស់នៅក្នុងពិភពលោកដែលប្រកបដោយជាតិនិយម។ ហើយក្រៅពីនោះ បើយើងមើលប្រទេសចិនដែលមានអំណាចកំពូលនៅក្នុងបញ្ហានេះ ហើយដែលមានទំនប់វារីអគ្គិសនីច្រើនជាងគេ ហើយការពិតដែលប្រទេសនេះកំពុងបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសដទៃទៀត នោះគឺជាការល្អ។
ចិនជាប្រទេសដែលមានអំណាចច្រើននៅក្នុងស្ថានភាពនេះ។ យើងសង្ឃឹមថា ចិនចង់ក្លាយជាអ្នកជិតខាងល្អ ព្រោះខ្ញុំគិតថា ចិនចង់មានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងជាមួយប្រទេសមេគង្គក្រោម។ ដូច្នេះ ជាអកុសល រឿងនេះត្រូវពឹងលើចិនខ្លាំងណាស់។ ប៉ុន្តែការដែលចិនបានបង្ហាញឆន្ទៈខ្លួនក្នុងការបើកចំហចែករំលែកទិន្នន័យនេះ គឺជាសញ្ញាណល្អ។
វីអូអេខ្មែរ៖ ខុសពីអ្នកសរសេរជាច្រើនសតវត្សរ៍កន្លងមក នៅក្នុងសតវត្សរ៍ទី ២១ នេះ កញ្ញានឹងពិពណ៌នាយ៉ាងណាអំពីបឹងទន្លេសាប?
កញ្ញា Abby Seiff៖ ទន្លេសាបនៅតែជាកន្លែងដ៏ស្រស់ស្អាត។ វានៅតែជាកន្លែងដ៏គួរឱ្យស្ញប់ស្ញែងដដែល។ ទោះបីជាយើងនិយាយថា បឹងនេះអាចវិវត្តទៅគ្មានជិវិតក៏ដោយ ក៏ខ្ញុំចង់បញ្ជាក់ថា វាមិនដូចជាបឹងដែលនឹងត្រូវបាត់នោះទេ។ វាមិនដូចជាសមុទ្រអារ៉ាល់ (នៅតំបន់អាស៊ីកណ្តាល) ដែលធ្លាប់បាត់បង់ទៅនោះទេ។ បើទោះបីជាអ្នកគិតដល់បឹងទន្លេសាបនេះនៅក្នុងរដូវប្រាំងក៏ដោយ ក៏វានៅតែទាក់ទាញដែរ និងនៅតែជាតំបន់រមណីដ្ឋានដ៏អស្ចារ្យមួយ។ ហើយប្រសិនបើអ្នកទៅដៃទន្លេាប អ្នកនឹងឃើញត្រីរៀលជាច្រើន ហើយវានៅតែជាទិដ្ឋភាពដ៏អស្ចារ្យដែលយើងឃើញត្រីទាំងនេះលោតកញ្ជ្រោលចូល។ ប្រជាជននៅតែនេសាទ និងរស់នៅទីនោះ។
ពួកគេនៅតែពឹងផ្អែកលើទន្លេសាប។ ប៉ុន្តែជាការពិតណាស់ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយគឺពោរពេញទៅដោយភាពសោកសៅបន្តិចហើយ ព្រោះស្ថានភាពវាហាក់ដូចជាកាន់តែយ៉ាប់ទៅៗ។ វាហាក់ដូចជាគ្មានដំណោះស្រាយងាយស្រួលដូចមើលឃើញលើដីគោកនោះទេ។ ដូច្នេះតាមការគិតរបស់មនុស្ស វាពិតជាពិបាកណាស់។ វាមិនងាយស្រួលទេក្នុងការដែលឃើញពួកគេត្រូវតស៊ូពុះពារជំនះឧបសគ្គទាំងនេះ ហើយការប្រឹងពុះពារនេះទៀតសោត គឺប្រឹងជម្នះនឹងរឿងដែលតាមពិតងាយស្រួលសោះក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ ដូច្នេះទាំងនេះហើយជាអ្វីដែលខ្ញុំពិពណ៌នាទន្លេសាបនាពេលបច្ចុប្បន្ននេះ៕