ភរិយា​សព​លោក​ជា វិជ្ជា​អបអរ​សាទរ​ការ​ធ្វើ​រូប​សំណាក​ប្តី​របស់​អ្នកស្រី

អ្នកស្រី​​ជា គឹមនី​ កាន់​រូបថត​ស្វាមី​របស់​អ្នកស្រី គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​​ឃាតករ​​មិន​ស្គាល់​មុខ​​បាញ់​សម្លាប់​​កាលពី​​ថ្ងៃ​២២​ មករា​ឆ្នាំ២០០៤​ នៅ​ជិត​វត្ត​លង្កា​ ក្នុងរាជ​ធានីភ្នំពេញ។

ភរិយា​សព​លោក​ជា វិជ្ជា​ មេដឹកនាំ​សហជីពកម្មករ​ដ៏ល្បីល្បាញ​ គឺអ្នកស្រី​ជា គឹមនី ​អបអរ​សាទរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​រូបសំណាក​ «វីរបុរស» ​ជូនស្វាមី​របស់​អ្នកស្រី​ ដោយ​បាន​ទទូច​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ចាប់​ខ្លួន​ឃាតករ​ ដែល​បាញ់​សម្លាប់ប្តី​អ្នកស្រី​មក​ផ្តន្ទាទោស​តាម​ច្បាប់។

«ប្រពន្ធ​កូន​សព្វថ្ងៃនេះ​រង់ចាំ​ទាមទារ​យុត្តិធម៌​ ព្រោះអី​រឿងរ៉ាវ​ទាំងអស់​ហ្នឹង​ដែល​ស្លាប់បាត់បង់​ទៅហ្នឹង​វាយូរ​ហើយ​ ហើយ​គ្មានទាន់​រកឃាតករ​អី​ឃើញទេ»។

នេះជា​ការ​ អះអាង​របស់អ្នកស្រី​ជា គឹមនី​ តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំងឡង់​ជា​កន្លែង​ដែល​អ្នកស្រី​និង​កូន២​នាក់​កំពុង​ជ្រកកោន​ផ្នែក​នយោបាយ​បន្ទាប់​ពី​គេ​បាញ់​ស្លាប់​លោក​ជា វិជ្ជា។

អ្នកស្រី​បាន​អះអាង​ថា​ ទុក្ខសោក​ ការស្តាយ​ចំពោះ​ការ​បាត់បង់​ស្វាមី​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច​ដែល​មិនអាច​រសាយ​ចិត្ត​បាន។

«អ្វីដែលខ្ញុំ​ជួបប្រទះ​ អ្វីដែលខ្ញុំ​ឃើញ​គឺវា​សាហាវបំផុត​សម្រាប់​រូបនាងខ្ញុំ​ សម្រាប់​ប្តី​ខ្ញុំ​និង​កូន​ខ្ញុំ។​ ខ្ញុំមិនអាច​បំភ្លេច​បាន​ទេ។​ សព្វថ្ងៃខ្ញុំ​នៅ​ចងចាំ។​ ខ្ញុំ​នៅ​មាន​ជីវិត​ ខ្ញុំនឹង​ទាមទារ ​រក​យុត្តិធម៌​ឲ្យ​ឃើញ»។

លោក​ជា វិជ្ជា​ មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ជា​ជើងឯក​ខាងការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូនកម្មករ​ ដោះស្រាយ​វិវាទ​រវាង​កម្មករ ​និង​ថៅកែ​រោងចក្រ​ ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ប្រាក់ខែ​កម្មករ និង​សុខទុក្ខ​ជូន​កម្មករ​នោះ​ ត្រូវបាន​ឃាតករ​មិនស្គាល់មុខ​បាញ់សម្លាប់​កាលពី​ថ្ងៃ​២២​ មករា​ឆ្នាំ២០០៤​ នៅ​ជិត​វត្ត​លង្កា​ ក្នុងរាជ​ធានីភ្នំពេញ។​ តែឃាតករ​មិនត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ​ក្នុង​រយៈ​ពេល​៨ឆ្នាំ​នេះ។

លោក​ឧត្តមសេនីយ៍ឯក​គាត ចាន់ថារិទ្ធ​ ប្រធាន​សេនាធិការ ​និងជា​អ្នក​នាំពាក្យ​នគរបាល​ជាតិ ​បាន​អះអាង​ថា​ សំណុំរឿង​លោក​ជា វិជ្ជា​ លោក​មិនមាន​ព័ត៌មានអ្វី​ថ្មី​ទេ​ តែលោក​ថ្លែង​ថា ​ជា​ទូទៅ ​អាជ្ញា​ធរ​ប៉ូលិស​នៅ​តែ​បន្ត​រក​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ពេល​មាន​ឃាតកម្ម​ ហើយ​ក៏​មិន​ដែល​បិទ​សំណុំ​រឿង​ឡើយ។

