វត្ត​អារាម​ស្ងប់​ស្ងាត់ ខណៈ​ពលរដ្ឋ​ទទួល​ទេវតា​នៅ​ផ្ទះ ​ដោយ​សារ​បារម្ភ​អំពី​វីរុស​កូរ៉ូណា

ពុទ្ធបរិស័ទកំពុង​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ​​ក្នុង​វត្ត​និរោធ​រង្សី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​​

ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ​ថ្ងៃទី​១៤​ ខែ​មេសា ​ដែល​ជាថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​វត្ត​និរោធ​រង្សី ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានី​ភ្នំពេញ ​ពុទ្ធ​បរិស័ទ​ជាង​៣០​នាក់​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ។ ​ ពួកគេ​ភាគ​ច្រើន សុទ្ធ​តែ​ពាក់​ម៉ាស ​និង​ព្យាយាម​រក្សា​គម្លាត​ពី​គ្នា។ ​ នៅ​វត្ត​នេះ​ក៏​មិន​មាន​ការ​ចាក់​មេក្រូ ​ មិ​ន​មាន​ការ​រាប់​បាត្រ ​ហើយ​ព្រះ​សង្ឃ​មួយ​អង្គៗ​សុទ្ធ​តែ​គង់​នៅ​កុដិ​រៀងៗ​ខ្លួន​ដើម្បី​ឆាន់​ចង្ហាន់។​

ក្នុង​សម្លៀក​បំពាក់​អាវ​ស ​សំពត់​បត់ ​ដោយ​មាន​ពាក់​ម៉ាស​ផង​អ្នកស្រី ​មាស ហេង ​បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​នេះ។​

អ្នកស្រី​ហេង ​អាយុ​៥៦​ឆ្នាំ ​ប្រាប់​ VOA​ថា​អ្នកស្រី​បាន​យក​ម្ហូប ​និង​សម្ភារៈ​មួយ​ចំនួន​មក​វត្ត​ដើម្បី​វេរ​ទៅ​សាច់​ញាតិ​ដែល​បាន​ស្លាប់។​អ្នកស្រី​បន្ថែម​ថា ​ អ្នកស្រី​មក​វត្ត​ដោយ​អនុវត្ត​ការ​ការពារ​ខ្លួន​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

«ខ្ញុំ​គិត​ថា​ប្រាកដ​ជា​មាន​អនាម័យ​គ្រប់ៗ​គ្នា​ហើយ​បាន​ហ៊ាន​មក​វត្ត​ព្រោះ​អី​អ៊ំ​មុន​នឹង​មក​ [វត្ត] អ៊ំ​បាញ់ [អាល់​កុល] ​អីៗ​ពេញ​ខ្លួន​អស់​ហើយ​ ហើយ​ណា​មួយ​ដៃ​ហ្នឹង​ទៅ​វិញ​ គឺ​លាង​ជា​និរន្តរ៍​តែ​ម្តង ​អត់​មាន​ប្រហែស​ទេ។​ ខោ​អាវ​ទៅ​ដល់​ដោះ​បោក​ភ្លាមៗ ​អត់​ទុក​ទេ»។​

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​នៅ​តាម​វត្ត​អារាម​ស្ទើរ​គ្រប់​ទី​កន្លែង ​តែង​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំ​ពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ។​

ប៉ុន្តែ​ឆ្នាំ​នេះ ​នៅ​តាម​វត្ត​អារាម​នីមួយៗ​ស្ទើរ​តែ​មិន​មាន​មនុស្ស​ទៅបន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ផ្អាក​រាល់​ការ​ជួប​ជុំ​ និង​លើក​ពេល​ថ្ងៃសម្រាក​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ហាម​ប្រាម​ការ​ទៅ​វត្ត​អារាម​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ។

អ្នកស្រី​ មាស​ ហេង ​ដែល​នៅ​ផ្ទះ​មើល​ចៅ ​មាន​ប្រសាសន៍​ថា ​ ការ​មក​វត្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ គឺ​ជា​រឿង​ដែល​អ្នកស្រី​មិន​អាច​ខាន​បាន​ ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ។​

