លោកស្រី ជាម ផល្លី៖ «មួយ​ជីវិត​នេះ គឺ​ខ្ញុំ​បូជា​ដើម្បី​បេតិកភណ្ឌ»

លោកស្រី ជាម ផល្លី កំពុងស្ថិត​នៅ​ការដ្ឋាន​ប្រាសាទ​អង្គរវត្ត។ (រូប​ផ្តល់​ដោយ​លោកស្រី ជាម ផល្លី)

សៀមរាប — ជាទូទៅទាំង​នៅ​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក វិស័យ​ស្ថាបត្យកម្មសម្បូរ​ទៅ​ដោយ​ស្ថាបត្យករ​ជា​បុរស។ ស្ថាបត្យករ​ជា​ស្ត្រី​មួយ​ចំនួន​តូច​នៅ​ឡើយ​ត្រូវបាន​ទទួល​ស្គាល់​សម្រាប់​ស្នាដៃ​រចនាបថ​សំណង់ ​ឬ​ការពារ​និង​អភិរក្ស​សំណង់​ប្រាសាទ​បុរណ បើ​ធៀបនឹង​ស្ថាបត្យករ​ជា​បុរស។

នៅ​កម្ពុជា លោកស្រី ជាម ផល្លី ជា​ស្ថាបត្យករ​ស្រ្តី​ដំបូងគេ​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។ លោក​ស្រី​បាន​ឆ្លង​កាត់ការ​សិក្សា​ផ្នែក​ស្ថាបត្យកម្មរយៈពេល ​៧ ​ឆ្នាំ ​ហើយ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​លោក វណ្ណ មូលីវណ្ណ កំពូល​ស្ថាបត្យករ​ខ្មែរ និង​លោក​ព្រឹទ្ធាចារ្យ​ ឆេង ផុន។

​បច្ចុប្បន្ន​នេះ លោក​ស្រី​គឺជា​ស្ថាបត្យករជាន់​ខ្ពស់​មួយ​រូប និង​ជាអ្នក​សម្រប​សម្រួល​គម្រោង​របស់​មូល​និធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) តាំង​តែ​ពី​ពេល​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យ​កម្ម​ក្នុ​ង​ឆ្នាំ​ ១៩៩៦ ​មក។​

លោកស្រី​ក៏​ជា​ស្ថាបត្យករ​ជាន់​ខ្ពស់​ផ្នែក​សំណង់​បុរាណ​ជា​ស្រ្តីម្នាក់ ក្នុង​ចំណោម​ស្រ្តី​ត្រឹម​តែ​ ៣ ទៅ​ ៤ ​នាក់​ប៉ុណ្ណោះ ដែលបាន​រួម​ចំណែក​យ៉ាងច្រើនដល់​ការអភិរក្ស និង​ការរក្សា​ប្រាសាទបុរាណ​នៅ​កម្ពុជា។

កំពុង​អង្គុយ​ក្នុង​ការិយាល័យ​អង្គការមូលនិធិប្រាសាទ​ពិភព​លោក ដែល​មាន​ទីតាំង​នៅភូមិបន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ ខេត្ត​សៀម​រាប ស្រ្តី​សម្បុរ​ស្រអែម​វ័យ ​៥៥ ​រូបនេះ​ ប្រាប់​ពីមូលហេតុ​ដែលលោក​ស្រី​ចាប់​យក​អាជីព​ជាស្ថាបត្យករ​សំណង់​ប្រាសាទ​បុរាណ​ ថា៖

