អាជ្ញាធរថៃកាលពីថ្ងៃអង្គារម្សិលមិញ បានប្រញាប់ប្រញាល់ការពារផ្នែកខ្លះនៃទីក្រុងបាងកកពីការគំរាមកំហែងដោយសារទឹកជំនន់ ដែលបានធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋអស់ប្រមាណ៧ម៉ឺនខ្នង និងធ្វើឲ្យមនុស្សស្លាប់ចំនួន៦នាក់ នៅក្នុងតំបន់ភាគខាងជើងប្រទេស និងតាមបណ្តាខេត្តនៅភាគកណ្តាលផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ខ្យល់ព្យុះត្រូពិក Dianmu បានបណ្តាលឲ្យមានទឹកជំនន់ក្នុងខេត្តចំនួន៣០នៅប្រទេសថៃ ហើយតំបន់ភាគកណ្តាលបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានទប់ស្កាត់ និងការពារគ្រោះមហន្តរាយរបស់ប្រទេសថៃ។
កម្រិតទឹកក្នុងទន្លេចៅប្រាយ៉ា (Chao Phraya) ដែលលាតសន្ធឹងកាត់ទីក្រុងបាងកកក្នុងចំងាយប្រមាណជិត ៤០០ គីឡូម៉ែត្រ ភាគខាងជើងប្រទេសនោះ កំពុងកើនឡើងខ្ពស់ ស្របពេលដែលអាជ្ញាធរបានបើកទ្វារទឹកនៅទំនប់ខ្សែទឹកខាងលើ។
ក្រុមយោធាថៃកាលពីថ្ងៃអង្គារ បានដាក់របាំងបិទផ្លូវ និងដាក់បាវខ្សាច់ដើម្បីការពារទីតាំងសំណង់បុរាណវិទ្យា និងទីតាំងសំខាន់ៗមួយចំនួនទៀត ក៏ដូចជាក្នុងតំបន់ជិតខាងនៃទីក្រុងបុរាណអយុធ្យា ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកកនោះ។
មានក្តីសង្ឃឹមថា ទីក្រុងបាងកកអាចជៀសផុតពីការលិចលង់ ដូចអ្វីដែលកើតមានឡើងកាលពីឆ្នាំ២០១១ដែលទីក្រុងនេះ ត្រូវបានលិចក្នុងរដូវវស្សា ដែលជាការជន់លិចដ៏អាក្រក់ខ្លាំងបំផុតក្នុងរយៈ ពេលរាប់ទសវត្សរបស់ខ្លួន។ ក្នុងឆ្នាំ២០១១នោះ ទីក្រុងបាងកកចំនួន១ភាគ៥ ត្រូវបានជន់លិច និងបានធ្វើឲ្យមនុស្សប្រមាណ៥០០នាក់ បានស្លាប់ដោយសារទឹកជំនន់នៅពេលនោះ។
រដ្ឋបាលទីក្រុងបាងកកថា ខ្លួនកំពុងត្រួតពិនិត្យយ៉ាងដិតដល់នូវកម្រិតទឹកក្នុងដងទន្លេចៅប្រាយ៉ា និងបានត្រៀមម៉ាស៊ីនបូមទឹក និងបាវខ្សាច់សម្រាប់ទប់ទឹករួចរាល់ផងដែរ។
អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថា «យើងនឹងធ្វើការជូនដំណឹងដល់ពលរដ្ឋ ប្រសិនបើកម្រិតទឹកមានការកើនឡើងខ្លាំង និងអាចមានហានីភ័យដោយការជន់លិចកើតឡើងនោះ»៕