រដ្ឋធានីវ៉ាស៊ីនតោន — ខណៈប្រទេសចិនអះអាងជាសាធារណៈថា ខ្លួនជិតបង្កើតបានវ៉ាក់សាំងបង្ការវីរុសកូរ៉ូណានោះ រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមសន្យាចំពោះបណ្ដាប្រទេសនានា ដែលចិនទទួលផលប្រយោជន៍ជាយុទ្ធសាស្ត្រថា នឹងទទួលបានវ៉ាក់សាំងមុនគេ។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានយល់ឃើញថា ជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងដើម្បីពង្រឹងជំហរបស់ខ្លួន ក្នុងសកលលោកបន្ទាប់ពីជំងឺនេះបានចាប់ផ្តើមផ្ទុះក្នុងទីក្រុងវូហាន ហើយរាតត្បាតជុំវិញពិភពលោក។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ដែលទាមទារអធិបតេយ្យភាពលើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង បានក្លាយជាគោលដៅយុទ្ធនាការការទូតវ៉ាក់សាំងរបស់ទីក្រុងប៉េកាំង។ កាលពីខែកក្កដា ក្រសួងការបរទេសចិនបានសន្យាផ្តល់អាទិភាពឲ្យប្រទេសហ្វីលីពីន ក្នុងការទទួលបានវ៉ាក់សាំងមុនគេ។ កាលពីខែសីហា ក្រុមហ៊ុន Sinovac ដែលជាក្រុមហ៊ុនផលិតឱសថធំមួយរបស់ចិន បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនឱសថរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី PT Bio Farma ដើម្បីផ្តល់វ៉ាក់សាំងចំនួន ២៥០ លានដូសរៀងរាល់ឆ្នាំ ឲ្យទីក្រុងហ្សាការតា។
កាលពីដើមខែកញ្ញា លោក Yang Jiech សមាជិកនៃការិយាល័យមជ្ឈិមបក្សកុម្មុនីស្តចិន បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានសន្យាថា ទីក្រុងប៉េកាំងនឹងផ្តល់អាទិភាពឲ្យទីក្រុងរ៉ង់ហ្គូន បើសិនជាខ្លួនផលិតវ៉ាក់សាំងបាន។
លោក Gregory Poling អ្នកជំនាញកិច្ចការអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ ហៅកាត់ថា CSIS ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «សម្រាប់រដ្ឋាភិបាលស្ទើរតែទាំងអស់នៅក្នុងតំបន់ ទោះពួកគេមានអារម្មណ៍យ៉ាងណាក៏ដោយ មិនថាវាជាបញ្ហាសមុទ្រចិនខាងត្បូង ឬបញ្ហាផ្សេងទៀតនោះទេ ជំងឺរាតត្បាតនេះគឺជាអាទិភាព»។
លោកបានប្រាប់ VOA ថា៖ «ពួកគេអាចមិនពេញចិត្តចំពោះអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើ ហើយពួកគេក៏ប្រហែលជាមិនចង់នៅស្ងៀមស្ងាត់ ចំពោះជម្លោះនានាដែរ ប៉ុន្តែបើសិនជាវ៉ាក់សាំងរបស់ប្រទេសចិន គឺជាវ៉ាក់សាំងតែមួយដែលពួកគេអាចទទួលបាន នោះពួកគេនឹងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានវា»។
លោក Lawrence Gostin សាស្ត្រាចារ្យផ្នែកច្បាប់សុខភាពសកលនៃសាកលវិទ្យាល័យ Georgetown បានប្រាប់ VOA ថា៖ «ខ្ញុំបារម្ភយ៉ាងខ្លាំងអំពីការជ្រើសរើសប្រទេសរបស់ចិនសម្រាប់វ៉ាក់សាំង។ វាអាចមានផលប្រយោជន៍ច្រើនដល់នយោបាយសេដ្ឋកិច្ចនិងយោធាចិន។ វ៉ាក់សាំង ដែលអាចជួយជីវិត មិនគួរត្រូវបានយកមកដោះដូរជាមួយនឹងផលប្រយោជន៍នយោបាយ ឬឥទ្ធិពលដូចនេះនោះទេ»។
តំបន់ដែលមានករណីឆ្លងជំងឺកូវីដ១៩ច្រើន
ករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមកម្មវិធីតាមដានរបស់ មជ្ឈមណ្ឌល CSIS។ ប្រទេសឥណ្ឌូណេស៊ីនិងហ្វីលីពីន មានករណីឆ្លងខ្ពស់ជាងគេបំផុតក្នុងតំបន់ ដោយក្នុងនោះឥណ្ឌូណេស៊ីមាន ២០០.០០០ ករណី ហើយហ្វីលីពីនមាន ២៥០.០០០ ករណី។
ប្រទេសសិង្ហបុរី មានករណីឆ្លងជិត ៦០.០០០ ករណី ហើយប្រទេសមីយ៉ាន់ម៉ាថ្មីៗនេះ ក៏បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដែរ។
