ថៃ​រក​មធ្យោបាយ​ទាមទារ​យក​អ្នកទោស​ថៃ​នៅ​កម្ពុជា​

លោក​នាយក​រដ្ឋមន្ត្រីថៃ​​ ​Abhisit​ Vejjajiva​។

ភ្នំពេញ៖ ប្រទេសថៃ​កំពុង​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​ជនជាតិ​ថៃ​បី​នាក់​ដែល​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ពី​បទ​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់។​ មន្ត្រី​ផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​ទាន់​បាន​ទទួល​សំណើ​ផ្លូវការ​ ឬ​ទំនាក់​ទំនង​ការទូត​ពី​ភាគី​ថៃ​នៅ​ឡើយទេ។

រដ្ឋាភិបាល​ទីក្រុង​បាងកក​ កំពុង​រិះរក​មធ្យោបាយ​ផ្លូវច្បាប់ ដើម្បី​ជួយ​ទណ្ឌិត​ជនជាតិ​ថៃ​បី​នាក់​ដែល​ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ការឆ្លងដែន​ខុសច្បាប់ និង​ការកាន់កាប់​អាវុធ​ខុសច្បាប់។

តុលាការ​ខេត្ត​សៀមរាម ​បាន​កាត់ទោស​ជនជាតិ​ថៃ​បី​នាក់​នេះ​ឱ្យជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​១៨​ខែ ​និង​ពិន័យ​២៥០​ដុល្លារ​អាមេរិក​ពី​បទ​ឆ្លងចូល​ទឹកដី​កម្ពុជា​ និង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​កាលពី​សប្តាហ៍​មុន។

ជនជាតិ​ថៃ​ទាំង​បី​នាក់​នេះ​ មាន​ឈ្មោះ​ Sanong​ Wongcharoen ​អាយុ​៣៦​ឆ្នាំ​ ​Lim​ Puangpet ​អាយុ​៣៩​ឆ្នាំ​ និង​Lan ​Sapsri ​អាយុ​៥៣ឆ្នាំ។ ​អ្នក​ទាំងបី​មក​ពី​ស្រុក​ Sangkhla​ នៃ​ខេត្ត​ Surin​ ហើយ​ត្រូវបាន​ចាប់ខ្លួន ​ដោយ​អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​របស់​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១០។

កាសែត​ Bangkok ​Post ​បានរាយការណ៍​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​Abhisit​ Vejjajiva​ បាន​បញ្ជា​ឱ្យ​លោក​រដ្ឋមន្ត្រី​ការបរទេស​ Kasit​ Piromya​ ជួយ​អន្តរាគមន៍​ដល់​ជនជាតិ​ថៃ​បី​នាក់​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​ក្រសួង​ការបរទេស​ថៃ​កំពុងតែ​សិក្សា​អំពី​វិធី​ដែល​ប្រទេស​ថៃ​ អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​ចំពោះ​អ្នកទោស​ជនជាតិ​ថៃ​នេះ។

លោក ​កួយ​ គង់ ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ ​ក្រសួង​ការ​បរទេស​កម្ពុជា​មិនទាន់​បាន​ទទួល​សំណើ ​ឬ​លិខិត​ផ្លូវការ​ពី​ភាគី​ថៃ​តាម​រយៈ​ការ​ទំនាក់ទំនង​ការទូត​នៅ​ឡើយ​ទេ។

«យើង​អត់ឃើញ​មាន​ជា​សំណើ​ ​លិខិត​ផ្លូវកា​រ ឬ​បញ្ចូន​មនុស្ស​មក​ទំនាក់​ទំនង​តាម​ផ្លូវ​ទូត​ទេ។​ យើង​អត់​ទាន់​អាច​សន្និដ្ឋាន​ ​ព្រោះ​យើង​មិន​ទាន់​បាន​ឃើញ​ការ​ទំនាក់​ទំនង​ពី​ភាគី​ថៃ។​ យើង​គ្រាន់តែ​ឃើញ​តាម​សារព័ត៌មាន​ប៉ុណ្ណោះ»។

នៅ​ក្នុង​ឆ្នាំ​២០០៩​ ​តុលាការ​ខេត្ត​ Sisaket​ និង​ Ubon ​របស់​ប្រទេស​ថៃ​ បាន​កាត់ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ​ យ៉ាងតិច​២៧​នាក់​ឱ្យជាប់​ពន្ធនាគារ​ពី​ ១៥​ខែ​ដល់ ៩​ឆ្នាំ​ពី​បទ​ឆ្លងចូល​ និង​កាប់​ឈើ​ព្រៃ​នៅ​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់។

នៅ​ក្នុង​ឆ្នាំ ​២០០៩​ដដែល​ ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​របស់​ប្រទេស​កម្ពុជា ​បាន​កាត់ទោស​ជនជាតិ​ថៃ​ម្នាក់​ឱ្យជាប់​ពន្ធនាគារ​បី​ខែ​ពី​បទ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។ ​ទោះ​បីជា​ឆ្មាំ​ការពារ​ព្រំដែន​កម្ពុជា​បានចាប់ខ្លួន​ និង​បាន​ដោះលែង​ជនជាតិថៃ​៤២​នា​ក់​ផ្សេង​ទៀត​ឱ្យត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ​បន្ទាប់​ពី​បានឆ្លងចូល​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នកទោស​នៅ​ខែ​សីហា​ ឆ្នាំ​២០០៩​ ដើម្បី​បង្កើត​វិធានការ​សម្រាប់​ផ្ទេរអ្នកទោស​ឱ្យ​ទៅ​បន្ត​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ សម្រាប់​ទោស​ដែល​នៅ​សេសសល់​ បន្ទាប់ពី​បាន​ជាប់​ពន្ធនាគារ​រយៈពេល​អប្បបរមា។

ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Abhisit​ Vejjajiva​ មក​កម្ពុជា​ក្នុង​ខែ​មករា​ ឆ្នាំ​២០០៩​ ​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​អ្នកទោស​ថៃ​ពីរ​នាក់​ Chiming ​Abdul​ Azi​ និង​ Muhamma-​dyalludin ​Mading ​ឱ្យទៅ​ជាប់​ទោស​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នក​ទាំងពីរ​បាន​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវ​កម្ម​ Jemaah​ Islamiah​ ហើយ​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ដោយ​តុលាការ​កម្ពុជា​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០០៤​ ចំពោះ​ការប៉ុនប៉ង​ដាក់​គ្រាប់​បែក​នៅ​ស្ថានទូត​អាមេរិក​ និង​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក ​កួយ​ គង់ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា ​បាន​ស្នើសុំឱ្យ​ប្រទេស​ថៃ​បញ្ជូន​ជនជាតិ​ខ្មែរ​បួន​នាក់ ​ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​តុលាការ​ថៃ​ តែ​សំណើនេះនៅ​មិន​ទាន់​កើត​ចេញ​ជា​លទ្ធផល​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​នេះ៕