ល្ខោន​សម្តែង​រៀបរាប់​ពី​ការបញ្ជូន​ខ្មែរ​មាន​ទោស​នៅ​អាមេរិក​ទៅ​ប្រទេស​វិញ​និង​បញ្ហា​ប្រឈម

ល្ខោន​សម្តែង​រៀបរាប់​ពី​ការបញ្ជូន​ខ្មែរ​មាន​ទោស​នៅ​អាមេរិក​ទៅ​ប្រទេស​វិញ​និង​បញ្ហា​ប្រឈម

ផែនដី​ក្រហម ខ្លោង​ទ្វារ​មាស មេឃ​ស្រមោល (Red Earth, Gold Gate, Shadow Sky) គឺជា​ល្ខោន​សម្តែង​ដែល​ពណ៌នា​ពី​ជីវិត​របស់​ក្មេងៗ​ជនជាតិ​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ព្យាយាម​សម្រប​ខ្លួន​រស់​នៅ​ក្នុង​សង្គម​របស់​អាមេរិក​ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ​ក្រុម​ជនពាល ​ឧក្រិដ្ឋកម្ម ​និង​ពន្ធនាគារ។ ល្ខោន​នេះ​ត្រូវ​បានគេសម្តែងកាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ​នៅ​Neighborhood Houseនា​ទី​ក្រុងSeattle រដ្ឋ​វ៉ាស៊ីនតោន ​ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន​ចំពោះ​បញ្ហា​នេះ។

ល្ខោន​សម្តែង​នេះ​រៀបរាប់​ពី​ដំណើរ​រឿង​របស់​គ្រួសារ​និង​កុមារ​ខ្មែរ​មួយ​ដែល​បាន​ឆ្លង​កាត់​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​និង​ជំរំ​ជន​ភៀសខ្លួន ​ហើយ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ កុមារ​នេះ​បាន​រស់​នៅ​និង​ធំ​ក្នុង​តំបន់​ដែល​មិន​ល្អ​ហើយ​ជាយថាហេតុ​បាន​ចូលរួម​ជាមួយ​ក្រុម​ជនពាល ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពន្ធនាគារ។ បន្ទាប់​ពី​ចេញ​ពី​ពន្ធ​នាគារ គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​ម្តង​ទៀត​ដោយ​ការិយាល័យ​អន្តោ​ប្រវេសន៍​ហើយ​ប្រឈម​នឹង​ការ​និរទេស​ទៅ​ប្រទេស​កម្ពុជា​វិញ។

សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​សម្តែង​នៅ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន Mark Jenkins បាន​សរសេរ​រឿង​នេះ​ឡើង​បន្ទាប់​ពី​ចំណាយ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ធ្វើ​ការ​ស្រាវជ្រាវ។ លោក​បាន​ទៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៨​ដើម្បី​សម្ភាសន៍​ជន​ដែល​ត្រូវ​បាន​គេ​និរទេស​មក​វិញ។ លោក​ក៏​បាន​ធ្វើការ​សម្ភាសន៍​យ៉ាង​ច្រើន​ជាមួយ​នឹង​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​កំពុង​ប្រឈម​នឹង​ការគំរាម​កំហែង​ពី​ការនិរទេស​ខ្លួន​ ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​សហគមន៍​ខ្មែរ​នា​ក្រុង​Seattle។

សាស្ត្រាចារ្យ​Jenkinsប្រាថ្នា​នឹង​និយាយ​ពី​រឿង​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​និរទេស​និង​អន្តោ​ប្រវេស្តន៍​ដែល​ប្រឈម​ដោយ​ជនជាតិ​ខ្មែរ​អាមេរិកាំង ដោយ​វិធី​មួយ​ដែល​អាច​ទាក់​ទាញ​ការចាប់ ​អារម្មណ៍​ឲ្យ​ខ្លាំង ​ហើយ​អាច​ឆ្លុះ​បញ្ចាំង​ពី​ការលំបាក​របស់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ ហើយ​ក្នុង​របៀប​មួយ​ដែល​សហគមន៍​ខ្មែរ​ក៏​ដូច​ជា​សាធារណជន​ទូទៅ​អាច​ភ្ជាប់​ខ្លួន​របស់​ពួកគេ​ទៅ​ជាមួយ​សាច់​រឿង​នោះ​បាន។

លោក​សាស្ត្រាចារ្យ​និយាយ​ថា​លោក​មាន​អារម្មណ៍​ថា​វា​ជា​រឿង​ចាំបាច់​ណាស់​ក្នុង​ការនិយាយ​ពី​រឿង​នេះ​ឡើង​ឲ្យ​គេ​ដឹង​ព្រោះ​ថា​មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ​ដែល​យល់​ដឹង​ពី​បញ្ហា​ទាំង​នោះ។