លោក Gostin ប្រាប់ VOA ថា៖ «គុណតម្លៃនៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាព គឺមិនអាចវាស់បាន។ វាជាធនធានវេជ្ជសាស្ត្រសំខាន់ក្នុងប្រវត្តិសាស្ត្រថ្មីនេះ។ វានឹងជួយសង្គ្រោះជីវិតរាប់មិនអស់ និងជួយឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ»។
សហរដ្ឋអាមេរិក ចិន និងចក្រភពអង់គ្លេស គឺជាប្រទេសនាំមុខក្នុងការប្រកួតជាសាកល ដើម្បីផលិតវ៉ាក់សាំងបង្កាជំងឺកូវីដ១៩។ ប្រទេសចិនថ្មីៗនេះបានបញ្ចប់ការសាកស្បងផលិតវ៉ាក់សាំងចំនួនពីរ។ មួយគឺប្រើវីរុសគ្មានជីវិត ដើម្បីបង្រៀនប្រព័ន្ធការពាររាងកាយឲ្យប្រយុទ្ធនឹងវីរុសដែលមានជីវិត ហើយមួយទៀតគឺវ៉ាក់សាំង mRNA ដែលមានបច្ចេកវិទ្យាខ្ពស់ដែលស្ថិតក្នុងដំណាក់កាលសាកល្បងទីបី។ យោងតាមសារព័ត៌មានរបស់រដ្ឋាភិបាលចិន ទីក្រុងប៉េកាំងបានផ្តល់វ៉ាក់សាំងដែលស្ថិតក្នុងការពិសោធន៍នេះទៅក្រុមមនុស្ស ដែលរងគ្រោះខ្លាំង តាំងពីខែកក្កដា។
ប្រទេសនានា ដូចជាឥណ្ឌូណេស៊ីនិងហ្វីលីពីន ដែលខ្វះសមត្ថភាពអភិវឌ្ឍ ឬផលិតវ៉ាក់សាំងខ្លួនឯងក្នុងចំនួនច្រើន កំពុងដាក់ក្តីសង្ឃឹមលើបរទេស។ ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិកសហភាពអឺរ៉ុប ជប៉ុន និងចក្រភពអង់គ្លេស បានកក់វ៉ាក់សាំងរាប់សិបលានដូសពីក្រុមហ៊ុនឱសថធំៗទុកជាមុន។ លោក Alex Azar រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអាចចែករំលែកវ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីតម្រូវការវ៉ាក់សាំងក្នុងប្រទេសបានទទួលបានគ្រប់គ្រាន់ប៉ុណ្ណោះ។
លោក Poling បានប្រាប់ VOAថា៖ «ពួកគេត្រូវតែរង់ចាំតាមលេខរៀង បើសិនជាពួកគេចង់ទិញវ៉ាក់សាំងទាំងនេះ មានន័យថា ពួកគេគ្មានជម្រើសណាផ្សេងក្រៅពីប្រទេសចិន និងប្រទេសរុស្ស៊ីនោះទេ»។
វ៉ាក់សាំងគឺជាអាទិភាព
បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩បានកើនឡើងខ្លាំងនៅប្រទេសចិន និងបានរីករាលដាលទៅបរទេសកាលពីដើមឆ្នាំ ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំងទីបំផុតអាចទប់ស្កាត់ការផ្ទុះនេះ ក្នុងព្រំដែនរបស់ខ្លួនតាមរយៈការបិទដំណើរការទីក្រុងតឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំ។ បច្ចុប្បន្នប្រទេសចិនបានស្នើចែកវ៉ាក់សាំងជាមួយនឹងប្រទេសផ្សេងទៀត បើសិនជាខ្លួនអាចផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពមួយ។
ទោះបីជាមានជំងឺរាតត្បាតក៏ដោយ ឥរិយាបទគឃ្លើនរបស់ចិនចំពោះបញ្ហាសមុទ្រចិនខាងត្បូងបានបង្កឲ្យមានការរអ៊ូរទាំពីសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាស កាលពីខែកក្កដាថា ការកេងប្រវ័ញ្ចលើធនធានក្នុងតំបន់មានជម្លោះពីភាគីចិន គឺខុសច្បាប់។ កាលពីខែសីហា គណៈប្រតិភូអូស្ត្រាលីបានប្រើពាក្យដូចគ្នានឹងសេចក្តីប្រកាសផ្លូវការរបស់អង្គការសហប្រជាជាតិ។
បណ្តាប្រទេសក្នុងអាស៊ានបានអនុវត្តជំហតឹងរ៉ឹងជាងមុន កាលពីដើមឆ្នាំនេះ។ ប្រទេសឥណ្ឌូណេស៊ីបានធ្វើការលើកកម្ពស់ក្រមសីលធម៌សមុទ្រចិនខាងត្បូងរវាងប្រទេសចិននិងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានគោលបំណងគ្រប់គ្រងទៅលើសកម្មភាពទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាមដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ បានរិះគន់ជាសាធារណៈលើការប្រយុទ្ធគ្នារបស់កងទ័ពជើងទឹកជាមួយកងកម្លាំងចិនក្នុងតំបន់។