«វាជានិស្ស័យ ទី១។ ទី ២ ទៀត​គឺ​ធ្វើ​ការ​មិនមែន​ដើម្បី​តែ​ជាតិ​សាសន៍​ខ្ញុំ​ទេ គឺខ្ញុំ​ធ្វើ​ការ​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​ខ្ញុំ​ស្រឡាញ់​ដើម្បី​ថែរក្សា​របស់នេះ​ឯង មិន​ចង់​ឱ្យ​បាត់ប​ង់​ទៅ​ទេ ដើម្បី​បង្ហាញ​អំពី​ចំណេះ​ដឹង​ដែល​បុព្វបុរស​ហ្នឹង​បាន​បន្សល់​ទុក​មក ខ្ញុំត្រូវ​បន្ត​ដើម្បី​ឱ្យ​មនុស្ស​ជាន់​ក្រោយ​ទៀត។​ អស់​ពី​យើង​ទៅ​យើង​ត្រូវ​តែ​មាន​អ្វី​ទុក​ឱ្យ​គេ ប្រាប់​គេ​ឲ្យគេ​បន្ត​រក្សា​អ៊ីចឹង​ទៅ​រហូត​ទៅ​កុំឲ្យ​បាត់បង់»។

លោកស្រី ជាម ផល្លី កំពុង​អង្គុយ​គូររូប​ដោយដៃនៅ​ប្រាសាទ​មួយ​ក្នុង​ខេត្ត​សៀម​រាប កាលពី​ឆ្នាំ១៩៩២។ (រូប​ផ្តល់​ដោយ​លោកស្រី ជាម ផល្លី)

លោកស្រី ជាម ផល្លី កំពុងជួសជុល​ស្ពានទ័ព ឬ​ស្ពានទិព្វ​ដែល​ធំជាងគេក្នុង​ប្រទេស​កម្ពុជា នៅឆ្នាំ ២០១៦។ (រូប​ផ្តល់​ដោយ​លោកស្រី ជាម ផល្លី)

​លោកស្រី​ ជាម ផល្លី ​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និងមាន​ម្តាយ​ជា​មេផ្ទះ។ ឪពុករបស់​លោកស្រី ​ជា​អ្នក​ម៉ៅការសាងសង់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​អំឡុង​ឆ្នាំ​ ១៩៦០។

ក្រោយរបប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួល​រលំ​ទៅ លោក​ស្រី​បានទៅ​រស់​នៅ​ក្នុង​ខេត្ត​សៀម​រាប​មួយ​រយៈ។ ពេល​នោះ​ហើយ​ដែល​លោក​ស្រី​ចាប់​ផ្តើម​ស្រឡាញ់​ប្រាសាទ​បុរាណ ជាពិសេស​ប្រាសាទ​អង្គរវត្ត។

«ឡើង​ពីសម័យ​ប៉ុលពត​មក​ហ្នឹង មក​រស់​នៅ​ខេត្ត​សៀម​រាប​ហ្នឹង​មួយ​រយៈពេល​ខ្លី ពេល​បែក​ប៉ុលពត។ ពេល​នោះ​ខ្ញុំ​ដើរ​ទៅអង្គរ ទៅ​ក៏​មាន​អារម្មណ៍​ដូច​ថា​ស្រឡាញ់​អង្គរ ហើយ​ក៏គិតឃើញទុក​ក្នុង​ចិត្ត មិនបាន​គិត​ថា យើង​ត្រូវត្រឡប់មក​ជួយ​សង្គ្រោះអង្គរ ធ្វើ​ការ​នៅ​អង្គរ​ទេ។​គ្រាន់​តែ​មាន​អារម្មណ៍​មួយ​ដក់​ក្នុង​ចិត្ត​តែ​ប៉ុណ្ណឹងទេ»។

លោកស្រី​បានសម្រេច​ចិត្ត​ចូល​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​មហាវិទ្យាល័យ​ស្ថាបត្យ​កម្ម​ដោយ​មិនបង់​ថ្លៃក្នុង​ឆ្នាំ​ ១៩៨៩ និងបានបញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ១៩៩៦ ដោយ​នៅ​ពេល​នោះ មាន​និស្សិតជា​ស្រ្តី​មិន​ដល់ ​៥ ​នាក់​ផង ក្នុង​ចំណោម​និស្សិត​ប្រមាណជា​ ១០០ ​នាក់។

លោកស្រី​រៀបការ​នៅ​ឆ្នាំ​ ១៩៩៧ ​ជាមួយ​ស្វាមី​ដែល​ជា​មន្រ្តី​រាជការ ហើយ​បច្ចុប្បន្ន​មាន​កូន​ស្រី​ម្នាក់​អាយុ​ ១៧ ​ឆ្នាំ។​