«ពីព្រោះ​វា​ជា​រឿង​ដែល​មិន​សូវ​មាន​គេ​រាយការណ៍​អំពី វា​ជា​រឿង​ដែល​សាធារណជន​អាមេរិក​មួយ​ចំនួន​ធំ​មិន​ដឹង ហើយ​វា​មាន​សារៈ​សំខាន់​ណាស់​ពី​ព្រោះ​វា​បាន​និយាយ​ពី​ភាព​ចម្រូង​ចម្រាស់​ជាច្រើន​នៅ​ក្នុង​សង្គម​អាមេរិកាំង​នៅ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ទាក់ទង​នឹង​របៀប​ដែល​យើង​ថែទាំ​ជន​អន្តោ​ប្រវេសន៍​ដោយ​របៀប​ណា ពី​របៀប​ដែល​យើង​នាំ​ពួកគេ​ចូល​មក​សង្គម​របស់​យើង ពី​របៀប​ដែល​យើង​ឧបត្ថម្ភ​ពួក​គេ​និង​ទាក់ទិន​នឹង​អ្វី​ដែល​គួរ​ធ្វើ​នៅ​ពេល​ដែល​បញ្ហា​កើត​ឡើង»។

រ័ត្ន ខ្លេ មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា​ហើយ​បាន​មក​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជនភៀសខ្លួន​បន្ទាប់​ពី​ការដួល​រលំ​របប​ខ្មែរ​ក្រហម។ លោក​ធ្វើការ​នៅ​ហាង​ទំនិញ​Costco នា​ក្រុង​Seattle ហើយ​កំពុង​តែ​ធ្វើការ​ស្ម័គ្រចិត្ត​ឲ្យ​សម្ព័ន្ធ​សហគមន៍​ (Community Coalition)។ លោក​បាន​ដើរតួ​នៅ​ក្នុង​ល្ខោន​សម្តែង ផែនដី​ក្រហម ក្លោង​ទ្វារ​មាស ​មេឃ​ស្រមោល។ លោក​គិត​ថា បទ​ពិសោធន៍​របស់​លោក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​និង​ដំណាក់​កាល​សម្រប​ខ្លួន​រស់​នៅ​ក្នុងសង្គម​អាមេរិក​ប្រហាក់​ប្រហែល​ទៅ​នឹង​បទ​ពិសោធន៍​តួ​អង្គ​ក្នុង​រឿង។

លោក​រ័ត្ន​សង្ឃឹម​ថា​ល្ខោន​សម្តែង​នេះ​នឹង​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​ក៏​ដូច​ជា​អាមេរិក​និង​ជនជាតិ​ដទៃ​មាន​ការចាប់​អារម្មណ៍​ជាង​មុន​ហើយ​ចាប់​ផ្តើម​ក្រលេក​មើល​បញ្ហា​និរទេស​និង​អន្តោ​ប្រវេសន៍​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ។

«គេ​គ្រាន់​តែ​ដឹង​ថា​មនុស្ស​ដែល​មក​ពី​ស្រុក​យើង​ហើយ​ជា​ពិសេស​ខ្មែរ​យើង​ដែល​បាន​ធ្វើ​ខុស​ច្បាប់​អ្វី​មួយ ហើយ​គេ​គ្រាន់​តែ​មើល​ទៅ​ថា​អ្នក​នេះ​មិន​មែន​ជា​ជាតិ​សាសន៍​របស់​គេ គេ​បាន​បញ្ជូន​យើង​ទៅ​ស្រុក​ខ្មែរ។ ប៉ុន្តែ​ដោយ​គេ​មិន​យល់​ដឹង​ថា​ការឆ្លង​កាត់​របស់​យើង បាន​មក​ដោយ​លំបាក​ទំរាំ​តែ​យើង​បាន​ធ្វើ​ដំណើរ​មក​ដល់​ស្រុក​អាមេរិក​ហ្នឹង»។

តាម​ការស្រាវជ្រាវ​របស់​លោក លោក​សាស្ត្រាចារ្យ​Jenkins​និយាយ​ថា ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការនិរទេស​គឺ​ដោយសារ​ក្មេងៗ​ទាំង​នោះ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ​ធំ​ដឹង​ក្តី​រស់​នៅ​ក្នុង​តំបន់​ដែល​មិន​ល្អ។ ពួកគេ​តែងតែ​ត្រូវ​បាន​ក្មេងៗ​ដទៃ​នៅ​អាមេរិក​ធ្វើ​បាប។ ដូច្នេះ​ហើយ​ពួកគេ​បាន​បង្កើត​ជា​បក្ស​ពួក​ជនពាល​ដើម្បី​ការពារ​ខ្លួន ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម។

ការបាក់​ស្បាត​ដែល​គ្រួសារ​របស់​ពួកគេ​ទទួល​រង​ពី​របប​ខ្មែរ​ក្រហម​ក៏​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​អត្ត​ចរិក​និង​របៀប​ដែល​ពួក​គេ​សម្រប​ខ្លួន​នៅ​ក្នុង​ប្រទេស​ថ្មី​ដែរ។ ថែម​លើ​នោះ​ទៅ​ទៀត ពួក​គេ​មិន​មាន​សញ្ជាតិ​អាមេរិកាំង។