«យើង​កុំ​បាច់​គិត​ថា ​ យើង​មិន​មកខ្លាច​រោគ​ហ្នឹង​អី​ទេ ​ ព្រោះ​អី​ខ្មែរ​យើង​បើ​អត់​មក​ទេ​មិន​អាច​ទេ​ព្រោះ​ចូល​ឆ្នាំ​ទាំង​មូល។ ​ ខ្ញុំ​ត្រូវ​តែ​មក។ ​ ខ្ញុំ​គិត​ថា​បើសិន​ជា​មក​មនុស្ស​ពីរ​បី​នាក់​ ក៏​ខ្ញុំ​ត្រូវ​តែ​មក​ដែរ។​ខ្ញុំ​មក​ដល់​ហើយ​ខ្ញុំ​ប្រគេន​លោក​ហើយ​ខ្ញុំ​ទៅ​វិញ​ភ្លាម។ ខ្ញុំ​ខ្លាច​លោក​អត់​មាន​អីហូប​ ព្រោះ​អី​បើ​យើង​ខ្លាច​គ្រប់​គ្នា​ លោក​បាន​អី​ឆាន់?»​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មេសា ​ប្រកាស​ថា ​ មិន​មាន​ការ​បិទ​វត្ត​អារាម​ ឬ​វិហារ​សាសនា​ណា​មួយ​ទេ។​ប៉ុន្តែ​លោក​ថា​រាល់​ការ​ជួប​ជុំ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភព​លោក។​

ក្រោយ​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន ​ ក្រសួង​ធម្មការ ​និង​កិច្ចការ​សាសនា ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តីពី​ការ​អនុវត្ត​ការ​បង្ការ​ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត (COVID-19)​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។​

ក្រសួង​ធម្មការ​បាន​បញ្ជាក់​ឲ្យ​មាន​ការ​ចុះ​ផ្សព្វ​ផ្សាយ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល​នៅ​តាម​ទី​វត្ត​អារាម​មាន​ការ​ចុះ​តាម​ដាន​ និង​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព​មុន​ពេល​ចូល​ទី​ធ្លា​វត្ត​ និង​ត្រូវ​មាន​សាប៊ូ ​ឬ​អាល់​កុល ​ឬ​ជែល​សម្រាប់​លាង​ដៃ​ត្រូវ​ពាក់​ម៉ាស ​ រក្សា​គម្លាត​ពី​គ្នា​យ៉ា​តិច​មួយ​ម៉ែត្រ​កន្លះ ​និង​ត្រូវ​រាយ​ការណ៍​មក​ក្រសួង​ជាប់​ជា​ប្រចាំ ​អំពី​ស្ថានភាព​ជំងឺ​កូវីដ​១៩។​

កាល​ពី​ថ្ងៃ​ទី​១៣​ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​វត្ត​ទួល​ទំពូង ​ក្នុង​រាជធានី​ភ្នំពេញ​ ពុទ្ធ​បរិស័ទ​មិន​ដល់​២០​នាក់​ផង​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ។ ​ វត្ត​នេះ​មាន​រៀប​ចំ ​ដាក់​ទឹក​អាល់កុល​ និង​មាន​ឧបករណ៍​បាញ់​អាល់​កុល​សម្លាប់​មេរោគ​លើ​ដង​ខ្លួន​ មុន​ពេល​ពុទ្ធ​បរិស័ទ​ឈាន​ជើង​ចូល​ក្នុង​ព្រះ​វិហារ។​

អ្នកស្រី ព្រំ​ សុខា ​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​កំពុង​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​នៅ​វត្ត​ទួល​ទំពូង។ ​ ស្រ្តី​វ័យ​៦៥​ឆ្នាំ​រូប​នេះ​ប្រាប់ ​VOA​ ទាំង​កំពុងពាក់ម៉ាស​ថា​អ្នកស្រី​អនុវត្ត​គោល​ការណ៍​របស់​ក្រសួង​សុខាភិបាល​ជាប់​ជា​ប្រចាំ​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​មេរោគ​កូរ៉ូណា។​

«ស្ងាត់​អត់​ឃើញ​ប្រជាជន​មក​ច្រើន​ទេ។ ​ រាល់​ឆ្នាំ​ណែន​ទាំង​អស់។ ​ឆ្នាំ​នេះ​ស្ងាត់​ណាស់ !​ ដោយ​សារ​មាន​ជំងឺ​អី​អ៊ីចឹង​ អត់​សូវ​ហ៊ាន​មក។​ ហើយ​ខ្ញុំ​នៅ​តែ​មក​វត្ត​អ៊ីចឹង។ ​ខ្ញុំ​មក​ពេល​បុណ្យ​ទាន​អ៊ីចឹង។ ​យើង​មក​ហើយ​ យើង​លាង​សម្អាត​ដៃ​អី​ឲ្យ​ស្អាត​ទៅ ​ពាក់​ម៉ាស​ពាក់​អី​អ៊ីចឹង។​ ហើយ​យើង​អត់​ទៅ​ណា​ណី​ទេ។​យើង​ទៅផ្ទះ​វិញ​ អត់​ហ៊ាន​ចូល​ណេះ​ចូល​ណោះអីទេ»។