លោក Poling បាននិយាយថា នោះជាហេតុផលដែលលោកមិនរំពឹងថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងមុនប្រទេសឯទៀតនោះទេ។
លោកបាននិយាយថា៖ «វៀតណាមគឺជាប្រទេសដំបូងគេដែលបានបញ្ជាទិញវ៉ាក់ស៊ាំងមួយចំនួនធំពីរុស្ស៊ី ទុកជាមុនដែលការណ៍នេះបង្ហាញថា រដ្ឋាភិបាលក្រុងហាណូយមិនពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំងទេ»។
ប្រទេសក្នុងតំបន់អាស៊ានពីមុនសង្ឃឹមថា ប្រទេសឥណ្ឌូណេស៊ីនឹងទទួលតួនាទីជាអ្នកដឹកនាំក្នុងការចរចាជាមួយនឹងចិន លើជម្លោះសមុទ្រចិនខាងត្បូង។ ប៉ុន្តែនៅពេលដែលការរាតត្បាតជំងឺកូវីដ១៩បានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសនោះ បញ្ហានយោបាយភូមិសាស្ត្រហាក់ដូចជាត្រូវបានទុកមួយឡែកសិន។
អ្នកស្រី Shiskha Prabawaningtyas នាយិកាមហាវិទ្យាល័យ Paramadina ផ្នែកការទូត ក្នុងទីក្រុងហ្សាការតា បាននិយាយថា៖ «ការស្វែងរកវ៉ាក់សាំងដែលមានប្រសិទ្ធិភាពបានក្លាយជាអាទិភាព»។
អ្នកស្រីបានបន្ថែមថា ទាំងសារព័ត៌មានឥណ្ឌូណេស៊ីនិងសាធារណជនហាក់ដូចជាបង្ហាញភាពវិជ្ជមានជាងមុន ចំពោះលទ្ធផលវ៉ាក់សាំងរបស់ចិន។
អ្នកស្រីបានប្រាប់ VOA ថា៖ «សំណួរដែលគេតែងតែសួរនៅក្នុងសារព័ត៌មាន និងបណ្តាញសង្គម គឺពេលណាវ៉ាក់សាំងរបស់ចិនរួចរាល់អាចប្រើប្រាស់បាន»។
ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានសន្យាថា នឹងទទួលបានវ៉ាក់សាំងមុនគេនោះ នឹងធ្វើការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា។
លោក Khin Zaw Win នាយកវិទ្យាស្ថានស្រាវជ្រាវ Tampadipa នៅទីក្រុងរ៉ង់ហ្គូន បាននិយាយថា៖ «អ្នកស្រី អង់សាន ស៊ូជី និងគណៈបក្សរបស់អ្នកស្រី មានទំនាក់ទំនងកក់ក្តៅជាមួយនឹងរដ្ឋាភិបាលចិន ហើយប្រទេសចិនចង់ឲ្យពួកគេឈ្នះឆ្នោតម្តងទៀត»។
លោកបានបន្ថែមថា គម្រោងហេដ្ឋរចនាសម្ព័ន្ធធំៗមួយចំនួន ត្រូវបានព្រមព្រៀងរួចរាល់រវាងទីក្រុងប៉េកាំងនិងទីក្រុងរ៉ង់ហ្គូន រួមមានច្រករបៀងសេដ្ឋកិច្ចចិននិងមីយ៉ាន់ម៉ា (China-Myanmar Economic Corrido)។ លោកនិយាយថា៖ «វ៉ាក់សាំងដែលជោគជ័យ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិនេះបន្ថែមទៀត»។
ប៉ុន្តែលោកព្រមានថា ក្នុងសម្រាប់ប្រជាជនភាគច្រើន «មិនទុកចិត្តទាល់តែសោះ ទៅលើទាំងវ៉ាក់សាំងនិងគោលបំណងរបស់ចិន»។ លោកក៏បាននិយាយថា លោករំពឹងថា មីយ៉ាន់ម៉ានឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតជាមួយចិន បើសិនជាទីក្រុងរ៉ង់ហ្គូនទទួលបានវ៉ាក់សាំងពីប្រទេសចិនមុនគេ។
លោក Huang Yanzhong អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុខភាពសាកលនៃក្រុមប្រឹក្សាទំនាក់ទំនងបរទេស បានសាទរកាយវិការរបស់ប្រទេសចិនដែលបានសន្យាផ្តល់វ៉ាក់សាំងឲ្យប្រទេសផ្សេងទៀត តែបានព្រមានអំពីសេណារីយ៉ូដែលអាចនឹងកើតមាន ប្រសិនបើវ៉ាក់សាំងនោះគ្មានប្រសិទ្ធភាព។
លោក Huang បានប្រាប់ VOA ថា៖ «វាក៏មានហានិភ័យដែរ។ ប្រទេសចិនមិនអាចគ្រប់គ្រងសារព័ត៌មាននៅក្នុងប្រទេសទាំងនោះបានទេ។ ដូច្នេះបើសិនជាវ៉ាក់សាំងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ឬមានប្រតិកម្មមិនល្អ នោះយុទ្ធនាការវ៉ាក់សាំងសាធារណៈនេះនឹងមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសចិនក្នុងសាកលលោក»៕
ប្រែសម្រួលដោយ ទុំ ម្លិះ