ក្រោយ​បញ្ចប់​ការ​សិក្សា លោកស្រីចាប់​ផ្តើម​ធ្វើការនៅអង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​មាន​មុខ​តំណែង​ជា​ស្ថាបត្យករ​រហូត​មក។​

ក្នុង​តួនាទី​ជា​ស្ថាបត្យករ​សំណង់​ប្រាសាទ​បុរាណ​ លោក​ស្រី​ត្រូវ​សិក្សា​ស្រាវជ្រាវអំពីប្រវត្តិ​របស់​ប្រាសាទ អាយុកាល ​ស្ថានភាព​បែក​បាក់​នៃគ្រឿង​បង្គំ មូល​ហេតុ​នៃ​ការ​ខូច​ខាត​នៃ​ប្រាសាទ​ប្រាសាទ​ជាដើម មុន​នឹង​អាច​ជួសជុល ឬ​ជួយ​សង្គ្រោះ​ប្រាសាទ​ឡើង​វិញ។​

«ប្រមូលព័ត៌មាន​ឲ្យ​អស់​ពី​ហេតុការណ៍​ដែល​បុព្វបុរស​យើង​បាន​ប្រើប្រាស់​សម្ភារៈ​រៀបចំ​យ៉ាងម៉េច​ៗ បច្ចេកទេស​របស់​បុរាណ​ហ្នឹង​យក​មក​ឲ្យ​អស់។​ យក​ព័ត៌មាន​មកឲ្យអស់​ហើយ យើង​ចាប់​ផ្ដើម​គូរ​ប្លង់ គូរ​ប្លង់​មើល​ពី​លើ survey [វាស់ស្ទង់​] វា​ឲ្យ​អស់​ហេតុផល​ ហើយ​យើង​យក​មក​បញ្ចូល​បច្ចេកទេស​ទំនើប​របស់​យើង​នេះ​ដើម្បី​ជួយ​សង្គ្រោះ [ប្រាសាទ]»។

ក្នុង​ពេល​បច្ចុប្បន្ន លោកស្រី​ ផល្លី ជា​អ្នកដឹកនាំ​ការងារ​ពាក់​ព័ន្ធនឹង​ការ​អភិរក្ស សំណង់​ប្រាសាទ​បុរាណ លើ​មនុស្ស​ប្រមាណជា​ជិត ​១០០​ នាក់​។

លោក​ស្រីលើកឡើងថា ​ការងារផ្នែកស្ថាបត្យកម្មប្រាសាទ​បុរាណ ជាការងារ​ដែល​ត្រូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​អត់​ធ្មត់​ខ្លាំង​ដើម្បី​ធានាថា រាល់​ការ​ថែរក្សា ជួល​ជុល និង​កែលម្អ ធ្វើ​ឡើង​ដោយ​មិនខាតបង់​ភាព​ចំណាស់​របស់​ប្រាសាទ។

«វា​លំបាក​ណាស់ ព្រោះ​យើង​ទៅ​ប្រមូល​ព័ត៌មាន​ឲ្យ​អស់​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ទ្រទ្រង់​ឡើង ពីព្រោះ​អាហ្នឹង​វា​នៅ​លើ​តម្លៃ។​កាលណា​យើង​រើ​កាន់តែ​ច្រើន​យើង​រើ​ទាំង​មូល ដូច​ថា​ប្រាសាទ​មួយ​ទាំង​មូល​អញ្ចឹង វា​ខូច​តែ ៧០% ទេ ប៉ុន្តែ​នៅ​ ៣០%​ទៀត ប៉ុន្តែ​យើង​ត្រូវ​តែ​សង្គ្រោះ​តែ​៧០% អា ៣០% ហ្នឹង​គឺ​មិន​ប៉ះ មិនឱ្យប៉ះ​ទេ។ កាលណា​យើង​រើ​ទាំងអស់​តែម្ដង តម្លៃ​អាយុ​កាល​គឺ​ត្រូវ​បាត់បង់ដែរ»។​