នៅ​វត្ត​ទួលទំពូង​នេះ ​ តា​អាចារ្យ ​និង​ព្រះ​សង្ឃ សុទ្ធ​តែ​ពាក់​ម៉ាស​ និង​មាន​បាញ់​ទឹក​អាល់កុល​ ដើម្បី​សម្លាប់​មេរោគ​នៅ​គ្រប់​ពេល​ មុន​ និង​ក្រោយ​ពេល​ពុទ្ធ​បរិស័ទ​ប្រគេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ។ ​

ព្រះ​តេជគុណ ​នី សុខ​បញ្ញា ​គង់​នៅ​វត្ត​ទួល​ទំពូង​ មាន​សង្ឃ​ដីកា​ថា​នៅ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ​មាន​ពុទ្ធ​បរិស័ទ​តិច​តួច​ណាស់​ដែល​មក​វត្ត​អារាម។

«ពុទ្ធ​បរិស័ទ​មាន​ការ​កាត់​បន្ថយ​ច្រើន​មែន​ទែន​ ស្ទើរ​តែ​មិន​មាន​ទេ ។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ជា​ប្រពៃណី​ដែល​អាក់​ខាន​មិន​បាន​គាត់​អញ្ជើញ​មក​តែ​ក្នុង​លក្ខណៈ​សមាជិក​គ្រួសារ ​មាន​ន័យ​ថា​ តិច​តួច​មែន​ទែន។ ​ ចំនួន​ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក​នេះ​តិច​ជាង​មុន​ថ្ងៃ​សីល​សព្វ​ដង​ មុន​នឹង​ជំងឺ​កូវីដ១៩​ហ្នឹង​កើត​ឡើង​ទៅ​ទៀត»។​

បន្ថែម​ពី​ការ​ប្រកាស​ផ្អាក​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រដ្ឋាភិបាល​ក៏​បាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ ឬ​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ ​រហូត​ដល់​យប់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ​ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​របស់​កម្មករ​កាត់​ដេរ​ទៅ​ស្រុក​កំណើត។ ​ រដ្ឋាភិបាល​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​សហគមន៍។​

លោក​ ចាន់​ ផល្លា​ អាចារ្យ​វត្ត​នួន​មណីរាម ​ហៅ​វត្ត​ថាន់ ​រាជធានី​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​ ចាប់​តាំង​ពី​មាន​ការ​ប្រកាស​របស់​ក្រសួង​ធម្មការ​វត្ត​ថាន់​បាន​រៀប​ចំ​ដាក់​ទឹក​អាល់​កុល​លាង​ដៃ​និង​រក្សា​គម្លាត​របស់​ពុទ្ធ​បរិស័ទ​ដែល​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​នេះ។​

«គណៈ​កម្មការ​អាចារ្យ​ព្រមទាំង​ព្រះ​សង្ឃ​ក៏​ចាត់​ចែង​មិន​ឲ្យ​នៅ​ជុំ​គ្នា​ ហើយ​ការ​ធ្វើ​ទទួល​អប្ប​ឡោក​នៃ​ទាយក​ទាយិកា​ដែល​បាន​ធ្វើ​ទាន​បន្តិច​បន្តួច​ក្នុង​ប្រពៃណី​ មក​ហៅ​ថា​បង្សុកូល​ហ្នឹង​គឺ​ថា​យើង​ខ្ញុំ​បាន​ចាត់​ចែង​ធ្វើ​ម៉េច​ឲ្យ​បាន​ឆាប់​រួស​រាន់ ​កុំ​ឲ្យ​មាន​ការ​ជុំ​គ្នា​យូរ»។​

ស្រ្តី​ម្នាក់​កំពុង​លាង​ដៃ​នឹង​អាល់​កុល អំឡុងពេលប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​វត្តថាន់​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

អាចារ្យ​វត្ត​កំពុង​បាញ់​អាល់​កុល​សម្លាប់​មេរោគ នៅ​វត្ត​និរោធ​រង្សី រាជធានី​ភ្នំពេញ ក្នុង​អំឡុងពេលប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

ក្រសួង​សុខាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃ​ច័ន្ទ ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​តូច ​និង​ធំ​នៅ​តាម​សហគមន៍ ​ បើ​ទោះ​ករណី​ឆ្លង​មាន​ត្រឹម​១២២​ក៏​ដោយ។​