«យើងអត់​ដែល​ចោល​ទេ។​ មិនដែលថា​ មនុស្សស្លាប់​មួយ​ទាំងមូល ​ឧទាហរណ៍​សូម្បីតែ​លោក​ជា វិជ្ជា​ ឬក៏​អ្នកណាមួយ​ផ្សេងទៀត​ក៏ដោយ។ ​មនុស្ស​ស្លាប់​ យើងរក​ឃាតករ​មិនឃើញ​ យើងអត់មាន​សិទ្ធិអី​ទៅ​បិទ​សំណុំ​រឿង​ទេ ​មានតែ​ជំរុញ​ការ​រក​បន្ថែម។​ គ្រាន់តែ​លទ្ធផល​រក​មិនទាន់​ឃើញ។ ​យើង​នៅតែ​បន្ត​ខិតខំ​រក​ឲ្យ​ឃើញ»។

អាជ្ញាធរ​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ពីរនាក់គឺ​ប៊ន ​សំណាង​ និង​សុខ សំអឿន​ហើយ​ឃុំខ្លួន​ពួកគេ​ក្នុង​គុក​អស់​រយៈ​ពេល​៥​ឆ្នាំ។​ តែ​តុលាការ​កំពូល​ កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០០៨​ បាន​សម្រេច​ដោះលែង​ពួក​គេ​ទាំង​ពីរ​បណ្តោះ​អាសន្ន​ក្រោយ​ពី​រក​ឃើញ​ថា​ ជន​ទាំងពីរ​មិនមែន​ជាឃាតករ​សម្លាប់​លោក​ជា វិជ្ជា​ពិត​ប្រាកដ។

ទន្ទឹមគ្នា​នឹង​ពេល​ដែល​ក្រុម​គ្រួសារ​រង់ចាំ​អាជ្ញាធរ​ស្វះស្វែង​រក​ឃាតករ​ពិត​ដែល​បាន​សម្លាប់​លោក​ជា វិជ្ជា​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី​៣១​ធ្នូ​ ឆ្នាំ​២០១១​ បាន​ផ្តល់​ការ​យល់ព្រម​ចំពោះ​សំណើ​ស្នើសុំ​របស់​កម្មករ​ និង​សហជីព​សេរីកម្មករ​ផង​ ដែល​សុំ​ឲ្យ​មាន​ការ​ផ្តល់​ទីតាំង ​និងរូប​សំណាក​សព​លោក​ជា វិជ្ជា។​ លោក​ហ៊ុន សែនបាន​ធ្វើ​ចំណារ​ផ្ទាល់ដៃ​របស់​លោក​ថា​ «យល់ព្រម»​លើលិខិត​របស់លោក​ជា មុន្នី​ ប្អូន​ប្រុស​របស់លោក​ ជា វិជ្ជា​ ដែល​បន្ត​វេន​ជា​ប្រធាន​សហជីព​សេរីកម្មករ​បច្ចុប្បន្ន។​ នៅក្នុង​លិខិត​របស់​លោក​ជា​ មុន្នីនោះ​ លោក​បាន​ស្នើ​ជា​ថ្មី​បន្ថែម​លើ​ការ​ស្នើ​សុំ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ​ជូន​ទៅលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជានៅ​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​រំឭក​វិញ្ញាណ​ក្ខន្ធ សម្រាប់​រំឭក​គុណ ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​តាម​ប្រពៃណី។

លោក​ជា មុន្នី​ដែលនៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ​មក​ផ្តន្ទាទោស​នោះ​ អះអាង​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជារឿង​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករ​ កម្មការិនី​ និង​ជា​ការ​ទទួល​ស្គាល់​ដល់ការ​ទាមទារ​របស់​កម្មករ​ និង​កម្មការិនី។

«ការដែល​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​នេះ​ សម្រាប់ខ្ញុំ​មានន័យ​ថា ​គឺជាការ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​ចង់​បាន​នូវ​សន្តិភាព​ ចង់​បាន​នូវ​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល។​ នោះ​គឺ​ថា ​ជជែក​គ្នា​ ខុស​និង​ត្រូវ​គឺ​ដាក់​លើ​តុ​ជជែក​គ្នា»។

ការ​ជជែក​គ្នា​រឿង​ការ​សាងសង់​នេះ​នឹង​ធ្វើបន្ត​ ក្រោយពី​មាន​សេចក្តី​សម្រេច​ របស់​រដ្ឋាភិបាល​ គឺ​ស.ជ.ណ​ ដែល​ណែនាំ​ឲ្យ​សាល​ក្រុងភ្នំពេញ​ពិភាក្សា​រឿង​សាងសង់​ទីតាំង ​រូបសំណាកលោកជា វិជ្ជាជិត​វត្តលង្កា ​រាជធានី​ភ្នំពេញ​នោះ៕