លោកស្រី ជាម ផល្លី កំពុងធ្វើការ​ជាមួយ​ក្រុម​ការងារ​នៅ​រោង​ទង​កូរសមុទ្ទ​ទឹកដោះ​ប្រាសាទ​អង្គរវត្ត ក្នុង​ឆ្នាំ២០០៧។ (រូប​ផ្តល់​ដោយ​លោកស្រី ជាម ផល្លី)

លោកស្រី ជាម ផល្លី ស្ថាបត្យ​ករជាន់​ខ្ពស់ និង​ជាអ្នក​សម្រប​សម្រួល​គម្រោង​របស់​មូល​និធិ​ប្រាសាទ​ពិភពលោក កំពុង​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​របស់លោក​ស្រី​នៅ​ថ្ងៃ​ទី៧ ខែមីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ទន្ទឹម​នឹង​ការ​ងារអភិរក្ស​ប្រាសាទ​បុរាណ​មាន​ភាពលំបាក ប៉ុន្តែក្នុងនាម​ជា​ស្ថាបត្យករជាន់​ខ្ពស់​ជាស្រ្តី​នាពេល​កន្លង​មក ​ក៏​បាន​ធ្វើ​ឲ្យ​លោក​ស្រី​ប្រឈម​នឹង​ផល​លំបាកផង​ដែរ។

«ប្រឈម​សំ​ខាន់​បំផុត យើង​ជា​ស្ត្រី​ហើយ​យើង​ធ្វើ​ការងា​រ​បុរស។ ហើយ​នៅ​ការដ្ឋាន​ហ្នឹង​មិនមាន​ស្ត្រី​ទេ​ដែល​ចូលរួម គឺ​យើង​ជា​ស្ត្រី​ហើយ​ជា​មេទៀ​ត។ អ៊ីចឹង​ហើយ​យើង​ពិបាក​ក្នុង​ការនិយាយ​ណាស់ និយាយ​ទៅ​គេ​ដូច​ថា ​វា​ស្រាល វា​អត់​ធ្ងន់ គេ​មិន​សូវ​ជា​ស្ដាប់យើ​ង​ប៉ុន្មាន​ទេ វា​លំបាក​អ៊ីចឹង»។

ទោះយ៉ាងណា លោក​ស្រី ផល្លី​ បាន​ឆ្លងកាត់​រាល់​ការ​លំបាក​ទាំង​នោះ​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​និង​ការ​អត់​ធ្មត់​ខ្ពស់។​

លោក​ស្រី​និយាយ​ទាំង​កំពុង​ញញឹម​ថា៖ «យើង​ត្រូវតែ​មាន​ការអត់ធ្មត់ ការតាំងចិត្ត​ខ្ពស់។​ ទោះបី​យើង​ត្រូវ​ប្រឈម​បែបណា​ក៏​ដោយ តែ​យើងត្រូវតែជា​ម​នុស្ស​ស្រី​ដែ​ល​ទន់ភ្លន់​ហើយ​រឹងមាំ។​ បញ្ហា​ប្រឈម​ដែល​គេ​មិន​ពេញ​ចិត្ត​ វាជារឿង​មួយដែលយើងងាយទេ តែ​យើង​សំដៅ​ទៅ​លើ​ការងារ ហើយ​ធ្វើ​ផែនការ​ឲ្យ​ច្បាស់លាស់​ទៅ យើង​ដើរ​ទៅ​មុ​ខហើ​យ។​ គឺ​ភាព​អត់ធ្មត់​ជា​អំណាច​ដ៏​អស្ចារ្យ»។

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​មក​ លោក​ស្រី ជាម ផល្លី មាន​សមិទ្ធផល​ជាច្រើន​ តាម​រយៈ​ការងារ​ដែល​ជា​ស្ថាបត្យករ​ផ្នែក​សំណង់​ប្រាសាទ​បុរាណ។ លោក​ស្រីបាន​ជួសជុល​រូប​ចម្លាក់​គ្រុឌជាច្រើន​នៅ​ប្រាសាទ​ព្រះ​ខ័ន បន្ទាប់​មក​គម្រោង​ទាំងអស់​ដែល​មានក្នុង​ប្រាសាទ​ព្រះ​ខ័ន។