បើ​ទោះ​បី​ជា​វត្ត​អារាម​មាន​សភាព​ស្ងប់​ស្ងាត់ ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ជាច្រើន​នៅ​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​តាម​ផ្ទះ ​ដោយ​រៀបចំ​រណ្តាប់​សែន​ទេវតា​ដូច​រាល់​ឆ្នាំ។​

កំពុង​ឈរ​ទិញ​ផ្កា​ម្លិះ​នៅ​ផ្សារ​ទួល​ទំពូង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មេសា ​ អ្នកស្រី ​នេត្រ វន្នី ​មាន​ប្រសាសន៍​ថា ​ អ្នកស្រី​បាន​ទៅ​វត្ត​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​កាល​ពីថ្ងៃ​ទី​១២ ​ខែ​មេសា។ ​ស្រ្តី​វ័យ​៦២​ឆ្នាំរូប​នេះ​បន្ថែម​ថា ​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​៣​ថ្ងៃ​នេះ ​ អ្នកស្រី​គ្រាន់​តែ​សែន​ទេវតា​ដូច​រាល់​ឆ្នាំ ​តែ​មិន​ទៅ​វត្ត​ និង​មិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីណា​ឡើយ។​

«យើង​រៀប​ចំ​តាម​ដូច​របៀប​ខ្មែរ​យើង។ ​យើង​មាន​បាយ​សី ​ មាន​ស្លាធម៌​ ហើយ​មាន​ផ្លែឈើ​មាន​អី​ទទួល​ទេវតា​ ហើយ​មាន​គ្រឿង​រណ្តាប់​ទាំង​អស់​ហ្នឹង​អ៊ីចឹង​ទៅ ។​យើង​រៀប​មាន​ទៀន​ធូប​អី​អ៊ីចឹង»។​

ចំណែក​លោក ​ជ្រីយ៍ មុនីរតន៍ ​ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​រាជធានី​ភ្នំពេញ​ប្រាប់​ថា ​ពិធី​បុណ្យ​ចូល​ឆ្នាំ ឆ្នាំ​នេះ ​ លោក​នៅ​ផ្ទះ​សែន​ទេវតា​ដូច​រាល់​ឆ្នាំ ប៉ុន្តែ​មិន​មាន​ការ​ជួប​ជុំ​សាច់​ញាតិ ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ខេត្ត​ និង​មិន​ទៅ​វត្ត​ដូច​ឆ្នាំ​មុន​នោះ​ទេ។​

បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​ថា៖​ «គេ​អត់​ឲ្យ​ជួប​ជុំ​គ្នា​នៅ​វត្ត ​ ហើយ​យើង​ក៏​បារម្ភ​ដែរ។ ​ បារម្ភ​នៅ​វត្ត​ហ្នឹង​ក៏​មាន​បញ្ហា​ដែរ បើ​សិន​ជាយើង​អត់​អាច​ស្គាល់​ដឹង​ថា​នរណា​មាន​មេរោគ​អី​ផង។​ខ្ញុំ​គ្រាន់​តែ​រៀប​ចំ​រណ្តាប់​ទទួល​ទេវតា​តិច​តួច ដូច​រាល់​ឆ្នាំ​អ៊ីចឹង»។​

លោក​ជ្រីយ៍ មុនីរតន៍ ​រំពឹង​ថា ​ នៅ​ឆ្នាំ​ក្រោយ ​ លោក​នឹង​អាច​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ដោយ​មាន​ការ​ជួប​ជុំ​ទាំង​នៅ​វត្ត​អារាម​ និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ខេត្ត​ដូច​សព្វ​មួយ​ដង។​

ពុទ្ធបរិស័ទ​កំពុង​វេរ​ទេយ្យទាន​ដល់​ព្រះ​សង្ឃ នៅ​វត្តថាន់​ រាជធានី​ភ្នំពេញ ក្នុង​អំឡុងពេលប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

ព្រះ​តេជគុណ​ តាត មហាទី ​ ចៅ​អធិការ​វត្ត​ព្រះ​ឥន្ទោសា ​ខេត្ត​សៀមរាប ​មាន​សង្ឃ​ដីកា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​វត្ត​ដែល​ព្រះ​អង្គ​គង់​នៅក៏​បាន​រៀប​ចំ​វិធាន​ការ​ទប់​ស្កាត់ ​និង​ការពារមេរោគ​កូរ៉ូណា​ដែរ។ ​ព្រះ​អង្គ​បន្ថែម​ថា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​នេះ ​ស្ទើរ​តែ​មិន​មាន​ពុទ្ធ​បរិស័ទ​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ​ដែល​មាន​ចំនួន​៧៨​អង្គ​កំពុង​គង់​នៅ​វត្ត​នេះ​ទេ។