«វា​មាន​ដំណើរការ​ក្នុង​ការទទួល​បាន​សញ្ជាតិ ​ដែល​ការណ៍​ពិត​ទៅ​ជនជាតិ​ខ្មែរ​ជា​ច្រើន​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ។ គេ​មិន​ដឹង​ទាល់​តែ​សោះ​អំពី​បញ្ហា​ចូល​សញ្ជាតិ ​និង​វិធី​ក្នុង​ការចូល​សញ្ជាតិ។ មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​សម្ភាសន៍​និយាយ​ថា ខ្ញុំ​គឺ​ពលរដ្ឋ​អចិន្ត្រៃយ៍​ដោយសារ​ខ្ញុំ​មាន​Green Card ​ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​រួច​ស្រេច​ទៅ​ហើយ។ ពួក​គេ​មិន​ដឹង​ទេ​ថា​ពួក​គេ​អាច​ប្រឈម​នឹង​ការនិរទេស​រហូត​ដល់​ពេល​ចុង​ក្រោយ»។

លោកស្រី ដានី ម៉តុន ​ពី​ក្រុម​អ្នក​តស៊ូ​មតិ​សុកមាលភាព​សហគមន៍​កម្ពុជា ​បាន​បន្ថែម​ថា៖

«បញ្ហា​និរទេស​គឺ​ជា​រឿង​ពិត! មូល​ហេតុ​ដែល​យើង​ជួប​ប្រទះ​ការនិរទេស ​គឺ​ដោយសារ​សង្គ្រាម​អញ្ចឹង​ហើយ​បាន​ជា​យើង​មក​ដល់​សហរដ្ឋ​អាមេរិក ​ហើយ​ពេល​ដែល​យើង​មក​ដល់​ប្រទេស​នេះ ​គេ​គិត​ថា​អ្វីៗ​គឺ​ល្អ​ហើយ ​អ្វីៗ​គឺ​អស្ចារ្យ ​យើង​នៅ​ក្នុង​ឋានសួគ៌ ​តែ​ការណ៍​ពិត​ក្មេងៗ​រស់​នៅ​ក្នុង​នរក»។

កាល​ពី​ខែ​មិនា​ឆ្នាំ​២០០១ រដ្ឋា​ភិបាល​កម្ពុជា​និង​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​និរទេស​ជន​ដែល​មិន​មាន​សញ្ជាតិ​អាមេរិកាំង​ហើយ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ។

ជន​ដែល​ត្រូវ​បាន​និរទេស​ភាគ​ច្រើន​បាន​មក​ដល់​ប្រទេស​អាមេរិក​ក្នុង​កុមារ​ភាព​ហើយ​រស់​នៅ​ដូច​ជា​ជន​ជាតិ​អាមេរិកាំង​ដែរ។ ពួក​គេ​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​តិច​តួច​បំផុត​ហើយ​ពេល​ខ្លះ​មិន​ដឹង​ទាល់​តែ​សោះ ​ពី​ភាសា ​ក៏​ដូច​ជា​វប្បធម៌។ ជន​និរទេសទាំង​នោះ​ត្រូវ​សម្រប​ខ្លួន​ម្តង​ទៀត​ក្នុង​ប្រទេស​ដែល​ពួកគេ​មិន​ដែល​ស្គាល់​ពី​មុន​សោះ ​ហើយ​បាន​ជួប​ប្រទះ​បញ្ហា​ជាច្រើន។

រ័ត្ន ខ្លេ ដែល​បាន​សម្តែង​ក្នុង​ល្ខោន​នេះ​សង្ឃឹម​ថា​ការសម្តែង​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ម្តង​ទៀត​លើ​ច្បាប់​និរទេស។

«ប៉ុន្តែ​បើ​សិន​ជា​យើង​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​ភាពលំបាក​លំបិន​ដែល​យើង​ធ្លាប់​បាន​ឆ្លង​កាត់​មក​ហ្នឹង​ គេ​ប្រហែល​ជា​អាច​យល់​ដឹង ​ហើយ​គេ​ប្រហែល​ជា​អាច​អត់ឱន​អ្នក​ដែល​ធ្វើ​ខុស​នៅ​អនាគត ​ហើយ​ប្រហែល​ជា​គេ​អាច​ប្តូរ​ច្បាប់ ​ដូចថា​សម្រប​សម្រួល​ឲ្យ​អ្នក​ធ្វើ​ខុស​អ្វី​មួយ ​ធ្វើ​ការប្រែ​គំនិត​ទៅ​អាច​នៅ​ក្នុង​សង្គម​ស្រុក​អាមេរិក​បាន​ដោយ​មិន​បាច់​បញ្ជូន​ទាំង​បង្ខំ​ដូច្នោះ»។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​ទាំង​នោះ​ក៏​មាន​អ្នក​ខ្លះ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការសម្រប​សម្រួល​ចូល​ក្នុង​សង្គម​កម្ពុជា ​ហើយ​អ្នក​ខ្លះ​ក៏​ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន៕