ការ​ខឹង​សម្បារ និង​ភាព​សោកសៅ​ជុំវិញ​ហេតុការណ៍​សម្លាប់​រង្គាល​ឆ្នាំ ១៩៧៦ ជំរុញ​ឲ្យ​មាន​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​នៅ​ថៃ​ពេល​បច្ចុប្បន្ន

រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នាំ​គ្នា​តវ៉ា​នៅ​សាកលវិទ្យាល័យ Thammasat ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២០

នៅ​ពេល​វិលត្រឡប់​ទៅ​សាកលវិទ្យាល័យ Thammasat វិញ រយៈពេល​ ៤៤ ​ឆ្នាំ ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​ក្រុម​និស្សិត​តវ៉ា​ លោក Pojanee Theil បាន​ពណ៌នា​ប្រទេស​ថៃ​ថា​ជា​ប្រទេសមួយ​ដែលនៅ​តែ​ជាប់​វិលវល់​ក្នុង​អតីតកាល។

ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ព្រះបរមរាជវាំង សាកលវិទ្យាល័យ​ Thammasat ​បាន​ក្លាយ​ជា​ចំណុច​ផ្តោត​នៃ​ចលនា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែលចលនា​នេះ​ទាមទារឲ្យ​មាន​ការកែទម្រង់​ជាបន្ទាន់​នូវ​សង្គម​និង​នយោបាយ​ថៃ។

ប៉ុន្តែ​ដូចជាកាល​ពី​អតីតកាល​ដដែល ក្រុម​យោធា​បដិសេធ​មិន​ចុះ​ចេញ​ពី​អំណាច​ ហើយ​ការ​គំរាមកំហែង​ពី​ក្រុម​អ្នក​គាំទ្រ​របប​រាជា​និយម​នៅ​តែ​បន្ត​មាន។

លោក​ Pojanee បាន​និយាយ​ថា៖ «តើ​ពួកគេ​អាច​ធ្វើ​ដូចនេះ​ទៅ​លើមនុស្ស​ដូចគ្នា​បាន​យ៉ាង​ដូចម្តេច​ទៅ? ខ្ញុំ​បាន​វិល​ត្រឡប់​មក​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ស្ថិត​នៅ​កាល​ពី​វ័យ​ក្មេង ហើយ​ប្រទេស​នេះ​មិន​បាន​វិវត្ត​ទៅ​មុខ​នោះ​ទេ​ចាប់​តាំង​ពី​ពេល​នោះ​មក»។ លោក Pojanee​ ​ជាអ្នក​បាន​ឃើញ​ហេតុការណ៍​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ​១៩៧៦។ ​ក្នុង​ហេតុការណ៍​នោះ ​ក្រុម​អ្នកគាំទ្រ​របប​រាជា​និយម និង​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​និស្សិត​ជាច្រើន​នាក់ ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​វិល​ចូលកាន់​តំណែង​វិញ​របស់​មេ​ទាហានមួយ​រូប​ដែល​ពលរដ្ឋទូទៅ​មិន​ពេញ​ចិត្ត។

កាល​ពី​ឆ្នាំ​ ១៩៧៦ បាតុករ​ឆ្វេង​និយម​បាន​កោះហៅ​ឲ្យ​មាន​ការតាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី និង​ការ​បណ្តេញ​ចេញ​លោក​សេនា​ប្រមុខ​ Thanom Kittikachorn ដែល​ជា​ជន​ប្រឆាំង​នឹង​លទ្ធិ​កុម្មុយនីស្តដាច់​អហង្ការ​ និង​ដែល​បាន​វិល​ត្រឡប់​មក​វិញ​ពីការ​និរទេស​ខ្លួន។

នា​ពេលឥឡូវ​នេះ និស្សិត​នៅ​សាកលវិទ្យាល័យ Thammasat បាន​ដាក់​ទម្ងន់​លើ​ការ​ទាមទារ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

ពួកគេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​ការ​កែទម្រង់​ទៅ​លើ​របប​រាជា​និយម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ របប​រាជា​និយម​ថៃ​គឺ​ជា​ស្ថាប័ន​មួយ​ដែល​នៅ​តែ​ស្ថិត​នៅ​ក្រៅ​រង្វង់ការ​រិះគន់​ជា​សាធារណៈ ទោះ​បី​ជា​មាន​ភាព​វឹកវរ​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ក៏​ដោយ។