«ពេល​ដែល​ញោម​គាត់​មក​វត្តម្នាក់​ពីរ​នាក់​រប៉េះ​រប៉ោះ​មក​យើង​ក៏​មាន​ទឹក​អាល់​កុល​មាន​អី​សម្រាប់​ឲ្យ​គាត់​លាង ​ មាន​ជែល​សម្រាប់​ឲ្យ​គាត់​លាង។ ​ ហើយ​ណា​មួយ​ពេល​ដែល​មក​ គាត់​ប្រើ​ពាក្យ​មួយ​ថា​ ​ កូណា​មិន​អី​ទេ ​ សូម្បី​តែ​ខ្ញុំ​ព្រះករុណា​ក៏​ប្រយ័ត្ន​ប្រយែង​ដូច​តែ​គ្នា។ ​ បាន​ន័យ​ថា​ពេល​ដែល​គាត់​មក គាត់​មាន​របស់​ត្រៀម​របស់​គាត់​មក»។​

លោក​ ហុង សារឿន​ពេញ ​ប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​ទូទៅ​នៃ​ក្រសួង​ធម្មការ ​និង​កិច្ចការ​សាសនា​ ប្រាប់​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ប្រធាន​មន្ទីរ​ធម្មការ​រាជធានី​ខេត្ត​ទាំង​អស់ ​តែង​រាយ​ការណ៍​អំពី​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​មក​កាន់​ក្រសួង​ជារៀង​រាល់​ថ្ងៃ។​លោក​បន្ត​ថា ​គ្រប់​វត្ត​ទាំង​ជាង​៤០០០​នៅ​ទូទាំង​ប្រទេស​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា​ បាន​ចូល​រួម​អនុវត្ត​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​យ៉ាង​ត្រឹមត្រូវ​ និង​មិន​មាន​ករណី​សង្ស័យ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ។​

ដោយសារ​មិន​មាន​មនុស្ស​ច្រើន​ទៅ​វត្ត​អារាម​ ព្រះ​សង្ឃ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ​ វត្ត​អារាម​ខ្វះ​ចង្ហាន់​នៅ​ឆ្នាំ​នេះ។​

ព្រះ​តេជ​គុណ នី សុខ​បញ្ញា ​ដែល​គង់​នៅ​វត្ត​ទួល​ទំពូង​មានសង្ឃ​ដីកា​ថា​នៅ​វត្ត​ទួល​ទំពូង​ មាន​ចង្ហាន់​សម​ល្មម​សម្រាប់​ព្រះ​សង្ឃ​ បើ​ទោះ​បី​ជា​ពុទ្ធ​បរិស័ទ​ដែល​មក​វត្ត​មាន​ចំនួន​តិច​ខ្លាំង​ក្តី​ ប៉ុន្តែ​ព្រះ​អង្គ​បារម្ភ​អំពី​ព្រះ​សង្ឃ​ដែល​កំពុង​គង់​នៅ​វត្ត​ដាច់​ស្រយាល​មួយ​ចំនួន​ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ចង្ហាន់​ និង​សម្ភារៈ​ប្រើប្រាស់។​

«បើ​សិន​ជា​ញាតិ​ញោម​ដែល​គាត់​គិត​ថា​ មិន​អាច​មក​វត្ត​អ៊ីចឹង​ ក៏​គាត់​អាច​ថា ​ផ្ញើ ឬ​ក៏​គាត់​មក​ដែរ​តែ​មក​ក្នុង​លក្ខណៈ​ការ​ប្រុង​ប្រយ័ត្ន គោរព​ទៅ​តាម​សេចក្តី​ណែនាំ​សុវត្ថិភាព​ ការ​ការពារ​ តាម​រយៈ​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​និង​អង្គការ​សុខភាព​ពិភព​លោក​អ៊ីចឹង​ទៅ។ គាត់​អាចមក​ដាក់​ប្រគេន​ព្រះ​សង្ឃ​អ៊ីចឹង​ទៅ ​ ឲ្យ​ព្រះ​សង្ឃ​យក​ទៅ​ចាត់​ចែង​ខ្លួន​ព្រះ​អង្គ​វិញ»៕