លោក​ស្រី​ក៏​បាន​ជួសជុល​រោង​ទង​កូរ​សមុទ្រ​ទឹក​ដោះ​ក្នុង​ប្រាសាទ​អង្គរ​វត្ត គម្រោង​ជួសជុល​ប្រាសាទ​តាសោម គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង ស្ពាន​បុរាណ​ធំជាង​គេ​ដែល​មាន​ឈ្មោះ​ថា ស្ពាន​ទិព្វ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ប្រាសាទ​ឯកភ្នំ ក្នុងខេត្ត​បាត់​ដំបង ព្រម​ទាំង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត។​

​និយាយទាំងទឹក​មុខ​មាំ ជាមួយ​ការ​ដំឡើងសំឡេង​បន្តិច​ផង​លោកស្រី​ ផល្លី ​បញ្ជាក់​ថា ប្រសិន​បើ​មិនមាន​ស្ថាបត្យករ​ផ្នែកសំណង់​ប្រាសាទ​បុរាណ​ទេ នោះ​ប្រាសាទ​បុរាណ​នានា​នៅកម្ពុជាអាចប្រឈម​នឹង​ការ​បាត់​បង់។

«ក្មេង​ជំនាន់​ក្រោយ គឺថា​ត្រូវ​តែ​បណ្ដុះ​ឱ្យ​ស្រឡាញ់​បេតិភណ្ឌ​តែ​ម្ដង​បើមិនអ៊ីចឹងទេគឺថា modern [ទំនើប] ចូល​មក​គេ​គ្រប​សង្កត់​បុរាណ​ហ្នឹង​អស់​ហើយ គឺ​លុប​បំបាត់តែម្ដង ពីព្រោះ​គេ​អត់​យល់ គេ​អត់​មាន​បេះដូង​ស្រឡាញ់​អ្វី​ដែល​ជា​របស់​បុរាណ​គឺ​នឹង​ត្រូវ​បាត់បង់​ហើយ។ យើង​ត្រូវតែ​ខំពង្រឹង បង្កើត​មនុស្ស​ផ្នែក​បេតិកភណ្ឌ​ឲ្យ​កាន់​តែច្រើន ឱ្យ​ស្រឡាញ់ បើ​ថា​មិន​បាន​ធ្វើ​ការងារ​ហ្នឹង​ក៏​មាន​ចិត្ត​ស្រឡាញ់​ដែរ ដើម្បី​ជួយ​ថែរក្សា»។

ជា​ស្រ្តី​ស្ថាបត្យ​ករ​ជាន់​ខ្ពស់​ផ្នែក​សំណង់​ប្រាសាទ​បុរាណ​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ស្ថាបត្យករ​ ៣ ទៅ​ ៤​ នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក​ស្រី ផល្លី​ លើក​ឡើង​ថា លោក​ស្រី​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុងនាម​ជា​ស្រ្តីដែល​បាន​ធ្វើ​ការងារ​ដើម្បី​ជាតិ និង​ដើម្បី​ពិភព​លោក។​

លោក​ស្រី​ផល្លី ដែល​មាន​បទ​ពិសោធន៍​ការងារ​ប្រមាណជា ​២៦ ​ឆ្នាំ​មក​ហើយ​នោះ ​បន្ថែមថា លោក​ស្រី​នឹង​នៅ​តែ​បន្ត​ធ្វើ​ការងារ​ជា​ស្ថាបត្យកររហូត​ដល់​ពេល​ដែល​លោក​ស្រី​មិន​អាច​ធ្វើ​អ្វី​កើត។​

«និយាយ​រួម គឺ​ខ្ញុំ​មួយ​ជីវិត​នេះ គឺ​ខ្ញុំ​បូជា​ដើម្បី​តែ​បេតិកភណ្ឌ»៕