​មនុស្ស​គ្រប់​ជំនាន់​មាន​ការ​ខឹង​សម្បារ និង​ភាព​សោកសៅ​ក្នុង​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​ការ​បាញ់​សម្លាប់ក្រុម​និស្សិត​តវ៉ា កាលពី​ថ្ងៃ​អង្គារ ទី០៦ ខែ​តុលា​កន្លង​ទៅ​នេះ។ ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​ដ៏​សោកសៅ​បំផុត​មួយនៅ​ក្នុង​ប្រវត្តិសាស្រ្ត​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ដែលឃើញ​មាន​ការ​បង្ហូរ​ឈាម​នៅ​ប្រទេស​ថៃ។

នៅ​ក្នុង​ចំណោម​អ្នកមក​ចូលរួម​នៅ​ក្នុង​ថ្ងៃ​រំឭក​ខួប​ ដែល​មាន​ការ​ថ្លែង​សុន្ទរកថា និង​ដុតភ្លើង​ទៀន​គឺ​មាន​ជន​វ័យក្មេង​ដែល​បាន​ដឹងឮ​ពី​ការ​បង្រ្កាប​ដ៏​បង្ហូរ​ឈាម​នោះ ទោះ​បី​ជា​ការ​ហេតុការណ៍បង្រ្កាប​នោះ​ត្រូវ​បាន​លុប​ចេញ​ពី​សៀវភៅពុម្ព​សិក្សា​តាម​សាលា​ហើយ​ក៏​ដោយ។

យុវតី​ Punnapa សិស្ស​វិទ្យាល័យ​ វ័យ ១៥ ​ឆ្នាំ​ម្នាក់ ដែលឈ្មោះ​ពេញ​មិន​ត្រូវ​បាន​បង្ហាញ​ដោយសារ​តែ​អាយុ​របស់​នាង​ក្រោម ១៨ ឆ្នាំ​ បាន​និយាយ​ថា៖ «ការ​កាប់​សម្លាប់​នោះ​មិន​គួរ​កើត​មាន​នោះ​ទេ។ វាជា​រឿងខុស​មួយ»។

នាង​បាន​បន្ត​ថា៖ «មាន​តែ​ច្បាប់​ទេ​ ដែល​អាច​នាំ​មក​នូវការ​ផ្លាស់ប្តូរ​ និង​យុត្តិធម៌​បាន»។

រូបឯកសារ៖ ប៉ូលិស​ឈរ​យាម​ល្បាត​និស្សិត​ថៃ​ដែល​ប្រកាន់​ទស្សនៈ​ឆ្វេង​និយម​នៅ​ទីលាន​លេងបាល់​មួយ​ក្នុង​សាកលវិទ្យាល័យ Thammasat ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៧៦។

មនុស្ស​ជំនាន់​ក្រោយ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ចាស់

បាតុកម្ម​នានា​នៅពេល​ចុងក្រោយបង្អស់​នេះ​បាន​ស្តារ​មក​វិញ​នូវ​ចលនា​លទ្ធិប្រជាធិបតេយ្យមួយ​ដែល​កំពុង​សាបរលាប។

​លោក Chaturon Chaisan ជា​អតីត​មេដឹកនាំ​និស្សិត និង​ជា​អ្នកនយោបាយ​ជើង​ចាស់​ម្នាក់​ បាន​ថ្លែង​ប្រាប់​ទៅ​ក្រុម​អ្នក​ចូលរួម​ថា៖ «អ្វី​ដែល​ពិសេស​អំពី​ការ​រំឭក​វិញ្ញាណក្ខន្ធ​នា​ឆ្នាំ​នេះ​គឺ​ថា យើង​ឃើញ​ថា «មនុស្ស​ជំនាន់​ក្រោយ» គឺ​ពិត​ជា​ចាប់អារម្មណ៍​ទៅ​លើ​ប្រវត្តិ​នយោបាយ​របស់​ប្រទេស។ ហើយ​អនុស្សាវរីយ៍​ដ៏​ខ្មៅ​ងងឹត​ទាំង​នោះ​បាន​ជំរុញ​ចលនា​តស៊ូ​របស់​ពួកគេ»។

មិនមាន​ការ​ចោទប្រកាន់​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹងការ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា​នោះ​ទេ​ ដែល​ហេតុការណ៍​នោះ​ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​ខ្សែ​វីដអូ​បង្ហាញ​ពី​គំនរ​សាកសព​ដែល​ត្រូវ​បាន​ដុត ខណៈ​និស្សិត​ដែលមិន​មានអាវុធ ត្រូវ​បាន​បញ្ជា​ឲ្យ​ដោះ​អាវ​ចេញ និង​លូន​ក្រាប​នៅ​លើ​ទីលាន​បាល់​ទាត់​ក្រោម​ស្បែក​ជើង​ប៊ូ​របស់​ពួក​ទាហាន។ ​

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីប​អាស៊ី​ បាន​លើកឡើង​ថា ការ​បង្ហូរ​ឈាម​នេះ​បាន​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​នា​សម័យ​ទំនើប។

លោក​បាន​និយាយ​ថា៖ «ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាជន​ថៃ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​លុប​បំបាត់​ចោល​នូវ​អំពើ​ហិង្សា និង​និទណ្ឌភាព»។

មក​ទល់​ពេល​នេះ ​រដ្ឋាភិបាល​ និង​យោធា​ថៃ​មាន​ភាព​អត់ធន់​នឹង​បាតុកម្ម​នា​ពេល​ចុងក្រោយ​បង្អស់​នេះ​។ ប៉ុន្តែ​ការ​កោះហៅ​ឲ្យ​មាន​ការ​កែទម្រង់​ទៅ​លើ​របប​រាជា​និយម​បាន​ធ្វើ​ឲ្យ​ក្រុម​បាតុករ​ឈរ​នៅ​លើមូលដ្ឋាន​ប្រកប​ដោយ​ហានិភ័យ​មួយ​នៅ​ក្នុង​ប្រទេស​មួយ ​ដែល​មេបញ្ជាការ​យោធា​បាន​ស្បថ​ស្មោះស្ម័គ្រ​នឹង​រាជវង្ស។

ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅឆ្នាំ ១៩៣២ ជាមួយ​នឹង​ច្បាប់​កំពូល​ដាក់​កំហិត​ទៅ​លើ​អំណាច​របស់​រាជវង្ស​ ហើយ​ច្បាប់​កំពូល​នេះ​ត្រូវ​បាន​ព្រាង​ដោយ​មេដឹកនាំ​រដ្ឋប្រហារ​លោក Pridi Banomyong។ លោក​ Pridi Banomyong បាន​បង្កើត​សាកលវិទ្យាល័យ​ Thammasat ពីរ​ឆ្នាំ​បន្ទាប់មក ហើយ​សាកលវិទ្យាល័យ​នេះ​បាន​ក្លាយ​ជា​កន្លែង​ជជែក​តស៊ូ​មតិ​ស៊ីជម្រៅបាន​ស៊ីជម្រៅសម្រាប់​មនុស្សជំនាន់​ក្រោយ​ចាប់តាំង​ពី​ពេល​នោះ​មក។

​ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​មិន​ដែល​នៅ​ស្ថិតស្ថេរ​ដោយ​រលូន​នោះ​ទេ​នៅ​ប្រទេស​ថៃ។ ជា​ញឹកញយ​ រដ្ឋាភិបាល​ជាប់ឆ្នោត​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការ​ធ្វើរដ្ឋប្រហាររបស់​កងយោធា ដែលស្មោះស្ម័គ្រ​នឹង​រាជវង្ស។ ហើយ​មាន​តែ​មេដឹកនាំ​ជ្រើសតាំង​ពីបោះឆ្នោត​គឺ​ លោក Thaksin Shinawatra តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​អាច​បំពេញ​កាតព្វកិច្ច​បាន​មួយអាណត្តិ​ពេញ​លេញ។ លោក Thaksin Shinawatra ​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៦។

លោក​ Thaksin ដែល​ជា​វីរជន​នៅ​ក្នុង​ក្រសែភ្នែក​ជន​ក្រីក្រ​តាមទី​ជនបទ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រុម​រាជានិយម​ចូលចិត្ត ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​យោធា​ ហើយ​បន្ត​មក​ដោយរដ្ឋាភិបាល​ដែល​មាន​អាណត្តិ​ខ្លី​អស់រយៈពេល​ ១៤ ​ឆ្នាំ​មក​នេះ​ គួបផ្សំ​នឹង​អំពើហិង្សា​ផ្នែក​នយោបាយ ការ​ចូល​ក្តាប់​អំណាច​ដោយ​យោធា និង​បញ្ហា​សេដ្ឋកិច្ច​ជា​ដើម។

បាតុករ​វ័យ​ក្មេង​ចង់​បណ្តេញ​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ​ ចាន់​អូចា​ ចេញ។ លោក​គឺ​ជា​អតីត​មេបញ្ជាការ​យោធាចូល​កាន់​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​កាលឆ្នាំ​ ២០១៤។

រូបឯកសារ៖ មេដឹកនាំ​ក្រុម​និស្សិត​ម្នាក់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចរចា​ជាមួយ​នឹង​ប៉ូលិស​ ខណៈ​ដែល​ពួកគេ​តវ៉ា​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

​អតីតកាល​កើត​ឡើង​សាជាថ្មី?

សាកលវិទ្យាល័យ​ Thammasat ជា​ថ្មី​ម្ដង​ទៀត បាន​ក្លាយ​ជា​ចំណុច​ផ្តោត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិន​អាច​គេច​ផុត​ពី​អតីតកាល​របស់​ខ្លួន។

​លោក Anon Nampa ជា​មេធាវី​ និង​ជា​សកម្មជន​ល្បីល្បាញ​មួយ​រូប ដែល​អំពាវនាវ​ឲ្យ​មាន​ការ​កែទម្រង់​របប​រាជានិយម បាន​ថ្លែង​នៅ​អំឡុង​ថ្ងៃ​រំឭក​វិញ្ញាណក្ខន្ធ​នោះ​ថា៖ «សូម​ធ្វើ​ឲ្យ​គេ​ឯង​ដឹង​ថា វីរបុរស​ថ្ងៃ​ទី០៦ តុលា របស់​យើង​មិន​បាន​ស្លាប់​ដោយ​អសារបង់​នោះ​ទេ។ យើង​សន្យា​ថា នឹង​ត្រូវ​បន្ត​តស៊ូ និងទាមទារ​នូវ​អ្វី​ដែល​គេ​ហាមឃាត់»។

ដោយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហិមា និង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា និង​យោធា រាជវង្ស​ថៃ​មិន​បាន​រង​ការ​ប៉ះពាល់​នោះ​ទេ​ពី​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក Anon និង​មេដឹកនាំ​ចលនា​យុវជន​ដទៃ​ទៀត បាន​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ព្រះអង្គ Maha Vajiralongkorn គោរព​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៣២។

ព្រះអង្គ​ Maha Vajiralongkorn បាន​ឡើង​គ្រងរាជ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​បាន​ពង្រឹង​ការ​ក្តោបក្តាប់​ទៅ​លើ​ទ្រព្យ​ដ៏​មហិមា​របស់​រាជវង្ស​ថៃ ហើយមាន​កង​យោធា​ពិសេស​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ។

ក្រុមបាតុករ​និយាយ​ថា ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា​នៅ​កណ្តាល​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​មហាបាតុកម្ម​ដោយ​សន្តិវិធី​មួយ​ ដើម្បី​វាយតម្លៃ​ទៅ​លើ​ទំហំ​នៃ​ការ​គាំទ្រ​ជា​សាធារណៈ​មក​លើ​ចលនា​របស់​ពួកគេ។

ក្រុម​អ្នក​សង្កេតការណ៍​នៅ​ប្រទេស​ថៃ​និយាយ​ថា ដើម្បី​ជំរុញ​ឲ្យរដ្ឋាភិបាលចាប់​ផ្តើម​ប្រយ័ត្នប្រយែង ក្រុម​បាតុករត្រូវ​ការមនុស្ស​ឲ្យ​បាន​ច្រើន​ជាង​ ៣​ម៉ឺន​នាក់ ដែល​បាន​ជួបជុំ​គ្នា​ម្តង​រួច​ទៅ​ហើយ​កាល​ពី​ចុង​ខែ​កញ្ញា។

នៅ​មុខ​កន្លែង​គោរពវិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ​និស្សិត​ និង​សកម្មជន​នយោបាយ​ឈ្មោះ Panusaya Sithijirawattanakul បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា រាល់​ពេល​ដែល​យើង​បង្កើត​ជា​ក្រុម​តវ៉ា​មួយ​ឡើង វា​ធ្វើ​ឲ្យ​យើង​រំឭក​ពី​អនុស្សាវរីយ៍​គួរ​ឲ្យ​រន្ធត់​មួយ​នេះ»។

​នាង​បាន​បន្ត​ថា៖ «តើ​ប្រវត្តិសាស្រ្តកំពុង​កើត​មាន​ឡើង​វិញ​ឬ? យ៉ាងណាក៏ដោយ យើង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ការពារ​មនុស្ស​គ្រប់គ្នា»៕

ប្រែសម្រួល​ដោយលោក​ ណឹម សុភ័ក្រ្តបញ្ញា